លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា ផ្នែកមួយនៃការស៊ើបអង្កេតពីការបាញ់បោះលើអ្នកឈរក្បែរ និងអ្នកតវ៉ាដែលគ្មានអាវុធនៅក្នុងសង្កាត់ស្ទឹងមានជ័យកាលពីពីរសប្តាហ៍កន្លងមកនោះ អាវុធដែលមន្ត្រីនគរបាលបានប្រើទៅលើការតវ៉ានោះ នឹងត្រូវប្រមូលហើយយកទៅប្រៀបធៀបជាមួយគ្រាប់កាំភ្លើងដែលវះយកចេញពីខ្លួនរបស់ជនរងគ្រោះ។
លោក ជួន សុវណ្ណ បានមានប្រសាសន៍ថា “យើងបានសរសេរលិខិតមួយច្បាប់ជូននគរបាលជាតិឲ្យដកហូតអាវុធ [ពីនគរបាល] នៅក្នុងខណ្ឌនីមួយៗ ដែលប្រើ [ទៅលើការតវ៉ា] ដើម្បីវិភាគ និងប្រៀបធៀបជាមួយគ្រាប់កាំភ្លើងដែលយើងទទួលបានពីមន្ទីរពេទ្យ”។ លោកថ្លែងថា “ខ្ញុំនឹងចំណាយពេលវេលា ដើម្បីធ្វើតេស្តទៅលើគ្រាប់កាំភ្លើងទាំងនេះ…ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងអាជ្ញាធរ និងដើម្បីរកឲ្យឃើញថា តើនគរបាលរបស់យើងពិតជាបានធ្វើឲ្យប្រជាពលរដ្ឋរងរបួសដោយគ្មានបញ្ជាមែន ឬយ៉ាងណា”។
លោក ជួន សុវណ្ណ បានដឹកនាំប្រតិបត្តិការនគរបាលកាលពីថ្ងៃទី១២ ខែវិច្ឆិកាបង្ក្រាបលើក្រុមកម្មកររោងចក្រកាត់ដេរអំឡុងការតវ៉ា ដែលបានធ្វើឲ្យអ្នកឈរក្បែរនោះម្នាក់ស្លាប់ បុរសម្នាក់ទៀតពិការ និងមនុស្សជាច្រើនទៀតរងរបួសដោយគ្រាប់កាំភ្លើងរបស់នគរបាល។ រូបភាពវីដេអូ ដែលគេថតនៅកន្លែងតវ៉ា ហើយបានបង្ហោះនៅលើគេហទំព័របណ្តាញទំនាក់ទំនងសង្គមបង្ហាញយ៉ាងច្បាស់ពីនគរបាលមួយក្រុមបាញ់ទៅលើក្រុមអ្នកតវ៉ា។
ទោះជាយ៉ាងណា លោក ជួន សុវណ្ណ បានមានប្រសាសន៍ថា បើទោះជាមានសាក្សីរូបថត និងរូបភាពវីដេអូ បង្ហាញយ៉ាងច្បាស់ពីមន្ត្រីនគរបាលបាញ់ទៅលើក្រុមអ្នកតវ៉ាក៏ដោយ “ក៏មិនមានតម្រុយណាមួយដែលបង្ហាញថា [ កាំភ្លើង ដែលនគរបាលបានបាញ់នោះ] ត្រូវបានតម្រង់ដាក់បាតុករនោះដែរ”។
មានការដាក់ពាក្យបណ្តឹងចោទប្រកាន់លោក ជួន សុវណ្ណ ឲ្យទទួលខុសត្រូវចំពោះការបាញ់បោះ និងការវាយដំអ្នកតវ៉ា និងអ្នកឈរក្បែរពីសំណាក់មន្ត្រីនគរបាលស្ថិតក្រោមការបញ្ជារបស់លោក។ ជនរងគ្រោះដោយគ្រាប់កាំភ្លើងបានអះអាងថា មន្ត្រីនគរបាលបានទៅមើលពួកគេ ដើម្បីវះយកគ្រាប់កាំភ្លើងចេញពីខ្លួនរបស់ពួកគេ។
លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ជាអង្គការជំនួយផ្នែកច្បាប់ដោយមិនយកប្រាក់កម្រៃ បានមានប្រសាសន៍ថា លោកមានការសង្ស័យអំពីការស៊ើបអង្កេតដែលមន្ត្រីនគរបាលស៊ើបអង្កេតរឿងខ្លួនឯង។ លោកបានមានប្រសាសន៍ថា ប្រសិនបើការស៊ើបអង្កេតនេះមិនឯករាជ្យ វាពិបាកយល់ថា តើវាមានប្រសិទ្ធភាពឬអត់”៕ សារុន
(រាយការណ៍បន្ថែមដោយ Lauren Crothers)