នគរបាលបានឲ្យដឺងកាលពីម្សិលមិញថា បុរសម្នាក់បានស្លាប់ និងមនុស្សចំនួន១៥នាក់ទៀតរងរបួស នៅពេលរថយន្តមួយគ្រឿងដែលដឹកកម្មកររោងចក្រកាត់ដេរបានបុកជាមួយរថយន្តដឹកទំនិញមួយគ្រឿងនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីយប់ថ្ងៃសុក្រ។
យោងតាមលោក មៀន សំណាង អធិការនគរបាលស្រុកបានឲ្យដឹងថា រថយន្តមួយគ្រឿងដឹកចំណីសត្វបានបុករថយន្តដឹកកម្មករអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅម៉ោង ប្រហែល៧និង៣០នាទីយប់។ លោក សំណាង បានឲ្យដឹងថា “ អំឡុងពេលភ្លៀងធ្លាក់ អ្នកបើកបរដែលបើករថយន្តដឹកចំណីសត្វ បានកាច់ចង្កូតចូលកណ្តាលផ្លូវទៅបុករថយន្តមួយទៀតដែលដឹកកម្មករពេញដែលបើកច្រាសទិសគ្នា។
លោកថ្លែងថា “កម្មករម្នាក់ ឈ្មោះ អាត ថាវី អាយុ២០ឆ្នាំបានស្លាប់ រីឯកម្មករ ១៥នាក់ទៀត រងរបួសធ្ងន់ និង២២នាក់រងរបួសស្រាល”។ លោកបានបន្ថែម ថា រថយន្តដឹកមនុស្សប្រមាណ ៣៨នាក់មកពីរោងចក្រមួយនៅក្នុងរាជធានីភ្នំពេញទៅរោងចក្រមួយទៀតក្នុងខេត្តកំពង់ស្ពឺទៅធ្វើការវេនយប់។ អ្នកបើកបររថយន្តដឹកចំណីសត្វបានគេចខ្លួនពីកន្លែងកើតហេតុ បន្ទាប់ពីគ្រោះថ្នាក់កើតឡើង៕ប៊ុននី