ព័ត៌មានជាតិ

​គ្រួសារ​ជន​រងគ្រោះមិន​ដាក់ពាក្យ​​ប្តឹង​លោក​ ជាម យៀប

By

November 27, 2013

សាច់​ញាតិ​បុរស​រង​របួស​បាន​និយាយ​កាល​​ពី​ម្សិល​មិញ​ថា មិន​មាន​ការ​ដាក់​ពាក្យ​​​ប្តឹង​លោក ជាម យៀប សមាជិក​សភា​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ទេ ពាក់​ព័ន្ធ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​បុកហើយ​រត់​ ដែល​បាន​បណ្តាល​ឲ្យ​ស្ត្រី​​ម្នាក់​ស្លាប់ ហើយ​ប្តី​របស់​​គាត់​រង​របួស​ធ្ងន់កំពុង​សម្រាក​ព្យា​បាល​​​នៅ​មន្ទីរ​ពេទ្យ​។

មឿន ស៊ីណា ត្រូវជា​បង​ស្រី​របស់​លោក មឿន ថា អាយុ​២៦​ឆ្នាំ​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​សុក្រ ដែល​​បាន​បណ្តាល​ឲ្យ​ប្រពន្ធ​របស់​គាត់​ ឈ្មោះ ​ពិន សុភា ស្លាប់នោះ​បាន​និយាយ​ថា មេធាវី​តំណាង​សមាជិក​សភា​រូប​នេះ​បាន​បង់​ប្រាក់​សំណង​ដល់​ក្រុម​គ្រួសារ​នេះ ក្នុង​ទឹក​ប្រាក់​ជាង​១.០០០​ដុល្លារ ហេតុ​ដូច្នោះ​ហើយ​មិន​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ទេ​។

មឿន ស៊ីណា បាន​និយាយ​ថា “យើង​នឹង​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​ទេ” ដោយ​នាង​បាន​បន្ថែម​ថា ប្រាក់​របស់​លោក ជាម យៀប ត្រូវ​យក​ទៅ​ប្រើ​ដើម្បី​បង់​ថ្លៃ​ថ្នាំ​ពេទ្យ​ព្យា​បាល​ប្អូន​​ប្រុស​របស់​នាង​។ នាង​បាន​និយាយ​ថា “[មេ​ធាវី​រូបនេះ] បាន​និយាយ​ថា ​ប្រាក់​៤០០​ដុល្លារ​ទៀត​សម្រាប់​​គ្រូ​ពេទ្យ​”។ នាង​បាន​បន្ថែម​ទៀត​ថា លោក ជាម យៀប គួរ​តែ​ទិញ​ម៉ូតូ​ថ្មី​ឲ្យ​ប្អូន​​ប្រុស​របស់​​នាង​វិញ ដើម្បី​ជំនួស​ម៉ូតូ​ដែល​បាន​ខូច​ខាត​ទាំង​​ស្រុង​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចណ៍​នោះ​។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ លោក មឿន ថា និង​ប្រពន្ធ​របស់​គាត់​ដែល​មាន​អាយុ​២៦​ឆ្នាំ​ដូច​គ្នា បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មួយ​គ្រឿង ស្រាប់​តែ​ពួក​គេ​បាន​បុក​​ជាមួយ​រថ​យន្ត​​​លុចស៊ិស​របស់​លោក ជាម យៀប តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ១ ក្នុង​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល។ តាម​ព័ត៌​មាន​ថា ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​បាន​ព្យា​យាម​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ ស្រាប់​តែ​ពួក​គេ​ ​ចូល​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត ហើយ​បាន​បុក​ជាមួយ​រថយន្ត​របស់​​លោក ជាម យៀប តែម្តងដែល​បើ​តាម​សាក្សី​ឃើញ​​ហេតុការណ៍​ឲ្យ​ដឹង​ថា លោក​មិន​បាន​បញ្ឈប់​រថយន្ត​ទេ​បន្ទាប់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​។

រថយន្ត​របស់​លោក ជាម យៀប ដែល​បើក​បរ​ដោយ​អ្នក​បើក​បរ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ បាន​បន្ត​បើក​ចេញ​ពី​កន្លែង​កើត​ហេតុ​ បើ​ទោះជា​បាន​កិន​ម៉ូតូ​ប្តី​ប្រពន្ធ​នេះ​ជាប់​ពី​ក្រោម​ក៏​ដោយ។ បើ​ទោះ​ជា​ច្បាប់​ចរាចរណ៍​ចែង​ថា អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​​ត្រូវ​តែ​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​ ហើយ​រាយ​ការណ៍​ទៅ​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត​ក៏​ដោយ ក៏​លោក ជាម យៀប បាន​អះ​អាង​ថា លោក​គ្មានកំហុស​ទេ​ ដោយ​បាន​បើក​រថយន្ត​ចេញ​ពី​កន្លែង​កើត​ហេតុ។

អ្នក​ស្រី ពិន សុភា ត្រូវ​គេ​ទុក​ចោល​ឲ្យ​ដេក​ស្តូក​ស្តឹង​នៅ​លើ​ចិញ្ចើម​ផ្លូវ​រយៈ​ពេល​៣០​នាទី មុន​ពេល​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​គ្លីនិក​​មួយក្នុង​មូល​ដ្ឋាន។ អ្នក​ស្រី ពិន សុភា បាន​ស្លាប់​បន្ទាប់​ពី​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែតបាន​បន្តិច កាល​ពីរសៀល​ថ្ងៃ​សុក្រ រីឯ​លោក មឿន ថា បាន​រង​របួស​បែក​ប្លោកនោម ហើយ​​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។

មឿន ស៊ីណា បាន​និយាយ​ថា “ខ្ញុំ​ចង់​ឲ្យ​លោក ជាម យៀប ទិញ​ម៉ូតូ​ថ្មី​មួយ​គ្រឿង​ឲ្យ​ប្អូនប្រុស​របស់​ខ្ញុំ​វិញ ពីព្រោះ​គាត់​បាន​បាត់​បង់​ទាំង​ម៉ូតូ និង​ប្រពន្ធ​របស់​គាត់”។ នាង​បាន​និយាយ​ថា “ ម៉ូតូ​របស់​​ប្អូន​ប្រុស​ខ្ញុំ​បាន​ខូច​ខាត​ទាំង​ស្រុង​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចណ៍​នោះ”។

លោក​ កា សាវុធ មេធាវី​របស់​លោក​ ជាម យៀប ដែល​គេ​ស្គាល់​លោក​ច្បាស់ ពី​ព្រោះ​លោក​បាន​តំណាង​ឲ្យ​ កាំង ហ្កេកអ៊ាវ ប្រធាន​ពន្ធនាគារ​ស២១​ នៅ​ពេល​សវនាការ​កាត់​ក្តី​លោក  បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ កាលពី​ឆ្នាំ​២០០៩​នោះ ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា កូន​ក្តី​របស់​លោក​ “បាន​ដោះ​ស្រាយ​បញ្ហា​នេះ​រួច​ហើយ” ជាមួយ​ក្រុម​គ្រួសារ​ស្ត្រី​ដែល​បាន​ស្លាប់​ និង​ប្តី​របស់​នាង​ដែល​រង​របួស​ធ្ងន់​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា “បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ”។

លោក ប៉ា សំអិត នាយ​នគរ​បាល​ចរាចរ​​ស្រុក​កៀន​ស្វាយ បានថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​បញ្ជូន​ព័ត៌​មាន​លម្អិត​អំពី​ករណី​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​កណ្តាល​រួច​ហើយ។ ប៉ុន្តែមន្ត្រី​ម្នាក់​នៅ​តុលាការ​នេះ​​និយាយ​ថា កំណត់​ហេតុ​នេះ​មិន​ទាន់​បាន​មក​ដល់​ដៃ​តុលាការ​នៅ​ឡើយ​ទេ​៕ សារុន