30 C
Phnom Penh

ប្រាសាទ​តូច​ច្រឡឹង​​បង្អួត​សម្រស់​​កណ្តាល​ទ្រូង​ព្រៃ​ដែល​រងការ​វិនាស​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ចំណោមសម្រស់ធម្មជាតិ​​​ដ៏​ស្រស់​ត្រកាល​​​​​​ទាំង​អ​ស់​ក្នុង​ខេត្ត​រតនគិរី  មាន​កន្លែង​​​​​មួយ​​​​ដែល​​​មាន​លក្ខណៈ​​​ដ៏​​​ពិ​សេស។​​​ វា​ពុំ​​​មែន​​​​​​​ជា​បឹង​​ ទឹកជ្រោះ ឬ​​​ទឹកជួរធម្មជាតិ​ ដែល​ហូរ​ក្រោម​​ម្លប់​ឈើដ៏ត្រ​ឈឹ​ង​ត្រឈៃ​​​​​​​នោះ​​​ទេ​​​​​​​​​​​​។ វា​​​​​​​ត្រូវ​បាន​បង្កើត​ឡើង​​​​ដោយ​ស្នា​ដៃ​​មនុស្ស​​​​​​​​​​តាំង​​​ពី​​​យូរ​លង់​​​ណាស់​​​មក​ហើយ  ​​​ក៏​​​ប៉ុន្តែ​​​​ត្រូវ​​​បាន​បិទបាំង​ដោយ​​​ព្រៃ​ឈើ​​​​ដ៏​​​សែន​​​ក្រាស់​​​ពី​ក្រសែភ្នែក​របស់​​​មនុស្ស​​​ទាំង​ឡាយ នោះ​​​គឺ​​​ជា​​​ប្រាសាទ​​​តាណាង​​​​។

ប្រាសាទតាណាង សង់​ឡើង​​ពីឥដ្ឋដែល​ត្រូវ​គេ​បំភ្លេច​ចោល​រាប់​រយ​ឆ្នាំ​ ស្ថិត​​នៅ​ក្នុង​តំបន់​ព្រៃជ្រៅ​ក្នុ​ងខេត្ត​រតនគិរី​។
ប្រាសាទតាណាង សង់​ឡើង​​ពីឥដ្ឋដែល​ត្រូវ​គេ​បំភ្លេច​ចោល​រាប់​រយ​ឆ្នាំ​ ស្ថិត​​នៅ​ក្នុង​តំបន់​ព្រៃជ្រៅ​ក្នុ​ងខេត្ត​រតនគិរី​។

​ស្ថិតនៅ​ដាច់​ស្រយាល​  ពិ​បា​ក​ធ្វើ​ដំណើរ​ទៅ​ដល់​ និង​ត្រូវ​បាន​គេ​បំភ្លេ​ច​ចោល​រាប់​រយ​ឆ្នាំ​មក​ហើយ​ផង​​​នោះ ប្រាសាទ​តា​​​ណាង​​​  (Ta Nang) នេះ​​​ហាក់ដូចជាមាន​លក្ខ​ណៈ​ខុស​ប្លែក​ពី​បណ្តា​ប្រាសាទ​ផ្សេងៗ​ទៀត​​​ ដែល​អ្នកធ្លាប់​បាន​​​ឃើញ​​​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា។

អ្នក​ភូមិ​ចារ៉ាយ ​ ដែល​រស់​នៅ​​​​ក្នុង​​​តំបន់​នេះ​ បាន​​​និយាយថា ប្រាសា​ទ​នេះគឺ​​​ត្រូវ​បាន​កសាងឡើង​ដោយ​ជន​ជាតិ​ចាម​  ដែលជាប់​​​​​សែ​​​ស្រឡាយ​​​ខ្លួន​​​ និង​​​ដែល​​​កាលពី​​​យូរ​​​លង់​​​ណាស់​​​មក​​​ហើយ​​​បាន​យក​​​ផ្លូវ​​​​​​នៅ​​​តំបន់​​​នេះ​​​ធ្វើ​​​ជា​​​ផ្លូវ​​​ធ្វើ​ដំណើរ​​​នៅ​​​​​​ពេល​​​​​​​​​​មក​ច្បាំង​​ជាមួយ​​​​​នឹង​​​ខ្មែរ​​​អង្គ​រ​​​សម័យ​​​បុរាណ​​​​។ សង់ឡើងពី​ឥដ្ឋ​​តភ្ជាប់​​​គ្នា​ដ៏​​​​​​​ល្អ​​​ឥត​​​ខ្ចោះ​​​​ដែល​​​មើលទៅ​​​​​​​គឺ​​​ហាក់ដូចជាស្អិតជាប់​​គ្នា​ពី​មួយ​ទៅ​​​មួយ​នោះ  ប្រាសាទតាណាង​​​​ពណ៌​ក្រហម​​​​​​​​ដ៏​​​​តូច​ច្រឡឹង​​នេះ គឺ​​​ត្រូវ​បាន​កសាង​ឡើង​នៅ​ជាប់​មាត់​ទន្លេ​ដ៏ស្រស់​ស្អាត​ ដែល​ត្រូវ​បាន​​ប្រើប្រាស់​​​​ ដើម្បី​ដឹកជញ្ជូន​​សម្ភារ​​​​​​​សាង​សង់​ និង​វត្ថុធាតុ​ដើម​ផ្សេងៗមក​កាន់​  ទី​តាំង​នេះ​​កាត់​តាម​​​តំបន់​ព្រៃ​ដ៏​​​ក្រាស់​​​​ជាប់​  ព្រំ​ដែន​​​​ប្រទេស​​​កម្ពុជា​​​​ និង​​​វៀតណាម​។

ពេ​ល​វេលា​ហាក់ដូច​ជានៅ​ទ្រឹង​នៅ​តំបន់​​​ប្រាសាទ​នេះ​។ ព្រៃ​ឈើ​កម្ពុជា​យោល​យោគ​​​ឥតឈប់​ឈរ​និងកាន់តែសកម្ម​​ក្រោម​​​​កម្លាំង​ខ្យល់នៃ​ការ​ចាប់​ផ្តើម​រដូវ​វស្សា។​ សត្វ​​​​កេង​កង​ធំ​ៗហើរ​ឆ្វែលចុះឡើងពី​លើ​ដើម​​ឈើ​ទាំង​​​អស់​​​នេះ។​​​​​​ ​យើង​ត្រូវ​ហែល​ឆ្លង​ទន្លេ​ដែលមាន​ទឹក​ពណ៌​ក្រ​ហ​ម​​ហូរគួច​យ៉ាងត្រ​​​បាញ់​ និង​កាន់​​​​តែ​ខ្លាំង​​​ឡើងៗ​​​ដោយ​សារ​ព្យុះ​ភ្លៀង​នា​ពេល​ថ្មីៗ​​​នេះ​។​​​ យើង​ហាក់បី​​​ដូច​​​ជា​​​តួអង្គ​​​​​​​​ក្នុង​រឿង​ប្រលោម​លោក​របស់​លោក រូដ​​​យ៉ាដ ឃីភ្លិង​ (Rudyard Kipling) អ៊ី​ចឹង​​។

នេះ​​​ជា​​​បទ​​​ពិសោធន៍​​​ដ៏​អស្ចារ្យ​​​មួយ​​​ក្នុង​​​​​​ចំណោម​បទ​​​ពិសោធន៍​​​ដែល​ខ្ញុំ​ធ្លាប់​បាន​​​ជួប​ប្រទះ​​​​​​​​​​រាប់មិនអស់​​​​​​នៅ​​​ក្នុង​ប្រទេស​កម្ពុជា​​​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​​​​ដែល​ខ្ញុំ​បាន​រស់​នៅ​ទីនេះ ​ដូចជា​​​​ការ​រក​ឃើ​ញ​សសរ​តូតឹម​កម្ពស់​២​ម៉ែត្រ​​​​របស់​ជន​ជាតិ​ភា​​​គ​​​តិច​ចារា៉យ​​​នៅ​ចំកណ្តាល​ទ្រូង​ព្រៃ​ ការ​​​ទៅ​ ដល់​ប្រាសាទ​ព្រះវិហារ​ជាលើក​ដំបូង​​​​​​បន្ទាប់​​​​ពី​ធ្វើ​ដំណើរ​តាម​​​​ម៉ូតូ​អស់​រយៈ​ពេល​ជា​ច្រើន​​ថ្ងៃ និង​ការ​ឡើង​ភ្នំ ​នេះ​​​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ឬការ​ចុះ​ចត​​ឧទ្ធម្ភាគ​ចក្រ​រុស្សុី​ នៅ​ចំ​​​ពីមុខ​ប្រាសាទ​អង្គរ​វត្ត​​ក្នុង​​​​​​​ឆ្នាំ​១៩​៩២ ​ជាដើម​​​។​ប៉ុន្តែ​​​ បទពិសោធន៍​​​​អស្ចារ្យ​​​​ក្នុង​​​ការ​​​រក​​​ឃើញ​​​​​​ប្រាសាទ​​​នេះ ​​ក៏​​​ជា​​​រឿង​​​គួរ​​​ឲ្យ​​​ក្រៀមក្រំ​​​​មួយ​​​ដែរ​​​ គឺ​​​គួរ​​​ឲ្យ​​​ក្រៀមក្រំ​​​ណាស់​​​។ អ្វីៗគ្រប់​យ៉ាងបាន​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​ក្នុង​​​​​​​សង្គម​​កម្ពុជាសព្វ​ថ្ងៃ​នេះ ​​​​​​គឺ​​​​ពិតជា​​​រហ័ស​​​ពេកហើយ​​​​​!។

យើង​​​ពិបាក​​​ទប់ចិត្ត​​​ណាស់​​​ ពេល​​​ឃើញ​​​សម្រស់​​​ដ៏​​​ស្រស់​​​ត្រកាល​​​របស់​​​វា​​​​​​រង​​​ការ​​​គំរាម​​​​​​កំហែង​​​ដោយសារ​​​តែ​​​​​​ភាព​​​លោភ​​​លន់​របស់​មនុស្ស​​​បាត់​​​ទៅ​​​ហើយ​​​នោះ​​​!។ ​​​​កាលពី​ឆ្នាំ​មុន សត្វព្រៃ​ដែលធ្លាប់តែ​​​​ធ្វើ​ឲ្យ​ព្រៃព្រឹក្សាលតាវល្លិ​​ទាំង​នេះ​មាន​សភាព​រស់​រវើក​គួរជាទី​​​មនោរម្យ​​​នោះ  ឥឡូវ​នេះ​គឺវិនាសសាបសូន្យ​អស់ហើយ​។​ លែ​ង​មាន​ ឈ្លូស​​​និង​ក្តាន់ទៀត​ហើយ​។​ ពិត​​​ណាស់​​​​គ្មាន​អ្វីនៅ​សេសសល់​​​​ច្រើន​ឡើយ ​​​​​​ព្រោះ​​​​​​​សម័​យ​​ទំនើ​ប​​​នេះ​​​ហៀប​​​នឹង​លេប​ត្របាក់យក​តំបន់​​​​​ធម្ម​ជាតិ​​​​ដ៏​​​ស្រស់​បំព្រង​​​​​​​នេះ​​​ហើយ​​​។

គ្រឿង​ចក្រ​របស់​​​​​​​ក្រុមហ៊ុន​​​វៀតណាម​ ដែល​​កំពុង​តែ​បំផ្លាញ​សម្រស់ធម្មជាតិរបស់​ប្រទេស​កម្ពុ​ជា​ គឺ​​​ស្ថិតនៅ​ចម្ងាយ​ត្រឹម​​​​ពីរ​​​បី​គីឡូម៉ែត្រ​​ប៉ុណ្ណោះពីទីនេះ ​ព្រោះ​ព្រៃ​េឈើ​​​ទាំង​នេះ​ត្រូវ​គេលក់​​​​ដើម្បីកាប់​យក​ឈើ​និង​ដី​ក្នុង​តំបន់​នេះបាត់​​​​​​ទៅ​​​ហើយ​​​។ ក្បួន​​​រថយន្ត​​​​​​បានដឹកឈើ​ចូល​ទៅ​​​​ប្រទេស​វៀត​ណាម​​​​ ត​​​កន្ទុយ​​​​គ្នា​មិន​ចេះ​ដាច់​  ហើយ​ដី​ត្រូវ​​គេ​យក​មក​​​​​ធ្វើ​​​ចម្ការ​​​​កៅស៊ូ ដែល​គ្រោ​ង​នឹង​ពង្រី​ក​​​ផ្ទៃដី​ដាំដុះទៅ​​​​​តំបន់​​​ភាគច្រើន​​​ដែល​​​ធ្លាប់​​​ជា​​​​​​ព្រៃ​របស់​​​​ប្រទេ​ស​កម្ពុជា​។

នាំចូល​មកតំបន់​ឥណ្ឌូចិន​​​​ដោយ​ដូន​តា​​​​ខ្ញុំ​​​ផ្ទាល់​  បន្ទាប់ពី​ពូជ​រុក្ខជាតិនេះត្រូវ​​​​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ ហែនរី វីក​​​ឃែម​​​​​​ (Henri Wickam)​ លួច​យក​​​មក​​​ពី​ប្រទេស​ប្រេស៊ីល​​ក្នុង​​​ឆ្នាំ១៨៦៧​ ​​​ដើម្បី​យក​ទៅ​​​​ដាំ​​​​​​​នៅ​​​ទូទាំង​​ប្រទេស​​ម៉ា​ឡេ​ស៊ីនោះ ដើម​​​កៅស៊ូ​ប្រភេទ​Hevea brasiliensis នេះ​​​​គឺ​​​កំពុង​​​ត្រូវ​​​​គេ​ដាំដុះ​​​​នៅ​​​គ្រប់​ទី​​​កន្លែង​​​​​ក្នុង​ប្រទេស​កម្ពុជា​។

​មាន​ពណ៌​​​ប្រផេះ​និង​ស្រអាប់​ ដើម​កៅ​ស៊ូ​ទាំង​នេះ​​បាន​ក្លាយ​ទៅ​​​ជាចំណុច​ផ្តោត​​​របស់​លោក​​​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ដែល​គិត​ថា ​​​មិន​ទាន់​មាន​វា​​​គ្រប់​គ្រាន់​​​​​​​នៅក្នុង​​​ប្រទេស​​​​​​​កម្ពុជា នៅ​​​​ឡើយ​​​​​​។ ពេល​ខ្លះ​​​​ ​​​លោក​នាយក​​​​រដ្ឋ​​​​មន្ត្រី​​​​ហ៊ុន​ សែន បាន​​​ព្យា​​​យាម​​​ស្តារ​​​មុខមាត់​​​របស់ខ្លួន​​​ឡើងវិញ ​​​ហើយ​ប្រកាស​ថា ដល់​ពេល​ដែលត្រូវ​បញ្ឈ​ប់​​ការ​កាប់​​​​ព្រៃ​​​ឈើ​នៅ​​​​កម្ពុជា​ ដើម្បី​​​យកដី​ធ្វើ​ចម្ការ​​​កៅស៊ូ​​​​ហើយ​​​។

ប៉ុន្តែ​​​ ​​​​ទីប្រឹក្សា​លោក​បន្ត​ដាក់​​​ឯក​សារ​​​ថ្មី​​​ជា​បន្ត​បន្ទាប់​ឲ្យលោកពិនិត្យ​ ចុះ​ហត្ថលេខា​ម្តងហើយ​ម្តង​ទៀត ហើយពេល​​​​​​លោក​​​ចុះ​​​ហត្ថលេខា​​​​ម្តងៗ​​​  ដើមឈើ​និង​សត្វ​​​ព្រៃ​ក៏​​​ចាប់​​​ផ្តើម​​​​វិនាស​​​ ដោយ​​​ត្រូវ​កិន​កម្ទេច​ដោយ​ត្រាក់​​​ទ័រ​​​​ឈូសឆាយ​​​។ គ្មាន​អ្វីគេច​ផុត​ទេ។​ក្រុម​មន្ត្រី​ដែល​មិន​ធ្លាប់បានចុះទៅ​ដល់តំបន់ដែន​បម្រុង​ធម្មជាតិ​​ទាំង​នោះ​​​ បាន​កំណត់​​​​​​ដែន​​បម្រុង​ធម្ម​ជាតិ​ទាំង​​​​នោះ​​​​​​​ឡើង​​​វិញ​​​​​​ថា​​​ ជា​ “តំបន់​ព្រៃ​​​រេចរិល​”​​​ ​ ហើយ​​​​បន្ទាប់​​មកក៏​​​អនុញ្ញាត​ឲ្យ​​​​​មាន​​​ការ​​​ផ្តល់ដី​សម្ប​ទាន​  ដោយ​អះអាង​ថា តំបន់​ទាំង​នេះ​នឹង​ក្លាយ​ទៅ​​​ជា​តំបន់​ទ្រ​នាប់ ដែល​​​នឹង​​​ជួយ​ការ​ពារ​ធន​ធាន​​​​​សេស​​​សល់​​​ពី​​​ឧទ្យាន​ជាតិ​។

នេះជា​​​អ្វី​​​ដែល​​​គេហៅ​ថា សាកល​ភាវូប​​​នីយ​​​កម្ម​។ ​ចិន​ត្រូវ​ការជ័រ​កៅ​ស៊ូ​ដើម្បី​ផលិត​សំបកកង់​រថយន្ត​ ដូច្នេះ​ ​សត្វខ្ទីង​ ទន្សោង​​​ ​និង​ដំរី​ព្រៃរបស់​​កម្ពុជា​ត្រូវ​តែងាប់​។ ​មិន​ចាំ​​​បាច់​មាន​ចម្បាំង​​​អាណានិគម​បែប​​​ប្រថុយ​​​ប្រថាន​​​ដូច​សម័​យ​​មុន​នោះទេ។ ​នេះជាមធ្យោបាយ​ផ្ទេរ​ប្រាក់​ដ៏​សា​មញ្ញ​ ​​​ហើយ​​ជន​ជាតិ​វៀត​ណាម​​នឹង​ធ្វើ​ការ​ឲ្យ​មូល​​​និធិ​អាល្លឺម៉ង់​ ដើម្បី​បំ​ពេញ​ តម្រូវការសំបក​កង់​រថយន្ត​​​របស់​​ចិន​។

និយាយ​​​អ៊ីចឹង​​​ តើ​អ្នក​គិត​​ថា ជនជាតិ​អាល្លឺ​​​ម៉ង់​​​​ ជា​មនុស្ស​ស្រ​ឡាញ់​ធម្ម​ជាតិ​និង​ព្រៃ​ឈើ​មែនទេ​​​? បើ​​​នៅ​ក្នុង​ប្រទេ​ស​របស់​​​​ពួកគេ គឺ​​​​ប្រហែល​​​ជា​​​មែន​​​ ប៉ុន្តែ​​​​នៅ​​​​ប្រទេស​កម្ពុជា​វិញ ធនាគារ Deutsche Bank និង​មូ​ល​និធិ​​​វិនិយោគ​ឯក​ជន​ដទៃទៀត ដូច​ជា​សា​ជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ (IFC)​ ជាដើម ​​​គឺ​​​កំពុង​តែ​ចំណាយ​ប្រាក់​ឲ្យ​គ្រឿង​ចក្រ​​​​​ដែល​កំពុង​តែ​បំផ្លិ​ច​បំផ្លាញ​ព្រៃ​ឈើ​ ហើយ​កម្មករ​គឺ​ជា​ជន​ជាតិ​វៀតណាម​ ប៉ុន្តែ​​​ប្រាក់មួយ​ចំនួន​នៅ​​​ក្នុង​​​ចំណោម​នោះ​ គឺ​​​ជា​រ​បស់​​​​អាល្លឺម៉ង់។

សូម្បី​តែ​​​បំណង​ល្អ​ក៏​​​ជារឿយ​ៗ​​ក្លាយ​​​ជា​​​រឿង​អាក្រក់​ចំពោះ​បរិស្ថានដែរ។ស្ពា​ន​កាត់​ទន្លេ​សេសាន​នៅ​ក្នុង​​​​​​​ស្រុក​អណ្តូង​មាស​​កំពុង​​​​តែ​​​ត្រូវ​បាន​ប្រើ​ប្រាស់​​​​ដើម្បី​កា​ប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ភាគ​ខាង​ជើង​ទាំងមូលនៃតំបន់​មាត់​ទន្លេ​សេសាន ​​​ដែល​​​​​​ត្រូវ​បាន​គេ​​​បណ្តោយ​ឲ្យ​​ត្រាក់​ទ័រ​ឈូស​ឆាយ​តាម​អំពើ​ចិត្ត​ និង​បំ​ផ្លិច​បំផ្លាញ​ទឹក​ដី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ចា​​​រ៉ាយ​ និងកាចក់​ដែល​ធ្លាប់​ជា​ទីកន្លែង​ដ៏​ស្រស់​ស្អាត និង​ធ្លាប់​ជា​ទីតាំង​មួយ​នៅ​​​ក្នុង​ចំណោម​ទី​តាំង​​​សំខាន់ៗ​សម្រាប់​ទេសចរណ៍​ធម្ម​ជាតិ​​​​​នៅ​​ក្នុង​ខេត្ត​រតនគិរី​​​ តាំង​​​ពី​​​យូរ​​​ណាស់​​​មកហើយ​​​។

ដូច្នេះ​ តំបន់​នេះ​ទាំង​មូល​ត្រូវ​បាន​ដណ្តើ​ម​យក​ពី​អ្នក​​ស្រុក​ ដែល​ឥឡូវនេះ​​​​បាន​​​​ក្លាយ​​​ជា​​​​កម្មករ​ចម្ការ​កៅ​ស៊ូ​នៅលើទឹកដីដែល​ធ្លាប់​ជា​របស់​ដូន​តាខ្លួន​​​ឯង​​​​។
អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​កាប់​បំផ្លាញព្រៃ​ឈើ​ទាំង​នេះ ​គឺ​សុទ្ធតែ​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។ ពួកគេ​ជា​អ្នក​មាន​បំផុត។​​​ ​ពួកគេ​ឆ្លាត​​​​​​និង​​​​ដឹងពី​របៀប “ចែក​​​​​​​គ្នា​ស៊ី” ប៉ុន្តែប្រាកដណាស់ថា​​​ ការ​ចែកគ្នា​​​ស៊ីនេះ គឺ​​​មិន​មែនផុស​​​ចេញ​​​ពី​​​​ចិត្តនោះទេ​​។

ពួកគេ​ “​​​ចែក​គ្នាស៊ី​​​”​​​ ពីព្រោះ​ពួ​ក​គេ​​ដឹង​​​ថា ប្រសិន​បើ​ពួក​គេ​រារំាង​​​​​​​​អ្នក​​​តូចតាច​​​ជា​​ងខ្លួន​​​​​​មិន​ឲ្យ​ទទួល​បាន​ប្រយោជន៍​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើទាំងនេះដែរ ទេ​​​នោះ​ ពួកគេ​​​ប្រាកដ​​​នឹង​​​​ងាក​មក​ប្រ​ឆាំង​នឹង​ពួកគេ​វិញ​​​​ជាក់ជា​​​មិន​​​ខាន​​​ឡើយ​​​​​​។ដូច្នេះ​ពួកគេ​បណ្តោយ​ឲ្យ​រឿង​នេះកើត​ឡើង​។​​​ គឺ​​​​​​ដោយសារ​​​តែ​​​បែបនេះ​​​ហើយ​​​ ទើប​​​ប្រជា​ពល​រដ្ឋ​ស្ទើរ​តែ​ទាំង​អស់​នៅ​​​ក្នុង​​​​ខេត្ត​រតនគិរី​ បាន​​​​នាំគ្នា​​​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​នេះ។​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​មិនថា​អ្នក​ធ្វើ​ដំណើរ​ទៅដល់​ទី​កន្លែង​ណា​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ឡើយ​​​​ អ្នក​ប្រាកដ​​​ជា​​​នឹង​​​បាន​​​ឃើញ​គេដឹកឈើ​មាន​តម្លៃ​តាម​ម៉ូ​តូ​ រថ​​​យន្ត​​​តូច​ រថយន្ត​ក្រុង​ ត្រាក់​ទ័រ និង​រថ​យន្ត​ធុនធ្ងន់​​​​​​​​​​​​គ្រប់​ទីកន្លែង​។បច្ចុប្បន្ន​​​ ​​​សំឡេង​រណារ​យន្ត បាន​ចូល​មក​ជំនួស​សំឡេង​​​​ខ្ញៀវ​ខ្ញា​រ​​​​​​របស់​​​បក្សា​​​បក្សី​​​ និង​​​ម្រឹគី​​​ម្រឹគា​​​ទៅហើយ​​​។​​​

សព្វថ្ងៃ​នេះ ប្រជា​ជន​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​រតន​គិរី​ គឺ​​​ក្លា​យ​ជា​អ្នក​មាន​​​អស់​​​ទៅ​​​ហើយ​​​។​អំឡុង​ពេល​ស្រស់ស្រូប​​​គុយទាវ និង​អាហារ​​​ពេល​ព្រឹក ​គេ​សង្កេត​ឃើញ​​រ​ថយន្ត​ទំ​នើប​ៗ​​ចត​ជា​ជួរ​នៅ​មុខ​ភោ​ជនីយ​​​ដ្ឋាននានា​​ក្នុង​ក្រុង​បាន​លុង​។​យើង​​ប្រហែលជា​​​នឹង​​​​សប្បាយ​​​ចិត្ត​ ជំនួសពួកគេ​​​​​​ ប្រសិន​បើ​យើង​មិន​​បាន​​ដឹង​ថា ​ពួកគេ​​​ក្លាយ​ជា​អ្នក​មានដោយ​​​​របៀប​ណា​ និង​ប្រសិន​​​បើ​យើង​​​ពុំ​​​​បាន​ដឹង​ថា  ​ព្រៃ​ឈើ​​​តាម​ពិត​​​គឺ​​​រលាយ​​​​​​សាបសូន្យ​​​ ដោយសារ​​​​​​តែ​​​ការ​​​រួម​​​ចំណែក​​​របស់​​​ពួកគេ​​​ទេ​​​នោះ​។

ពីព្រោះ​ឥឡូវនេះ​គឺ​ជាការ​​កាប់​ទន្ទ្រាន​ចុង​ក្រោយហើយ​​​។​ គ្មានការ​​​​​បន្ធូរ​​​ដៃ​​​និង​​​ការ​​​​​អៀន​ខ្មាសទេ។ មាន​ព្រៃ​ឈើ​នៅ​សល់​តែ​​​ពីរបី​កន្លែង​​​​​​ប៉ុណ្ណោះ​​​នៅ​​​​​​​​​ចន្លោះ​ក្រុង​បាន​លុង​​​​​និង​​​​ទន្លេសេសាន ​​ដែល​នឹង​បា​ត់​បង់​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​​​​ដែរ​​​។ ​ក៏​​​ប៉ុន្តែ​​​ សូម្បី​​​តែ​​​ខ្សែ​ទឹកខណ្ឌ​ចែក​តំបន់​​​នេះក៏​ត្រូវ​​​ពួក​អ្នកកាប់​ឈើ​ដែល​មាន​ខ្នង​ក្រាស់​​​ និង​​​ទំនាក់​​​ទំនង​​​យា៉ង​​​ជិត​​​ស្និទ្ធជាមួយ​​​រដ្ឋាភិបាល​​​យក​​​ធ្វើ​​​ជា​​​មុខ​​​សញ្ញា​​​របស់​​​ខ្លួន​​​ដែរ​​​។

ឧទ្យាន​ជាតិ​វរជ័យនិង​តំបន់​ទ្រនាប់​កំ​ពុង​រង​ការ​កាប់​បំផ្លាញព្រៃឈើ​ពី​គ្រប់​ទី​កន្លែង។​ការ​កាប់​បំផ្លាញព្រៃឈើ​ដ៏​រង្គាល​នៅ​តំបន់​ស្ពាន​​​អណ្តូ​ង​មាស​​​ និងដី​សម្បទាន​​នៅ​ក្នុង​តំបន់​កន្ទុយ​នាគកំពុង​តែ​លេប​​​ត្របាក់​​​​ឧទ្យាន​វរជ័យ​​ភាគ​ខាងកើត​​​។ឥឡូវ​ឧទ្យាន​​​នេះ​​​ក៏​​​ជា​​​មុខ​​​សញ្ញា​​​ដែរ​​​  ព្រោះ​​​ផ្នែក​​​​កណ្តាល​​​​​​​និង​ផ្នែក​ខាង​លិច​នៃ​ឧទ្យាន​នេះ​ក៏​រង​ការ​​​កាប់​​​បំផ្លាញ​ដូចគ្នា​​​។

បើ​​​ទោះបី​​​ជា​​​វិស័យ​​​ទេសចរណ៍​​​ធម្មជាតិ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មាន​​​ភាព​​​សម្បូរ​​​បែប​​​ ដោយ​​​ម្នាក់ៗ​​​ខិតខំ​​​អស់ពី​​​កម្លាំង​​​កាយចិត្ត​​​ក្នុង​​​ការ​​​ស្វែងរក​​​ទីតាំង​​​ស្រស់​​​ត្រកាល​​​​​​ដែល​​​នៅ​​​សេស​​​សល់​​​ចុងក្រោយ​​​​​​ទាំង​​​ប៉ុន្មាន​​​សម្រាប់​​​ឲ្យ​​​​​​ទេសចរ​​​ទៅ​​​ទស្សនា​​​យ៉ាងណា​​​​​​ក៏​​​ដោយ​​​ ក៏​​​​​​គ្មាន​​​ប្រយោជន៍​​​ដែរ​​​ ព្រោះ​​​ពេល​​​​​​នេះ​​​ រណា​​​រ​អារឈើ​​​មាន​​​នៅ​​​គ្រប់ទី​​​កន្លែង​​​។​​​

ដី​​​សម្បទាន​​​ផ្សេងៗ​​​ទៀត​​​ត្រូវបាន​​​កំណត់​​​​​​​​​​​​យក​​​ដោយ​​​ខុសច្បាប់​​​​​​នៅ​​​ជាប់​​​ភូមិ​​​កោះពាក់​​​​​​ ក្នុង​​​តំបន់​​​ហាមឃាត់​​​ក្នុង​​​ឧទ្យាន​​​នេះ​​​។​​​ នៅ​​​ទី​​​នោះ​​​ ព្រៃឈើ​​​គឺ​​​ស្រស់​​​ត្រកាល​​​ខ្លាំងណាស់​​​ ​​​និង​​​មាន​​​​​​ទឹកជ្រោះ​​​​​​ធម្មជាតិ​​​យ៉ាង​​​ច្រើន​​​ក្រៃ​​​លែង​​​។​​​ ប៉ុន្តែ​​​ ឋានសួគ៌​​​សម្រាប់​​​ទេសចរណ៍​​​ធម្មជាតិ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​នេះ​​​នឹង​​​មិន​​​គង់​​​វង្ស​​​ឡើយ​​​ ព្រោះ​​​ពេល​​​នេះ​​​ អ្នក​​​កាប់​​​ឈើ​​​បី​​​ក្រុម​​​ ក្នុង​​​មួយក្រុម​​​មាន​​​គ្នា​​​៣០​​​នាក់​​​កំពុង​​​ធ្វើ​​​ការ​​​ពេញ​​​មួយថ្ងៃ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​​​​នៅ​​​ក្នុង​​​ព្រៃ​​​​​​របស់​​​​​​អ្នក​​​ភូមិ​​​កាចាក់​​​ ហើយ​​​រថយន្ត​​​ធុនធំ​​​ជា​​​ច្រើន​​​គ្រឿង​​​កំពុង​​​តម្រៀប​​​ជួរ​​​គ្នា​​​ចាំ​​​ដឹក​​​ឈើ​​​ដែល​​​នឹង​​​ត្រូវបាន​​​គេ​​​ស្តុក​​​ទុក​​​នៅ​​​ជុំវិញ​​​ទន្លេ​​​សេសាន​​​​​​ មុនពេល​​​ដឹក​​​ជញ្ជូន​​​នៅ​​​​ពេល​​​យប់​​​​​​ទៅ​​​​​​កន្លែង​​​ស្តុក​​​ឈើ​​​ស្របច្បាប់​​​ដើម្បី​​​ “លាង”​​​ ឈើ​​​ទាំងអស់​​​នោះ​​​​​​ឲ្យ​​​ក្លាយទៅ​​​ជា​​​ឈើ​​​ស្អាត​​​​​​​​​​​​(ស្របច្បាប់)​​​​​​ជា​​​ថ្នូរ​​​នឹង​​​លុយ​​​កខ្វក់​​​។​​​​​​

អ្នក​​​កាប់​​​ឈើ​​​ទាំង​​​អស់​​​នោះ​​​គឺ​​​សុទ្ធតែ​​​ជា​​​ខ្មែរ​​​មកពី​​​ខេត្ត​​​កំពង់​​​ចាម ពោធិ៍សាត់​​​ ​​​ និង​​​​​​ខេត្ត​​​​​​​​​​តាកែវ។​​​ ជនជាតិ​​​ភាគតិច​​​នៅ​​​ក្នុង​​​ខេត្ត​​​រតន​​​គិរី​​​មិន​​​ទាំង​​​បាន​​​ទទួល​​​ផល​​​ប្រយោជន៍​​​ពី​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​របស់​​​ខ្លួន​​​ផង​​​ទេ​​​ ​​​​​​គឺ​​​បាន​​​ត្រឹម​​​តែ​​​ត្រូវ​​​គេ​​​ហៅ​​​​​​ឲ្យ​​​ទៅ​​​មើល​​​ដើម​​​ឈើ​​​​មាន​​​តម្លៃ​​​ដែល​​​នៅ​​​សេសសល់​​​ចុងក្រោយ​​​ ដូចជា​​​ឈើ​​​ធ្នង់​​​ដ៏​​​កម្រ​​​​​​ដែល​​​​មាន​​​តម្លៃ​​​​​​៣.­០០០​​​ដុល្លារ​​​ក្នុង​​​មួយម៉ែត្រ​​​គីប​​​​​​នៅ​​​ឯ​​​ប្រទេស​​​វៀត​ណាម​​​ ប៉ុណ្ណោះ​​​។​​​

សូម្បី​​​តែ​​​ឧទ្យាន​​​ជាតិ​​​វីរជ័យ​​​ក៏កំពុង​​​តែ​​​រង​​​ការ​​​វិនាស​​​ខ្លាំង​​​ណាស់​​​ដែរ​​​។​​​ ភ្ញៀវ​​​ទេសចរ​ដែល​​​​​​យើង​​​បាន​​​បញ្ជូន​​​ទៅ​​​ទីនោះ​​​សុទ្ធតែ​​​បាន​​​និយាយ​​​ដូចៗ​​​គ្នា​​​ពេល​​​ត្រឡប់​​​មកវិញ​​​ថា​​​ នៅ​​​ទី​​​នោះ​​​គឺ​​​ពិត​​​ជា​​​ស្រស់​​​ត្រកាល​​​ខ្លាំងណាស់​​​ តែ​​​វា​​​កំពុង​​​វិនាស​​​ហិនហោច​​​ដោយសារ​​​​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​។​​​ យើង​​​ប្រហែល​​​ជា​​​នៅ​​​តែ​​​​អាច​​​ធ្វើ​​​ការ​​​នៅ​​​ទីនោះ​​​បាន​​​មួយ​​​រដូវ​​​ទៀត​​​ ផុត​​​​​​​​​​​​ពីនោះ​​​ទៅ​​​​​​គឺ​​​ចប់​​​ហើយ​​​​​​​​​​​​​ គ្មាន​​​អ្វី​​​នៅ​​​សល់​​​ទេ​​​​។​

គម្រោង​​​ដ៏​​​អស្ចារ្យ​​​ពាក់ព័ន្ធ​​​​​នឹង​​​ការសិក្សា​​​ពី​​​សត្វ​​​ទោច​​​​​​​​​​​​​​​មួយ​​​អម្បូរ​​​ដែល​​​ស៊ាំ​​​​​​​​​​​​នឹង​​​មនុស្ស​​​​នៅ​​​ភាគ​​​ខាងលិច​​​នៃ​​​តំបន់​​​នេះ ​​​ដែល​​​គេ​​​ហៅ​​​ថា​​​ តំបន់​​​អភិរក្ស​​​ការពារ​​​ វើនសៃ​​​សៀម​​​ប៉ាង​​​​​​ ​​​​​ក៏​​​ត្រូវ​​​រលាយ​​​សាបសូន្យ​​​ដោយសារ​តែ​​​ការ​​​កាប់​​បំផ្លាញ​​​ព្រៃឈើ​​​នេះ​​​ដែរ​​​។ ​​

អ្ន​​​កកាប់ឈើ​​​​​​​គឺ​​​កំពុង​​​​តែ​​​ធ្វើការ​​​យ៉ាង​​​សស្រាក់​​​សស្រាំ​​​ជុំវិញ​​​តំបន់​​​បរិស្ថាន​​​នេះ​​​ ហើយ​​​ពេលខ្លះ​​​​​​​​ក្នុង​​​ចម្ងាយ​​​​មិនដល់​​​១០០​​​ម៉ែត្រ​​​ផង​​​ពី​​​ទីនេះ​។​​​ ក្រុម​​​អ្នក​​​វិទ្យាសាស្ត្រ​​​បរទេស​​​ដែល​​​រស់​​​នៅ​​​ទីនោះ​​​មិន​​​អាច​​​ឃ្លាំ​មើល​​​សត្វព្រៃ​​​​​​ទាំង​​​នោះ​​​ទៀត​​​ឡើយ​​​ ហើយ​​​កាលពី​​​ពេល​​​ថ្មីៗ​​​នេះ​​​ ស្វាព្រាម​​​យ៉ាង​​​ហោច​​​​មួយក្បាល​​​ត្រូវបាន​​​សម្លាប់​​​។​​​ សត្វព្រៃ​​​ទាំង​​​​​នោះ​​​ពេលនេះ​​​​​​កំពុង​​​លាក់​​​ខ្លួន​​​ ហើយ​​​ក្នុង​​​ករណី​​​ខ្លះ​​​ ជម្រក​​​​​​​​​របស់​​​វា​​​ និង​​​បរិស្ថាន​​​ជុំវិញ​​​ គឺ​​​​​​ត្រូវបាន​​​បំផ្លាញ​​​អស់​​​ទៅ​​​ហើយ​​​ទៀត​​​ផង​​​។

សម្រាប់​​​រូបខ្ញុំ​​​វិញ​​​ ភ្ញៀវ​​​ទេសចរដំបូង​​​​​​ពីរ​​​ក្រុម​​​ដែល​​​ខ្ញុំ​​​បាន​​​នាំ​​​ទៅ​​​តំបន់​​​អភិរក្ស​​​​​​ការពារ​​​វើនសៃ​​​ សៀមប៉ាង​​​ នៅ​​​ដើម​​​រដូវ​​​ទេសចរ​​​ណ៍​​​​​​ឆ្នាំ​​​នេះ​​​​​​​​​​ គឺ​​​​បាន​​​ត្រឹមតែ​​​ឃើញ​​​សំណល់​​នៃ​​​ដើម​​​​​​ឈើ​​​​​​ដែល​​​​​​ត្រូវ​​​គេ​​​កាប់​​​​​​​​អស់​​​ហើយ​​​ប៉ុណ្ណោះ​​​​​​​​​។​​​ ពួកគេ​​​ពុំ​​​មាន​​​​​​សំណាង​​​បាន​​​ឃើញ​​​​​​សត្វ​​​ទោច​​​ទៀត​​​​​​ទេ​​​​​​។​​​ ប្រាកដ​​​ណាស់​​​ថា​​​  ភ្ញៀវ​​​ទេសចរ​​​​​​បរទេស​​​ទាំង​​​នេះ​​​​​​នឹង​​​លើក​​​ទឹកចិត្ត​​​មិត្ត​​​ភក្តិ​​​​​​ខ្លួន​​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​មក​​​លេង​​​​​​​​​កម្ពុជា​​​ ដែរ​​​ដើម្បី​​​​​គយ​គន់​​​ព្រៃព្រឹក្សា​​​​​​ដែល​​​ឥឡូវ​​​ឃើញ​​​មាន​​​​​​ សុទ្ធ​​​តែ​​​រណា​​​រអារឈើ​​​ពេញ​​​ព្រៃ​​​នេះ​​​ទៅ​វិញ​។

ក្រៅពី​​​សត្វ​​​និង​​​រុក្ខជាតិ​​​  នេះ​​​គឺ​​​ជា​​​វិស័យ​​​សេដ្ឋកិច្ច​​​​​​ទាំង​​​មូល​​​មួយ​​​ ពោល​​​គឺ​​​វិស័យ​​​ទេស-​ចរណ៍​​​ដែល​​​កំពុង​​​ត្រូវបាន​​​លះបង់​​​ចោល​​​។​​​ សណ្ឋាគារ​​​​​​ ក្រុមហ៊ុន​​​ទេសចរណ៍​​​ មគ្គុទេសន៍​​​ទេសចរណ៍​​​ អ្នក​​​បើកបរ​​​ និង​​​មនុស្ស​​​រាប់ពាន់​​​នាក់​​​ផ្សេងទៀត​​​នឹង​​​រង​​​ការ​​​ប៉ះពាល់​​​ពី​​​ការ​​​បាត់​​​បង់​​​ទេសចរណ៍​​​ធម្មជាតិ​​​នេះ​​​។​​​ ពួកគេ​​​ខំ​​​តែ​​​នាំ​​​គ្នា​​​ជឿ​​​លើ​​​ការ​​​សន្យា​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​ថា​​​ ទេសចរណ៍​​​ធម្មជាតិ​​​របស់​​​ខ្លួន​​​នឹង​​​​​​មាន​​​ភាព​​​រីកចម្រើន​​​ ​​​​​​និង​​​ដែល​​​ថា ​​​ធម្មជាតិ​​​​​​និង​​​​​​​វប្បធម៌​​​ជន​​​ជាតិ​​​ភាគតិចនឹង​​​ត្រូវបាន​​​អភិរក្ស​​​ ​។​​​ តើ​​​នៅ​​​​​​ពេល​​​នេះ​​​​ ពួកគេ​​​ទទួល​​​បាន​​​អ្វី​​​ខ្លះ​​​ពី​​​ការ​​​សន្យា​​​នេះ​​​?  ពិត​​​ជា​​​​​​គួរ​​​ឲ្យ​​​ហួសចិត្ត​​​​​មែន​​​​​​​​​។

សាក​​​នាំគ្នា​​​ស្រមៃ​​​​​​មើល​​​ថា ​​​ យើង​​​ជា​​​ម្ចាស់​​​​​​សណ្ឋា​​​គារ​​​​​​មួយ​​​ ឬ​​​​​​ទីភ្នាក់ងារ​​​ទេសចរណ៍​​​មួយ​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​ សៀមរាប​​​ ដែល​​​ឮ​​​ព័ត៌មាន​​​រៀង​​​រាល់​​​ថ្ងៃ​​​អស់​​​រយៈពេល​​​រាប់ឆ្នាំ​​​មក​​​ហើយ​​​ថា​​​ ប្រាសាទ​​​មួយ​​​ទៀត​​​ត្រូវ​​​បាន​​​គ្រឿង​​​ចក្រ​​​ឈូស​​​​​​ឆាយ​​​បំផ្លាញ​​​ចោល​​​ទៀត​​​។​​​ វា​​​មិន​​​ខុស​​​គ្នា​​​ពី​​​អ្វី​​​ដែល​​​យើង​​​​បាន​​​ឮ​​​ពាក់ព័ន្ធ​​​នឹង​​​​​​​​​ព្រៃឈើ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ឡើយ​​។​​​ ​យើង​​​ខំ​​​តែ​​​ដាក់ចិត្ត​​​ស្រឡាញ់​​​ និង​​​ផ្សព្វផ្សាយ​​​អស់​​​ពីចិត្ត​​​ពី​​​តំបន់​​​ដ៏​​​ស្រស់​​​ត្រកាល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នេះ​​​។​​​

ហើយ​​​ដោយសារ​​​តែ​​​អ្វីៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​កម្ពុជា​​​​​​​​​សុទ្ធតែ​​​អាច​​​ធ្លាក់​​​ក្នុង​​​ស្ថានភាព​​​អាក្រក់​​​លើស​​​ដើម​​​នោះ​​​  ក្តី​​​​​​កង្វល់​​​ខ្លាច​​​ប្រាសាទ​​​នេះ​​​រង​​​​​​ការ​​​បំផ្លាញ​​​ទំនង​​​ជា​​​នឹង​​​ក្លាយ​​​ជា​​​ការពិត​​​។​​​ ប្រាសាទ​​​ត្រូវ​​​បាន​​​គេ​​​បិទ​​​មិន​​​ឲ្យ​​​ភ្ញៀវ​​​ទេសចរ​​​ចូល​​​​​​ទស្សនា​​​អស់​​​មួយ​​​រយៈ​​​មក​​​ហើយ​​​។​​​ សន្តិ​​​សុខ​​​របស់​​​ក្រុមហ៊ុន​​​វៀតណាម​​​ដែល​​​ជា​​​ម្ចាស់​​​ដី​​​សម្បទាន​​​ កំពុង​​​ហាមឃាត់​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ចេញ​​​ចូល​​​ប្រាសាទ​​​នេះ​​​ទេ​​​ ដោយ​​​បាន​​​លើក​​​ហេតុផល​​​ថា​ តំបន់​​​នេះ​​​ទាំងមូល​​​ឥឡូវ​​​នេះ​​​គឺ​​​ជា​​​របស់​​​ពួកគេ​​​ និង​​​ជា​​​ផ្នែក​​​នៃ​​​សម្បទាន​​​ដី​​​ទំហំ​​​​​​១០.០០០​​​ហិកតា​​​របស់​​​ខ្លួន​​​។​​​ មានតែ​​​ពលរដ្ឋ​​​កម្ពុជា​​​​​​ប៉ុន្មាន​​​នាក់​​​ប៉ុណ្ណោះ​​​ដែល​​​ត្រូវ​​​បាន​​​អនុ​​​ញ្ញាត​​​ឲ្យ​​​ចូល​​​ក្នុង​​​បរិវេណ​​​ដី​​​សម្បទា​​ន​​​នេះ​​​។​​​​​​ប៉ុន្តែ​​​ គឺ​​​តែ​​​ក្នុង​​​ករណី​​​ពួកគេ​​​ផ្ញើ​​​​​​អត្តសញ្ញាណ​​​ប័ណ្ណ​​​​​​នៅ​​​នឹង​​​​​​សន្តិសុខ​​​ និង​​​ដរាបណា​​​ពួគគេ​​​ពុំ​​​យក​​​ម៉ាស៊ីន​​​ថត​​​ចូល​​​ប៉ុណ្ណោះ​​​។​​​

ទាំង​​​អស់​​​នេះ​​ធ្វើ​​​ឲ្យ​​​យើង​​​ជឿ​​​ថា​​​ប្រាសាទ​​​​​ក្រហម​​​តូច​​​មួយ​​​​នេះ​​​​​​កំពុង​​​រង​​​ការ​​​គំរាម​​​កំហែង​​​ហើយ​​​។​​​ គ្មាន​​​អ្វី​​​អាច​​​រារាំង​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ និង​​​ប្រែក្លាយ​​​វា​​​ឲ្យ​​​ទៅ​​​ជា​​​ចម្ការ​​​​កៅ​​​ស៊ូ​​​​​​ទេ​​​ ប្រសាទ​​​ដែល​​​​​​ពុំ​​​​​​សូវ​​​មាន​​​គេ​​​ស្គាល់​​​នេះ​​​​​​គឺ​​​មិន​​​អាច​​​រារាំង​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​នេះ​​​ឡើយ​​​ ពិត​​​ជា​​​មិន​​​អាច​​​ទេ​​​។​​​ ហេតុការណ៍​​​ណា​​​មួយ​​​ដែល​​​បង្ក​​​ឡើង​​​ដោយ​​​​​​គ្រឿងចក្រ​​​ឈូស​​​ឆាយ ​​​​​​ដូចជា​​​ការ​​​​​​បែកបាក់​​​ប្រាសាទ​​​​​​ នឹង​​​ត្រូវ​​​គេ​​​និយាយ​​​យក​​​គួរ​​​ថា​​​ ជា​​​រឿង​​​គួរ​​​ឲ្យ​​​សោកស្តាយ​​​​​​ហើយ​​​​​​​​​អ្នក​​​បើកបរ​​​​​​នឹង​​​ត្រូវ​​​បាន​​​​​​ទម្លាក់​​​កំហុស​​​ដាក់​​​…។​​​ ​​​នេះ​​​ជា​​​អ្វី​​​ដែល​​​​​​​​​ធ្វើ​​​ឲ្យ​​​មជ្ឈដ្ឋា​​​ន​​​មួយ​​​ចំនួន​​​មាន​​​ការ​​​ព្រួយបារម្ភ​​​។​​​ វា​​​ពុំ​​​​​​មែន​​​ជា​​​លើក​​​ទី​​​១​​​ទេ​​​ដែល​​​​​​មរតកក៏​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ដើម្បី​​​ត្រួសត្រា​​​យ​ផ្លូវ​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​សេដ្ឋកិច្ច​​​។

ក៏​​​ប៉ុន្តែ​​​ ប្រទេស​​​កម្ពុជា​​​កំពុង​​​តែ​​​ផ្លាស់​​​ប្ដូរ​​​ហើយ​​​។​​​ ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​បោះឆ្នោត​​​ខែ​​​កក្កដា​​​​​មក​​​​​​ ប្រជាពលរដ្ឋ​​​ចាប់ផ្ដើម​​​ទាមទារ​​​ឲ្យ​​​រដ្ឋាភិ​​​បាល​​​របស់​​​ខ្លួន​​​មាន​​​ការ​​​ទទួល​​​ខុសត្រូវ​​​ ហើយ​​​ ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ទ្រង់ទ្រាយ​​​ធំ​​​​​​បាន​​​ក្លាយ​​​ជា​​​រឿង​​​មួយ​​​ដែល​ធ្វើឲ្យ​​​ប្រជាពលរដ្ឋ​​​ថ្នាំងថ្នាក់ចិត្ត​​​ខ្លាំង​​​ណាស់​​​ទៅ​​​ហើយ​​​កុំ​​​ថា ឡើយ​​​ដល់​​​ការ​​​គ្រោង​​​បំផ្លិច​​​បំផ្លាញ​​​ប្រាសាទ​​​សម័យ​​​អង្គរ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​នោះ​​​។ ប្រសិន​​បើ​​​រដ្ឋាភិបាល​​​​​​បច្ចុប្បន្ន​​​ចង់​​​បន្ត​​​កាន់​​​អំណាច​​​នោះ​​​​​​ រដ្ឋាភិបាល​​​ត្រូវ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ ដោយ​​​ខ្លួន​​​ឯង​​​។

ដោយ​​​សារ​​​តែ​​​ពេល​​​នេះ​​​ប្រទេស​​​កម្ពុជា​​​មាន​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម និង​​​រដ្ឋ​​​មន្ត្រី​​​​​បរិស្ថាន​​​​​​ថ្មី​​​ហើយ​​​នោះ​​​ ខ្ញុំ​​​សង្ឃឹម​​​ថា ពួក​​​គេ​​​នឹ​​​ង​​​ព្រាង​​​គោល​​​នយោបាយ​​​មួយ​​​ដែល​​​ខុស​​​ពី​​​គោល​​​នយោបាយ​​​ ដែល​​​អនុវត្ត​​​ដោយ​​​បុព្វា​​​ធិការី​​​របស់​​​​​​ខ្លួន​​​ ហើយ​​​ភ្ញាក់ខ្លួន​​​ថា នៅ​​​មាន​​​ក្រសួង​​​ផ្សេង​​​ៗ​​​ទៀត​​​ក្នុង​​​ប្រទេស​​​នេះ​​​ដូច​​​ជា​​​ ក្រសួង​​​ទេសចរ​​​ណ៍​​​ជា​​​ដើម​​​ នឹង​​​ថា វា​​​ជា​​​រឿង​​​​​​ប្រសើរ​​​ក្នុង​​​ការ​​​ធ្វើ​​​កិច្ច​​​សហប្រតិបត្តិ​​​ការ ជា​​​មួយ​​​ក្រសួង​​​ទាំង​​​នោះ​​​ ដើម្បី​​​ការ​​​អភិវឌ្ឍ​​​​​​ប្រកប​​​​ដោយ​​​ចីរភាព​​​​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​នាពេល​​​អនាគត​​​។

ហើយ​​​ដោយ​​​សារ​​​តែ​​​ខ្ញុំ​​​ជា​​​មនុស្ស​​​​​​ដែល​​​មាន​​​សុទិដ្ឋិនិយម​​​ខ្លាំង​​​នោះ​​​​​​ខ្ញុំ​​​ពិត​​​ជា​​​សង្ឃឹម​​​ថា រដ្ឋាភិបាល​​​នឹង​​​ភ្ញាក់​​​ខ្លួន​​​ថា ក្រៅ​​​ពី​​​ក្រុម​​​ហ៊ុន​​​ចិន​​ វៀតណាម​​​ និង​​​កូរ៉េ​​​ ដែល​​​មាន​​​ដី​​​សម្បទាន​​​ទាំង​​​នោះ​​​ នៅ​​​មាន​​​អ្នក​​​ដើរ​​​តួ​​​ក្នុង​​​វិស័យ​​​សេដ្ឋ​​​កិច្ច​​​តូចៗ​​​មួយ​​​ចំនួន​​​ទៀត​​​ក្នុង​​​ប្រទេស​​​នេះ​​​ ដែល​​​មិន​​​គួរ​​​ត្រូវ​​​គេ​​​មើល​​​រំលង​​​ ហើយ​​​ថា មរតក​​​​ទាំង​​​ប៉ុន្មាន​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​អាច​​​ត្រូវ​​​បាន​​​លក់​​​ចោល​​​និង​​​បំផ្លិច​​​បំផ្លាញ​​​ ដោយ​​​សារ​​​តែ​​​ហត្ថលេខា​​​របស់​​​ខ្លួន​​​។

សូម​​​ទុក​​​ឱកាស​​​ឲ្យ​​​ពួក​​​យើង​​​បន្ត​​​ក្ដី​​​សង្ឃឹម​​​ចំពោះអ្វី​​​ដែ​​​លកំពុង​​​​​​ហុច​​​​​ផ្លែផ្កា​​​ស្រាប់ទៅ​​​ហើយ​​​។ ​​​អង្គការ​​​សម្ពន្ធ​​​មិត្ត​​​សត្វព្រៃ​​​​​​ ដែល​​​ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​បាន​​​បង្ហាញ​​​​​​ដោយ​​​ជោគជ័យ​​​រួច​​​មក​​​ហើយ​​​ថា ការ​​​ការពារ​​​បរិស្ថាន​​​​​​គួប​​​ផ្សំ​​​ជា​​​មួយ​​​​​​ការ​​​អភិវឌ្ឍ​​​វិស័យ​​​ទេស​​​ចរណ៍​​​ គឺ​​​អាច​​​ជា​​​សមិទ្ធផល​​​មួយ​​​នឹង​​​ជា​​​គំរូមួយ​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​។

ដើម្បី​​​សម្រេច​​​បំណង​​​នេះ​​​ រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​មាន​​​បំណង​​​ប្រាថ្នា​​​​​​ដូច​​​ពួក​​​យើង​​​ដែរ​​​ ហើយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដាច់ខាត​មិន​​​ត្រូវ​​​​​​ប្រើ​​​​​​ប៊ិច​​​របស់​​​ខ្លួន​​​​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ព្រៃ​​​ឈើ​​​បាត់​​​បង់​​ ​​ពី​​​ផែន​​​ទី​​​ទេ​​​ គឺ​​​ត្រូវ​​​តែ​​​ការពារ​​​វា​​​វិញ​​៕សូនី

(លោក​​​ Pierre-Yves គឺ​​​ជា​​​អ្នក​​​និពន្ធ​​​ និង​​​ជា​​​ម្ចាស់​​​រមណីយដ្ឋាន​​​ Lodge  des Terres Rouges ក្នុង​​​ខេត្ត​​​រតនគីរិ។ អត្ថបទ​​​នេះត្រូវ​​​បាន​​​​​​ប្រែ​​​សម្រួល​​​ជា​​​ភាសា​​​អង់គ្លេស​​​ដោយ​​​ Lucie  Moreau )

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស