28 C
Phnom Penh

អតីតរជ្ឋមន្ត្រីក្រសួងបរិស្ថាននិយាយថា ការ​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​​​​​​​នៅ​​​រតនគិរី​​​ជា​​​ការ​​​បំផ្លើស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​​​ លោក​​​ ម៉ុក​​​​​​ ម៉ារ៉េត អតីត​​​រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​បរិស្ថាន​​​​​​​​​បា​​​ន​​​ចោទ​​​​​​ប្រកាន់​​​​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​​​​ថា “មួល​​​បង្កាច់​​​ការ​​​ពិត​​​”​​​ នៅក្នុង​​​ការ​​​ធ្វើ​​​សេចក្ដី​​​រាយការណ៍​​​​​​​​​អំពីការ​​​កាប់​​​ឈើ​​​​​​ខុស​​​ច្បាប់​​​​​​នៅក្នុង​​​ខេត្ត​​​រតន​​​គិរី​​​ ទី​​​ដែល​​​​​​បណ្ដា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​និង​​​​​​អ្នក​​​ឃ្លាំ​​​មើល​​​ព្រៃឈើ​​​ឯករាជ្យ​​​​​​លើក​​​ឡើង​​​ថា បរិស្ថាន​​​​​​​​​ធម្ម​​​ជាតិ​​​​​​​​​កំពុង​​​រង​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​​​​ ហើយ​​​​​​​​​បណ្ដា​​​សហគមន៍​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​​​​ត្រូវ​​​បាន​​​​​​ជន​​​កាប់​​​ឈើ​​​​​​ខុស​​​ច្បាប់​​​​​​ និង​​​បណ្ដា​​​ក្រុម​​​ហ៊ុន​​​កសិ​​​ឧស្សាហកម្ម​​​ធ្វើ​​​ឲ្យ​​​កាន់​​​តែ​​​ក្រីក្រ​​​ទៅ​​​ៗ​​​។

នៅ​​​ក្នុង​​​លិខិត​​​មួយ​​​​​​​​​ចុះ​​​កាល​​​បរិច្ឆេទ​​​​​​ម្សិល​​​មិញ​​​​​​ លោក​​​ ម៉ុក ម៉ារ៉េត​​​ សមាជិក​​​សភា​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ ដែល​​​បច្ចុប្បន្ន​​​​​​ជា​​​ប្រធាន​​​​​​​​​គណៈកម្មការ​​​ទី៣​​ទទួល​​​បន្ទុក​​​បរិស្ថាន​​​និង​​​ធនធាន​​​ទឹក​​​នៃ​​​រដ្ឋសភា​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ការ​​​ចុះ​​​ផ្សាយ​​​​​​​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​​​​ អំពីការ​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​​​​នៅ​​​ភាគ​​​​​​ឦសាន​​​ក៏​​​បាន​​​បំផ្លើស​​​មតិ​​​សាធារណ​​​ជន​​​​​​​​​ផង​​​ដែរ​​​ ជា​​​ពិសេស​​​យុវជន​​​​​​ចំពោះ​​​​​​ភាព​​​ជោគជ័យ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ជំរុញ​​​ការ​​​អភិរក្ស និង​​​ការ​​​វិនិយោគ​​​​​​នៅ​​​​​​ជាយ​​​តំបន់​​​អភិ​​​រក្ស ដើម្បី​​​ផល​​​ប្រយោជន៍​​​ប្រទេស​​​ជាតិ​​​ និង​​​ប្រជាពល​​​រដ្ឋ​​​”។

បណ្ដា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើកឡើង​​​ថា កម្រិត​​​​​​នៃ​​​ការ​​​កាប់​​​ឈើ​​​​​​ពី​​​សំណាក់​​​​​​អ្នក​​​មាន​​​ដី​​​សម្បទាន​​​ឯកជន​​​​​​នៅទូទាំង​​​ប្រទេស​​​ បាន​​​កើន​​​ឡើង​​​ខ្លាំង​​​ក្នុង​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​​​​។ កាលពីដើមខែ​​​នេះ​​​ មន្ត្រី​​​មូលដ្ឋាន​​​ក្នុង​​​ស្រុក​​​លំផាត់​​​ ខេត្ត​​​រតនគិរី​​​​​​បាន​​​រក​​​ឃើញ​​​​​​ឈើ​​​ប្រណិត​​​​​​រាប់​​​​​​ពាន់​​​ដុំ​​​​​​ស្ដប់​​​ទុក​​​នៅ​​​រោង​​​អាឈើ​​​​​​មួយ​​​ក្នុង​​​​​​តំបន់ដី​​​សម្បទាន​​​​​​​​​គ្រប់​​​គ្រង​​​​​​ដោ​​​យ​​​ក្រុមហ៊ុន​​​ដូនពេញ អាហ្គ្រីកូ ខូអិលធីឌី។

មន្ត្រី​​​ស្រុក​​​​​​និង​​​ឃុំ​​​​​​លើក​​​ឡើង​​​ថា ខ្លួនគ្មាន​​​អំណាច​​​​​​​​​បញ្ឈប់​​​​​​ការ​​​កាប់​​​ឈើ​​​​​​​​​បែប​​​នេះ​​​​​​ ដែល​​​​​​ពួក​​​គេ​​​​​​ចោទ​​​ប្រកាន់​​​ថា កើតមាន​​​នៅ​​​ខាង​​​ក្រៅ​​​​​​តំបន់ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ផ្លូវ​​​ការ​​​​​​ទំហំ​​​​​​៨.៨២៥​​​​​​ហិកតា​​​​​​របស់ក្រុមហ៊ុន​​​នេះ​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វព្រៃ​​​លំផាត់​​​ឡើយ​​​។

លោក​​​ ប៉ាវ ហមផាន អភិបាល​​​ខេត្តរតន​​​គិរី​​​បាន​​​បកស្រាយ​​​ពី​​​ការ​​​កាប់​​​ឈើ​​​នេះ​​​ ដោយ​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​អាហ្គ្រីកូ ខូអិល​​​ធីឌី ទទួល​​​បាន​​​ដី​​​សម្បទាន​​​​​​ “ក្រៅ​​​​​​ផ្លូវ​​​ការ” ជា​​​លើក​​​ទី​​​២​​​ នៅ​​​ទីតាំង​​​​​​មួយ​​​ផ្សេង​​​ទៀត​​​​​​ក្នុង​​​​​​ដែន​​​ជម្រក​​​សត្វព្រៃ​​​នេះ។ នៅ​​​ក្នុងលិខិត​​​របស់​​​លោក​​​កាលពី​​​ម្សិល​​​មិញ​​​ លោក​​​ ម៉ុក ម៉ារ៉េត ដែល​​​​​​អតីត​​​​​​ក្រសួង​​​របស់​​​លោក​​​​​​ជា​​​អ្នក​​​ទទួល​​​ខុសត្រូវ​​​ចំពោះ​​​ការ​​​អនុញ្ញាត​​​​​​ផ្ដល់​​​ដី​​​សម្បទាន​​​​​​​​​នៅក្នុង​​​​​​តំបន់​​​អភិរក្ស​​​ដូចជា​​​នៅ​​​ក្នុង​​​​​​ដែន​​​ជម្រក​​​សត្វព្រៃ​​​លំផាត់​​​ជា​​​ដើម​​​នោះ​​​ បាន​​​អះអាង​​​ថា រដ្ឋាភិបាល​​​​​​កំពុង​​​តែ​​​ការពារ​​​ព្រៃ​​​ឈើ​​​ ស្រប​​​គ្នា​​​នឹង​​​ការ​​​​​​ជំរុញ​​​កំណើន​​​សេដ្ឋកិច្ច​​​ផង​​​ដែរ​​​។

អតីត​​​រដ្ឋមន្ត្រី​​​​​​រូប​​​នេះ​​​​​​បាន​​​សរសេរ​​​ថា “នៅ​​​​​​ក្នុង​​​ការ​​​គ្រប់គ្រង​​​ និង​​​ប្រើប្រាស់ធនធាន​​​ធម្ម​​​ជាតិ​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​សេដ្ឋកិច្ច រដ្ឋាភិ​​​បាល​​​កម្ពុជា​​​ ​​​បាន​​​គិត​​​គូ​​​រពី​​​​​​ប្រសិទ្ធ​​​ភាព​​​សេដ្ឋកិច្ច​​​  ការ​​​ការពារ​​​បរិស្ថាន​​​ ការ​​​គ្រប់គ្រង​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​ធនធាន​​​ធម្មជាតិ​​​​​​ប្រកប​​​ដោយ​​​ភាព​​​​​​​​​ឆ្លាត​​​វៃ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា មហិច្ឆិតា​​​គោល​​​នយោបាយ​​​​​​​​​ដក​​​ហូត​​​​​​​​​ដី​​​សម្បទាន​​​​​​សម្រាប់​​​​​​​​​កសិឧស្សាហកម្ម​​​ ទេស​​​ចរណ៍​​​ធម្មជាតិ​​​ តំបន់​​​សេដ្ឋកិច្ចពិសេស​​​ និង​​​​​​​​​មណ្ឌល​​​រមណីយដ្ឋាន​​​ គឺ​​​ជា​​​ការ​​​ខាត​​បង់​​​សម្រាប់​​​ប្រទេស​​​ជាតិ​​​”។

លោក​​​ ម៉ុក ម៉ារ៉េត មិន​​​បាន​​​លើក​​​ឡើង​​​ពី​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត់​​​ទេ​​​នៅ​​​ក្នុង​​​លិខិត​​​របស់​​​លោក​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​ លោក​​​បាន​​​លើក​​​​​​ឡើង​​​ថា ក្រុមហ៊ុន​​​ដែល​​​ធ្វើ​​​ប្រតិបត្តិ​​​ការ​​​នៅ​​​ក្នុង​​​តំបន់​​​អភិរក្ស​​​មួយ​​​ផ្សេង​​​ទៀត​​​​​​ គឺ​​​ឧទ្យាន​​​ជាតិ​​​វីរជ័យ​​​ ដែលមាន​​​ទំហំ​​​៣៣២​​​.៥០០​​​ហិក​​​តា​​​​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​កំពុង​​​បង្ក​​​ផល​​​ប៉ះពាល់​​​តិច​​​តួច​​​ ដល់​​​បរិស្ថាន​​​ធម្មជាតិ​​​។

បណ្ដា​​​ក្រុមហ៊ុន​​​ដីសម្បទាន​​​ “គ្រាន់​​​តែ​​​កាប់​​​​​​បំផ្លាញ​​​ដើម​​​ឈើ​​​នៅ​​​សេស​​​សល់​​​​​” ពី​​​ដី​​​សម្ប​​​ទាន​​​របស់​​​ពួក​​​គេប៉ុណ្ណោះ​​​​​​​ ហើយ​​​ “ឈូស​​​ឆាយ​​​​​​​​​តំបន់នោះ​​​​​​សម្រាប់​​​​​​​​​កសិឧស្សាហកម្ម​​​​​​ ក្រោម​​​ការ​​គ្រប់គ្រង​​​ និង​​​ការ​​​​​​ឃ្លាំមើល​​​ដ៏​​​តឹង​​​រ៉ឹង​​​ពី​​​សំណាក់​​​​​​ឧទ្យានុរក្ស​​​ និង​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​”។ លោក​​​បាន​​​អះអាង​​​ថា សហគមន៍​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ទទួល​​​បាន​​​អត្ថ​​​ប្រយោជន៍​​​ផ្ទាល់ពី​​​​​​ក្រុមហ៊ុន​​​បែប​​​នេះ​​​។ លោក​​​សរសេរ​​​ថា “​​​ជា​​​ការពិត​​​ណាស់​​​​​​ជន​​​ជាតិ​​​​​​ដើម​​​ភាគ​​​តិច​​​ទទួល​​​បាន​​​ការងារ​​​ធ្វើ​​​​​​​​​ ព្រម​​​ទាំង​​​កម្មករ​​​ និង​​​អ្នក​​​បច្ចេកទេស​​​​​​មក​​​ពី​​​វិស័យ​​​វិនិ​​​យោគ​​​អភិវឌ្ឍន៍​​​​​​ដែល​​​បង្កើន​​​ប្រាក់​​​ចំណូល​​​គ្រួសារ​​​របស់​​​ពួក​​​គាត់​​​ រួម​​​ចំណែក​​​កាត់​​​បន្ថយ​​​​​​ចំនួន​​​ប្រជា​​​ពលរដ្ឋ​​​​​​ធ្វើ​​​ចំណាកស្រុក​​​​​​ទៅ​​​កាន់​​​ប្រទេស​​​ផ្សេង​​​ៗ​​​ ដើម្បី​​​រក​​​ការងារ​​​ធ្វើ​​​”។

កាលពី​​​ម្សិលមិញ​​​ បណ្ដា​​​អ្នក​​​ឃ្លាំ​​​មើលព្រៃ​​​ឈើ និង​​​អ្នក​​​ដែល​​​ធ្វើ​​​ការ​​​ជាមួយ​​​សហគមន៍​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​​​​​​​បាន​​​ច្រាន​​​ចោល​​​​​​ការ​​​វាយ​​​តម្លៃ​​​ខ្ពស់​​​​​​​​​របស់​​​​​អតីត​​​រដ្ឋមន្ត្រី​​​រូប​​​នេះ​​​ចំពោះ​​​ស្ថានភាព​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​។

លោក​​​ ឆាយ ធី ​​​មន្ត្រី​​​សម្របសម្រួល​​​​​​មក​​​ពី​​​អង្គការ​​​សិទ្ធិមនុស្ស​​​​​​អាដហុក​​​ ប្រចាំ​​​ខេត្ត​​​រតន​​​គិរី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បណ្ដា​​​ក្រុមហ៊ុន​​​ដែល​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​ពី​​​រដ្ឋាភិបាល​​​​​​​​​គឺ​​​ជា​​​អ្នក​​​បំផ្លាញ​​​ផល​​​ប្រយោជន៍​​​របស់​​​​​​ប្រជាពល​​​រដ្ឋ​​​មូលដ្ឋាន​​​ទៅ​​​វិញ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ពី​​​មុន​​​​​​​​​​​​អ្នកភូមិ​​​​​ធ្វើ​​​​​​ចម្ការ​​​​​​ប្រកប​​​ដោយ​​​និរន្តភាព​​​។ ប៉ុន្តែ​​​ពេល​​​នេះ​​​​​​ពួក​​​គាត់​​​​​​បាន​​​បាត់​​​បង់​​​ដី​​​ចម្ការ​​​របស់​​​ខ្លួន​​​ ដោយ​​​សារ​​​តែ​​​ក្រុមហ៊ុន​​​ឯកជន​​​ទាំង​​​នេះ​​​រឹ​​​ប​​​អូស​​​​​​ដី​​​ធ្លី​​​ពី​​​ពួក​​​គាត់​​​។ យើង​​​បាន​​​មើល​​​ឃើញ​​​​​​​​​​​​កម្រិត​​​ជីវភាព​​​របស់​​​ប្រជាពលរដ្ឋ​​​ទាំង​​​នោះ​​​​​​​​​ធ្លាក់​​​ចុះ​​​ ហើយ​​​​​​ពេល​​​នេះ​​​ពួក​​​គាត់​​​កំពុង​​​ប្រឈម​​​​​​​​​ការ​​​លំបាក​​​ និង​​​ការ​​​ស្វែង​​​រក​​​ប្រាក់​​​ចំណូល​​​”។

លោក​ ព្យែអ៊ីវ៉េស ក្លេស​​​ (Pierre-Yves Clais) ជា​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​រតនគិរី​​​ជាយូរ​​​មក​​​ហើយ​​​ និង​​​ជា​​​ម្ចាស់​​​​​​រមណីយដ្ឋាន​​​​​​​​​ធម្មជាតិ​​​ Terres Rouge Lodge ក្នុង​​​ស្រុក​​​បានលុង​​​ ក៏​​​បាន​​​លើក​​​ឡើង​​​​​​ខុស​​​គ្នា​​​ស្រឡះដែរ​​​ពី​​​ស្ថាន​​​ភាព​​​នៅ​​​ក្នុង​​​ឧទ្យានជាតិ​​​វីរជ័យ។ លោក​​​បាន​​​លើកឡើង​​​​​​នៅ​​​ក្នុង​​​អ៊ីម៉េល​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “អ្វី​​​ដែល​​​កំពុង​​​កើត​​​ឡើង​​​​​​នៅ​​​ជុំវិញ​​ឧទ្យាន​​​នេះ​​​ គឺ​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​​​​យ៉ាងខ្លាំង​​​ ហើយ​​​អាជ្ញាធរ​​​មិន​​​ចាត់​​​វិធានការ​​​អ្វី​​​ទាំង​​​អស់​​​ ក្រៅ​​​តែ​​​ពី​​​បិទ​​​ភ្នែក​​​​​​ធ្វើ​​​ជា​​​មើល​​​មិនឃើញ​​​ប៉ុណ្ណោះ​​​”។

លោក​​​ សេក សុភ័ណ្ឌ​​​ មន្ត្រី​​​សម្របសម្រួល​​​​​​ថ្នាក់​​​ជាតិ​​​​​​នៅ​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​ ILO ដែល​​​ធ្វើ​​​កិច្ចការ​​​ ដើម្បី​​​ការពារ​​​សិទ្ធិ​​​​​​ដី​​​ធ្លី​​​រួម​​​​​​របស់​​​​​​ជន​​​ជាតិ​​​​​​ដើម​​​ភាគ​​​តិច​​​ចំនួន​​​១១៤​​​ក្រុម​​​នៅ​​​ក្នុង​​​ស្រុក​​​ចំនួន​​​ប្រាំពី​​​រ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​រងគ្រោះ​​​ខ្លាំង​​​ជា​​​ង​​​គេ​​​​​​ ដោយ​​​សារ​​​​​​ផល​​​ប៉ះពាល់​​​​​​​​​នៃ​​​កសិ​​​ឧស្សាហ​​​កម្ម​​​ទ្រង់ទ្រាយ​​​ធំ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជីវភាព​​​របស់​​​ពួក​​​គាត់​​​​​​អាស្រ័យ​​​លើព្រៃ​​​ឈើ​​​នៅ​​​ជុំ​​​វិញ​​​សហគមន៍​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​ព្រៃ​​​ឈើ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​​​​បំផ្លិច​​​បំផ្លាញ​​​។​​​ ខ្ញុំ​​​មើល​​​ឃើញ​​​ថា ក្រុមហ៊ុន​​​ទាំង​​​នោះ​​​ទទួល​​​បាន​​​ប្រាក់​​​ចំណូល​​​យ៉ាង​​​ច្រើន​​​ពី​​​ការ​​​កាប់​​​ឈើ​​​​​​ នោះ​​​គឺ​​​ជា​​​គោល​​​បំណង​​​​​​សំខាន់ [ប៉ុន្តែ​​​] បណ្ដា​​​​​​សហគមន៍​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​​​​កំពុង​​​តែ​​​រងគ្រោះ​​​”។

របាយការណ៍​​​មួយ​​​ចេញ​​​ដោយ​​​អង្គការ​​​​​​ក្លូ​​​បល វីតណេស​​​ ជា​​​អង្គការ​​​ឃ្លាំមើល​​​បរិស្ថាន​​​​​​កាល​​​ពី​​​ខែ​​​ឧសភា បាន​​​លើក​​​ឡើង​​​ថា បណ្ដា​​​សហគមន៍​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ក្នុង​​​ខេត្ត​​​រតន​​​គិរី​​​បាន​​​បន្ទោស​​​​​​តំបន់​​​ដី​​​សម្បទាន​​​​​​គ្រប់គ្រង​​​​​​ដោយ​​​វៀតណាម​​​​​​ចំពោះ​​​ការ​​​ធ្វើ​​​ឲ្យ​​​សហ​​​គមន៍​​​របស់​​​ពួក​​​គាត់​​​​​​កាន់តែ​​​ក្រីក្រទៅៗ​​​។ អង្គការ​​​​​​ក្លូបល​​​ វីតណេស បាន​​​សរសេរ​​​ថា “រាល់​​​សហគមន៍​​​ដែល​​​អង្គការ​​​ក្លូបល​​​ វីតណេស​​​ ចុះ​​​ទៅ​​​សាកសួរ​​​ ប្រជាពលរដ្ឋ​​​​​​បាន​​​លើក​​​ឡើង​​​ថា កម្រិត​​​​​​ជីវភាព​​​របស់​​​ពួកគាត់​​​​​​​​​​​​រង​​​ផល​​​ប៉ះពាល់​​​ដោយ​​​សារ​​​តែ​​​​​​ក្រុមហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​របស់​​​​​​ហួង​​​អាញ់​​​យ៉ាឡៃ​​​ ដែល​​​បាន​​​រឹប​​​អូស​​​ដី​​​ធ្លី​​​​​​ និង​​​ព្រៃ​​​​​របស់​​​ពួក​​​គាត់​​​”។

អង្គការ​​​នេះ​​​បាន​​​​​​បន្ត​​​ថា ក្រុម​​​ហ៊ុន​​​​​​ហួងអាញ់​​​យ៉ាឡៃ​​​ និង​​​បណ្ដា​​​ក្រុមហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​របស់​​​ខ្លួន​​​​​​កាន់​​​កាប់​​​​​​ដី​​​សម្បទាន​​​​​​ទំហំ​​​ប្រមាណ​​​៤៦.៣៧០​​​ហិកតា​​​ នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ស្មើ​​​ប្រហែល​​​៥​​​ភាគរយ​​​នៃ​​​ផ្ទៃ​​​ដី​​​សរុប​​​​​​ក្នុង​​​ខេត្ត​​​នេះ​​​។ ការ​​​សិក្សា​​​ស្រាវជ្រាវ​​​មួយ​​​​​​ចុះ​​​ផ្សាយ​​​ក្នុង​​​ព្រឹត្តិបត្រ​​​​​​វិទ្យាសាស្ត្រ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​បាន​​​រក​​​ឃើញ​​​ថា ប្រទេស​​​កម្ពុជា​​​​​​​​​មាន​​​កម្រិត​​​​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​ខ្ពស់​​​បំផុត​​​ទី​​​៥​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​​​​ចន្លោះ​​​ពី​​​ឆ្នាំ​​​២០០០​​​ដល់​​​ឆ្នាំ​​​២០១២ ដោយ​​​បាត់​​​បង់​​​ជាង​​​ប្រាំពីរ​​​ភាគរយ​​​នៃ​​​ព្រៃ​​​ឈើ​​​​​​ក្នុង​​​ប្រទេស​​​នេះ​​​ក្នុង​​​រយៈ​​​ពេល​​​១២​​​ឆ្នាំ​​​នេះ​​​៕ សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស