រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ចប់កិច្ចសន្យាលក់ឧទ្ធម្ភាគចក្រយោធាធុន Z-9 ចំនួន១២គ្រឿងផលិតនៅក្នុងប្រទេសចិនឲ្យរដ្ឋាភិបាលកម្ពុជា ដែលត្រូវចំណាយប្រាក់កម្ចីជិត២០០លានដុល្លារទទួលបានពីប្រទេសចិន អំឡុងពិធីមួយនៅឯបញ្ជាការដ្ឋានកម្លាំងទ័ពអាកាសពោធិ៍ចិនតុងក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលកាលពីសប្តាហ៍មុនបានធ្វើទស្សនកិច្ចទៅកាន់ក្រុងប៉េកាំង បានលើកឡើងនៅក្នុងពិធីនោះថា ឧទ្ធម្ភាគចក្រទាំងនេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយគ្រោះមហន្តរាយ និងប្រឆំាង “ឧក្រិដ្ឋជន” កាន់តែប្រសិទ្ធភាព។
លោក ទៀ បាញ់ បានមានប្រសាសន៍ថា“ការប្រគល់ឧទ្ធម្ភាគចក្រចំនួន១២គ្រឿងថ្ងៃនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតក្នុងចំណោមសមិទ្ធផលផ្សេងទៀត ដែលរដ្ឋាភិបាលចិនបានជួយបង្កើតឲ្យមានសម្រាប់កម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ”។ លោក ទៀ បាញ់ បានលើកឡើងបន្ថែមអំពីឧទ្ធម្ភាគចក្រធុន Z-9 ទាំងនេះ ដែលនឹងបំពេញមុខងារជំនួសឧទ្ធម្ភាគចក្រធុន Mi-8 និង Mi-17 ផលិតនៅប្រទេសរុស្ស៊ីមានសភាពកាន់តែចាស់ណាស់ទៅៗហើយនោះថា “ទាក់ទងនឹងផលប្រយោជន៍វិញ ឧទ្ធម្ភាគចក្រ១២គ្រឿងនេះអាចជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃកងកម្លាំងទ័ពអាកាស និងជួយសម្រាលបញ្ហាផ្សេងៗទៀត”។
លោកបន្តថា “ បើទោះជាឧទ្ធម្ភាគចក្រទាំងនេះមិនធំក៏ដោយ…ក៏វានឹងជួយធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្ម ដែលបណ្តាលឲ្យមានមហន្តរាយ និងរំលោភអធិបតេយ្យ ឬច្បាប់របស់យើង”។ លោកឧត្តមសេនីយ៍ឯក សឿង សំណាង មេបញ្ជាការទ័ពអាកាសបានថ្លែងអំណរគុណដល់ក្រុមហ៊ុនសាជីវកម្មអាហរ័ណ-នីហរ័ណ អ៊ែរ៉ូ-តិចណូឡូជីជាតិចិន(China National Aero-Technology Import & Export Corporation) ហៅកាត់ថា ក្រុមហ៊ុន CATIC ដែលបានផ្តល់ឧទ្ធម្ភាគចក្រ និងសេវាកម្មបណ្តុះបណ្តាលសម្រាប់ប្រតិបត្តិការឧទ្ធម្ភាគចក្រទាំងនេះ។ លោកឧត្តមសេនីយ៍ឯក សំណាង បានថ្លែងថា “ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន CATIC នឹងរក្សាកិច្ចសហប្រតិបត្តិការ ឲ្យបានល្អប្រសើរជាមួយកម្លាំងទ័ពអាកាសកម្ពុជា”។
លោកស្រី បូ ជាំងហ្គូ (Bo Jianguo) ឯកអគ្គរដ្ឋទូតចិន ដែលចូលរួមធ្វើជាអធិបតីក្នុងពិធីនេះ ជាមួយលោកឧត្តមសេនីយ៍ ទៀ បាញ់ បានសម្តែងសេចក្តីរីករាយយ៉ាងកក់ក្តៅរបស់សមភាគីចិន ជុំវិញការលក់ឧទ្ធម្ភាគចក្រឲ្យប្រទេសកម្ពុជា។ លោកស្រីបានបន្ថែមថា ប្រទេសចិននឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងកម្ពុជាទៀត។
លោកស្រីឯកអគ្គរដ្ឋទូត ជាំងហ្គូ បានមានប្រសាសន៍ថា “ចិននឹងបន្តការគាំទ្រកម្ពុជា ដើម្បីធ្វើឲ្យសេដ្ឋកិច្ច និងជីវភាពបានប្រសើរឡើង និងកាត់បន្ថយភាពក្រីក្រ និងគាំទ្រឱកាសសម្រាប់ក្រុមហ៊ុននានាក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងជួយកម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន”។ កាលពីឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ្ស៊ូ យុងកាំង (Zhou Yongkang) អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានការបញ្ជាក់ថា ប្រទេសកម្ពុជានឹងទិញឧទ្ធម្ភាគចក្រដោយប្រើកម្ចី១៩៥,៥លានដុល្លារពីប្រទេសចិន។
ប្រទេសចិន បានបង្កើនប្រាក់កម្ចី និងជំនួយរបស់ខ្លួនយ៉ាងច្រើន សម្រាប់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាហេតុនាំឲ្យប្រទេសនេះជាប្រទេសផ្តល់ជំនួយធំបំផុតតែមួយគត់ដល់រដ្ឋាភិបាលកម្ពុជា និងជាទំនាក់ទំនងមួយ ដែលក្រុមអ្នករិះគន់លើកឡើងថា បានផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងនូវការបង្កើនឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា៕ប៊ុននី