សាច់ញាតិបុរសរងរបួសបាននិយាយកាលពីម្សិលមិញថា មិនមានការដាក់ពាក្យប្តឹងលោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជាទេ ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់ ដែលបានបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ ហើយប្តីរបស់គាត់រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
មឿន ស៊ីណា ត្រូវជាបងស្រីរបស់លោក មឿន ថា អាយុ២៦ឆ្នាំដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃសុក្រ ដែលបានបណ្តាលឲ្យប្រពន្ធរបស់គាត់ ឈ្មោះ ពិន សុភា ស្លាប់នោះបាននិយាយថា មេធាវីតំណាងសមាជិកសភារូបនេះបានបង់ប្រាក់សំណងដល់ក្រុមគ្រួសារនេះ ក្នុងទឹកប្រាក់ជាង១.០០០ដុល្លារ ហេតុដូច្នោះហើយមិនមានការដាក់ពាក្យបណ្តឹងទៅតុលាការទេ។
មឿន ស៊ីណា បាននិយាយថា “យើងនឹងមិនធ្វើការចោទប្រកាន់ទេ” ដោយនាងបានបន្ថែមថា ប្រាក់របស់លោក ជាម យៀប ត្រូវយកទៅប្រើដើម្បីបង់ថ្លៃថ្នាំពេទ្យព្យាបាលប្អូនប្រុសរបស់នាង។ នាងបាននិយាយថា “[មេធាវីរូបនេះ] បាននិយាយថា ប្រាក់៤០០ដុល្លារទៀតសម្រាប់គ្រូពេទ្យ”។ នាងបានបន្ថែមទៀតថា លោក ជាម យៀប គួរតែទិញម៉ូតូថ្មីឲ្យប្អូនប្រុសរបស់នាងវិញ ដើម្បីជំនួសម៉ូតូដែលបានខូចខាតទាំងស្រុងនៅក្នុងគ្រោះថ្នាក់ចរាចណ៍នោះ។
កាលពីព្រឹកថ្ងៃសុក្រ លោក មឿន ថា និងប្រពន្ធរបស់គាត់ដែលមានអាយុ២៦ឆ្នាំដូចគ្នា បានធ្វើដំណើរតាមម៉ូតូមួយគ្រឿង ស្រាប់តែពួកគេបានបុកជាមួយរថយន្តលុចស៊ិសរបស់លោក ជាម យៀប តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមព័ត៌មានថា ប្តីប្រពន្ធទាំងពីរនាក់នេះបានព្យាយាមបើកជែងរថយន្តមួយគ្រឿងទៀត ស្រាប់តែពួកគេ ចូលទៅគន្លងផ្លូវម្ខាងទៀត ហើយបានបុកជាមួយរថយន្តរបស់លោក ជាម យៀប តែម្តងដែលបើតាមសាក្សីឃើញហេតុការណ៍ឲ្យដឹងថា លោកមិនបានបញ្ឈប់រថយន្តទេបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍។
រថយន្តរបស់លោក ជាម យៀប ដែលបើកបរដោយអ្នកបើកបរមិនបញ្ចេញឈ្មោះម្នាក់ បានបន្តបើកចេញពីកន្លែងកើតហេតុ បើទោះជាបានកិនម៉ូតូប្តីប្រពន្ធនេះជាប់ពីក្រោមក៏ដោយ។ បើទោះជាច្បាប់ចរាចរណ៍ចែងថា អ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ត្រូវតែស្ថិតនៅកន្លែងកើតហេតុ ហើយរាយការណ៍ទៅអាជ្ញាធរដែលនៅជិតបំផុតក៏ដោយ ក៏លោក ជាម យៀប បានអះអាងថា លោកគ្មានកំហុសទេ ដោយបានបើករថយន្តចេញពីកន្លែងកើតហេតុ។
អ្នកស្រី ពិន សុភា ត្រូវគេទុកចោលឲ្យដេកស្តូកស្តឹងនៅលើចិញ្ចើមផ្លូវរយៈពេល៣០នាទី មុនពេលត្រូវគេបញ្ជូនទៅកាន់គ្លីនិកមួយក្នុងមូលដ្ឋាន។ អ្នកស្រី ពិន សុភា បានស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែតបានបន្តិច កាលពីរសៀលថ្ងៃសុក្រ រីឯលោក មឿន ថា បានរងរបួសបែកប្លោកនោម ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មឿន ស៊ីណា បាននិយាយថា “ខ្ញុំចង់ឲ្យលោក ជាម យៀប ទិញម៉ូតូថ្មីមួយគ្រឿងឲ្យប្អូនប្រុសរបស់ខ្ញុំវិញ ពីព្រោះគាត់បានបាត់បង់ទាំងម៉ូតូ និងប្រពន្ធរបស់គាត់”។ នាងបាននិយាយថា “ ម៉ូតូរបស់ប្អូនប្រុសខ្ញុំបានខូចខាតទាំងស្រុងនៅក្នុងគ្រោះថ្នាក់ចរាចណ៍នោះ”។
លោក កា សាវុធ មេធាវីរបស់លោក ជាម យៀប ដែលគេស្គាល់លោកច្បាស់ ពីព្រោះលោកបានតំណាងឲ្យ កាំង ហ្កេកអ៊ាវ ប្រធានពន្ធនាគារស២១ នៅពេលសវនាការកាត់ក្តីលោក បទឧក្រិដ្ឋកម្មសង្គ្រាម កាលពីឆ្នាំ២០០៩នោះ បានមានប្រសាសន៍កាលពីម្សិលមិញថា កូនក្តីរបស់លោក “បានដោះស្រាយបញ្ហានេះរួចហើយ” ជាមួយក្រុមគ្រួសារស្ត្រីដែលបានស្លាប់ និងប្តីរបស់នាងដែលរងរបួសធ្ងន់នោះ។ លោកបានមានប្រសាសន៍ថា “បញ្ហានេះត្រូវបានដោះស្រាយរួចហើយ”។
លោក ប៉ា សំអិត នាយនគរបាលចរាចរស្រុកកៀនស្វាយ បានថ្លែងកាលពីម្សិលមិញថា លោកបានបញ្ជូនព័ត៌មានលម្អិតអំពីករណីនេះទៅសាលាដំបូងខេត្តកណ្តាលរួចហើយ។ ប៉ុន្តែមន្ត្រីម្នាក់នៅតុលាការនេះនិយាយថា កំណត់ហេតុនេះមិនទាន់បានមកដល់ដៃតុលាការនៅឡើយទេ៕ សារុន