35 C
Phnom Penh

លោក​​​ ជាម យៀប​​​ បើក​​​បរបុក​​​គេ​​​ហើយ​​​រត់​​​បដិសេធ​​​ថា​​​មិន​​​ខុស​​​ច្បាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ជាម យៀប​​​ សមា​​​​ជិក​​​សភា​​​ជាន់​​​ខ្ពស់​​​​​​មកពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​និយាយ​​​ការពារ​​​​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​លោក​​​​​​ក្នុង​​​ការ​​​​​​​​​បើក​​​បរគេច​​​​​​​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​មួយ​​​ ដែល​​​បណ្ដា​​​ល​​​​​ឲ្យ​​​មនុស្ស​​​បាត់​​​បង់​​​ជីវិត​​​នៅ​​​ស្រុក​កៀន​ស្វាយ​​​ ខេត្ត​​​កណ្ដាល​​​ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​លោក​​​ ​បាន​អះអាង​​​​ថា លោក​​​មិន​​​បាន​​​​​​ល្មើស​​​ច្បាប់​​​​​​​​​​ទេ​​​ ពី​ព្រោះ​​​​​លោក​​​​​​បាន​​​ទូរ​​​ស័ព្ទ​​​ទៅ​​​មេធាវី​​​របស់​​​លោក​​​​​​ភ្លាមៗ​​​ បន្ទាប់ពី​​​កើត​​​ហេតុ​​​​​​ ហើយ​​​​​​បាន​​​​​​ប្រាប់​​​​​​ឲ្យ​​​គាត់​​​ “ដោះស្រាយ​​​បញ្ហា​​​នេះ”​។

មាត្រា​​​​​​៣៦​​​ នៃ​​​ច្បាប់​​​ចរាចរណ៍​​​ចែង​​​ថា ក្នុង​​​​​​ករណី​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​កើត​​​​​ឡើង​​​​ “អ្នក​​​បើកបរ​​​ [និង] អ្នក​​​ប្រើប្រាស់​​​ផ្លូវ​​​ទាំង​​​អស់​​​ដែល​​​ពាក់ព័ន្ធ​​​នឹង​​​គ្រោះ​​​ថ្នាក់​​​និង​​​អ្នក​​​ឃើញ​​​ហេតុការណ៍​​​ ត្រូវ​​​តែ​​​បញ្ឈប់​​​យានយន្ដ​​របស់​​​ខ្លួន​​​ជា​​​បន្ទាន់​​​ [ហើយ​​​] រាយការណ៍​​​ជា​​​បន្ទាន់​​​​​​ទៅ​​​អាជ្ញាធរ​​​​​​មូលដ្ឋាន​​​ ឬ​​​នគរបាល​​​ចរាចរ​​។  ការ​​​ចាកចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់ប្រសិន​​​បើ​​​គ្មាន​​​ការ​​​​​​​​​អនុញ្ញាត​​​​​​ពី​​​នគរ​​​បាល​​​ចរាចរ​​​​ទេនោះ​​​”។

នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៩ និង​​​​​​៣០​​​នាទី​​​ព្រឹក​​​ថ្ងៃ​​​​​​សុក្រ​​​ ខណៈ​​​ពេល​​​លោក​​​ មឿន ថា និង​​​ប្រពន្ធ​​​របស់​​​​​​គាត់​​​​​​ឈ្មោះ​​​ ពិន​​​ សុភា ​​​អាយុ​​​២៦​​​ឆ្នាំ​​​ដូចគ្នា​​​​​​ កំពុង​​​​​​បើក​​​បរ​​​ម៉ូតូ​​​របស់​​​ខ្លួន​​​​​​​​​លើ​​​​​​កំណាត់​​​ផ្លូវ​​​ជាតិ​​​លេខ១​​​ ក្នុង​​​ស្រុក​​​កៀនស្វាយ​​​ ពួក​​​គេ​​​​​​បាន​​​ព្យាយាម​​​​​​បើក​​​ជែង​​​​​​​​​រថយន្ត​​​ធុន​​​ធំ​​​មួយ​​​គ្រឿង​​​ ហើយ​​​បាន​​​​​​​​​​​​បុក​នឹង​​​​​​​​រថយន្ត​​​​​​លុច​​​សិុសរបស់​​​លោក​​​ ជាម យៀប​​​ នៅ​​​ពី​​​ខាង​​​មុខ​​​ ដែល​​​កំពុង​​​បើក​​​បរ​​​ក្នុង​​​ទិស​​​ដៅ​​​បញ្ច្រាសគ្នា​។

យោង​​​តាម​​​​​​សាក្សី​​​ឃើញ​​​ហេតុការណ៍​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា រថយន្ត​​​របស់​​​​​​លោក​​​ ជាម យៀប មិន​​​បាន​​​ឈប់​​​ទេ ហើយ​​​បាន​​​បន្ត​​​បើក​​​ទៅ​​​មុខ​​​​​​អូស​​​ម៉ូតូ​​​របស់​​​ប្ដី​​​ប្រពន្ធ​​​រងគ្រោះ​​​ ដែល​​​ជាប់​​​​​​ពី​​​ក្រោម​​​រថយន្ត​​​លុចស៊ិស របស់​​​លោក​​​ចម្ងាយ​​​រហូត​​​ដល់​​​ទៅ​​​៥០​​​ម៉ែត្រ​​​​​​ពី​​​កន្លែង​​​កើត​​​ហេតុ។

អ្នក​​​ស្រី​​​ ពិន​​​ សុភា  បាន​​​បាត់​​​បង់​​​ជីវិត​​​​​​​​​ដោយ​​​​​​សារ​​​របួស​​​ធ្ងន់​​​កាលពី​​​រសៀល​​​ថ្ងៃ​​​សុក្រ​​​នៅ​​​មន្ទីរពេទ្យ​​​កាល់ម៉ែត​​​ក្នុង​​​រាជធានីភ្នំពេញ​​​ រីឯ​​​ប្ដី​​​របស់​​​គាត់​​​​​​កំពុង​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​ធ្ងន់​​​​​​ ដោយ​​​សារ​​​បែកក្រលៀន ហើយ​​​កំពុង​​​ទទួល​​​ការ​​​សង្គ្រោះ​​​បន្ទាន់​​​នៅ​​​មន្ទីរពេទ្យ​​​នេះ​​​ដែរ​​​។ ប្ដី​​​ប្រពន្ធ​​​ទាំង​​​ពី​​​រនេះ​​​ត្រូវ​​​គេ​​​ទុក​​​ចោល​​​​​​ឲ្យ​​​នៅ​​​ដេក​​​​​​ស្ដូក​​​ស្ដឹង​​​​​​លើ​​​ចិញ្ចើម​​​ផ្លូវ​​​អស់​​​រយៈ​​​ពេល​​​​​​​​​​​​ដល់​​​ទៅ​​​៣០​​​នាទី​​​ មុន​​​ពេល​​​​​​ពួក​​​គេ​​​​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​គ្លីនិក​​​ឯកជន​​​មួយ​​​កន្លែង​​​។

លោក​​​ ជាម យៀប​​​ បាន​​មាន​​​​​​ប្រសាសន៍​​​​​​អំពី​​​ការ​​​សម្រេច​​​ចិត្ត​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​​​​កើត​​​​​ហេតុ​​​​​​​​​ថា “ខ្ញុំ​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​​​ ហើយ​​​ខ្ញុំ​​​មិន​​​មែន​​​ជា​​​អ្នក​​​បើ​​​កបរ​​​ទេ​​​”។ លោក​​​បាន​​​ពន្យល់​​​ថា ក្នុង​​​ឋានៈ​​​ជា​​​មន្ត្រី​​​រដ្ឋាភិបាល​​​​​​សុវត្ថិ​​​ភាព​​​របស់​​​លោក​​​​​​អាច​​​នឹង​​​ប្រឈម​​​គ្រោះ​​​​​​ថ្នាក់​​​ ប្រសិន​​​បើ​​​លោ​​​ក​​​​​​ឈាន​​​ជើង​​​​​​ចេញ​​​ពី​​​រថយន្ត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ “ខ្ញុំ​​​សូម​​​ប្រាប់​​​អស់​​​លោក​​​​​​ថា នៅ​​​ក្នុង​​​គណបក្ស​​​​​​ខ្ញុំ​​​ជា​​​អ្នក​​​​​​នយោបាយ​​​ ហើយ​​​មនុស្ស​​​មួយ​​​ចំនួន​​​​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​ [ក្នុង​​​អំពើ​​​ហិង្សា​​​របស់​​​មហា​​​ជន] នៅ​​​ក្នុង​​​តំបន់​​​នោះ​​​។ ពួក​​​គេ​​​មិន​​​ខ្វល់​​​​​​ថា អស់​​​លោក​​​ត្រូវ​​​ឬ​​​​​​ក៏​​​ខុស​​​ឡើយ​​​”។

លោក​​​ ជាម យៀប​​​ ក៏​​​បាន​​​អះអាង​​​ដែរ​​​​​​ថា លោក​​​មិន​​​បាន​​​​​​ល្មើស​​​ច្បាប់​​​​​​ចរាចរណ៍​​​ដោយ​​​សារ​​​តែ​​​ការ​​​​​​​​​មិន​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​​​​ទេ​​​ ដោយ​​​លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា លោក​​​បាន​​​ទូរស័ព្ទ​​​ទៅ​​​មេធាវី​​​របស់​​​លោក​​​​​​ភ្លាមៗ​​​បន្ទាប់ពី​​​​​​មាន​​​គ្រោះ​​​ថ្នាក់​​​​​​កើត​​​ឡើង​​​ ហើយ​​​បាន​​​ប្រាប់​​​ឲ្យ​​​គាត់​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​មែន​​​រត់​​​នោះ​​​ទេ​​​។ ខ្ញុំ​​​មាន​​​មេធាវី​​​របស់​​​ខ្ញុំ​​​ ហើយ​​​​​​ខ្ញុំ​​​បាន​​​ទូរស័ព្ទ​​​​​​ទៅ​​​​​មេធាវ​​​ី​​​របស់​​​ខ្ញុំ​​​ភ្លាមៗ​​​…។ ខ្ញុំ​​​មិន​​​បាន​​​ព្យាយាម​​​រត់​​​គេច​​​ទេ​​​។ យើង​​​បាន​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​រួច​​​ហើយ​​​”។

លោក​​​ កា សាវុធ មេធាវី​​​តំណាង​​​​​​លោក​​​​​​ ជាម យៀប​​​ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​​​​ថ្ងៃ​​​អាទិត្យ​​​ថា លោក​​​ ជាម យៀប បាន​​​​​​ជួយ​​​ជា​​​ប្រាក់​​​ចំនួន​​​១.០០០​​​ដុល្លារ​​​ដល់​​​គ្រួសារ​​​ជន​​​រងគ្រោះ​​​​​​ជា​​​កាយ​​​វិការ​​​បង្ហាញ​​​ពី​​​ការ​​​អាណិត​​​អាសូរ​​​។

លោក​​​ ប៉ា សំអេត អធិការ​​​​​​ស្រុក​​​កៀន​​​ស្វាយ​​​បាន​​​មានប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា លោក​​​ ជាម យៀប គួរ​​​តែ​​​បញ្ជា​​​ឲ្យ​​​អ្នក​​​បើក​​​​​​បរ​​​​​​របស់​​​លោក​​​​​​បញ្ឈប់​​​រថយន្ត​​​ក្រោយ​​​ពី​​​មាន​​​គ្រោះ​​​ថ្នាក់​​​បុក​​​គ្នា​​​ នៅ​​​ពេល​​​ដែល​​​គាត់​​​ដឹង​​​ថា មាន​​​គ្រោះ​​​ថ្នាក់​​​នេះ​​​កើត​​​ឡើង​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​គាត់​​​ដឹង​​​ [ថាមានគ្រោះ​​​ថ្នាក់កើត​​​ឡើង​​] គាត់​​​គួរ​​​តែ​​​ឈប់​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​ប្រាកដ​​​ថា គាត់​​​ដឹង​​​នោះ​​​ទេ”។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា លោក​​​បាន​​​បញ្ជូន​​​ឯកសារ​​​រៀប​​​រាប់​​​លម្អិត​​​​​​ពី​​​ការ​​​ស៊ើប​​​អង្កេត​​​​​​​​របស់​​​នគរបាល​​​​​​ពី​​​គ្រោះ​​​ថ្នាក់​​​ចរា​​​ចរណ៍​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​​​​រួច​​​ហើយ​​។

លោក អ៊ិន វ៉ានវិបុល​​​ ប្រធាន​​​សាលា​​​ដំបូង​​​​​​​​​ខេត្ត​​​កណ្ដាល​​​បាន​​​បដិសេធ​​​មិន​​​​​​ឆ្លើយ​​​​​​បំភ្លឺ​​​ថា តើ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​​ករណី​​​បើកបរ​​​​​​បុក​​​ហើយ​​​រត់​​​នេះ​​​ឬយ៉ាង​​​ណា​​​នោះ​​​ទេ​​​។ ដោយ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​លោក​​​ ជាម យៀប​​​ ​​​ចំៗ លោក​ សៅ សុវណ្ណរតនៈ​​​ មន្ត្រី​​​បច្ចេកទេស​​​សុវត្ថិភាព​​​ចរាចរណ៍​​​និង​​​បង្ការ​​​​​​របួស​​​​​​​​​របស់​​​អង្គការ​​​​​​សុខភាព​​​ពិភព​​​លោក​​​​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​​​​  បាន​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​ពល​​​រដ្ឋ​​​ណា​​​ម្នាក់​​​អាច​​​នៅ​​​ពីលើ​​​ច្បាប់​​​ចរាចរណ៍​​​របស់​​​ព្រះរាជាណាចក្រកម្ពុជា​​​បាន​​​ឡើយ។

លោកថ្លែង​​​​​​ថា “អ្នក​​​គ្រប់​​​គ្នា​​​​​​​​​ត្រូវ​​​តែ​​​គោរព​​​ច្បាប់​​​​​​។ ក្នុង​​​ឋានៈ​​​ជា​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ ប្រសិន​​​បើ​​​អស់​​​លោក​​​បើក​​​បរ​​​បុក​​​គេ​​​ ហើយ​​​រត់​​​បែប​​​នោះ​​​ វា​​​ពិត​​​ជា​​​គួរ​​​ឲ្យ​​​សោក​​​ស្ដាយ​​​​​​ណាស់​​​…។ អស់​​​លោក​​​ត្រូវ​​​តែ​​​បង្ហាញ​​​គំរូ​​​ល្អ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​។ យើង​​​ចង់​​​បង្កើត​​​​​​​​​វប្បធម៌​​​​​​ទទួល​​​ខុស​​​ត្រូវ​​​។ ប្រសិន​​​បើ​​​អស់​​​លោក​​​​​​បុក​​​គេ​​​​​​ សូម​​​ចុះ​​​ពី​​​រថយន្ត​​​ ហើយ​​​ជួយ​​​​​​អ្នក​​​ទាំង​​​​​​នោះ​​​ ទូរស័ព្ទ​​​ហៅ​​​​​​នគរ​​​បាល​​​ និង​​​ទូរ​​​ស័ព្ទ​​​ហៅ​​​សេវាសង្គ្រោះ​​​​​​បន្ទាន់​​​។ អស់​​​លោក​​​មិន​​​គួរ​​​រត់​​​ទេ​​”​​​​។

លោក​​​ អ៊ា ចរិយា ប្រធាន​​​​​​កម្មវិធី​​​សុវត្ថិ​​​ភាព​​​​​​ផ្លូវ​​​ថ្នល់​​​នៅ​​​អង្គការ​​​​​​ជន​​​ពិការ​​​​​​អន្តរជាតិ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​ដែល​អ្នក​បើក​ជា​ច្រើន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ភ័យ​​​ខ្លាច​​​រង​​​ការ​​​វាយដំ​​​ពី​​​សំណាក់​​​អ្នក​​​ឃើញ​​​ហេតុ​​​ការណ៍​​​ ពោរពេញ​​​ដោយ​​​កំហឹង​​​ ក្រោយ​​​ពី​​​មាន​​​គ្រោះ​​​​​​ថ្នាក់​​​ចរាចរណ៍​​​កើត​​​ឡើង​​​នោះ​​​ គឺ​​​មាន​​​តែ​​​អ្នក​​​​​​ដែល​​​ព្យាយាម​​​រត់​​​គេច​​​ពីកន្លែង​​​កើត​​​ហេតុ​​​ទៅ​​​វិញ​​​ទេ​​​ ដែល​​​ជា​​​ធម្មតា​​​ប្រឈម​​​​​​​​​នឹង​​​ការ​​​វាយ​​​ដំ​​​ពី​​​សំណាក់​​​មហាជន​​​​​​។ លោក​​​បាន​​​បន្ដ​​​ថា “មាន​​​តែ​​​អ្នក​​​ព្យាយាម​​​រត់​​​គេច​​​ទេ ដែល​​​រង​​​ការ​​​វាយ​​​ដំ​​​”។

លោក​​​ សុន ឆ័យ​​​ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រឆាំង​​​បាន​​​រិះគន់​​​លោក​​​ ជាម យៀប​​​ ដែល​​​សម្រេច​​​ចិត្ត​​​ចាក​​​ចេញ​​​ពី​​​​​​កន្លែង​​​កើតមាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​។   លោក​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​គឺ​​​ជា​​​អ្នក​​​បង្កើត​​​ច្បាប់​​​ ហើយ​​​គាត់​​​ក៏​​​ជា​​​អ្នក​​​ល្មើស​​​ច្បាប់​​​ដែរ​​​”។ លោក​​​បាន​​​បន្ត​​​ថា ប្រសិន​​​បើ​​​លោក​​​ ជាម យៀប ជូន​​​អ្នកស្រី​​​ ពិន​​​ សុភា ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​ភ្លាមៗ​​​ គាត់​​​អាច​​​នឹង​​​​​​មាន​​​ជីវិត​​​រស់​​​។

លោក​​​ សុន ឆ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “លោក​​​​​​អាច​​​​​​នឹង​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ស្លាប់​​​របស់​​​ស្ត្រី​​​រូប​​​នោះ​​​ ពីព្រោះ​​​ប្រសិន​​​បើ​​​លោក​​​អាច​​​ជូន​​​គាត់​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​ទាន់ពេល​​​វេលា​​​ លោក​​​ប្រហែល​​​ជា​​​អាច​​​​​​ជួយ​​​សង្គ្រោះ​​​ជីវិត​​​របស់​​​គាត់​​​បាន​​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស