34 C
Phnom Penh

អ្នក​កើតជំងឺទឹក​នោម​ផ្អែមកើន​ឡើង​នៅ​ប្រទេសកម្ពុជា​ដោយ​សារ​ការ​ផ្លាស់ប្តូរ​របៀប​របប​រស់នៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​ពល​រដ្ឋ​ជាង​១.០០០​នាក់​បាន​ដើរ​ក្បួន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ធំ​ កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ប្រារព្ធ​​​​ទិវា​ជំងឺ​ទឹក​នោម​ផ្អែម​ពិភព​លោក និង​ដើម្បី​បង្កើន​ការ​យល់​ដឹងអំ​ពី​ជំងឺ​ដ៏​រ៉ាំរ៉ៃ​នេះ ដែល​ប៉ះ​ពាល់​ប្រជា​​ជនខ្មែរ​​៣​ភាគ​រយ ហើយ​កំពុង​តែ​កើន​ឡើង​ដោយ​សារ​​ការ​ផ្លាស់​ប្តូរ​របប​អាហារ​។

ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​រៀប​ចំ​ឡើង​ដោយ​អង្គការ​ Mopotsyo ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក ដែល​ផ្តោត​លើ​ជំងឺ​ទឹក​នោម​ផ្អែម​ ហើយ​អ្នក​ចូល​រួម​ភាគ​ច្រើន​គឺ​ជា​អ្នក​កើត​​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ត្រូវ​ការ​ព្យា​បាល​ជាតិ​​ស្ករ​ក្នុង​ឈាម​ដ៏​ខ្ពស់​នេះ​អស់​មួយ​ជីវិត​​។ អង្គការ​សុខ​ភាព​ពិភព​លោក​បាន​លើក​ឡើង​ថា ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​លើក​ដំបូង​អំពី​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១០ ​​​ហើយ​​​ការ​ស្ទង់​មតិ​លើក​ទី២ គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៥​។ អង្គការ​នេះ​បាន​បន្ថែម​ថា អ្នក​កើត​ជំងឺ​នេះ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា នឹងកើន​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​​ប្តូរ​របប​អាហារ​ និង​របៀប​របប​រស់​នៅ​របស់​ប្រជាជន​មិន​ត្រឹម​​​ត្រូវ។

លោកវេជ្ជ​បណ្ឌិត ឃឹម សំអាត​ មន្ត្រី​បច្ចេក​​ទេស​ផ្នែក​ជំងឺ​មិន​ឆ្លងនៅ​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​មាន​ប្រសាសន៍​ថា មាន​កត្តា​ហានិភ័យ​ចម្បង​​បួន​ដែលបណ្តាលឲ្យ​កើត​​ជំងឺ​​ទឹក​នោម​ផ្អែម​គឺ របប​អាហារ​ហូប​ចុក​មិន​​​ត្រឹម​​​ត្រូវ  ការ​ពិសាស្រា ការ​ប្រើ​ប្រាស់​អាហារ​ដែល​​​​មាន​​ជាតិ​នីកូទីន និង​ខ្វះ​ការ​ហាត់​ប្រាណ។

ការ​ផ្លាស់​ប្តូរ​របៀប​របប​រស់​នៅ​​ចំណោម​​​វណ្ណៈ​កណ្តាល​ដែល​​​កុំពុង​​​មាន​ការ​កើន​ឡើង​​​នោះ ​​គឺ​ជា​កត្តា​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​​នូវ​ជំងឺ​ប្រភេទ​នេះ ដោយ​សារ​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​បរិភោគ​អាហារ​​​​​មាន​​​ជាតិ​​​ខ្លាញ់​​​និង​​​ស្ករច្រើន​​​ ប៉ុន្តែ មួយ​ផ្នែក​ធំ​នៃ​អាហារ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គឺ​អង្ករ​​​នោះ ក៏​ជា​បញ្ហា​​ដែរ​ដោយ​សារវា​មាន​ជាតិ​ស្ករ​ខ្ពស់។

លោក​វេជ្ជ​បណ្ឌិត ឃឹម សំអាត​ បាន​មាន​ប្រសាសន៍​ថា “សព្វ​ថ្ងៃ​នេះប្រសិន​បើ​យើង​ក្រឡេក​មើល​មនុស្ស​ម្នា​នៅក្នុង​ប្រទេស​​កម្ពុជា​​យើង​ យើង​ឃើញ​ថា មនុស្ស​​កាន់​តែ​ច្រើន​ឡើងៗ​បរិភោគ​អាហារ​​ដែល​មិន​ជួយ​ដល់​សុខ​ភាព ដូចជា អាហារ​ឆ្អិន​ស្រាប់​ជាដើម។ ហើយ​មាន​ទោចក្រ​យាន​កាន់​តែ​តិចទៅៗ និង​មាន​រថយន្ត​កាន់​តែ​ច្រើនឡើងៗ​។ យើង​រំពឹង​​ថា ចំនួន​អ្នក​​កើត​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​នេះ នឹង​កើន​ឡើង​ដោយ​សារ​តែ​មូល​ហេតុ​ទាំង​នេះឯង”។
លោក Maurist van Pelt ប្រធាន​អង្គ​ការ​ Mopotsyo បាន​មាន​ប្រសាសន៍​ថា លោកក៏​​​​រំពឹង​​​​ថា នឹង​មាន​អ្នកកើត​​ជំងឺ​ទឹក​នោម​ផ្អែម​កើន​ឡើង​ផង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ជឿថា តួលេខ​នេះ​នឹង​កើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​គិត​ថា វា​បាន​កើន​ឡើង​រួច​ទៅ​ហើយ​ ​តាំង​ពី​​​​មាន​​​​ការ​ស្ទង់​មតិ​​​​ចុង​​​ក្រោយ​​​នេះ​​​”។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ចុង​ឆ្នាំ​២០១១​មាន​​អ្នក​ជំងឺ​៨.៣១០​នាក់​ ត្រូវ​បាន​ចុះ​ឈ្មោះ​ជាមួយ​អង្គការ​ Mopotsyo។ នៅ​ចុង​ឆ្នាំ​២០១២ ​​​ចំនួន​​​​នេះ​បាន​កើន​ឡើង​ដល់​១២.៥០០​នាក់​។

លោក​​មាន​ប្រសាសន៍​ថា អង្គការ​ Mopo​tsyo បច្ចុ​ប្បន្ន​នេះ​បាន​ធ្វើ​ការ​ជាមួយ​អ្នក​អប់​រំ​​​​ដូច​គ្នា​​​ចំនួន​១៣០​នាក់ ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ និង​​បាន​ជួយ​អ្នក​ជំងឺ​ជាង​៧.០០០​នាក់​នៅ​ទូទាំង​ប្រទេស ដើម្បី​គ្រប់​គ្រង​ជំងឺ​របស់​ពួក​គេ​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​​ថា ថ្នាំ​ព្យាបាលជំងឺនេះ​មាន​តម្លៃ​ប្រហែល​៦​ដុល្លារ​ក្នុង​មួយ​ខែ ក៏​ប៉ុន្តែ​វា​មិន​មែន​ជា​ជម្រើស​​តែ​មួយ​គត់​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​​ទេ។

លោក Van Pelt បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​លោក​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​មាន​របៀបរស់​នៅ​ល្អ​ប្រសើរ​នោះ ជាតិ​ស្ករ​ក្នុង​ឈាម​របស់​លោក​អ្នក​នឹង​ថយ​ចុះ ​ហើយ​បញ្ហា​ក៏​មិន​ធ្ងន់​ធ្ងរ​ទៀត​ដែរ។ យើង​បាន​ធ្វើ​តេស្ត​ចោះៗ ហើយ​រក​ឃើញ​ថា ប្រសិន​បើ​អ្នក​មាន​របៀបរបបរស់​នៅ​ល្អ​នោះ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​អាច​​ថយ​ចុះ នៅ​ពេល​ដែល​លោក​អ្នក​​លេប​ថ្នាំ​”។

លោក​បាន​មាន​ប្រសាសន៍​ថា បច្ចុ​ប្បន្ន​នេះ អ្នក​ចុះ​អប់​រំ​បាន​ចុះ​ទៅតាម​មណ្ឌល​សុខ​ភាព​នៅក្នុង​ប្រទេស​កម្ពុជា​បាន​តែ​១០​ភាគ​រយ​ប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា អ្នក​ជំងឺ​ត្រូវ​ការ​ព័ត៌​មាន​បន្ថែម​អំពី​ជំងឺ​របស់​ខ្លួន និង​ថា តើ​ត្រូវ​រស់​នៅ​ដូច​ម្តេច​ពេល​មាន​ជំងឺនេះ។ លោក​បាន​ថ្លែងថា “យើង​ចង់​ចុះ​ទៅ​តាម​​​មណ្ឌល​សុខ​ភាព​ឲ្យ​បាន​ច្រើនជាង​​​នេះ​​​ ប៉ុន្តែ យើង​ក៏​ពឹង​ផ្អែក​លើ​រដ្ឋា​ភិបាលដែរ​​​​ក្នុង​ការ​ទទួល​​​យក​​​បញ្ហានេះ​ថា ជា​យុទ្ធ​សាស្ត្រ​ថ្នាក់ជាតិ​​​​”៕ ​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស