34 C
Phnom Penh

នគរបាល​​​​​​ខេត្ត​​​កណ្ដាល​​​​​​​​​នឹង​​​បើក​​​​​​​​​ការ​​​ស៊ើប​​​អង្កេត​​​​​​លើ​​​ករណី​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បុក​​​ហើយ​​​រត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរបាល​​​បាន​​​​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា នគរបាលខេត្ត​​​កណ្ដាល​​​មាន​​​គម្រោង​​​​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ករណី​​​​​​គ្រោះ​​​ថ្នាក់​​​ចរា​​​ចរណ៍​​​បុក​​​ហើយ​​​រត់​​​ ដែល​​​បណ្ដាល​​​ឲ្យ​​​ស្ត្រី​​​ម្នាក់​​​ស្លាប់​​​ក្នុង​​​ស្រុក​​​​​​កៀន​​​ស្វាយ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​​​​។ រថយន្ត​​​ទំនើប​​​​​​មួយ​​​គ្រឿង​​​ដែលដឹក​​​លោក​​​​​​ ជាម យៀប​​​ សមាជិក​​​សភា​​​​​​​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​បើក​​​រត់​​​​​​ បន្ទាប់ពី​​​បុក​​​ជាមួយ​​​​​​ម៉ូតូ​​​របស់​​​​​​ប្ដី​​​ប្រពន្ធ​​​​​​វ័យក្មេង​​​ ដោយ​​​​​​បណ្ដាល​​​ឲ្យ​​​ស្ត្រី​​​ជា​​​ប្រពន្ធ​​​ស្លាប់​​​ និង​​​បុរស​​​ជា​​​ប្ដី​​​រង​​​របួស​​​ធ្ងន់​​​។

លោក វ៉ែន សុវិន​​​ ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​កណ្ដាល​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា “យើង​​​នឹង​​​​​​​​​ទៅ​​​​​​និយាយ​​​ជា​​​មួយ​​​បុរស​​​រងរបួស​​​និង​​​​​​​​​អ្នក​​​ដែល​​​​​​នៅ​​​ក្នុង​​​​​​ហេតុការណ៍​​​នេះ​​​ ដើម្បី​​​ប្រមូល​​​ព័ត៌​​​មាន​​​ទាំង​​​អស់​​​​​​ ដើម្បី​​​ឲ្យ​​​យើង​​​អាច​​​ធ្វើ​​​​​​កំណត់​​​ហេតុ​​​ពេញ​​​លេញ​​​មួយ​​​ ហើ​​​យ​​​បញ្ជូន​​​កំណត់​​​ហេតុ​​​នេះ​​​ទៅ​​តុលាការ​​​”។

លោក​​​ សុវិន​​​ ​​​បាន​​​ថ្លែង​​​​​​បន្ត​​​ថា “យើង​​​​​​នឹង​​​សួរ​​​នាំ​​​​​​បុរស​​​ ដែល​​​​​​​​​ចេញ​​​មុខ​​​​​​មក​​​​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ជំនួស​​​ម្ចាស់​​​រថយន្ត​​​”។ លោក​​​​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ដូច្នេះ​​​ ដោយ​​​សំដៅ​​​ទៅ​​​​​​​​​លើ​​​លោក​​​ ​​​កា សាវុធ​​​ មេធាវី​​​របស់​​​លោក​​​ ជាម យៀប​​​ ដែល​​​បាន​​​ទាក់ទង​​មក​​​​​​អាជ្ញាធរ​​​​​​ជំនួស​​​មុខ​​​ឲ្យ​​​​​​សមាជិក​​​សភា​​​រូប​​​នេះ​​​ ហើយ​​​បាន​​​បង់​​​ប្រាក់​​​ចំនួន​​​១.០០០​​​ដុល្លារ​​​ទៅ​​​ឲ្យ​​​ជន​​​រង​​​គ្រោះ ​​​បន្ទាប់​​​ពី​​​​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បាន​​​កើត​​​ឡើង​​​។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “កំណត់​​​ហេតុ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​កាន់​​​តុលាការ​​​នៅ​​​ប្រហែល​​​​​​ពីរ​​​ថ្ងៃ​​​ក្រោយ​​​។ វា​​​នឹង​​​មិន​​​យូរ​​​ទេ​​​។ នគរ​​​បាល​​​ខេត្ត​​​កណ្ដាល​​​​​​មិ​​​ន​​​ដែល​​​ព្រងើយ​​​កន្តើយ​​​នឹង​​​ករណី​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ ដែល​​​បណ្ដាល​​​​​​ឲ្យ​​​​​​មាន​​​អ្នក​​​របួស​​​​​​ ឬ​​​ស្លាប់​​​ឡើយ​​​”។

លោក​​​ ជាម យៀប​​​ ដែល​​​កាល​​​ពី​​​ម្សិល​​​មិញ​​​មិន​​​អាច​​​ទាក់​​​ទង​​​​​​​​​សុំ​​​​​​ការ​​​ធ្វើ​​​អត្ថាធិ​​​ប្បាយ​​​​​​​​​បានទេ លោកបាន​​​បដិសេធ​​​​​​ថា  លោក​​​​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ឡើយ​​​​​​​​​នៅ​​​ក្នុង​​​ការ​​​បើក​​​រត់​​​​​​គេច​​​ចេញ​​​ពី​​​​​​កន្លែង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​ ដែល​​​តាម​​​ច្បាប់​​​ចរា​​​ចរណ៍​​​តម្រូវ​​​ឲ្យ​​​លោ​​​ក​​​ត្រូវ​​​ឈប់​​​​​​នោះ​​​។ លោក​​​ ជាម យៀប បាន​​​លើក​​​ឡើង​​​ថា លោក​​​​​​អាច​​​នឹង​​​រងគ្រោះ​​​ថ្នាក់​​​ដោយ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ ប្រសិន​​​បើ​​​លោក​​​ឈប់​​​​​​នៅ​​​កន្លែង​​​គ្រោះ​​​​​​ថ្នាក់​​​ចរាចរណ៍​​​។

លោក​​​ក៏​​​បាន​​​​​​អះអាង​​​ដែរ​​​ថា លោក​​​មាន​​​ “អភ័យ​​​ឯកសិទ្ធិ​​​​​​” រួច​​​ផុត​​​ពី​​​ច្បាប់​​​ចរាចរណ៍​​​នេះ​​​ ពីព្រោះ​​​​​​​​​លោក​​​មិន​​​មែន​​​ជា​​​អ្នក​​​បើក​​​រថយន្ត​​​នោះ​​​ទេ​​​ ហើយ​​​​​​លោក​​​​​​ក៏​​​បាន​​​​​​ទូរ​​​ស័ព្ទ​​​ហៅ​​​មេធាវី​​​របស់​​​លោក​​​ភ្លាមៗ​​​ឲ្យ​​​មក​​​ដោះ​​​ស្រាយ​​​​​​រឿង​​​នេះ​​​ដែរ​​​។

លោក​​​ មឿន​​​ ថា និង​​​ប្រពន្ធ​​​របស់​​​គាត់​​​ឈ្មោះ​​​ ពិន​​​ សុភា ដែល​​​សុទ្ធ​​​តែ​​​មាន​​​អាយុ​​​២៦​​​ឆ្នាំ​​​​​​ រថយន្ត​​​​​​លុច​​​ស៊ិស​​​របស់​​​លោក​​​ ជាម យៀប បាន​​​​​​បើកទៅ​​​បុក​​​ចំ​​​ពី​​​មុខ​​​ម៉ូតូ​​​របស់ជនរងគ្រោះ នៅ​​​ពេល​​​ព្យាយាម​​​បើក​​​ជែង​​​រថយន្ត​​​​​​ធុន​​​ធំ​​​មួយ​​​គ្រឿង​​​តាម​​​ផ្លូវ​​​ជា​​​តិ​​​​​​លេខ​​​១ក្នុង​​​ឃុំ​​​សំរោង​​​ធំ​​​​​​កាល​​​ពី​​​ព្រឹក​​​​​​ថ្ងៃ​​​សុក្រ​​​។ រថយន្ត​​​របស់​​​លោក​​​ ជាម យៀប​​​ ដែល​​​សាក្សីបាន​​​ឃើញ​​​​​​បង្កើន​​​ល្បឿន​​​ មិន​​​បាន​​​ឈប់​​​នោះ​​​ទេ​​​ ទោះ​​​បី​​​ជា​​​បាន​​​បុក​​​ម៉ូតូ​​​របស់​​​ប្ដីប្រពន្ធ​​​ទាំង​​​​​​ពីរ​​​នាក់​​​រួច​​​អូស​​​ប្រហែល​​​៥០​​​ម៉ែត្រ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​ក៏​​​ដោយ​​​។

ជន​​​រងគ្រោះ​​​ជា​​​ប្រពន្ធ​​​ឈ្មោះ​​​​​​ ពិន​​​ សុភា បាន​​​ស្លាប់​​​ដោយ​​​សារ​​​រងរបួស​​​ធ្ងន់​​​នៅ​​​រសៀល​​​​​​ថ្ងៃ​​​នោះ​​​នៅ​​​ក្នុង​​​មន្ទីរពេទ្យ​​​កាល់​​​ម៉ែត​​​​​​ជា​​​ទី​​​ដែល​​​ប្ដី​​​របស់​​​នាង​កំពុងសម្រាក​​​​​​ព្យាបាល​​​របួសបែក​​​​​​ប្លោក​​​នាម​​​។ លោក​​​ ថា បាន​​​​​​និយាយ​​​ថា លោ​​​កនឹង​​​មិន​​​​​​​​​ប្ដឹង​​​​​​លោក​​​ ជាម​​​ យៀប​​​ ទេ​​​ ពីព្រោះ​​​សមាជិក​​​សភា​​​រូប​​​នេះ​​​បាន​​​បង់​​​ថ្លៃ​​​​​​ព្យាបាល​​​ឲ្យ​​​គាត់​​​។ លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ប្ដឹង​​​គាត់​​​​​​ឡើយ​​​ ខ្ញុំ​​​ចង់​​​​​​ឲ្យ​​​គាត់​​​​​​ទិញ​​​ម៉ូតូ​​​ថ្មី​​​​​​ឲ្យ​​​ខ្ញុំ​​ ពីព្រោះ​​​​​​ម៉ូតូ​​​​​​​​​របស់​​​ខ្ញុំ​​​​​​ត្រូវ​​​ខូចខាត​​​ទាំង​​​ស្រុង​​​ពេល​​​ជួប​​​គ្រោះ​​​ថ្នាក់​​​ចរា​​​ចរណ៍​​​”។ លោក​​​ ថា បាន​​​លើកឡើង​​​ថា លោក​​​មិន​​​ច្បាស់​​​ទេ​​​​​​ថា នរណា​​​ជា​​​អ្នក​​​ខុស​​​​​​នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​។ លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា នរណា​ជា​​​អ្នក​​​ត្រូវ​​​ឬ​​​ខុស​​​នោះ​​​ទេ​​​។ ប្រពន្ធ​​​របស់​​​ខ្ញុំ​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ទៅ​​​ហើយ​​​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស