លោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា បម្រាមលើការនាំចូលអាហារសមុទ្រពីកម្ពុជា ដែលគណៈកម្មការអឺរ៉ុបបានស្នើឡើង គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងនាវាលើកទង់ជាតិកម្ពុជាដែលពាក់ព័ន្ធក្នុងការនេសាទខុសច្បាប់នៅក្នុងដែនសមុទ្រអន្តរជាតិ។
កាលពីថ្ងៃអង្គារ គណៈកម្មការអឺរ៉ុបបានប្រកាសថា កម្ពុជា “មិនបានធ្វើសហប្រតិបត្តិការឡើយនៅក្នុងការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ដែលគ្មានការធ្វើសេចក្ដីរាយការណ៍ និងដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ”។ ប្រទេសកម្ពុជា ព្រមទាំងប្រទេសបេលី និងប្រទេសហ្គីណេប៊ីស្សូ ដែលបានរងការដាក់បម្រាមនាំចេញត្រីពីទីផ្សារអឺរ៉ុបដែរនោះបានទទួលការព្រមានកាលពីមួយឆ្នាំមុនថា ពួកគេត្រូវតែធ្វើការវិវឌ្ឍទៅមុខនៅក្នុងការដោះស្រាយបញ្ហានេសាទខុសច្បាប់ ប្រសិនបើមិនដូច្នោះទេ ពួកគេនឹងក្លាយជាប្រទេសដំបូងដែលរងការដាក់ទណ្ឌកម្មចំពោះការមិនអនុវត្តរបស់ខ្លួនតាមការទាមទារឲ្យបញ្ចប់ការនេសាទគ្មានការគ្រប់គ្រងត្រឹមត្រូវ។
លោក ហ្សង់ហ្វ្រង់ស័រ កូតាំង បានមានប្រសាសន៍ថា បញ្ហាសម្រាប់កម្ពុជា គឺនាវាបរទេសដែលលើកទង់ជាតិរបស់កម្ពុជា។ លោកបានលើកឡើងក្នុងអុីម៉េលមួយថា “ ចំណុចសំខាន់នៃក្ដីបារម្ភដែលបានឈានដល់ការសម្រេចនេះ គឺកង្វះការចុះឈ្មោះ ត្រឹមត្រូវ ការគ្រប់គ្រង ប្រព័ន្ធឃ្លាំមើល និងប្រព័ន្ធដាក់ទណ្ឌកម្មដែលនឹងធ្វើឲ្យមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើនាវានេសាទលើកទង់ជាតិកម្ពុជា និងការធ្វើប្រតិបត្តិការនៅក្នុងសមុទ្រអន្តរជាតិ”។
លោកបានមានប្រសាសន៍ថា ថ្វីបើគណៈកម្មការអឺរ៉ុបបានដាក់បម្រាមនេះក្ដី ក៏មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងអឺរ៉ុប និងប្រទេសកម្ពុជាដែរ ព្រោះប្រទេសកម្ពុជាមិននាំចេញគ្រឿងសមុទ្រទៅកាន់សហភាពអឺរ៉ុបនោះឡើយ។
លោក ណៅ ធួក អគ្គនាយករដ្ឋបាលជលផល បានមានប្រសាសន៍ថា បម្រាមរបស់អឺរ៉ុបគ្រាន់តែធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះ។ លោកលើកឡើងទៀតថា ប្រទេសកម្ពុជានាំចេញគ្រឿងសមុទ្រប្រមាណ២០.០០០តោនទៅកាន់ប្រទេសមួយចំនួន ដូចជា វៀតណាម ថៃ ចិន និងរុស្ស៊ីជាដើម។
លោក ណៅ ធួក ក៏បានបន្ទោសបម្រាមរបស់គណៈកម្មការអឺរ៉ុបផងដែរថា ដោយសារតែកម្ពុជាផ្ដល់ “ទង់ជាតិ” ដល់នាវាមកពីប្រទេសផ្សេងៗ។ លោកបានមានប្រសាសន៍ថា “រឿងនេះពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ក្នុងសមុទ្រអន្តរជាតិ។ គ្មាននាវាកម្ពុជាណាមួយធ្វើបែបនេះទេ ប៉ុន្តែនាវាដែលធ្វើបែបនេះគឺជានាវាដែលលើកទង់ជាតិកម្ពុជា។ ប៉ុន្តែនាវាទាំងនោះមិនស្ថិតក្រោមការគ្រប់គ្រងរបស់យើងទេ” ដោយលោកបញ្ជាក់ថា ប្រទេសកម្ពុជាមិននាំចេញគ្រឿងសមុទ្រទៅកាន់សហភាពអឺរ៉ុបនោះឡើយ។
លោកក៏អះអាងដែរថា រដ្ឋាភិបាលមិនទទួលខុសត្រូវចំពោះការលក់ទង់ជាតិកម្ពុជាឲ្យទៅនាវាបរទេសឡើយ ដោយអះអាងថា ក្រុមហ៊ុនមួយរបស់កូរ៉េខាងត្បូងគឺជាអ្នកទទួលខុសត្រូវចំពោះការលក់ទង់ជាតិនេះ។ ជាញឹកញាប់ម្ចាស់នាវាជ្រើសរើសប្រើទង់ជាតិបរទេសដើម្បីជៀសវាងការបង់ពន្ធ និងការអនុវត្តតាមច្បាប់នាវាចរណ៍អន្តរជាតិ។
លោក ណៅ ធួក បានមានប្រសាសន៍ថា លោកមិនដឹងថា ក្រសួង ឬស្ថាប័នរដ្ឋណាមួយជាអ្នកទទួលខុសត្រូវចំពោះការចុះបញ្ជីនាវារបស់ប្រទេសកម្ពុជានោះទេ។ បន្ទាប់ពីប្រទេសហុងឌូរ៉ាស និងប្រទេសប៉ាណាម៉ា ប្រទេសកម្ពុជាកាលពីឆ្នាំ២០០៩គឺជាអ្នកលក់ទង់ជាតិនាវាធំបំផុតទី៣ក្នុងពិភពលោកដោយនាវានេសាទចំនួន១៧៦គ្រឿង និងនាវារោងចក្រធំៗចំនួន២៤គ្រឿងត្រូវបានចុះបញ្ជីនៅប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍ឈ្មោះ “ទម្លាក់ទង់ជាតិចុះ៖ បញ្ចប់ការប្រើប្រាស់ទង់ជាតិបរទេសដោយនាវានេសាទខុសច្បាប់ ដែលចុះផ្សាយដោយអង្គការមូលនិធិយុត្តិធម៌បរិស្ថាន (Environ-mental Justice Foundation) ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស។
យោងតាមរបាយការណ៍នេះ នាវានានាដែលចុះបញ្ជីនៅកម្ពុជាបានបំពានច្បាប់ព្រំដែនសមុទ្រ និងច្បាប់នេសាទអន្តរជាតិ ហើយកាលពីពេលកន្លងទៅត្រូវបានស៊ើបអង្កេតចំពោះការរត់ពន្ធគ្រឿងញៀន អាវុធ និងរត់ពន្ធមនុស្ស។ នៅទូទាំងពិភពលោកនាវាលើកទង់ជាតិបរទេសភាគច្រើនជានាវានេសាទខុសច្បាប់ ដែលតាមការប៉ាន់ប្រមាណថា រកចំណូលបាន២៣ពាន់លានដុល្លារក្នុងមួយឆ្នាំ និងត្រូវបានចោទប្រកាន់ថា មានការកេងប្រវ័ញ្ចកម្លាំងពលករ បំពានច្បាប់ជាតិ និងអន្តរជាតិ ធ្វើឲ្យបរិមាណត្រីធ្លាក់ចុះ ធ្វើប្រតិបត្តិការនេសាទដោយគ្មានអាជ្ញាប័ណ្ណ និងការនេសាទក្នុងតំបន់ការពារ។
របាយការណ៍នេះបន្តទៀតថា “ ប្រទេសមួយចំនួនដំណើរការ ‘ ការចុះបញ្ជីដោយបើកចំហ’ ដែលអនុញ្ញាតឲ្យនាវាបរទេសលើកទង់ជាតិរបស់ខ្លួនក្នុងតម្លៃតិចតួច…។ ប្រទេសជាច្រើនក្នុងចំណោមប្រទេសទាំងនេះខ្វះធនធាន ឬឆន្ទៈក្នុងការឃ្លាំមើល និងគ្រប់គ្រងនាវាដែលលើកទង់ជាតិរបស់ខ្លួន”។ រហូតមកទល់ឆ្នាំ២០០២ក្រុមហ៊ុន Cambo-dian Shipping Corp (CSC) ជាក្រុមហ៊ុនឯកជនមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ជាអ្នកគ្រប់គ្រងការចុះបញ្ជីការលក់ទង់ជាតិកម្ពុជា ប៉ុន្តែត្រូវបានរដ្ឋាភិបាលដកឯកសិទ្ធិនេះវិញក្រោយពីមានការលាតត្រដាងថា នាវាលើកទង់ជាតិកម្ពុជាមួយគ្រឿងដែលធ្វើដំណើរទៅកាន់ប្រទេសយេម៉ែន ដឹកបច្ចេកវិទ្យាមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ក្នុងឆ្នាំដដែលនោះអាជ្ញាធរបារាំងបានរឹបអូសថ្នាំញៀនកូកាអ៊ីននៅលើនាវាលើកទង់ជាតិកម្ពុជាមួយគ្រឿងផ្សេងទៀត។
ប្រតិបត្តិការរបស់ក្រុមហ៊ុន CSC មានទំនាក់ទំនងជាមួយនឹងលោក ខែក រ៉ាវី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនាពេលនោះ ដែលទទួលបានប្រាក់ប្រចាំខែចំនួន១៦.៤០០ដុល្លារពីការចុះបញ្ជីនាវារបស់ក្រុមហ៊ុន CSC ជ្រកក្រោមទង់ជាតិកម្ពុជា។ ប្រាក់ដែលលោក ខែក រ៉ាវី ទទួលបាន មានចំនួនសរុបជិត១,៥លានដុល្លារ នៅពេលរដ្ឋាភិបាលដកកិច្ចសន្យាពីក្រុមហ៊ុន CSC វិញ នេះបើយោងតាមឯកសារអានក្នុងតុលាការកាលពីឆ្នាំ២០១០។
រដ្ឋាភិបាលបានដកកិច្ចសន្យាពីក្រុមហ៊ុន CSC ប្រគល់ឲ្យក្រុមហ៊ុនមួយដែលមានឈ្មោះថា International Ship Registry of Cambodia (ISROC) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងដែលបានបន្តការចុះបញ្ជីនាវាឡើងវិញនៅក្នុងឆ្នាំ២០០៣។ ចាប់តាំងពីពេលនោះមកនាវាលើកទង់ជាតិកម្ពុជាបានជាប់ពាក់ព័ន្ធជាថ្មីម្ដងទៀតនៅក្នុងឧបទ្ទវហេតុនាវាចរណ៍ជាច្រើននៅទូទាំងពិភពលោក។
ISROC មិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺទេកាលពីម្សិលមិញ ប៉ុន្តែក្រុមហ៊ុននេះបានអួតនៅក្នុងគេហទំព័ររបស់ខ្លួនថា ខ្លួនផ្ដល់សេវាចុះបញ្ជីទង់ជាតិកម្ពុជាក្នុងតម្លៃថោក និងគ្មានការរឹតបន្ដឹង។
គេហទំព័ររបស់ ISROC បានលើកឡើងថា “ដោយទទួលបានអត្ថប្រយោជន៍ដូចខាងលើពីទង់ជាតិកម្ពុជា ដែលផ្ដល់ជម្រើសងាយស្រួលដល់ម្ចាស់នាវាជាងទង់ជាតិផ្សេងៗទៀតនៅក្នុងពិភពលោកនោះ ISROC ធ្វើប្រតិបត្តិការប្រព័ន្ធចុះបញ្ជីកម្ពុជា ដែលគ្មានការរឹតបន្ដឹងលើសញ្ជាតិរបស់ម្ចាស់នាវានិងទម្ងន់ផ្ទុកនិងនាវិករបស់នាវា”។
គេហទំព័រនេះក៏លើកឡើងដែរថា នាវានឹងបាត់បង់សិទ្ធិលើកទង់ជាតិកម្ពុជាប្រសិនបើពួកគេពាក់ព័ន្ធនឹងការរត់ពន្ធអាវុធ ថ្នាំញៀន ឬការជួញដូរមនុស្ស។ គេហទំព័រនេះមិនបានលើកឡើងពីការនេសាទខុសច្បាប់ទេ។
កាលពីឆ្នាំ២០១២ នៅពេលនាវាលើកទង់ជាតិកម្ពុជាមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រប្រទេសតួកគី លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនរបស់កម្ពុជាបានមានប្រសាសន៍ថា ក្រសួងរបស់លោកលែងទទួលខុសត្រូវចំពោះការចុះបញ្ជីនាវាដឹកទំនិញទៀតហើយ ពីព្រោះខ្លួនបានប្រគល់ការងារនេះឲ្យទៅគណៈកម្មាធិការមួយនៅទីស្ដីការគណៈរដ្ឋមន្ត្រី។
កាលពីម្សិលមិញនៅពេលសាកសួរថា តើនរណាជាអ្នកទទួលខុសត្រូវចំពោះការចុះបញ្ជីនាវារបស់ប្រទេសកម្ពុជានោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានបង្វែរសំណួរទៅលោក តាក់រ៉េត សំរេច រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ តែទោះជាយ៉ាងណា នៅពេលទាក់ទងទៅ លោក តាក់រ៉ែត សំរេច លោកបានបញ្ជាក់ថា លោកមិនដឹងរឿងអ្វីទេពាក់ព័ន្ធនឹងការចុះបញ្ជីនាវាឬសកម្មភាពរបស់ ISROC នៅក្នុងទីក្រុងប៊ូសាន។
លោកបានថ្លែងថា “ប្រហែលជាក្រសួងសាធារណៈការនិងដឹកជញ្ជូនដឹងពីរឿងនេះ មិនមែនខ្ញុំទេ។ ខ្ញុំមិនដឹងទេ ខ្ញុំមិនទទួលខុសត្រូវរឿងនេះទេ។ នោះជាព័ត៌មានខុស”។
អង្គការបរិស្ថាន ឈ្មោះ Greenpeace បានលើកឡើងកាលពីម្សិលមិញថា ប្រាក់កម្រៃរកបានពីប្រតិបត្តិការលក់ទង់ជាតិមិនច្រើនប៉ុន្មានទេ ប៉ុន្តែអាចជាឱកាសល្អមួយសម្រាប់ពាណិជ្ជករ។ លោកស្រី សារី តូលវ៉ាណេន (Sari Tol-vanen) អ្នកធ្វើយុទ្ធនាការរបស់ Greenpeace Oceans បានលើកឡើងនៅក្នុងអីុម៉េលមួយថា “ការចុះបញ្ជីទង់ជាតិកម្ពុជាត្រូវបង់ប្រាក់។ ក៏អាចទទួលបានប្រាក់ចំណូលផងដែរពីការយកពន្ធពីផលនេសាទពីការចុះបញ្ជីនេះ”។
លោកស្រីបានមានប្រសាសន៍ថា “ជាធម្មតាការដំណើរការគ្រប់គ្រង ការចុះបញ្ជីទង់ជាតិមិនអាចរកកម្រៃបានច្រើនប៉ុន្មានទេ ប្រសិនបើវាមានទម្ងន់ផ្ទុកច្រើន (រួមទាំងទំនិញ) ប៉ុន្តែវាបង្កើតឱកាសពាណិជ្ជកម្មសម្រាប់បុគ្គល”៕ សុខុម
(រាយការណ៍បន្ថែមដោយ ឃួន ណារីម)