33 C
Phnom Penh

អាជ្ញាធរ​បដិសេធ​មិន​ធ្វើការ​វាស់​វែង​ដី ទោះ​ជា​មានការ​សន្យា​ផ្ត​ល់​ប័ណ្ណកម្មសិទ្ធិដី​សម្រាប់​វត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ ក្រុមអ្នក​ភូមិ​ និង​អាជ្ញា​ធរ​​មូល​ដ្ឋាន​បាន​បន្ត​ខ្វែង​គំនិត​គ្នា​ជុំ​វិញ​ដី​ទំហំ​បួន​ហិកតា​នៅ​ក្នុង​ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំពេញ​ មួយ​ថ្ងៃ​បន្ទាប់​ពី​មន្ត្រី​ទាំង​នោះ​បាន​សន្យា​វាស់​​វែង​ដីនេះ​ និង​ផ្តល់ប័ណ្ណ​កម្ម​សិទ្ធិ​កាន់កាប់​។

កាល​ពី​ថ្ងៃ​អាទិត្យ ​លោក ប្រាក់ ចាន់​ណា ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​នេះ​បាន​សន្យា​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ិសម្រាប់​វត្ត​ខ្ទរ បន្ទាប់​​​ពី​អ្នក​ភូមិ​បានដុត​អេស្កាវ៉ាទ័រមួយ​គ្រឿង កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ពួក​គាត់​និយាយ​​ថា ក្រុម​ហ៊ុន អេងកាំង អភិវឌ្ឍន៍​ នេះ​បាន​ប្រើ​ប្រាស់ដើម្បី​ឈូស​កម្ទេច​​ឈាបន​ដ្ឋាន​នៅ​វត្ត​នេះ។ ប៉ុន្តែកាល​ពីម្សិល​មិញ​អ្នក​ភូមិ​បាន​និយាយ​​ថា អាជ្ញាធរ​បាន​មក​ដល់​កន្លែង​នោះ ប៉ុន្តែ បាន​​​បដិសេធ​មិន​ព្រម​ធ្វើការ​វាស់​វែង​ដី​នេះទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​និយាយ​ថា ចាំបាច់​ត្រូវ​ធ្វើ​ការ​ពិភាក្សា​គ្នា​បន្ថែម​ទៀត។

លោក តុំ អុល អាយុ​៦៣​ឆ្នាំ បាន​និយាយ​ថា “ពួក​គេ​និយាយ​ថា ពួក​គេ​ចង់​ឲ្យ​យើង​ជ្រើស​រើស​តំណាង​ម្នាក់ត​ំណាង​ភូមិ​​ទាំង​បី​ [ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នេះ] ប៉ុន្តែ​ យើង​មិន​ទទួល​យក​សំណើនេះ​ទេ”។

លោក ជាតិ ទី អាយុ​៤៩​ឆ្នាំ​បាន​និយាយ​​ថា មិន​ចាំ​បាច់​ជ្រើស​រើស​តំណាង​ទេ​ ពីព្រោះ​​អ្នក​ភូមិ​បាន​យល់​ស្រប​ថា ដី​នេះ​​គួរ​ប្រគល់​ទៅ​ឲ្យ​វត្ត​វិញ តាម​រយៈ​ការ​ផ្តល់​ប័ណ្ណ​កម្ម​សិទិ្ធ​កាន់​កាប់​​។ លោក ជាតិ ទី បាន​និយាយ​ថា “អ្នក​ភូមិ​​ទាំង​អស់​គ្នា​អាចបានត្រឹម​​តែ​​មកឈរមើល​ ខណៈ​ដែល​​អាជ្ញាធរបាន​មក​វាស់​វែង​ដីនេះ​តែ​ប៉ុណ្ណោះ”។

ប៉ុន្តែ លោក​ ចាន់ណា ដែល​ជា​ប្រធាន​ក្រុម​​​ប្រឹក្សា​ខណ្ឌ​បាន​មាន​ប្រសា​សន៍​​ថា អ្នក​ភូមិ​មាន​​ការ​បែកបាក់​គ្នា​ ហេតុ​ដូច្នោះ​ហើយ ពួក​គាត់​ចាំ​បាច់់​ត្រូវ​ជ្រើស​រើស​​តំណាង​របស់​ខ្លួន។ លោក​ ចាន់ណា បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​រង់​ចាំ​ពួក​គាត់ ពីព្រោះ​មាន​ភាគី​ច្រើន​នៅ​ក្នុង​ក្រុម​នេះ។ អាជ្ញាធរ​ខណ្ឌ​នឹង​វាស់​​វែង​ដីនេះ ហើយ​ប្រគល់​ទៅ​គណៈ​កម្មការ​​វត្ត ប៉ុន្តែ ឥឡូវ​នេះ​ពួក​គេត្រូវ​ការអ្នក​តំណាង​”។

កាលពី​ខែ​មេសា ឆ្នាំ​២០១២ ទីស្តីការ​គណៈ​​រដ្ឋ​មន្ត្រី​បាន​ប្រកាស​ថា ដី​វត្ត​ និង​ឈា​ប​ន​​ដ្ឋាន​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុម​ហ៊ុន អេង​កាំង អភិវឌ្ឍន៍។ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​តវ៉ា​កាល​ពី​ចុង​សប្តាហ៍​ ស្ថាប័ន​នេះ​បាន​ទុក​ជា​មោឃៈនូវ​សេចក្តី​​ជូន​ដំណឹង​ដំបូង​។

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ និង​លោក ឃ្លាំង ហួត ជា​អភិ​បាល​​ខណ្ឌ​​បាន​មាន​ប្រសាសន៍​ថា ការ​ទុក​ជា​មោឃៈ​នូវ​ការ​ផ្តល់​ដីដំបូង​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ បាន​ធ្វើ​ឡើង​តាម​ការ​ណែនាំ​ដោយ​​ផ្ទាល់ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ កាល​ពី​ម្សិល​មិញ​ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ការ​សន្យា​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន​ទេ​ ដោយ​លើក​ឡើង​ថា លោក​មិន​ដឹង​ពី​ជម្លោះ​​ដី​ធ្លី​ដ៏អូស​បន្លាយ​នេះ​ទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស