26 C
Phnom Penh

​ធនាគារ​ពិភព​លោក​ត្រៀម​​ផែន​ការ​យុទ្ធ​សា​ស្ត្រ​រយៈ​ពេល​ពីរ​ឆ្នាំ​សម្រាប់​ព្រះរាជាណាចក្រ​​​​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ធនាគារ​ពិភព​លោក​ (World Bank) ហៅ​កាត់ថា ​WB ​បាន​ប្រកាស​កាលពី​ថ្ងៃ​ច័​ន្ទថា ខ្លួន​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រ​យៈ​ពេល​ពីរ​ឆ្នាំ​ សម្រាប់​ប្រទេស​កម្ពុជា​ ​ក៏​ប៉ុន្តែ ​ធនាគារ​នេះ​មិន​បាន​ផ្តល់​ព័ត៌​មាន​ល​ម្អិតថា តើ​ខ្លួន​នឹង​បញ្ចប់​ការ​បង្កក​ឥណ​ទា​ន​ដែល​ខ្លួន​បាន​ដាក់​ទៅលើ​ប្រទេស​នេះ​កា​ល​ពីឆ្នាំ ២០១១​ បន្ទាប់ពីមាន​ការ​បណ្តេ​ញ​ចេញ​ពីដីធ្លី​ដោយ​បង្ខំ​​នៅតំបន់បឹងកក់​ ឬយ៉ាង​​​ណា​​​។​

​នៅក្នុង​សេចក្តីថ្លែងការ​ណ៍​របស់ខ្លួនធ​នាគារ​ពិភព​លោក​​បាន​ឲ្យដឹងថា ​ខ្លួន​បាន​ចាប់ផ្តើម​ធ្វើការ​ងារ ​លើឯកសារ​យុទ្ធសា​ស្ត្រ​បណ្តោះ​អាសន្នថ្មី (Interim Strategy Note)  ​“ដែល​មានគោលបំណង​ផ្តល់​ជំនួយ​គាំ​ទ្រ​ដល់​ប្រជាជន​កម្ពុជា​ក្នុងការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ នៃ​ដំណើរការ​អភិវ​ឌ្ឍន៍ ​និង​កាត់​​បន្ថយភាព​ក្រី​ក្រ​”។ ធនាគារ​នេះ​ក៏​មិន​បាន​ផ្តល់​ព័ត៌​មាន​ផ្សេង​ៗ​ទៀត​​ទា​ក់​ទង​នឹង​ផែន​ការ​នេះ​ផងដែរ​។

យោងតាម​ឯកសារ​របស់​ធនាគារ​ពិភ​ព​លោក​បាន​ឲ្យដឹងទៀតថា ​យុទ្ធសាស្ត្រ​រ​យៈ​ពេល​ខ្លី​ ត្រូវ​បាន​ប្រើ​ប្រាស់ ​នៅ​ក្នុង​ប្រ​ទេស​នានា​ ដែល​ “ មិន​ទាន់​ត្រៀមខ្លួនរួ​ច​រា​ល់” សម្រាប់​យុទ្ធសាស្ត្រ​ជំនួយ​សម្រាប់​ប្រ​ទេស​ពេញ​លេញ​ (Country Assistance Strategy) ដែល​ជា​ឯកសារ​ដែល​ធនាគារ​ពិ​ភព​លោក​ប្រើ​ប្រាស់​ជាទូទៅ ​សម្រាប់​កា​រ​លៃលក​ជំនួយ​ របស់ខ្លួន​ឲ្យស្របតាម​គោ​ល​ដៅ​អភិវឌ្ឍន៍​ របស់រដ្ឋាភិបាល​នៃប្រទេ​សណាមួយ។

​យុទ្ធសាស្ត្រ​រយៈ​ពេល​ខ្លី​នានា​ ត្រូវ​បា​ន​ប្រើប្រាស់​​តាម​របៀប​ភាគច្រើន​ដូចគ្នា​ ក៏​ប៉ុន្តែ ​នៅ​ប្រទេស​ដែល​ធ្លាប់​ឆ្លង​កាត់​កាលៈ​ទេសៈ​មិនប្រាក​ដប្រជា​ ដោយសារតែ​ការ​បោះឆ្នោត​ ​វិបត្តិ​សង្គម ​ឬក៏​គ្រោះ​ហន្តរា​យ​ធម្មជាតិ​ ឬក៏​នៅបណ្តាប្រទេស​ដែល​ងើប​ចេញពី​ជម្លោះ ​ឬក៏​នៅពេល​ដែល​ធនាគារ​ពិភព​លោក​ មាន​ទំ​នាក់ទំនង​ឡើងវិញជាមួ​យ​ប្រទេស​ណា​មួយ​ បន្ទាប់ពីខាន​ទំនាក់ទំ​ន​ង​គ្នា​រយៈ​ពេល​វែង​។ ​ប្រទេស​ដែល​មាន​ឯកសារ​យុទ្ធ​សា​ស្ត្រ​ រយៈ​ពេល​ខ្លី អនុម័ត​​នា​ពេ​លថ្មីៗ​នេះ រួមមាន​ ប្រទេស​ស៊ូដង់ តួក​ម៉េ​នីស្ថាន ម៉ាលី ​និង ប្រ​ទេស​​​ស៊ីមបា​វ៉េ​។

នៅក្នុងប្រទេស​កម្ពុជា ​ធនាគារ​ពិភព​លោ​ក បាន​បញ្ជាក់​កាលពី​ពាក់កណ្តាល​ឆ្នាំ​២​០១១​ថា ខ្លួន​បានសម្រេចចិត្ត​ស្ងាត់​ថា ​ខ្លួ​ន​ត្រូវ​បង្កក ប្រាក់កម្ចីទាំងអស់​ដល់ប្រទេ​ស​នេះ អំឡុង​ពេ​លមានការ​តវ៉ា​ពីសំណាក់​ប្រជាជន​ជា​ច្រើន​ ពាន់គ្រួសារ​ ​ដែល​រដ្ឋាភិ​បាល​បាន​បង្ខំ​ឲ្យចាក​ចេញពីលំនៅដ្ឋាន​រប​ស់ខ្លួន នៅក្នុង​តំបន់​បឹង​កក់​ក្នុងរាជធានីភ្នំពេញ​។​ ធនាគារពិភព​លោក​បាន​ឲ្យដឹង​ទៀ​ត​​ថា ប្រាក់កម្ចី​នឹង​មិន​មាន​ឡើង​វិញ​ទេ​ លុះត្រា​តែ​រដ្ឋាភិបាល​ឈានដល់កិច្ច​ព្រម​ព្រៀងផ្តល់​ដំណោះស្រាយ​សមស្រប​ ដល់​ប្រជាជន​ជាច្រើន​គ្រួសារ​ ដែល​ត្រូវបាន​ប​ណ្តេញ​​ចេញ និង​បដិសេធ​មិន​ផ្តល់​ឯក​សារ​ប័ណ្ណ​ក​ម្ម​​សិទ្ធិដី​​យ៉ាងអយុត្តិធម៌​។

​ឆ្នាំ​២០១១ក៏ជាឆ្នាំដែល​យុទ្ធសាស្ត្រ​ជំនួយសម្រាប់ប្រទេស​របស់​ធនាគារ​ពិភព​លោក​សម្រាប់ប្រទេស​កម្ពុជា ​អស់សុព​ល​ភាពផងដែរ​។ នៅ​ក្នុងសេចក្តីថ្លែងការ​ណ៍​កាលពីថ្ងៃច័ន្ទ​ ធនាគារនេះ​បាន​លើកឡើង​​បន្ថែម​ទៀតថា ហិរញ្ញប្បទាន​សម្រាប់ប្រ​ទេស ​កម្ពុជា ដែលទទួលបាន​ពី​សមាគម​អ​ភិវឌ្ឍន៍​អន្តរ​ជាតិ (International Development Association)​ ជាមូលនិធិ​មួយ​ដែលធ​នា​គា​រ​ពិភព​លោក​ត្រៀម​ទុកសម្រាប់​ប្រទេស​ក្រី​​ក្រ​បំផុតរួម​ទាំង​ប្រទេស​កម្ពុជាផងដែរ​នោះ​មិន​ទាន់​ចាប់ ផ្តើម​ដំណើរ​ឡើងវិ​ញ​នៅ​ឡើយ​ទេតាំងពី​ការ​​បង្ក​ក​​​មូលនិធិជំនួយ​​ត្រូវបាន​អនុវត្ត​។

ក៏ប៉ុន្តែ ​សេចក្តីថ្លែង​ការ​ណ៍​ដដែល​នេះ មិន​បាន​បញ្ជាក់ថា តើ​យុទ្ធសាស្ត្រ​រយៈ​ពេ​ល​ខ្លីថ្មី​ ដែល​ធនាគារ​ពិភព​លោក​កំពុង​រៀបចំ​សម្រាប់​ប្រទេស​កម្ពុជានេះ​ ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ការ​បង្ក​ក​នោះ​ ឬក៏យ៉ា​ង​ណា​ទេ។ ​លោក ប៊ូ​ សារឿន អ្នក​នាំពាក្យ​​ក្រុម​ការងារ​ធនាគារពិភព​លោក​ប្រចាំ​ប្រ​ទេស​កម្ពុជា​បាន​​បដិសេ​ធ​មិន​ឆ្លើយ​​សំណួ​រ​របស់​អ្នកសារព័ត៌​មាន​។​លោក​បាន​លើក​ឡើង​យ៉ាងខ្លីនៅ​ក្នុង​អ៊ីម៉េល​ថា “​សេចក្តីថ្លែ​ង​ការ​ណ៍​​នេះ​មាន​ន័យ​​គ្រប់​គ្រាន់​​ហើយ​”។​​​​​​

សេចក្តី​ថ្លែងការណ៍​នេះ ​ក៏​មិន​​បញ្ជាក់​ផងដែរ​ថា ​តើ​ធនាគារ​ពិភព​លោក​នឹង​បញ្ច​ប់​ការងាររៀបចំ​ផែនការ​រយៈ​ពេលខ្លី​នេះនៅ​ពេល​ណា​ ឬក៏ថា តើ​ផែនការ​នេះ​នឹង​ត្រូវ​បាន​ អនុវត្ត​នៅ​ពេល​ណា​​ទេ​ ប៉ុន្តែ​ ធ​នា​គារ​នេះ​​បាន​​លើកឡើងថា ខ្លួន​​កំពុងតែ​ធ្វើ​ការ​លើផែន​ការ​នេះ​ ជាមួយ​រដ្ឋាភិបាល​។​ មន្ត្រីនៅក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វ​ត្ថុ​ ​និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​បា​ន​ដឹកនាំ​ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់រដ្ឋា​ភិ​បាល​ជាមួយ​ម្ចាស់​ជំនួយបរទេស​របស់ខ្លួ​ន​ បាន​បដិសេធ​មិន​ធ្វើ​សេចក្តីអត្ថា​ធិប្បាយ​​ទាក់ ទងនឹង​សេចក្តីប្រកាស​របស់ធនាគារ​ពិ​ភព​លោក​នេះ​។

​ទោះបីជា​ធនាគារ​ពិភព​លោក​មិន​ទា​ន់​ចាប់​ផ្តើម​ឡើងវិញ​នូវ​អ្វីដែលខ្លួន​ចាត់ទុក​ជា “ ឥណទាន​ថ្មី” ក៏ដោយ ក៏​ធនាគារនេះ​បា​ន​អនុម័ត​មូល​និ​ធិ​បន្ថែម​សម្រាប់​ប្រទេ​ស​កម្ពុជា ​តាំងពី​មានការ​បង្ក​កមូលនិធិ​ក្នុងឆ្នាំ​២០១១​មក។ គួរបញ្ជាក់ថា ​មូលនិធិ​ទាំង​នេះ​ជា​មូល​និធិ​ត្រាស់ហ្វាន់​ ដែល​ធនាគារ​ពិ​ភព​លោក​​ចំណាយ​ ក្នុងនាម​ម្ចាស់​ជំនួយ​ផ្សេង​ៗទៀត​។​

​ដោយសារប្រជាជន​ជាច្រើន​គ្រួ​សារ​​​នៅ​តំបន់​បឹងកក់ ​នៅតែ​ជឿ​ថា រដ្ឋាភិបាល​មិន​បាន​ឆ្លើយត​ប​ទៅនឹង​ក្តីកង្វល់​របស់ខ្លួន​ដូច​ដែលធនាគារ​ពិ​ភព​លោក​បានទាម​ទារ​កាល​ពី​​ឆ្នាំ​២០១១​ ហើយ​គ្រួសារ​មួយចំនួ​ន​ក្នុង​ចំណោម​គ្រួសារដែល​បាន​បាត់បង់​លំ​នៅ​ដ្ឋាន​​របស់ខ្លួន ​និងទទួលជំនួយ​ពី​អង្គ​កា​​រ​ក្រៅ​រដ្ឋា​ភិបាលនានា​នោះ​បាន​លើក​ឡើ​ងថា ធនាគារ​​ពិភព​លោក​បាន​ក្បត់​សន្យា​។​

​លោក ដេវីដ ប្រេដ​​(David ​Pred)ស​ហ​នាយក​គ្រប់គ្រង​អង្គការអភិវឌ្ឍន៍​អន្តរ​ជាតិ​ផ្តោត​សំខាន់​លើ​ប្រជាជន​ក្រីក្រ​អន្តរ​ជាតិ (Inclusive Development International)បាន​ជំរុញ​ឲ្យ​ធនាគារពិភ​ព​លោក​ធ្វើ​ឲ្យ​ប្រា​កដថា ​យុទ្ធ​សាស្ត្រ​រយៈ​ពេលខ្លីរបស់ខ្លួ​ន​នៅទីបំផុត​ពិត​ជា​បាន​យកចិត្ត​ទុកដាក់​ចំ​ពោះ​ប្រជាជន​ទាំង​នោះ​។របាយការណ៍​ត្រួ​តពិនិត្យ​ឯករាជ្យ ​លើ​ការងារ​របស់​ធនា​គា​រ​ពិភព​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​បា​ន​បង្ហាញថា ​គម្រោង​កម្ម​សិទ្ធិដីធ្លី​របស់​ធនា​គារ​នេះ​នៅក្នុងប្រទេស​នេះ​ ដែលត្រូវ​បា​ន​ផ្អាក​ កាលពីឆ្នាំ​២០១១​នោះ​បាន​ជួយ​ដ​ក​យក​សិទ្ធិ​ដីធ្លីចេញពី​ប្រជា​ជន​​នៅតំបន់​បឹ​ង​កក់​។

លោក ដេវីដ ប្រេត ​បាន​មាន​ប្រសាសន៍​ថា “ធនាគារ​ពិភព​លោក​មាន​កាតព្វកិច្ច​ធ្វើ​​​ឲ្យប្រាកដថា ​ឯកសារ​យុទ្ធសាស្ត្រ​រយៈ​ពេ​ល​ខ្លី ឆ្លើយតប​ទៅនឹង​ស្ថានភាព​របស់ប្រ​ជា ជន​ជាច្រើន​ពាន់គ្រួសារ នៅ​តំបន់បឹងក​ក់​ ដែល ជាប្រជាជន​ក្រីក្រ​ ​ដោយសារតែ​ប​រាជ័យ​របស់​ធនាគារ​ ក្នុងការ​អនុវត្ត​តាម និ​ងពង្រឹងគោល​នយោបាយគាំទ្រ​គម្រោង​​កាត់​បន្ថយភាព​ក្រីក្រ​​​​​​​របស់ខ្លួន​”។

លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា “ប្រសិន​បើ​មិន​ឆ្លើយត​ប​ទៅ​នឹងបញ្ហា​នេះ​ទេ​ នោះ​ធនាគារ​ពិភព​លោក​នឹងមិន​រ​ក្សា​ពាក្យ​សន្យាជាសាធារណៈ​របស់ខ្លួន ចំ​ពោះ​សហគមន៍​កាលពីឆ្នាំ​២០១១ មិនមែ​ន​គ្រាន់ តែ​វែក​ញែក​ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង ដល់​យុទ្ធសាស្ត្រ​ថ្មីរបស់ខ្លួន​ ក្នុ​ង​ការ​បំបាត់ភាព​ក្រីក្រ​ខ្លាំង​ក្លា និង​លើក​កម្ព​ស់​​​វិបុលភាព​ចែក​រំលែក​”៕ សុធា

(រាយ​ការណ៍​បន្ថែម​ដោយ ឃួន ណារីម​)​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស