លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា កាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សារាជធានីភ្នំពេញបានចុះហត្ថលេខាឲ្យមានការបង្កើតខណ្ឌថ្មីចំនួនប្រាំទៀតក្នុងរាជធានី ហើយឥឡូវនេះនឹងបញ្ជូនសំណើនេះទៅក្រសួងមហាផ្ទៃដើម្បីសុំការពិនិត្យកែសម្រួល។
គម្រោងបង្កើតខណ្ឌថ្មីទាំងនេះ ដែលនឹងកាត់ចេញពីខណ្ឌទាំងប្រាំបួនដែលមានស្រាប់នោះ ត្រូវបានប្រកាសដោយសាលារាជធានីភ្នំពេញកាលពីដើមខែនេះ ដោយលោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា គម្រោងនេះនឹងត្រូវបញ្ចប់ឲ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត្ ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី១៨ ខែឧសភា។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “សមាជិកក្រុមប្រឹក្សារាជធានីបានយល់ស្របជាមួយគម្រោងបង្កើតខណ្ឌថ្មីទាំងប្រាំនេះ ហើយយើងកំពុងរៀបចំដាក់សំណើនេះទៅក្រសួងមហាផ្ទៃដើម្បីសុំការពិនិត្យកែសម្រួល”។ លោកបានបន្ថែមថា ប្រសិនបើក្រសួងមហាផ្ទៃមិនបានអនុម័តយល់ព្រមឲ្យបង្កើតខណ្ឌថ្មីទាំងនេះមុនខែឧសភា ឆ្នាំក្រោយទេនោះ ការបំបែកខណ្ឌថ្មីទាំងនេះមិនអាចធ្វើបានទេ រហូតដល់ការបោះឆ្នោតលើកក្រោយនៅឆ្នាំ២០១៩។
លោកបានមានប្រសាសន៍ថា “យើងត្រូវតែបង្កើតខណ្ឌថ្មីទាំងនេះឲ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពីព្រោះវានឹងធ្វើឲ្យការគ្រប់គ្រងរដ្ឋបាលមានភាពងាយស្រួលជាងមុន”។ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា លោកមិនមានព័ត៌មានបន្ថែមអំពីឈ្មោះខណ្ឌថ្មីទាំងនេះទេ។ លោកបានថ្លែងថា សមាជិកក្រុមប្រឹក្សាបានយល់ស្របថា ខណ្ឌថ្មីទាំងនេះនឹងត្រូវបង្កើតដោយកាត់សង្កាត់មួយចំនួនចេញពីខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។
ការកំណត់ព្រំប្រទល់ខណ្ឌឡើងវិញនៅមុនការបោះឆ្នោត ដែលគេនឹងឃើញថា សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន៨១០រូបនៅក្នុងរាជធានី នឹងទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្មីបង្ហាញឲ្យឃើញពីការកែប្រែព្រំប្រទល់រដ្ឋបាលរបស់រាជធានីធំបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។ ខណ្ឌសែនសុខត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ចំណែកឯខណ្ឌពោធិ៍សែនជ័យ បានបង្កើតឡើងកាលពីឆ្នាំ២០១១ ដោយតម្រូវឲ្យមានការបោះឆ្នោតពិសេសដោយសមាជិកក្រុមប្រឹក្សាសង្កាត់នៅក្នុងខណ្ឌ ដើម្បីជ្រើសរើសក្រុមប្រឹក្សារបស់ខ្លួន។
លោក សុន ឆ័យ សមាជិកសភាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍កាលពីសប្តាហ៍មុនថា គម្រោងកំណត់ព្រំប្រទល់ខណ្ឌឡើងវិញនេះ ទំនងជាការព្យាយាមបំបែកព្រំប្រទល់ខណ្ឌនៅមុនការបោះឆ្នោតនៅខែឧសភា ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជាទទួលបានតួនាទីសមាជិកក្រុមប្រឹក្សាខណ្ឌច្រើនសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍កាលពីម្សិលមិញថា គម្រោងនេះគឺក្នុងគោលបំណងរដ្ឋបាលសុទ្ធសាធ ហើយមិនមានបំណងបង្កើនចំនួនសមាជិកក្រុមប្រឹក្សាខណ្ឌរបស់គណបក្សប្រជាជនកម្ពុជាទេ។ លោកបានបន្ថែមថា “យើងបង្កើតខណ្ឌថ្មីទាំងនេះ គឺដើម្បីពង្រឹងសេវាកម្មសាធារណៈ និងសន្តិសុខនៅក្នុងរាជធានី។ វាជាបញ្ហារដ្ឋបាល មិនទាក់ទងនឹងបញ្ហានយោបាយឡើយ”។
លោក គួច ចំរើន អភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ថា ការបង្កើតតួនាទីក្រុមប្រឹក្សាថ្មី គឺជារឿងវិជ្ជមាន។ លោកបានមានប្រសាសន៍ថា “វានឹងផ្តល់ការងារបន្ថែមទៀតដល់មន្ត្រីរាជការរបស់យើង… ហើយវាជាការល្អក្នុងការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋ”។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការផ្តោតទៅលើការបង្កើតតួនាទីថ្មី សម្រាប់មន្ត្រីគណបក្សប្រជាជនគឺជារឿងមិនត្រឹមត្រូវឡើយ។
លោកបានមានប្រសាសន៍ថា “ អ្វីដែលគេគួរធ្វើក្នុងពេលនេះ គឺទប់ស្កាត់អំពើពុករលួយ និងកាត់បន្ថយការិយាធិបតេយ្យ ប៉ុន្តែ ផ្ទុយទៅវិញប្រសិនអ្នកយល់ព្រមឲ្យបង្កើតខណ្ឌថ្មីប្រាំទៀត និងបង្កើតសមាជិកក្រុមប្រឹក្សាថ្មីទៀតនោះ អ្នកនឹងបង្កើតឲ្យមានការិយាធិបតេយ្យ និងអំពើពុករលួយកាន់តែច្រើនឡើងថែមទៀត”៕ សារុន
(រាយការណ៍បន្ថែមដោយ Alex Willemyns)