28 C
Phnom Penh

ក្រុមហ៊ុន ទ្រី ភាព​ ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​​ក្នុង​ការ​ប្រមូល​ទិញ​​ឈើ​ដែល​រឹប​អូស​បាន​នៅ​ទូទាំង​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​រដ្ឋបាល​ព្រៃ​ឈើ​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ក្រុមហ៊ុន​នីហរ័ណអាហរ័ណ ទ្រី ភាព​ ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​នៅ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​​ប្រមូល​ទិញ​ឈើប្រណីត​ជិត​៥.០០០​ម៉ែត្រ​គូប ​ដែល​រឹប​អូស​បាន​នៅ​ទូទាំង​ប្រទេស​ បន្ទាប់​ពី​បាន​​បង់ប្រាក់​ប្រមាណ​​ចំនួន​៣,៤​លាន​ដុល្លារ​​ទៅ​ឲ្យ​រដ្ឋាភិបាល​ ដើម្បី​ទទួ​ល​បាន​សិទ្ធិ​​ផ្តាច់​មុខ​នេះ​។

លោក ធន់ សារ័ត្ន អនុ​ប្រធាន​​នាយក​ដ្ឋាន​រដ្ឋបាល​​ ផែនការ​ និង​ហិរញ្ញវត្ថុ​ នៅ​រដ្ឋបាល​ព្រៃ​ឈើ​​បាន​លើកឡើង​ថា ក្រុមហ៊ុន​ទ្រី ភាព​ បាន​បង់​ប្រាក់​​​ប្រហែល​៣,៤​លាន​ដុល្លារ​​​ទៅ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាល​ពីខែ​មិថុនា​ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ ដើម្បី​ទទួល​បាន​សិទ្ធិ​ទិញ​ឈើ​ប្រណីត​ដែល​គេ​បាន​រឹប​អូស​រួច​​ហើយ​។ កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ជា​មួយ ​​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី និង​ក្រសួង​កសិ​កម្ម កាល​ពីខែ​មីនា​។

លោក​ សារ័ត្ន បា​ន​មាន​ប្រសាសន៍​ថា កិច្ច​ព្រម​ព្រៀង​នេះ​បាន​ ផ្តល់​សិទ្ធិ​​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព​ប្រមូល​​ទិញ​ឈើ​ប្រណីត​រហូត​ដល់​ទៅ​៤.៨៧១​ម៉ែត្រគូប ​​ដែល​មន្ត្រី​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​​រឹបអូស​បាន​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ទូទាំង​២៤​ខេត្ត​ក្រុង​។លោក​បាន​បន្ថែម​ថា ​ក្រុម​​​ហ៊ុន​ ទ្រី ភាព​ ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យលក់​ឈើ​ដែល​ខ្លួន​​ប្រមូលទិញ​​បាន​ទៅ​ឲ្យឈ្មួញ​​​​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​តាម​​ចិត្ត​ដែល​ខ្លួន​ចង់។

លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិ​បាល​ បាន​ផ្តល់​អាទិភាព​​ទៅ​ឲ្យ​ឧកញ៉ា​ ទ្រី ភាព​ ប្រមូល​ទិញ​ឈើ​ប្រណីត​ជាថ្នូរ​នឹង​ការ​បង់​ប្រាក់​ចូល​រដ្ឋ​ កាល​ពីដើមឆ្នាំនេះ​”។ សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​សម្តែង​ក្តី​បារម្ភ​ថា ការ​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ដល់​ក្រុមហ៊ុន​ ទ្រី ភាព​ ដើម្បី​​​ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​តំបន់​ដែល​មាន​​ករណីកាប់​ឈើ​​បាន​ធ្វើ​ឲ្យការ​កាប់​ឈើ​ខុស​ច្បាប់​ប្រែក្លាយ​ទៅជា​ការ​កាប់​ឈើ​ស្រប​ច្បាប់​ ហើយ​​ធ្វើ​ឲ្យ​​ការ​បំផ្លាញ​ព្រៃ​ឈើ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​កម្រិត​ខ្លាំង​រួច​ទៅ​ហើយ​​ កាន់​តែវិនាស​ថែម​ទៀត​។

លោក សារ័ត្ន បាន​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​ នេះ​​ត្រូ​វបាន​ផ្តល់​ទៅ​ឲ្យ​​លោក ទ្រី ភាព  ព្រោះ​​លោក​បាន​ផ្តល់ប្រាក់​លើស​ទ្វេ​ដង​​​លើ​​​បរិមាណ​​​​ប្រាក់​ដែល​​​សម្ពន្ធ​ក្រុមហ៊ុន​ក្នុ​ងស្រុក​ចំនួន​ប្រាំពីរ​ផ្សេង​ទៀត​​​បានសន្យាផ្តល់។​ក្រុមហ៊ុន​ទាំង​ប្រាំពីរនេះ​បាន​​ចូល​រួម​ក្នុ​ងការ​ដេញ​​ថ្លៃ​  ហើយ​ទទួល​បាន​កិច្ច​សន្យា​ទិញ​ឈើ​ប្រណីត​ដែល​រឹប​​អូស​បាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រហែល​​បីឆ្នាំ​កន្លង​មក​ហើយ​​។

លោក​ សារ័ត្ន មាន​ប្រសាសន៍​ថា “ពួក​គេ​ [ក្រុមហ៊ុន​ទាំង​ប្រាំពីរ​] ​បាន​ផ្តល់​ប្រាក់​ត្រឹម​តែ​ចំនួន​ដែល​ខ្លួន​បាន​សន្យាប៉ុណ្ណោះ​​  ហេតុ​ដូច្នេះ ​ហើយ​​ដោយ​រំលោភ​លើកិច្ចសន្យា​​រដ្ឋាភិ​បាល​បាន​សម្រេច​ផ្តល់​សិទ្ធិ​ប្រមូល​ទិញ​ឈើ​​នេះ​ទៅ ឲ្យ​ក្រុមហ៊ុន ទ្រី ភាព”។ លោក​បាន​​បដិសេធ​មិន​ប្រាប់​ឈ្មោះក្រុមហ៊ុន​ទាំង​នោះ ឬ​ក៏​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​នៃ​​ដំណើរ​​ ការ​​ដេញថ្លៃនេះឡើយ​។​

លោក ភាង​ ចិត្រា​  មន្ត្រី​ទំនាក់​ទំនង​សាធា​រណៈ​នៅ​ក្រុមហ៊ុន ទ្រី ភាព បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ ដើម្បី​​ទទួល​បាន​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ប្រណីត​ ដែល​រឹប​អូស​បាន​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ ​លោក​បាន​លើកឡើង​ថា ក្រុមហ៊ុន​មក​ទល់​ពេល​នេះ​ទទួល​បាន​​ត្រឹម​តែ​អាជ្ញាប័ណ្ណ​​​ដឹក​ជញ្ជូន​ឈើ​ត្រឹម​ក្នុង​រាជធានីភ្នំពេញ​ និង​ខេត្ត​ចំនួន​១១​តែ​ប៉ុណ្ណោះ​ ដែល​រួម​មាន​​ខេត្ត​ ក្រចេះ កំពង់​ចាម​ មណ្ឌល​គិរី​ ព្រះវិហារ​ ស្ទឹង​ត្រែង​ រតនគិរី កំពង់​ស្ពឺ​ កណ្តាល​ ព្រៃវែង​ និង​ខេត្ត​ស្វាយ​រៀង​។

លោក​ ចិត្រា បាន​និយាយ​ថា “យើង​ទទួល​បាន​លិខិត​មួយ​ច្បាប់​ ដែល​អនុញ្ញាត​ឲ្យ​​យើង​ដឹក​ឈើ​ដោយ​សេរី យើង​គ្រាន់​តែ​បង្ហាញ​លិខិត​នេះ​ទៅឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ប៉ុណ្ណោះ​ គឺយើង​អាច​​​ដឹក​ជញ្ជូន​ឈើ​បាន​ហើយ​”។ លោក​បាន​បន្ថែម​ថា ក្រុម​​​ហ៊ុន​បាន​នាំចេញ​ឈើ​ភាគ​ច្រើន​ទៅកាន់​ប្រទេស​ចិន​ ហើយ​លក់​ឈើ​ដែល​នៅ​សេស​សល់​ក្នុង​រាជធានីភ្នំពេញ​។

កាល​ពីខែ​កុម្ភៈ ក្រសួង​កសិកម្ម​បាន​ផ្តល់​សិទ្ធិ​អនុញ្ញាត​ដល់​ក្រុមហ៊ុន ទ្រី  ភាព ដើម្បី​ប្រមូល​ទិញ​ឈើ​ដែល​កាប់​ផ្តួល​រួច​ទាំង​អស់​នៅក្នុង​តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រតន​គិរី “ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុ​ក​ និង​សម្រាប់​នាំចេញ​” និង​ “ ដើម្បី​​បង្កើន​​ប្រាក់​ ចំណូល​ដល់​ថវិការដ្ឋ​” ។ នេះ​ជាទ្វើ​មួយ​ដែល ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​អះ​អាង​នៅពេល​នោះ​ថា​ នឹង​ធ្វើ​ឲ្យការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​នេះ​មាន​កាន់​តែ​ខ្លាំង​។

លោក​ ចាន់ សុវ៉េត អនុ​ប្រធាន​​ផ្នែក​ការ​ពារ​សិទ្ធិ​ដីធ្លី​ និង​ធន​ធាន​ធម្មជាតិ​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​អះអាងកាល​ពី​ម្សិល​មិញថា ការ​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​នេះ​នឹង​ធ្វើ​ឲ្យ​​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​​តែ​វិនាស​​ ពីព្រោះ​គេ​មិន​អាច​ឃ្លាំមើល​កន្លែង​ដែល​កើត​មាន​ការ​កាប់​ឈើ​ទាំង​អស់​នោះ​បាន​ឡើយ​​”។ លោក សុវ៉េត បាន​មាន​ប្រសាសន៍​ថា  “[រដ្ឋាភិបាល​]​ កំពុង​បើក​ផ្លូវ​ឲ្យ​​មនុស​្ស​ខិល​ខូច​កាប់​ឈើ​ដោយ​ផ្ទាល់​​”។

អង្គការ​សិទ្ធិមនុស្ស​អាដហុក​​ បាន​រៀប​ចំ​សន្និសីទមួយ​​នៅ​ក្នុង​រាជធានីភ្នំពេញ ដើម្បី​ពិភាក្សា​ស្វែង​រក​វិធីសាស្ត្រ​​សម្រាប់​ការ​ពារ​ព្រៃ​ដែល​កំពុង​តែ​វិនាស​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ឈឹម សាវុធ អ្នកស្រាវ​ជ្រាវ​នៅ​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​ជា​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ ដែ​ល​បាន​លើក​ឡើង​​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​នោះ​ បាន​មាន​ប្រសាសន៍​ថា ចាប់តាំង​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពីខែ​កក្កដា​ មក អត្រា​នៃការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បានកើន​ឡើង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក ឈឹម សាវុធ ​បាន​មាន​ប្រសាសន៍​ថា  “ស្ថាន​ភាព​កាប់​ឈើ​ខុស​ច្បាប់​នេះ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​”។

លោក សាវុធ ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និ​សីទនេះ​ពាក់​ព័ន្ធ​នឹង​ដំណើ​រចុះស៊ើប​អង្កេត​​​​ពីការ​កាប់​ឈើ​នៅក្នុង​​ខេត្ត​កំពង់​ធំ​កាល​ពី​ពេល​​ថ្មី​ៗថា លោក​បាន​ឃើញ​អ្នកភូមិ​នៅ​ឃុំ​ដង​កាំបិត​ ស្រុក​សណ្តាន់​ ​ប្រហែល​១០០​នាក់​ បាន​កាប់​ឈើ​ ហើយ​លក់​ទៅឲ្យ​​ឈ្មួញ​ដែល​អះអាង​ថា ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ ទ្រី ភាព​។ ហើយ ​ដំណើរ​ការ​ទាំង​មូល​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ពីសមាជិក​​នៃកង​កម្លាំង​ប្រដាប់​អាវុធ​។

​​លោក​ ប៉ុល វិសាល អនុ​ប្រធាន​​​ផ្នែក​ប្រតិ​បត្តិ​នៅ​ក្រុមហ៊ុន ទ្រី ភាព​ ប្រចាំខេត្ត​រតនគិរី​បាន​លើកឡើង​កាល​ពីសប្តាហ៍​មុន​ថា នៅ​ក្នុង​​ខេត្ត​របស់​លោក​ ក្រុម​ហ៊ុន​បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ និង​ឈើ​ប្រភេទ​លេខ​១​ជា​មធ្យម​​ប្រហែល​៣០​ម៉ែត្រ​គូប​​ ជា​រៀង​រាល់​ថ្ងៃ​ពីម្ចាស់​​​ដីសម្បទានសេដ្ឋកិច្ច​​ឯកជន​។ លោក​ វិសាល​ បាន​ការពារ​ក្រុមហ៊ុន​របស់​ លោក​​ដោយ​ច្រាន​ចោល​ការ​អះអាង​ដែល​ថា ក្រុមហ៊ុន​លោក​បាន​ធ្វើ​ឲ្យមាន​ការ​បំផ្លិច​​បំផ្លាញ​នៅ​ក្នុង​ខេត្ត​នេះ​។

លោក​បាន​និយាយ​ថា “យើង​មិន​បាន​ជំរុញ​ឲ្យមានការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ទេ​ ពីព្រោះ​រដ្ឋាភិបាល​ គឺជាអ្នក​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ​រឿង​នេះ​ ហើយ​ទោះ​បីជាមានការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​ក៏​ដោយ​​ ក៏​វា​មាន​ចំនួន​មិន​ច្រើន​ដែរ​”។ លោក ឆាយ ធី អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុ​ក​ ប្រចាំខេត្ត​រតន​គិរី បានមាន​ប្រសាសន៍​ថា ការ​កាប់​ឈើ​​ដោយ​​គ្មានការ​ត្រួត​ពិនិត្យ​កំពុង​តែ​កើត​មាន​ទូទាំង​ខេត្ត​​ចាប់​តាំង​ពីសិទ្ធិ​ប្រមូល​ទិញ​ឈើ​​ផ្តាច់​មុខ​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ ទ្រី ភាព​ រួច​។

លោក​ ឆាយ​ ធី ​​មាន​ប្រសាសន៍​ថា   “យើង​​ឃើញមាន​ការ​កាប់​ឈើ​ខុសច្បាប់​កើត​មាន​គ្រប់​ទីកន្លែង​ ​​​ចាប់​តាំង​ពី​ [លោក​​ ទ្រី ភាព​] សស បង្ហាញខ្លួន​មក​ ហើយ​គ្មាន​នរណាម្នាក់​អាច​បញ្ឈប់​​​​គាត់​​​បាន​ឡើយ​”។ លោក​ ឆាយ​ ធី​ បាន​អះអាង​ថា ការ​កាប់​ឈើ​ឥឡូវ​នេះ​បាន​រីក​រាល​ដាល​ដល់​​ក្រៅ​ព្រំ​ប្រទល់​ដីសម្បទាន​សេដ្ឋ​កិច្ច​​ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​​។ នៅ​ពេល​មន្ត្រីរដ្ឋបាល​​​ព្រៃ​​​ឈើ​​​បាន​បោះ​ត្រា​​លើ​ឈើ​បញ្ជាក់​ថាជារបស់​លោក​​​ ទ្រី​ ភាព ​​នៅ​ពេល​នោះ​ឈើ​ទាំង​នេះ​អាច​ដឹក​​ជញ្ជូន​ដោយ​ស្រប​ច្បាប់​​។

កាល​ពីថ្ងៃ​ពុធ​ អង្គការ​ក្រុមកិច្ច​ការ​ពិសេស​ សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​មួយ​ថា លោក ទ្រី ភាព និង​ ភរិយា​របស់​លោក​បាន​កាន់​កាប់​ដីសម្បទាន​ តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​តំបន់​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្តយ៉ាង​តិច​ប្រាំមួយ​ដោយ​មាន​ផ្ទៃ​ដី​សរុប​ជាង​១០០.០០០ហិកតា​។

លោក​ ទ្រី ភាព​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ដោយ​លើក​ឡើង​ថា ដី​សម្ប​ទាន​ដែល​លោក​បាន​កាន់កាប់​​មាន​ត្រឹម​តែ​២១.០០០ហិកតា​ ប៉ុណ្ណោះ​ក្នុង​ខេត្ត​ចំនួន​បី​​។

កាល​ពីថ្ងៃ​សុក្រ សាលា​ដំបូង​ខេត្ត​កណ្តាល ​បាន​​ចេញ​ដីកា​កោះហៅ​លោក សែន សាន ក្រុមប្រឹក្សា​ឃុំ​ ដែល​បាន​​លើក​ឡើង​នៅក្នុង​របាយការណ៍​របស់​អង្គការ​ក្រុម​កិច្ច​ការ​ពិសេស​ សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​​ចោទ​ប្រកាន់​ក្រុមហ៊ុន ទ្រី ភាព ថា​ បាន​លាក់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​នៅក្នុង​បរិវេណ​វត្ត​មួយ​​ក្នុង​ខេត្ត​នេះ​មក​សាក​សួរ​។

លោក​ ទ្រី ភាព​បាន​ចោទ​ប្រកាន់​លោក សែន​ សាន ពីបទ​បង្ខូច​កេរ្តិ៍​ឈ្មោះ នេះ​បើ​យោង​តាម​ឯកសារ​របស់​តុលាការ​។ ស្ត្រី​ទី ២​ដែល​បានលើកឡើង​នៅក្នុង​របាយការណ៍​នេះ​ ក៏ត្រូវ​បាន​កោះហៅ​ផង​ដែរ​ នេះ​បើ​យោង​តាម​លោក អ៊ូច​ ឡេង​ ប្រធាន​អង្គការ​ក្រុមកិច្ច​ការ​ពិសេស​ សិទ្ធិ​មនុស្ស​កម្ពុជា​។ ការសិក្សា​មួយ​ដែល​ចេញ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​​​វិទ្យាសាស្ត្រ​កាល​ពីថ្ងៃ​ទី ១៥​ ខែវិច្ឆិកា​ បាន​រក​ឃើញថា ប្រទេស​កម្ពុជា​​ជាប់​ចំណាត់​ថ្នាក់​លេខ​៥​ ខាង​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​​នៅ​ទូទាំង​ពិភពលោក​នៅ​ចន្លោះ​ពីឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១២​ ដោយ​​បាត់​បង់​ព្រៃ​ឈើ​ប្រហែល​ជាង​៧ភាគរយ​ អំឡុង​រយៈពេល​នោះ​៕ ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស