31 C
Phnom Penh

សាលារាជធានី​ភ្នំពេញ​អនុម័ត​យល់ព្រម​ចំពោះ​គម្រោង​បង្កើត​ខណ្ឌ​ថ្មី​ចំនួន​ប្រាំ​ទៀត​ក្នុង​រាជ​ធានី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា កាលពី​ថ្ងៃច័ន្ទ ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​ហត្ថលេខា​ឲ្យ​មាន​ការ​​បង្កើត​ខណ្ឌ​ថ្មី​ចំនួន​ប្រាំ​ទៀត​​ក្នុង​រាជ​ធានី​​ ហើយ​ឥឡូវ​​នេះ​នឹង​បញ្ជូន​សំណើ​នេះ​ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បីសុំ​ការ​ពិនិត្យ​កែ​សម្រួល។

គម្រោង​បង្កើត​ខណ្ឌ​ថ្មី​ទាំង​នេះ​ ដែល​នឹង​កាត់​ចេញ​ពី​ខណ្ឌ​ទាំង​ប្រាំបួន​ដែលមាន​ស្រាប់​​នោះ ត្រូវ​បាន​ប្រកាស​ដោយ​សា​លា​រាជ​ធានី​ភ្នំពេញ​កាល​ពី​ដើម​ខែ​នេះ ដោយ​លោក​ ឡុង ឌីម៉ង់ បាន​មាន​ប្រសាស​ន៍​ថា គម្រោង​​នេះ​នឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត្ ក្រុង​ ស្រុក ខណ្ឌ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា។

លោក ឡុង ឌីម៉ង់ បាន​មាន​ប្រសា​សន៍​ថា “សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី​បាន​យល់​ស្រប​ជាមួយ​គម្រោង​បង្កើត​ខណ្ឌ​ថ្មី​ទាំង​ប្រាំ​នេះ ហើយ​យើង​កំពុង​រៀប​ចំ​ដាក់​សំណើ​នេះ​ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​ការ​ពិនិត្យ​កែ​សម្រួល​”។ លោក​បាន​បន្ថែម​ថា ប្រសិន​បើ​ក្រសួង​មហា​ផ្ទៃ​មិន​បាន​អនុម័ត​យល់​ព្រម​ឲ្យ​បង្កើត​ខណ្ឌ​ថ្មី​ទាំង​នេះមុន​ខែឧសភា ឆ្នាំ​ក្រោយ​ទេ​នោះ ការ​បំបែក​​ខណ្ឌ​ថ្មី​ទាំង​នេះ​មិន​អាច​ធ្វើ​បាន​ទេ​ រហូត​ដល់​ការ​បោះ​ឆ្នោត​លើក​ក្រោយ​​នៅ​ឆ្នាំ​២០១៩។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​តែ​បង្កើត​ខណ្ឌ​ថ្មី​ទាំង​នេះ​ឲ្យ​បាន​មុន​ការ​បោះ​​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ រាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ ពី​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​រដ្ឋ​បាល​មានភាពងាយ​ស្រួល​ជាង​មុន”។ លោក ឡុង ឌីម៉ង់ បាន​មាន​ប្រសា​សន៍​ថា លោក​មិនមាន​ព័ត៌​មាន​បន្ថែម​អំពី​ឈ្មោះ​ខណ្ឌ​​ថ្មី​ទាំងនេះ​ទេ​។ លោក​បាន​ថ្លែង​ថា សមា​ជិក​ក្រុម​ប្រឹក្សា​បាន​យល់​ស្រប​ថា ខណ្ឌ​ថ្មីទាំង​នេះ​​នឹង​ត្រូវ​បង្កើត​​ដោយ​កាត់​សង្កាត់​មួយ​ចំនួន​​ចេញ​ពី​ខណ្ឌ​មាន​ជ័យ ខណ្ឌ​ឫស្សី​កែវ ខណ្ឌ​ចំការ​មន​​ ខណ្ឌ​ទួល​គោក ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​​ដង្កោ។

ការ​កំណត់​ព្រំ​ប្រទល់​ខណ្ឌ​ឡើងវិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ ដែល​គេ​នឹង​ឃើញ​ថា សមា​ជិក​ក្រុម​ប្រឹក្សា​សង្កាត់​ចំនួន​៨១០រូប​នៅ​ក្នុង​រាជ​ធានី នឹង​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​​សមាជិក​ក្រុម​ប្រឹក្សា​ថ្មី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កែ​ប្រែ​ព្រំ​ប្រទល់​រដ្ឋ​បាល​របស់​រាជធានីធំ​បំផុ​ត​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​រ៍​មក​នេះ។ ខណ្ឌ​សែន​សុខ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩ ចំណែក​ឯ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១១ ដោយ​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោតពិសេស​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​នៅ​ក្នុង​ខណ្ឌ​ ដើម្បី​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​​របស់​ខ្លួន។

លោក សុន ឆ័យ សមា​ជិក​សភា​ជាន់​ខ្ពស់​​គណ​បក្ស​សង្គ្រោះ​ជាតិ ​មាន​ប្រសា​សន៍​​កាល​ពី​សប្តាហ៍​មុន​ថា គម្រោង​កំណត់​ព្រំ​ប្រទល់​ខណ្ឌ​ឡើង​វិញ​នេះ ទំនង​ជា​ការ​ព្យា​យាម​បំបែក​​ព្រំ​ប្រទល់​ខណ្ឌ​នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​ខែ​ឧសភា ដើម្បី​ធានា​​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ទទួល​បាន​តួ​នាទី​សមា​ជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​ច្រើន​​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ។

លោក ឡុង ឌី​ម៉ង់ បាន​មាន​ប្រសា​សន៍​កាល​ពី​ម្សិល​មិញ​ថា គម្រោង​នេះ​គឺ​ក្នុង​គោល​​បំណង​រដ្ឋ​បាល​សុទ្ធ​សាធ  ហើយ​មិន​មាន​បំណង​​បង្កើន​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​​ខណ្ឌ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទេ។ លោក​បាន​បន្ថែមថា “យើង​បង្កើត​ខណ្ឌ​ថ្មី​ទាំង​នេះ គឺ​ដើម្បី​​ពង្រឹង​សេវា​កម្ម​សាធារណៈ និង​សន្តិ​សុខ​នៅ​ក្នុង​រាជ​ធានី។ វាជា​បញ្ហា​រដ្ឋ​បាល​ មិន​ទាក់​ទង​នឹងបញ្ហា​នយោ​បាយ​ឡើយ”។

លោក គួច ចំរើន អភិបាល​ខណ្ឌ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​តួ​នាទី​ក្រុម​ប្រឹក្សា​ថ្មី គឺ​ជា​រឿង​វិជ្ជ​មាន។ លោក​បាន​មាន​ប្រសាសន៍​ថា “វា​នឹង​ផ្តល់​ការ​ងារ​បន្ថែម​ទៀត​​ដល់​មន្ត្រី​រាជ​ការ​របស់​យើង… ហើយ​វា​ជា​ការ​​ល្អ​ក្នុង​ការ​ផ្តល់​សេវា​កម្មដល់ប្រជា​ពល​រដ្ឋ​”។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ការ​ផ្តោត​​ទៅ​លើ​ការ​បង្កើត​តួ​នាទី​ថ្មី​ សម្រាប់​មន្ត្រី​គណ​បក្ស​ប្រជា​ជន​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “ អ្វី​ដែល​គេគួរ​ធ្វើ​ក្នុង​ពេល​នេះ គឺ​ទប់​ស្កាត់​អំពើ​ពុក​រលួយ និង​កាត់​បន្ថយ​ការិយា​ធិប​តេយ្យ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ប្រសិនអ្នក​​យល់​ព្រម​ឲ្យ​បង្កើត​ខណ្ឌ​ថ្មី​ប្រាំ​ទៀត និង​បង្កើត​សមាជិក​ក្រុម​ប្រឹក្សា​ថ្មី​ទៀត​នោះ អ្នក​នឹង​បង្កើត​ឲ្យ​មាន​ការិយា​ធិប​តេយ្យ​ និង​អំពើ​ពុក​រលួយ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត”៕ សារុន

(រាយការណ៍​បន្ថែម​ដោយ Alex Willemyns)​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស