លោកស្រី ជា សិរី កូនស្រីរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានដំឡើងតួនាទីទៅជាអគ្គនាយកធនាគារកណ្តាលនេះ នេះបើតាមលោកស្រីបានអះអាងនៅសប្តាហ៍នេះ។
លោកស្រី ជា សិរី នឹងជំនួសតំណែង លោកស្រី ងួន សុខា ដែលបានមានប្រសាសន៍ថា លោកស្រីបានលាលែងតំណែងពីធនាគារជាតិរយៈពេលប្រហែលមួយខែមកហើយ បន្ទាប់ពីលោកស្រីត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុនពេលត្រូវបានដំឡើងតួនាទី លោកស្រី ជា សិរី គឺជាអគ្គនាយករងនៅធនាគារជាតិនៃកម្ពុជា។
បន្ទាប់ពីអះអាងអំពីការដំឡើងតួនាទីលោកស្រីកាលពីថ្ងៃអង្គារ លោកស្រី ជា សិរី បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមអំពីតួនាទីថ្មីរបស់លោកស្រីនៅធនាគារកណ្តាលនេះ ដែលគ្រប់គ្រងដោយឪពុករបស់លោកស្រីរយៈពេលយូរមកហើយនោះទេ។ យោងតាមព័ត៌មាននៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងអាជីពឈ្មោះ Linkedln របស់លោកស្រីបានឲ្យដឹងថា លោកស្រី ជា សិរី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យកាលពីឆ្នាំ២០០២ នៅសាកលវិទ្យាល័យ Victoria University of Wellington នៅប្រទេស នូវែលសេឡង់ ហើយថា លោកស្រីបានបម្រើការនៅធនាគារជាតិនេះចាប់តាំងពីឆ្នាំ១៩៩៩មកម៉េ្លះ។
ដោយនិយាយអំពីអ្នកជំនួសលោកស្រីជាអគ្គនាយកធនាគារកណ្តាលនេះ លោកស្រី ងួន សុខា បានមានប្រសាសន៍ថា ទំនាក់ទំនងឪពុកនិងកូនរវាងលោកស្រី ជា សិរី និងលោក ជា ចាន់តូ មិនសំខាន់ទេ ពីព្រោះលោកស្រី ជា សិរី គឺជាអ្នកដែលមានជំនាញក្នុងការគ្រប់គ្រងធនាគារកណ្តាលនេះ។ ខណៈដែលសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូប បានចាប់ផ្តើមកាត់បន្ថយតួនាទីរបស់ខ្លួនក្នុងរដ្ឋាភិបាលនោះ មានលោក ជា ចាន់តូ គឺជាសមាជិកនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាជាយូរមកហើយជាដើមនោះ ជារឿយៗកូនៗរបស់ពួូកគេត្រូវបានដំឡើងតួនាទីឲ្យកាន់តំណែងជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាល។
លោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាសមាជិកសភាមួយរូបក្នុងចំណោមសមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា។ លោក សាយ សំអាល់ ជាកូនប្រុសរបស់លោក សាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មី កាលពីខែកញ្ញា។ កាលពីដើមឆ្នាំនេះ លោក សុខ ខាវណ្ណ ក្មួយប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាជ្ញាធរប្រេងកាតជាតិផងដែរ។
លោកស្រី ជូឡុង សូមួរ៉ា សមាជិកសភាគណបក្សប្រឆាំងជាយូរមកហើយ ដែលធ្លាប់បានបម្រើការជាទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះ បានមានប្រសាសន៍ថា ដោយហេតុថា លោកស្រី ជា សិរី ជាកូនស្រីរបស់ទេសាភិបាលធនាគារកណ្តាលនោះ ដូច្នេះមិនគួរផ្តល់តួនាទីនេះដល់លោកស្រីឡើយ។
លោកស្រី សូមួរ៉ា បានលើកឡើងតាមអ៊ីម៉េលថា “បើទោះណាជាលោកស្រី ជា សិរី មានជំនាញផ្ទាល់ខ្លួនដែលខ្ញុំមិនបានដឹងក៏ដោយ ក៏ដោយហេតុថា លោកស្រីជាកូនស្រីរបស់លោកទេសាភិបាលធនាគារកណ្តាលដែរ ដូច្នេះមិនគួរផ្តល់តួនាទីនេះដល់លោកស្រីឡើយ” ដោយលោកស្រី សូមួរ៉ា លើកឡើងសំដៅដល់ការប្រកាន់បក្សពួកនិយមនៅក្នុងការតែងតាំងនេះ ព្រមទាំងបញ្ហាទាក់ទងទៅនឹងជម្លោះផលប្រយោជន៍។
លោកស្រីបានបន្ថែមថា “លោកស្រី ជា សិរី គួរធ្វើជាប្រធានអង្គភាពរដ្ឋាភិបាលផ្សេងវិញ ប្រសិនបើជំនាញរបស់លោកស្រីស័ក្តិសមនឹងតួនាទីនោះ។ ករណីនេះបង្ហាញឲ្យឃើញពីការចាំបាច់ត្រូវអនុម័តច្បាប់ឲ្យបានតឹងរ៉ឹង ដែលហាមឃាត់អ្នកដែលមានទំនាក់ទំនងគ្រួសារជិតស្និទ្ធមិនឲ្យបម្រើការក្នុងអង្គភាពរដ្ឋាភិបាលតែមួយ”។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនបានចាប់ផ្តើមដំឡើងតួនាទីកូនៗរបស់ខ្លួននៅក្នុងគណបក្សប្រឆាំងផងដែរ។
លោកស្រី កឹម មុនីវិទ្យា អាយុ៣៣ឆ្នាំ ជាកូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ដែលមានសមាជិក២៦រូបរបស់បក្សសង្គ្រោះជាតិ ជាស្ថាប័នកំពូលដែលមានសិទ្ធិសម្រេចនៅក្នុងគណបក្សនេះផងដែរ។
លោក សុន ឆ័យ សមាជិកសភាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិត្រូវតែទទួលស្គាល់ថា ប្រសិនបើយើងរិះគន់គណបក្សប្រជាជនកម្ពុជា យើងត្រូវធ្វើខ្លួនយើងឲ្យស្អាតស្អំសិន”។ លោក សុន ឆ័យ បានមានប្រសាសន៍បន្ថែមថា “បើនិយាយពីកូនស្រីរបស់លោក កឹម សុខា មនុស្សមួយចំនួនបានរិះគន់ [តួនាទីរបស់លោកស្រី] ហើយយើងចាំបាច់ត្រូវពិនិត្យមើលបញ្ហានោះ”៕ សារុន