30 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​ស្ត្រីម្នាក់​ឲ្យ​ជាប់​ពន្ធ​នា​គារ​១៥ឆ្នាំ​ពី​បទ​អារក​សម្លាប់​បុរស​ស្លាប់មួយ​ចំហៀងខ្លួន​​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​ផ្តន្ទា​ទោស​ស្ត្រី​អាយុ​៣៣​ឆ្នាំ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៥​ឆ្នាំ ពី​បទ​សម្លាប់​បុរស​ស្លាប់​មួយ​ចំហៀង​ខ្លួនម្នាក់ មាន​ស្ថាន​ទម្ងន់​ទោស ​នៅពេល​ដែល​ស្ត្រី​រូប​នេះ​បាន​ប៉ុន​ប៉ង​ចូល​ប្លន់​ដល់ក្នុង​​ផ្ទះ​បុរស​​រូប​នេះ​នៅ​ក្នុង​ខណ្ឌ​៧មករា​។

លោកស្រី ចាំង ស៊ីណាត ចៅ​ក្រម​ប្រធាន​​ក្រុម​ប្រឹក្សា​ជំនំុ​ជម្រះ​បាន​មាន​ប្រសា​សន៍​ថា ស្ត្រីចុង​ចោទ​ឈ្មោះ ម៉ក់ វន្ធី ក៏​ត្រូវ​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ចំនួន​៣០​លាន​រៀល​ដល់​ក្រុមគ្រួសារ​បុរស​ឈ្មោះ ផាន់ សុផាណារ៉ា ដែល​មាន​អាយុ​២២​ឆ្នាំ កាល​ពី​ខែ​មេសា ឆ្នាំ​២០១២​ផង​ដែរ​ នៅ​ពេល​ដែល​ឈ្មោះ​ ម៉ក់ វន្ធី នេះ បាន​សម្រុក​ចូល​ផ្ទះ​របស់​បុរស​រូប​នេះ ហើយ​​យក​កាំបិត​អារក និង​​បាន​ចាក់​លើ​ដង​​ខ្លួនបុរសរូបនេះ​ជា​ច្រើន​កាំបិត។

លោក​ស្រី​មាន​ប្រសាសន៍​ថា “ តុលា​ការ​​បាន​ផ្តន្ទា​ទោស​ជន​សង្ស័យ​រូប​នេះ បន្ទាប់​ពី​រក​ឃើញ​ថា នាង​មាន​ពិរុទ្ធភាព​ពីបទ​​​មនុស្ស​ឃាតមាន​ស្ថាន​ទម្ងន់​ទោស​ ហើយ​បាន​បង្គាប់​​ឲ្យ​បង់​ប្រាក់​សំណង​ដល់​អ្នកស្រី ចាន់ បុប្ផាភួង ដែល​ត្រូវ​ជា​ម្តាយ​ជន​រង​គ្រោះ​ និង​ជា​ដើម​ចោទ​នៅ​ក្នុង​រឿង​ក្តី​នេះ”។

​ អំឡុង​សវនា​ការ​កាត់​ក្តី ឈ្មោះ វន្ធី បាន​សារភាព​ថា នាង​ពិត​ជា​បាន​សម្លាប់​ជន​រង​គ្រោះ ​ដែល​ជា​ក្មេង​ជំទង់​ស្លាប់​មួយ​ចំហៀង​ខ្លួន​ផ្នែក​ខាង​ឆ្វេងត្រឹម​ចង្កេះ​ចុង​ក្រោម​ ដោយសារ​តែ​ការ​​ព្យា​បាល​មិន​បាន​ត្រឹម​ត្រូវ​ ប៉ុន្តែ​បាន​និយាយ​ថា នាង​ធ្វើ​នេះ​ដើម្បី​ការ​ពារ​ខ្លួន​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​បុរស​​​រូប​នេះ​បាន​ប៉ុនប៉ង​ចាប់​រំលោភ​នាង​។ នាង​ក៏​បាន​សារភាព​ថា បាន​លួចយក​ទូរ​ទស្សន៍​មួយ​គ្រឿង​បន្ទាប់​ពី​សម្លាប់​បុរស​នេះ​រួច​ផង​ដែរ។

លោក ងួន វណ្ណារី មេ​ធាវី​ការ​ពារ​ក្តី​ដែល​ពីមុន​បាន​ស្នើ​ឲ្យ​ប្តូរ​បទ​ចោទ​ប្រកាន់​នេះ​ទៅ​ជា​បទ​មនុស្សឃាតដោយ​អចេត​នា​​នោះ បាន​​មាន​ប្រសាសន៍​ថា កូន​ក្តី​របស់​លោក​មិន​អាច​ទទួល​យក​សាល​ក្រម​នេះ​បាន​​ទេ ហើយក៏​មិន​អាច​រក​ប្រាក់​ដើម្បី​បង់​សំណង​បាន​ដែរ។ លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ពិភាក្សា​​ប្តឹង​ឧទ្ធរណ៍​នៅ​ពេល​ឆាប់​ៗ​នេះ ពីព្រោះ​ការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​នេះ​​ និង​ការ​ផ្តល់​សំណង​ជា​ប្រាក់​គឺ​វា​ច្រើន​ខ្លាំង​ណាស់​សម្រាប់​​កូន​ក្តី​របស់​ខ្ញុំ”។

នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​ បុរសឈ្មោះ សំ ជឿន អាយុ​៥០​ឆ្នាំ ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​​ពី​បទ​សម្លាប់​លោក ស៊្រី ឆាយ​គីម អាយុ​៦៣​ឆ្នាំ ជា​នាយក​សាលា​​ដែល​បាន​ហូរ​ឈាម​រហូត​ដល់​ស្លាប់ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ជន​ដៃ​ដល់​ចាក់​ត្រង់​ពោះ​នៅ​ក្រៅ​សាលា​បឋម​សិក្សា​ទួល​ស្លែង​ កាល​​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា។

ឈ្មោះ សំ ជឿន ដែល​កំពុង​សុំ​លុយ​សិស្ស​​នៅ​ខាង​ក្រៅ​សាលា​នេះ បាន​សារ​ភាព​​អំឡុង​​​សវនាការ​កាត់​ក្តី​កាល​ពី​ដើម​ខែ​នេះ​ថា ខ្លួន​ពិត​​ជា​បាន​ចាក់​ជន​រង​​គ្រោះ​ដោយ​អចេតនា​មែន ​ប៉ុន្តែ​បាន​និយាយ​ថា ខ្លួន​មាន​បំណង​ចង់​រារាំង​ការ​ព្យាយាមដោយ​ប្រើ​ពាក្យ​គំរោះ​គំរើយ​របស់​នាយក​សាលារូបនេះ​ដើម្បី​បណ្តេញ​គាត់​ឲ្យ​ចេញ​ពី​បរិវេណសាលា​តែ​ប៉ុណ្ណោះ។ ជន​នេះ​បាន​និយាយ​នៅ​ក្នុង​សវនា​ការ​ថា “ខ្ញុំ​បាន​គ្រវី​កាំបិត​ចុះឡើងៗ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចាក់​លោក ឆាយ​គីម ដោយ​ផ្ទាល់​ទេ​”។

លោក នាង ហៃ មេ​ធាវី​ការ​ពារ​ក្តី​បាន​មាន​​ប្រសាសន៍​​ថា “កូន​ក្តីរបស់​ខ្ញុំ​សារភាព​ថា បាន​ចាក់​ជន​រង​គ្រោះ​មែន ហើយ​មិន​បាន​សុំឲ្យ​ខ្ញុំ​ប្តឹង​ឧទ្ធរណ៍​អំពី​រឿង​ក្តី​នេះ​ទេ” បន្ទាប់​ពីការ​ផ្តន្ទា​ទោស៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស