31 C
Phnom Penh

រឿង​​​អាស្រូវ​​​កាប់​​​ឈើ​​​​​​ព្រៃ​​​កន្ទុយ​​​នាគ​​​នៅ​​​ខេត្ត​​​រតនគិរី​​​ធ្លាក់​​​ដល់​​​​​​កណ្ដាប់​​​ដៃ​​​សាលា​​​ឧទ្ធរណ៍​​​វិញហើយ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​​​ពេល​​​ជិត​​​មួយ​​​ទសវត្សរ៍​​​បន្ទាប់​​​ពី​​​រឿង​​​អាស្រូវ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​​​​មួយ​​​ ដែល​​​មាន​​​ទំហំ​​​ទឹក​​​​​​ប្រាក់​​​ជា​​​ច្រើន​​​លាន​​​ដុល្លារ​​​​​​ត្រូវ​​​បាន​​​លាត​​​ត្រដាង​​​​​​នៅ​​​ក្នុង​​​ឧទ្យាន​​​ជាតិ​​​វីរ​​​ជ័យ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ និង​​​ដែល​​​​​​ក្នុង​​​នោះ​​​មន្ត្រី​​​ជាន់​​​ខ្ពស់ខេត្ត​​​ចំនួន​​​១៤​​​រូប​​​បាន​​​ជាប់​​​ពាក់ព័ន្ធ​​​នោះ​​​ បច្ចុប្បន្ន​​​សំណុំ​​​រឿង​​​នេះ​​​បាន​​​ធ្លាក់​​​ដល់​​​ដៃ​​​សាលា​​​ឧទ្ធរណ៍​​​​​​វិញ​​​ហើយ​​​។

លោក​​​ ងួន អ៊ីម ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំជម្រះ​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មេធាវី​​​មួយ​​​រូប​​​តំណាង​​​ឲ្យ​​​លោក​​​ មឿង សាមឿន​​​ អតីត​​​ប្រធាន​​​យោធា​​​​​​ខេត្ត​​​​ ដែល​​​​​​ត្រូវតុលាការ​​​សម្រេច​​​​​​ផ្ដន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​​​​១៥​​​ឆ្នាំ​​​​​​​​​ដោយ​​​កំបាំង​​​មុខ​​​ ចំពោះ​​​ការ​​​ពាក់ព័ន្ធ​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​ក្រុម​​​កាប់​​​ឈើ​​​ខុសច្បាប់​​​​​​ បាន​​​ចូល​​​ខ្លួន​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។

ចៅ​​​ក្រម​​​ ងួន អ៊ីម បាន​​​មាន​​​ប្រសាសន៍​​​ថា “ឈ្មោះ មឿង សាមឿន កំពុង​​​គេច​​​​​​ខ្លួន​​​នៅ​​​​​​ឡើយ​​​។ មេធាវី​​​របស់​​​គាត់​​ [ជូ ចាន់​​​ធីរ៉ា] បាន​​​ចូលរួម​​​ក្នុង​​​សវនាការ​​​នេះ​​​” លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា លោក​​​​​​ មឿង សាមឿន គឺ​​​ជា​​​មន្ត្រី​​​​​​តែ​​​ម្នាក់​​​គត់​​​ក្នុង​​​ចំណោម​​​មន្ត្រី​​​ទាំង​​​១៤​​​រូប​​​ ដែល​​​សំណុំ​​​រឿង​​​​​​របស់​​​ខ្លួន​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ត្រឡប់​​​មក​​​កាន់​​​សាលា​​​ឧទ្ធរណ៍​​​​​​វិញ​​​សម្រាប់​​​ការ​​​ស៊ើប​​​​​​អង្កេត​​​បន្ថែម​​​ទៀត​​​​​​ បន្ទាប់ពី​​​​​​​​​តុលាការ​​​កំពូល​​​បាន​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​កាល​​​ពី​​​ខែ​​​មករា​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​កំពូល​បាន​បញ្ជូន​​​តែ​​​សំណុំ​​​រឿង​​​ មឿង សាមឿន ប៉ុណ្ណោះ​​​​​​ម​​​ក​​​កាន់​​​សាលា​​​ឧទ្ធរណ៍​​​វិញ​​​ រីឯ​​​សំណុំ​​​រឿង​​​ផ្សេង​​​ៗ​​​ទៀត​​​ត្រូវ​​​បាន​​​តុលាការ​​​កំពូល​​​​​​តម្កល់​​​ទុ​​​ក​​​ជា​​​បាន​​​ការ​​​រួច​​​ហើយ​​​”។ លោក​​​បាន​​​បន្ត​​​ថា សាលា​ឧទ្ធរណ៍​​​​នឹង​​​​​​ធ្វើ​​​សេចក្ដី​​​សម្រេច​​​លើ​​​សំណុំ​​​រឿង​​​លោក​​​ មឿង សា​​​មឿន នៅ​​​ថ្ងៃ​​​ទី​​​៣ ខែ​​​ធ្នូ។

ក្នុង​ចំណោម​មន្ត្រី​ទាំង​​​នោះ​​​​​​​​ ដែល​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​វែង​​​របស់​​​ខ្លួន​​​ត្រូវ​​​បាន​​​តម្កល់​​​ទុក​​​ជា​​​បាន​​​ការ​​​នោះ​​​​​​ គឺ​​​លោក​​​ ខាំ ឃឿន អតីត​​​អភិ​​​បាល​​​ខេត្ត​​​រតនគិរី​​​​​​ដែល​​​កំពុង​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​និង​​​ដែល​​​តាម​​​ពាក្យ​​​ចចាម​​​អារ៉ា​​​មថា កំពុង​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ​​​។ មន្ត្រី​​​ខេត្ត​​​ប្រាំបី​​​រូប​​​ផ្សេង​​​ទៀត​​​​​​​​​ត្រូវ​​​បាន​​​តុលា​​​ការ​​​​​​​​​ផ្ដន្ទាទោស​​​​​​កាលពី​​​ឆ្នាំ​​​២០០៦ ចំពោះ​​​តួនាទី​​​របស់​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ការ​​​​​​កាប់​​​ឈើ​​​​​​រាប់​​​ពាន់​​​ដើម​​​នៅ​​​ក្នុង​​​ឧទ្យានជាតិ​​​​​​ដាច់​​​ស្រយាល​​​នា​​​ពេល​​​នោះ​​​ ដែល​​​គេ​​​ស្គាល់​​​ថា ព្រៃ​​​កន្ទុយ​​​នាគ​​​ ហើយ​​​ដឹកជញ្ជូន​​​ឈើ​​​ទាំង​​​នោះ​​​ឆ្លង​​​ដែន​​​ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម​​​។

ប្រតិបត្តិការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​​​​ដ៏​​​ធំ​​​នេះ​​​រកឃើញ​​​ដោយ​​​​​​ធនាគារ​​​ពិភព​​​លោក​​​អំឡុង​​​ពេល​​​ហោះហើរ​​​​​​ឃ្លាំមើល​​​ពី​​​លើ​​​ឧទ្យាន​​​ជាតិ​​​នេះ​​​។ ធនាគារ​​​ពិភព​​​លោក​​​បាន​​​ផ្ដល់​​​ជំនួយ​​​ឥត​​​សំណង​​​ និង​​​ឥណទាន​​​ជិត​​​ប្រាំ​​​លាន​​​ដុល្លារ​​​​​​ដល់​​​កម្មវិធី​​​មួយ​​​សម្រាប់​​​ការពារ​​​ឧទ្យាន​​​ជាតិ​​​​​​ ដែល​​​មាន​​​ទំហំ​​​៣៣២​​​.៥០០​​​ហិកតា​​​នេះ​​​ ដែល​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​​​​ជា​​​ឧទ្យាន​​​បេតិកភណ្ឌ​​​​​​អាស៊ាន ប៉ុន្តែ​​​បច្ចុប្បន្ន​​​​​​កំពុង​​​ត្រូវ​​​បាន​​​កាប់​​​​​​បំផ្លាញ​​​​​​​​​ពី​​​សំណាក់​​​​​​បណ្ដា​​​ក្រុមហ៊ុន​​​​​​ដី​​​សម្បទាន​​​។

អ្នក​​​ដែល​​​ពាក់ព័ន្ធ​​​នៅក្នុង​​​រឿង​​​អាស្រូវ​​​កាប់​​​​​​ឈើ​​​នេះ​​​​​​មាន​​​ដូចជា​​​​​​​​​លោក​​​ មឿង សា​​​មឿន អតីត​​​ប្រធាន​​​យោធាខេត្ត​​​​​​ លោក​​​ ខាំ ខឿន អតីត​​​​​​អភិបាល​​​ខេត្ត​​​រតនគិរី​​​ លោក​​​ យឿង បាលូង អតីត​​​ស្នង​​​ការ​​​ លោក​​​ ខូយ​​​ សុខា ប្រធាន​​​ឧទ្យាន​​​​​​ជាតិ​​​វីរជ័យ លោក ផុន សុផាត​​​ អតីត​​​ប្រធាន​​​នគរបាល​​​ព្រំដែន​​​​​​និង​​​មន្ត្រី​​​រដ្ឋបាល​​​​​​ព្រៃ​​​ឈើ​​​​​​ជាន់​​​ខ្ពស់​​​មួយ​​​ចំនួន​​​ទៀត​​​។

ស្ទើ​រតែ​ទាំង​អស់​​​​ក្នុង​​​ចំណោម​​​មន្ត្រី​​​ទាំង​​​នេះ​​​បាន​​​​​​គេច​​​​​​ខ្លួន​​​ពី​​​ការ​​​ផ្ដន្ទាទោស​​​ ហើយ​​​បច្ចុប្បន្ន​​​​​​កំពុង​​​នៅ​​​ក្រៅ​​​ឃុំ​​​នៅ​​​ឡើយ​​​។ ព្រះរាជអាជ្ញា​​​បាន​​​​​​លើក​​​ឡើ​​​ង​​​អំឡុង​​​សវនា​​​​​​ការ​​​​​​ក្ដៅ​​​គគុក​​​មួយ​​​​​​កាលពី​​​ឆ្នាំ​​​២០០៦ថា អាជ្ញាធរ​​​ខេត្ត​​​បាន​​​ឃុបឃិត​​​គ្នា​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​​​​កាប់​​​ឈើ​​​វៀត​​​ណាម​​​​​​បង់​​​ប្រាក់​​​​​​មួយ​​​លាន​​​ដុល្លារ​​​ ដើម្បី​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ឧទ្យាន​​​ជាតិ​​​ការពារ​​​នេះ​​​៕ សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស