នៅតាមស្រះទឹក និងវាលស្រែនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជាការ ព្យាយាមចាប់សត្វកង្កែប ក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។
មានសត្វពស់មានពិសរាប់លានក្បាលរស់នៅនៅតាមទន្លេ តំបន់លិចទឹក និងតំបន់ទំនាបក្នុងប្រទេសកម្ពុជា ហើយសត្វពស់១០ប្រភេទអាចមានគ្រោះថ្នាក់ ប្រសិនបើយើងរំខានការដេករបស់វា។
នគរបាលមូលដ្ឋានបាននិយាយថា កាលពីសប្តាហ៍មុន ក្មេងជំទង់អាយុ១៣ឆ្នាំម្នាក់ មកពីស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង បានក្លាយជាជនរងគ្រោះទី១៤ ដោយសារពស់ចឹកនៅឆ្នាំនេះ ប៉ុន្តែ តួលេខពិតនៅតែពិបាកស្វែងរកដដែល ពីព្រោះជនរងគ្រោះដោយសារពស់ចឹកភាគច្រើនមិនបានទៅព្យាបាលនៅមន្ទីរពេទ្យឡើយ។
លោក ជុំ វៃ នាយប៉ុស្តិ៍ឃំុអាបជាង បានមានប្រសាសន៍ថា “ក្មេងប្រុសរូបនេះ និងមិត្តភក្តិរបស់វាបានដើរចាប់កង្កែបនៅពេលយប់។ វាមិនបានប្រុងប្រយ័ត្ន និងបានដើរជាន់សត្វពស់ ហើយបានដួល” បន្ទាប់ពីសត្វពស់វែកមួយក្បាលបានចឹកវា។ ក្មេងជំទង់រូបនេះ ត្រូវបានព្យាបាលដោយប្រើថ្នាំបន្សាបពិស ដែលមន្ទីរពេទ្យខេត្តបានផ្តល់ឲ្យមន្ទីរពេទ្យស្រុក ហើយក៏បានរួចផុតពីការស្លាប់ដោយពស់ចឹកនេះ។
លោក ជុំ វៃ មានប្រសាសន៍ថា អ្នកនេសាទ ជារឿយៗត្រូវពស់ចឹក ព្រមទាំងកសិករដែលខ្វះមធ្យោបាយក្នុងការទិញស្បែកជើងពាក់ឲ្យបានត្រឹមត្រូវ ដើម្បីការពារកំុឲ្យពស់ដែលមានចង្កូមតូចៗខាំ។ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានព្យាបាលប្រជាជនជាង១០នាក់ ដោយសារពស់ចឹក ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំេនះ ចំណែកឯមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់វិញបានលើកឡើងថា មនុស្ស១២នាក់បានស្វែងរកការព្យាបាល ដោយប្រើថ្នាំបន្សាបពិសដើម្បីសង្គ្រោះជីវិត នៅក្នុងរយៈពេលពីរខែកន្លងមកនេះ។
នៅក្នុងខេត្តបន្ទាយមានជ័យឯណោះវិញ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ថា មានករណីពស់ចឹកប្រហែល៣០០ករណី ត្រូវបានរាយការណ៍នៅឆ្នាំនេះ។ លោក សុភ័ក្ត្រា បានមានប្រសាសន៍ថា “តាមសេចក្តីរាយការណ៍ថា មានមនុស្សបួនទៅប្រាំនាក់បានស្លាប់ដោយសារពស់ចឹកនៅឆ្នាំនេះ ពីព្រោះពួកគេបានព្យាយាមរកគ្រូឱសថបុរាណព្យាបាលមុនពេលពួកគេមកមន្ទីរពេទ្យ។
ប៉ុន្តែ លោកវេជ្ជបណ្ឌិត ឃួន អេងមុនី អនុប្រធាននាយកដ្ឋានការពារសុខភាពនៅក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ប្រហែលជាមានមនុស្សស្លាប់ច្រើនដែលគេមិនបានរាយការណ៍។ លោកបានមានប្រសាសន៍ថា “នៅតាមតំបន់ជនបទដាច់ស្រយាល ពួកគេទៅរកគ្រូឱសថបុរាណ ដូច្នេះ ប្រហែលជាពួកគេមិនដែលទៅរកការព្យាបាលពិតប្រាកដឡើយ”។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ប្រជាពលរដ្ឋប្រហែល១០០.០០០នាក់ នៅទូទាំងពិភពលោកស្លាប់ដោយសារពស់ចឹករៀងរាល់ឆ្នាំ ប៉ុន្តែ ករណីពស់ចឹកភាគច្រើនមិនត្រូវបានគេរាយការណ៍ទេ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ អង្គការសុខភាពពិភពលោកបានលើកឡើងនៅតាមគេហទំព័ររបស់ខ្លួនថា “ការវាយតម្លៃអំពីផលប៉ះពាល់ពិតប្រាកដដោយសារពស់ចឹកមានភាពស្មុគស្មាញ ដោយសារ ករណីដែលគេបាយរាយការណ៍ទៅក្រសួងសុខាភិបាល តាមរយៈគ្លីនិក និងមន្ទីរពេទ្យនោះ ជារឿយៗមានតែមួយផ្នែកតូចប៉ុណ្ណោះនៃតួលេខពិតប្រាកដ ពីព្រោះជនរងគ្រោះភាគច្រើនមិនបានទៅព្យាបាលនៅមន្ទីរពេទ្យទេ ហេតុដូច្នោះហើយទើបជំងឺប្រភេទនេះមិនត្រូវបានគេរាយការណ៍។
លោក នាង ធី អ្នកឯកទេសផ្នែកសត្វល្មូននៅក្រសួងបរិស្ថាន ដែលបានធ្វើការឲ្យអង្គការ Fauna and Flora International បានប៉ាន់ប្រមាណថា មនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារពស់មានពិសចឹក ដែលមាននៅទូទាំងប្រទេស។ លោក នាង ធី បានមានប្រសាសន៍ថា “ខ្ញុំគិតថា មនុស្សស្លាប់ដោយសារពស់ចឹក ច្រើនជាងស្លាប់ដោយសារមីនទៅទៀត”។ លោកបានបន្ថែមថា ជំនឿដែលថា ការយកស្នែងសត្វមកដុសផឹកអាចព្យាបាលជំងឺពស់ចឹកបាន ក៏បណ្តាលឲ្យមានមនុស្សស្លាប់ច្រើននៅតាមតំបន់ជនបទផងដែរ ។
នៅពេលពស់មានពិសចឹកបណ្តាលឲ្យឈឺចាប់សាច់ដុំ ព្រមទាំងកម្រើកខ្លួនលែងរួច ពស់វែកបានចាក់បញ្ចូលពិសរបស់វា ដែលធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង និងហើម ហើយបណ្តាលឲ្យគាំងបេះដូងស្លាប់តែម្តង។ ការចឹកដោយស្តេចពស់វែកដែលមានប្រវែង៥ម៉ែត្រ ជាពស់មានពិសបំផុតក្នុងពិភពលោក គឺកម្រណាស់ដោយសារពស់ប្រភេទនេះរស់នៅក្នុងព្រៃក្រាស់ ហើយវាតែងគេចខ្លួននៅពេលដែលវាដឹងថា មានគ្រោះថ្នាក់។ លោកបានបន្ថែមថា ពស់វែកក្របីដែលរស់នៅក្នុងទឹក និងតំបន់ទំនាប បណ្តាលឲ្យមានមនុស្សស្លាប់ច្រើននៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងថា “ នៅពេលដែលមានកន្លែងលិចទឹកច្រើន សត្វពស់បានលូនមកក្បែរៗផ្ទះ ហើយវាតែងតែចឹកមនុស្ស។ ប្រសិនបើយើងគំរាមកំហែងវា វានឹងតបតវិញដោយបើកវែក” មុនពេលវាចឹក។ លោកបានបន្ថែមថា ពស់វែកដំបូក ក៏ជាពស់ពិសផងដែរ ដែលវាផ្តោតគោលដៅតែលើភ្នែកមនុស្ស ហើយវាអាចព្រួសពិសបណ្តាលឲ្យខ្វាក់ភ្នែក។
ពស់ពព្លាក់ស្ថិតក្នុងចំណោមប្រភេទពស់ដែលគេឃើញមាននៅប្រទេសកម្ពុជា ដែលតាមធម្មតាវាចឹកអ្នកដើររកត្រីនៅពេលយប់ នៅពេលវាដើររកស៊ីត្រីនៅពេលយប់ដែរ។ មានពស់មួយប្រភេទទៀតដែលទំនងជាចឹកក្មេងជំទង់នៅខេត្តកំពង់ឆ្នាំង និងច្រើនតែឃើញនៅតាមវាលស្រែ និងនៅតាមផ្លូវលំ ដែលកសិករពិបាកមើលឃើញនោះ ក៏ចូលចិត្តខាំមនុស្សដែរ ប៉ុន្តែមិនសូវជាបណ្តាលឲ្យស្លាប់ប៉ុន្មានទេ។
លោក នាង ធី បានថ្លែងថា “ កាលណាពស់ទាំងនេះចឹក វាបណ្តាលឲ្យកោសិការលួយនៅជុំវិញប្រអប់ជើងកន្លែងដែលវាចឹកនោះ ប៉ុន្តែ ករណីបែបនេះគេកម្ររាយការណ៍ណាស់ ដោយសារវាមិនបណ្តាលឲ្យស្លាប់”។ តាមការសន្និដ្ឋាន បើទោះជាមានតួលេខស្លាប់ខ្ពស់ដោយសារពស់ចឹកក៏ដោយ ក៏លោក នាង ធី មានប្រសាសន៍ថា សត្វពស់វាចឹកនៅពេលដែលគេគំរាមកំហែងវា។ ឧទាហរណ៍ ស្តេចពស់វែកស្ថិតក្នុងចំណោមពស់ដែលឆ្លាតបំផុត អាចដឹងពីភាពផ្សេងគ្នារវាងសត្រូវស្លូត និងសត្រូវគ្រោះថ្នាក់ ហើយវាតែងតែលាក់ក្បាលក្រោមកន្ទុយ ជាជាងវាចឹក ដែលមនុស្សគិតថា វាជាសត្វពស់ស្លូត។
លោកនាង ធី បានមានប្រសាសន៍ថា “មិនមាននរណាម្នាក់ចូលចិត្តសត្វពស់ទេ ពីព្រោះមនុស្សគិតថា វាជាសត្វគ្រោះថ្នាក់ ហើយមើលទៅមិនគួរឲ្យចូលចិត្ត។ ជួនកាល មនុស្សសម្លាប់វាដោយគ្មានមូលេហតុ ហើយមនុស្សសម្លាប់ពស់ច្រើនជាងពស់ចឹកមនុស្សស្លាប់”៕ សារុន
(រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)