26 C
Phnom Penh

អង្គភាព​​​​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បើក​​​កិច្ច​​​ប្រជុំ​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​អះអាង​​​នៃការ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​មក​​​ពី​​​​​​អង្គភាព​​​ប្រឆាំង​​​អំពើពុក​​​រលួយ​​​​​​និង​​​ក្រុម​​​ប្រឹក្សា​​​ជាតិ​​​ប្រឆាំង​​​អំពើ​​​ពុក​​​​​​រលួយ​​​​​​បាន​​​បើក​​​កិច្ច​​​ប្រជុំ​​​សម្ងាត់​​​មួយ​​​នៅ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​កាលពី​​​ម្សិល​​​មិញ​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​​​​កា​​​រ​​​អះអាង​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​ ក៏​​​ដូចជា​​​ពិភាក្សា​​​អំពី​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​នា​​​ពេល​​​ខាង​​​មុខ​​​​​​ជាមួយ​​​​​​ក្រុមហ៊ុន​​​កូកាកូឡា​​​ផង​​​ដែរ​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​អង្គភាព​​​​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ឱម យិុនទៀង​​​ ប្រធាន​​​​​​អង្គភាព​​​​​​​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​បើក​​​កិច្ច​​​ប្រជុំ​​​​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​​​​ការ​​​អះអាង​​​ផ្សេង​​​ៗ​​​​​​ជាមួយ​​​​​​លោក តុប សំ ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​​​​ជាតិ​​​​​​ប្រឆាំង​​​​​​អំពើ​​​ពុក​​​រលួយ​​​ ដែល​​​ទទួល​​​បន្ទុក​​​ផ្នែក​​​​​​រៀប​​​ចំ​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​ស្ដី​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​​​​សម្រាប់​​​​​​រដ្ឋាភិបាល​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា របាយការណ៍​​​រិះគន់​​​​​​មួយ​​​របស់​​​អង្គការ​​​មូលនិធិ​​​ពិភពលោក​​​ ដើម្បីប្រយុទ្ធ​​​ប្រឆាំង​​​ជំងឺ​​​អេសដ៍ របេង និង​​​គ្រុន​​​ចាញ់​​​ ចេញ​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​វិច្ឆិកា​​​ ត្រូវ​​​បាន​​​យក​​​មក​​​ពិភាក្សា​​​ ប៉ុន្តែ​​​របាយ​​​ការណ៍​​​នេះ​​​មិន​​​បាន​​​ផ្ដល់​​​ព័ត៌មាន​​​​​​លម្អិត​​​បន្ថែម​​​ឡើយ​​​។

របាយការណ៍​​​របស់​​​មូលនិធិ​​​​​​ពិភព​​​លោក​​​បាន​បង្ហាញ​ពី​ការ​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ និង​​​ការ​​​ប្រើ​​​ប្រាស់​​​ជំនួយ​​​ឥត​​​សំណង​​​មិន​​​បាន​​​ត្រឹម​​​ត្រូវ​​​​​​របស់​​​​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​​​​នៅ​​​​​​ស្ថានប័ន​​​ទទួល​​​បន្ទុក​​​ជំងឺ​​​គ្រុនចាញ់​​​ កាមរោគ​​​ និង​​​ជំងឺ​​​អេដស៍ ដែល​​​​​​ស្ថិត​​​ក្រោម​​​ចំណុះ​​​របស់​​​ក្រសួង​​​សុខាភិ​​​បាល​​​ ក៏​​​ដូច​​​ជា​​​អង្គការ​​​​​​មេឌីខាំ​​​  ជា​​សម្ពន្ធ​​​អង្គ​​​ការ​​​សុខភាព​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ផង​​​ដែរ​​​​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួ​​យ​​​បាន​​​​​​លើក​​​ឡើង​​​បន្ត​​​ថា ករណី​​នៃ​​​ការ​​​​​​បន្លំ​​​ឯកសារ​​​​​​របស​​​់​​​​​​ប្រធាន​​​​​​ការិយាល័យ​​​សង្គម​​​កិច្ច​​​ស្រុក​​​ស្រីសន្ធរ ខេត្ត​​​កំពង់​​​ចាម​​​​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​កាលពី​​​​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​វិច្ឆិកា និង​​​​​​ករណី​​​នៅ​​​ក្នុង​​​​​​ខេត្ត​​​ចំនួន​​​ប្រាំ​​​ផ្សេង​​​ទៀត​​​​​​ក៏​​​ត្រូវ​​​បាន​​​យក​​​មក​​​ពិភាក្សា​​​ដែរ​​​។

យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រៅ​​​ពី​​​​​​ការ​​​លើក​​​ឡើង​​​​​​ពី​​​​​​ការ​​​អះ​​​អាង​​​​​​អំពី​​​ការ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​​​​ក្នុង​​​​​​​​​ពេល​​​ថ្មីៗ​​​នេះ​​​​​​ លោក​​​ ឱម យុិនទៀន ក៏​​​បាន​​​អំពាវនាវ​​​ឲ្យ​​​​​​​​​មាន​​​ការ​​​​​​ឃ្លាំមើល​​​​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​​​លើ​​​ការ​​​ប្រើប្រាស់​​​ “មន្ត្រី​​​ខ្មោច​” ដែល​​​បាន​​​បើ​​​​​​ក​​​​​​ប្រាក់​​​ខែ​​​ពី​​​រដ្ឋាភិបាល​​​ផង​​​ដែរ​​​។

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​ឥឡូវ​​​នេះ​​​​​​ក៏​​​បាន​​​ស្វែង​​​រក​​​ការ​​​សហការគ្នា​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ខ្លាំង​​​​​​ជាមួយ​​​​​​វិស័យ​​​ឯកជន​​​ ដើម្បី​​​លុប​​​បំបាត់​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ផង​​​ដែរ​​​ ដោយ​​​នឹង​​​​​​ចុះ​​​​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ជាមួយ​​​​​​ក្រុមហ៊ុន​​​កូកា​​​កូឡា​​​។
អ្នកស្រី​​​ លឹម លីណា អ្នក​​​គ្រប់គ្រង​​​​​​កិច្ច​​​ការ​​​សាធារណៈ​​​និង​​​ទំនាក់ទំនង​​​នៅ​​​ក្រុមហ៊ុន​​​កូកា​​​កូឡា​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​មិន​​​អាច​​​បង្ហាញ​​​​​​ព័ត៌មាន​​​លម្អិត​​​​​​​​​ណា​​​មួយ​​​​​​អំពី​​​កិច្ច​​​ព្រមព្រៀង​​​របស់​​​ក្រុមហ៊ុន​​​កូកា​​​កូឡា​​​​​​ជាមួយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយបាន​​​ទេ​​​​​​​​​រហូត​​​ដល់​​​ខែ​​​ក្រោយ​​​។

លោក​​​ស្រី​​​ លីណា បាន​​​ពន្យល់​​​ថា “ក្រុម​​​ហ៊ុន​​​កូកាកូឡា នឹង​​​ចុះ​​​​​​អនុស្ស​​​រណៈ​​​​​​នៃ​​​ការ​​​យោគយល់គ្នា​​​ជា​​​មួយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​​​​ថ្ងៃ​​​ទី​​​៩ ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១៣។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា ក្រុមហ៊ុន​​​កូកាកូឡា​​​​​​បាន​​​ប្ដេជ្ញា​​​ចូលរួម​​​លុប​​​បំបាត់​​​អំពើ​​​ពុករលួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

អ្នក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា វា​​​ជា​​​​​​រឿង​​​ល្អ​​​ ដែល​​​ក្រុមហ៊ុន​​​កូកា​​​កូឡា​​​​​​នឹង​​​ចុះ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ជា​​​មួយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ដើម្បី​​​លុប​​​បំបាត់​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​កម្ពុជា​​​។ ខ្ញុំ​​សង្ឃឹម​​​ថា ក្រុមហ៊ុន​​​ផ្សេងៗ​​​នឹង​​​ចុះ​​​​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់គ្នា​​​​​​ដូច​​​ក្រុមហ៊ុន​​​កូកាកូឡា​​​ដែរ​​​”។

លោក​​​ ឱម យិុនទៀង​​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​លើ​​​​​​​​​កិច្ច​​​ប្រជុំ​​​​​​កាលពី​​​ម្សិ​​​ល​​​មិញ​​​ឡើយ​​​រួម​​​ទាំង​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​​​​កូកាកូឡា​​​ផង​​​ដែរ​​​៕ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស