41.3 C
Phnom Penh

បុរសម្នាក់​បំផ្ទុះ​គ្រាប់​បែក​សម្លាប់ខ្លួន​ និង​ឪពុកមា​ខាង​ប្រពន្ធ​បន្ទាប់ពី​មាន​ជម្លោះ​ក្នុង​គ្រួសារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បុរស​ម្នាក់​បាន​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន​និង​ឪពុកមា​ខាង​ប្រពន្ធ​របស់​ខ្លួន​ ហើយ​ក៏បាន​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​និង​ម្តាយមី​ង​ខាង​ប្រពន្ធ​រង​របួស​ផងដែរ​ នៅ​ពេល​ដែល​បុរស​រូប​នេះ​បាន​បំផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​បន្ទាប់​ពី​មាន​ជម្លោះ​​ក្នុង​គ្រួសារ​ស្ថិត​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ កាលពី​ថ្ងៃ​ច័ន្ទ។

បុរស​ឈ្មោះ ថៃ រាប អាយុ​៣៧ឆ្នាំ មាន​ជម្លោះ​​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ​ ចាន់ ថេង អាយុ៣៥ឆ្នាំ កាលពី​រំលង​អធ្រាត្រ​យប់​ថ្ងៃច័ន្ទ ហើយស្ត្រី​ជាប្រពន្ធ​បាន​មក​ស្នាក់​នៅ​ផ្ទះ​ឪពុកមា​នាង​ឈ្មោះ ភួក ផា និង​ស្ត្រី​ជា​​ម្តាយ​មីង ឈ្មោះ ណូយ មិញ ក្នុង​ភូមិ គោក​សំពោ ឃុំ​លំទង។ ប៉ុន្តែ​ប្តី​របស់​គាត់បាន​តាម​មកដល់​ទី​នោះ ហើយ​ក៏មាន​ជម្លោះ​កើត​ឡើង។

លោក កែ សំណាន នាយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​បាន​មាន​ប្រសាសន៍ថា​ “បុរស​រូប​នេះ​បាន​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន​ និង​ឪពុក​មា​ខាង​ប្រពន្ធ​របស់​ខ្លួន​ដោយ​​ប្រើ​គ្រាប់​បែក​ផលិត​នៅប្រទេ​សចិន”នៅ​ម៉ោង​១០យប់។ លោក សំណាន បាន​មាន​ប្រសា​សន៍​ថា “ហេតុការ​ណ៍នេះ​គឺ​ដោយ​សារ​តែ​ជម្លោះ​ក្នុង​គ្រួសារនេះឯង​។ ឥឡូវ​នេះ យើង​កំពុង​ស៊ើប​អង្កេត​ដើម្បី​រក​ឲ្យ​ឃើញ​ថា​ តើ​ជន​នេះ​បាន​គ្រាប់់បែកនេះ​ពីណា​មក”។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា បុរសឈ្មោះ​ ថៃ រាប នេះ​ធ្លាប់​ធ្វើ​ទាហាន។

លោក សំណាន បានមាន​ប្រសា​សន៍ថា អ្នកស្រី​ ចាន់ ថេង បាន​រង​របួស​ធ្ងន់​ត្រង់​ផ្ទៃ​មុខ ដងខ្លួន និង​ជើង​ស្តាំ ហើយ​ឥឡូវ​នេះ​កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​មាន​ស្ថាន​ភាព​ធ្ងន់​​ធ្ងរ ចំណែក​ឯម្តាយ​មី​ង​របស់​គាត់ឈ្មោះ​ ណូយ មិញ ក៏កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដែរ​ ដោយ​រង​របួស​ស្រាល។
នេះ​គឺ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ដែល​គ្រាប់​បែក​ត្រូវ​គេ​ប្រើ​ជា​អាវុធ​​ក្នុងពេល​មាន​​ជម្លោះ​ផង​ដែរ​។​

កាលពី​ខែ​ឧសភា បុរស​ខក​ចិត្ត​ម្នាក់​ដែ​ល​ជា​អតី​ត​មន្ត្រី​នគរបាល​ដែរ​នោះ បាន​គប់​គ្រាប់​បែក​ចូលបង្អួចផ្ទះ​របស់​គ្រួសារ​មួយ​នៅ​ខេត្ត​ឧត្ត​រ​មាន​ជ័យ​ បន្ទាប់ពី​ឪពុក​ខាង​ស្រី​បាន​បដិសេធ​មិន​ឲ្យ​ខ្លួន​រៀប​ការ​ជាមួយ​កូនស្រី​របស់​គាត​់។ ហើយ​នៅ​ឯពិធី​ជប់លៀង​បុណ្យ​ចូល​ឆ្នាំ​ចិន​ក្នុង​ខេត្ត​បាត់​ដំបង​កាលពី​ខែ​កុម្ភៈ​ឯណោះ​វិញ មនុស្ស​១៤នាក់​បាន​រង​របួស​នៅ​ពេល​ដែល​ជន​ដៃដល់មិន​ស្គាល់​ឈ្មោះ​ម្នាក់​បាន​គប់​គ្រាប់​បែក​ចូលក្នុង​ក្រុម​មនុស្ស​៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស