26 C
Phnom Penh

តុលាការ​​​​​​បដិសេធការស៊ើបអង្កេតលើសំណុំរឿង​​​​​​​​​ពាក់​​​ព័ន្ធ​​​នឹ​​​ង​​​ការ​​​បាញ់​​​ប្រហារអំឡុងការតវ៉ា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និស្សិតម្នាក់​​​ ដែល​​​បាន​​​ដាក់ពាក្យ​​​បណ្ដឹង​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​​​​ ដើម្បីប្ដឹង​​​មេបញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​និង​​​ស្នង​​​ការ​​​​​​នគរបាល​​​រាជធានី​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បាញ់​​​ប្រហារ​​​​​​របស់​​​នគរបាល​​​​​​ ដែល​​​បណ្ដាលឲ្យ​​​មាន​​​អ្នក​​​ស្លាប់​​​អំឡុង​​​​​​ការ​​​តវ៉ា​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​​​​​​​រោង​​​ចក្រ​​​អេសអិល កាលពី​​​ថ្ងៃ​​​ទី​​​១២ ខែ​​​វិច្ឆិកា​​​ បាន​​​ និយាយ​​​ថា តុលាការ​​​​​​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​​​​ពាក្យ​​​បណ្ដឹង​​​​​​របស់​​​ខ្លួន​​​ឡើយ​​​។

និស្សិត​​​ នាង សុខុន អាយុ​​​២៥​​​ឆ្នាំ​​​​​​ជា​​​និស្សិត​​​ច្បាប់​​​បាន​​​និយាយ​​​ថា មន្ត្រី​​​តុលាការ​​​​​​ម្នាក់​​​បាន​​​ប្រាប់​​​ខ្លួន​​​ថា ពាក្យ​​​បណ្ដឹង​​​របស់​​​​​​គាត់​​​​​​ ដែល​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បាញ់​​​ប្រហារ​​​របស់​​​​​​នគរបាល​​​ ដោយ​​​​​​បណ្ដាល​​​ឲ្យ​​​អ្នក​​​លក់​​​បាយ​​​​​​តាម​​​ចិញ្ចើម​​​​​​ផ្លូវ​​​​​​ម្នាក់ឈ្មោះ  អេង​​​  សុខុម  ​​​​អាយុ​​​៤៩ឆ្នាំ​​​  ស្លាប់​​​ ត្រូវ​​​បាន​​​​​បញ្ជូន​​​ទៅកាន់នគរបាល​​​ជាតិ​​​ ដើម្បី​​​ធ្វើ​​​​​​ការ​​​ស៊ើប​​​អង្កេត​​​។

និស្សិត​​​ សុខុន​​​​​ ដែល​​​ក៏​​​ជា​​សមាជិក​​​នៃ​​​អង្គការ​​​យុវជន​​របស់​​​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​ដែរ​​​នោះ​​​​​​បាន​​​និយាយ​​​ថា “តុលាការ​​​​​​ហាក់បី​​​ដូចជា​​​មិន​​​អើពើ​​​​​​ចំពោះ​​​សំណុំ​​​រឿង​​​​​​របស់ខ្ញុំ​​​ ឡើយ​​​ ហើយ​​​ក៏​​​មិន​​​ចាត់​​​ទុក​​​ជា​​​រឿង​​​ធ្ងន់​​​ធ្ងរ​​​ដែរ​​​។ ពួកគេ​​​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះទៅកាន់​​​នគរបាល​​​ជាតិ​​​ ហើយ​​​​​​ពួកគេ​​​នឹង​​​រង់ចាំ​​​នគរបាល​​​ស៊ើប​​​អង្កេត​​​​​​មុន”។

និស្សិត​​​ សុខុន បាន​​​បន្ត​​​ថា “ខ្ញុំគិត​​​​​​ថា ពួក​​​គេ​​​កំពុង​​​តែ​​​ព្យាយាម​​​យក​​​​​​ពាក្យ​​​បណ្ដឹង​​​របស់​​​ខ្ញុំ​​​ទៅ​​​កប់​​​ចោល​​​ ប៉ុន្តែគាត់​​​មិន​​​យល់អំពី​​​ដំណើរ​​​ការ​​​របស់​​​តុលាការ​​​​​​ឡើយ​​​”។  និស្សិត សុខុន បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​តុលាការ​​​​​​បាន​​​ត្រឹម​​​តែ​​​ប្រាប់​​​ខ្លួន​​​ថា  បាន​​បញ្ជូន​​​សំណុំ​​​រឿង​​​របស់​​​ខ្លួន​​​ ដែល​​​​​​ត្រូវ​​​បាន​​​​​​​​​ប្ដឹង​​​ពី​​​រ​​​ថ្ងៃបន្ទាប់ពី​​​​​​កើត​​​មាន​​​ការ​​​បាញ់ប្រហារ​​​តែ​​​ប៉ុណ្ណោះ​​​ នៅ​​​ពេលគាត់​​​​​​​​​បាន​​​ទៅ​​​តុលាការ​​​សួរ​​​នាំ​​​អំពី​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​។

លោក​​​ សុខ រឿន ព្រះរាជអាជ្ញារង​​​​​​អម​​​សាលា​​​ដំបូង​​​​​​​​​រាជធានី​​​បាន​​​លើក​​​ឡើង​​​ថា តាម​​​ពិត​​​ទៅ​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​បន្ត​​​ទៅ​​​កាន់​​​​​​ក្រសួង​​​មហាផ្ទៃ​​​បាត់​​​ទៅ​​​ហើយ ​​ ហើយ ​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ​​​។ អ្នក​​​នាំពាក្យ​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​នគរ​​​​​​បាល​​​ជាតិ​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ឡើយ​​​។

លោក​​​ យឹម សុវណ្ណ អ្នកនាំពាក្យគណ​​​បក្សសង្គ្រោះ​​​ជាតិ​​​បាន​​​និយាយ​​​ថា អ្នក​​​ស៊ើប​​​អង្កេត​​​នៅ​​​សា​​​​​​លា​​​ដំបូង​​​​​​រាជធានី​​​​​​ជា​​​អ្នក​​​​​​មាន​​​​​​កតព្វកិច្ច​​​​​​ត្រូវ​​​​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​សំណុំ​​​រឿង​​​នេះ​​​ មិន​​​មែន​​​នគរ​​​បាល​​​ជាតិ​​​ឬ​​​ក៏​​​ក្រសួង​​​មហាផ្ទៃ​​​នោះ​​​ទេ ព្រោះ​​​ពាក្យ​​​បណ្ដឹង​​​ប្ដឹង​​មេ​​​បញ្ជា​​​ការ​​​​​​កងរាជ​​​អាវុធ​​​ហត្ថ និង​​​ស្នង​​​ការ​​​​​​​​​នគរ​​​បាល​​​​​​រាជធានី​​​​​​ជា​​​ប់ពាក់ព័ន្ធ​​​នឹង​​​បទ​​​ឧក្រិដ្ឋ​​​។

ពាក្យ​​​បណ្ដឹ​​​ង​​​​​​របស់​​​និស្សិត​​​ សុខុន ប្ដឹង​​​លោក​​​​​​ ជួន សុវណ្ណ ស្នង​​​ការ​​​​​​នគរបាល​​​រាជធានី​​​ និង​​​​​​ឧត្តម​​​សេនីយ៍​​​ឯក រ័ត្ន​​​ ស៊្រាន មេបញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​រាជធានី​​​ដោយ​​​យោង​​​តាម​​​​​​មាត្រា​​​២០៤​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​។ គួរ​​​រំឭកថា មាត្រា​​​២០៤​​​នៃ​​​ក្រម​​​ព្រហ្ម​​​ទណ្ឌ​​​មាន​​​ចែង “​​​ពី​​​បទ​​​ឃាតកម្ម​​​ប្រព្រឹត្ត​​​ដោយ​​​អ្នក​​​រាជការ​​​សាធារណៈ [ត្រូវ​​​ផ្ដន្ទាទោស​​​ដាក់ពន្ធនាការ​​​​​​ពី​​​១៥​​​ឆ្នាំ​​​ទៅ​​​៣០​​​ឆ្នាំ​​​] កាល​​​បើ​​​​​​អំពើ​​​នេះ​​​ត្រូវ​​​បានប្រព្រឹត្ត​ដោយ​​​អ្នករាជ​​​ការ​​​​​​សាធារណៈ​​​នៅក្នុង​​​ក្រប​​​ខ័ណ្ឌ​​​នៃមុខងារ​​​ ឬ​​​នៅ​​​ ក្នុង​​​ឱកាសនៃការ​​​បំពេញ​​​មុខ​​​ងារ​​​របស់​​​ខ្លួន​​​”។​​​

ជន​​​រងគ្រោះ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​អស់​​​ដែល​​​រង​​​ការ​​​​​​បាញ់​​​ប្រហារ​​​​​​ពី​​​សំណាក់​​​នគរបាល​​​​​​ ឈ្មោះ​​​ ទី សុផាណិត​​​​​​ អាយុ​​​៣១​​​ឆ្នាំ​​​ ដែល​​​​​​ត្រូវ​​​គ្រាប់​​​​​​ចំជើង​​​និង​​​ដៃ​​​​​​បាន​​​និយាយ​​​ថា មាន​​​មនុស្ស​​​ពីរ​​​នាក់​​​ ម្នាក់​​​ស្លៀក​​​ពាក់​​​ស៊ីវិល និង​​​ម្នាក់ទៀត​​​​​​ពាក់​​​ឯក​​​សណ្ឋាន​​​នគរបាល​​​ជាតិ​​​​​​បាន​​​​​​មក​​​​​​បន្ទប់​​​របស់​​​​​​គាត់​​​​​​នៅ​​​មន្ទីរពេទ្យ​​​មិត្តភាព​​​​​​ខ្មែរ-សូវៀត​​​ នៅ​​​ប្រហែល​​​ម៉ោង​​​​​​៣​​​រសៀល​​​កាលពី​​​ម្សិល​​​មិញ​​​។

លោក​​​ សុផាណិត​​​ បាន​​​និយាយ​​​ថា “ពួ​​​កគេ​​​​​​បាន​​​សួរ​​​នាំ​​​ពី​​​អត្តសញ្ញាណ​​​របស់​​​ខ្ញុំ​​​ និង​សួរ​​​រក​​​គ្រាប់​​​កំាភ្លើង​​​។ ពួក​​​គេ​​​បាន​​​យក​​​លេខ​​​ទូរស័ព្ទ​​​របស់​​​ខ្ញុំ​​​ ហើយ​​​បាន​​​​​​ឲ្យ​​​ខ្ញុំ​​​ផ្ដិត​​​មេដៃ​​​នៅ​​​លើ​​​របាយការណ៍ ដោយ​​​ពួក​​​គេ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ខ្លួន​​​មក​​​នេះ​​​​​​គឺ​​​ដើម្បី​​​​​​ធ្វើ​​​របាយការណ៍​​​ដែល​​​បាន​​​​​​កើតឡើង​​​​​។ ខ្ញុំ​​​ព្រួយបារម្ភ​​​អំពី​​​សុវត្ថិ​​​ភាព​​​របស់​​​ខ្ញុំ​​​បន្ទាប់​​​ពី​​​នគរបាល​​​បានមក​​​សួរ​​​នាំ​​​ខ្ញុំ​​​អំពី​​​ហេតុ​​​ការណ៍​​​នេះ​​​”។

រីឯបទ​​​បញ្ជា​​​រដ្ឋា​​​ភិបាល​​​កាលពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​វិច្ឆិកា​​​ ដែល​​​បាន​​​​​​បញ្ជា​​​ឲ្យ​​​រោងចក្រ​​​កាត់​​​ដេរ​​​អេស​​​អិល​​​ប្រគល់​​​ការងារ​​​ឲ្យ​​​សកម្មជន​​​សហជីព​​​ទាំង​​​១៩​​​នាក់​​​ ដែល​​​ខ្លួន​​​បាន​​​បណ្ដេញ​​​ ចេញ​​​វិញ​​​ ត្រឹម​​​រយៈ​​​ពេល​​​១៥​​​ថ្ងៃ​​​  បើ​​​ពុំ​​​ដូច្នោះ ​​​​​​ទេ​​​​​​នឹង​​​ត្រូវ​​​ប្រឈម​​​​​​​​​នឹង​​​វិធាន​​​ការ​​​ដាក់ ទោស ទណ្ឌ​​​ ក៏​​​នៅ​​​មិន​​​ទាន់​​​​​​ដោះស្រាយ​​​នៅ​​​ឡើយ​​​ដែរ​​​កាលពី​​​ម្សិល​​​​​​មិញ នេះ​​​បើ​​​យោង​​​តាម​​​​​​ការ​​​ឲ្យ​​​ដឹង​​​​​​របស់​​​​​​សម្ពន្ធ​​​សហជីព​​​​​​ប្រជាធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​​​​​​​កម្ពុជា​​​​​​ហៅ​​​កាត់​​​ថា ស៊ីខៅឌូ។

លោក​​ ឱម មៀន​​​ រដ្ឋ​​​លេខាធិការ​​​​​​នៅ​​​ក្រសួង​​​​​​​​​ ការងារ​​​បាន​​​លើ​​​ក​​​ឡើង​​​ម្ដង​​​ទៀត​​​ថា បទបញ្ជា​​​នេះ​​​​​​​​​នឹង​​​ត្រូវ​​​អនុវត្តប្រសិន​​​បើ​​​​​​ចាំបាច់​​​​​​។ លោក​​​​​​ បាន​​​ថ្លែង​​​​​​ថា “ប្រសិន​​​​​​​​​បើ​​​​​​ក្រុមហ៊ុន​​​នៅ​​​តែ​​​បដិ​​​សេធ​​​មិន​​​ប្រគល់​​​ការងារ​​​ឲ្យ​​​​​​ពួក​​​គេ​​​វិញ​​​ យើង​​​នឹង​​​ចាត់​​​វិធាន​​​ការទី​​​២​​​​​​ដើម្បីអនុវត្ត​​​ច្បាប់​​​”។ លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ប្រាប់​​​អំពី​​​ថា តើ​​​ក្រសួង​​​នឹង​​​អនុវត្ត​​​​​​បទ​​​បញ្ជា​​​នោះ​​​​​​​​​យ៉ាង​​​ដូច​​​ម្ដេច​​​នោះ​​​ទេ​​​៕ ស៊ុយឈាង​​​

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Alex Willemyns)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស