មន្ត្រីមួយរូបនៅទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់កាលពីម្សិលមិញថា ប្រទេសកម្ពុជាគ្មានសិទ្ធិគ្រប់គ្រងនាវាលើកទង់ជាតិកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នៅសមុទ្រអន្តរជាតិទេ ពីព្រោះរដ្ឋាភិបាលបានលក់សិទ្ធិចុះបញ្ជីនាវាលើកទង់ជាតិកម្ពុជាឆ្លងកាត់មហាសមុទ្រ ឲ្យទៅក្រុមហ៊ុនមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃ៦លានដុល្លារទៅហើយ។
កាលពីថ្ងៃអង្គារគណៈកម្មការអឺរ៉ុបបានប្រកាសថា ខ្លួននឹងដាក់បម្រាមលើការនាំចេញគ្រឿងសមុទ្រទាំងអស់ពីប្រទេសកម្ពុជា ដោយបម្រាមបែបនេះគឺជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្ររបស់សហភាពអឺរ៉ុប ដោយសារតែប្រទេសកម្ពុជាមិនបានដោះស្រាយបញ្ហាណាមួយក្នុងចំណោមបញ្ហា ដែលសហភាពអឺរ៉ុបបានលើកឡើងជុំវិញប្រតិបត្តិការនេសាទខុសច្បាប់ពីសំណាក់នាវានានា ដែលលើកទង់ជាតិកម្ពុជា។
គណៈកម្មការអឺរ៉ុបបានលើកឡើងនៅក្នុងសេចក្ដីសម្រេចរបស់ខ្លួនដាក់បម្រាមលើការនាំចូលគ្រឿងសមុទ្ររបស់កម្ពុជាថា ថ្វីបើគណៈកម្មការអឺរ៉ុបបានព្រមានកាលពីឆ្នាំ២០១២ ដោយទាមទារឲ្យមានការចាត់វិធានការយ៉ាងណាក្ដី ក៏នាវានានា ដែលលើកទង់ជាតិកម្ពុជា នៅតែមានការពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ដដែល។
គណៈកម្មការអឺរ៉ុបក៏បានលើកឡើងដែរថា រដ្ឋាភិបាលកម្ពុជាគ្មានមធ្យោបាយសម្រាប់ឃ្លាំមើលសកម្មភាពនាវាលើកទង់ជាតិរបស់ ខ្លួនទេ ហើយរដ្ឋាភិបាលក៏មិនដឹងថា នាវាចំនួនប៉ុន្មានត្រូវបានចុះបញ្ជីប្រើទង់ជាតិកម្ពុជានោះដែរ។ គណៈកម្មការអឺរ៉ុបបានលើកឡើងថា “ប្រទេសកម្ពុជាមិនបានបង់ពន្ធតាមច្បាប់អន្តរជាតិតម្រូវក្នុងនាមជាប្រទេសផ្ដល់ទង់ជាតិ ដើម្បីគោរពកិច្ចសហប្រតិបត្តិការនិងកិច្ចប្រឹងប្រែងអនុវត្តន៍ច្បាប់នោះឡើយ”។
គណៈកម្មការអឺរ៉ុបបានលើកឡើងថា “ប្រទេសកម្ពុជាមិនបានបង្ហាញថា ខ្លួនបំពេញតាមលក្ខខណ្ឌនៃ [អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ] ដែលចែងថា ប្រទេសផ្ដល់ទង់ជាតិត្រូវមានដែនសមត្ថកិច្ចគ្រប់គ្រងនាវានីមួយៗ ដែលលើកទង់ជាតិរបស់ខ្លួន កាពីទែននិងនាវិកលើនាវានោះតាមច្បាប់ប្រទេសរបស់ខ្លួន”។
គណៈកម្មការអឺរ៉ុបបានសរសេរថា “ចំនួននេះបង្ហាញពីសមត្ថភាពនេសាទដ៏ធំមួយ ដែលគ្មានប្រព័ន្ធឃ្លាំមើលប្រកបដោយប្រសិទ្ធ ភាព ដែលមិនអាចអនុញ្ញាតឲ្យប្រទេសកម្ពុជាទទួលខុសត្រូវទាំងស្រុងចំពោះប្រទេសផ្ដល់ទង់ជាតិនោះទេ”។ ប្រទេសកម្ពុជាបានសរសេរលិខិតផ្ញើទៅគណៈកម្មការអឺរ៉ុបកាលពីខែមិថុនា ដោយអះអាងថា ខ្លួនបានដកសិទ្ធិចុះបញ្ជីនាវាលើកទង់ជាតិកម្ពុជា ធ្វើឲ្យនាវាប្រហែល៨៤គ្រឿង ដែលចុះឈ្មោះនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣”។
តែទោះជាយ៉ាងណា Lloyd’s Register of Shipping បានកត់ត្រានាវាលើកទង់ជាតិកម្ពុជាចំនួន១៤៤គ្រឿង គិតមកទល់នឹងឆ្នាំ២០១៣ រីឯ World Register of Shipping បានកត់ត្រាឃើញចំនួន១៥០គ្រឿង។
យោងតាម Environmental Justice Foundation បានឲ្យដឹងថា នាវានេសាទចំនួន១៧៦គ្រឿង និងនាវារោងចក្រ២៤គ្រឿងត្រូវបានចុះបញ្ជីប្រើទង់ជាតិកម្ពុជាក្នុងឆ្នាំ២០០៩ ជាដំណើរការចុះបញ្ជីមួយ ដែលចំណាយពេលត្រឹមតែ២៤ម៉ោង និងអាចធ្វើបានចប់សព្វគ្រប់តាមប្រព័ន្ធអ៊ិនធើណិត។
លោក សេង លំនៅ អតីតរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់កាលពីម្សិលមិញថា លោកជាប្រធានគណៈកម្មាធិការមួយនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលទទួលខុសត្រូវចំពោះការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន International Ship Registry of Cambodia (ISROC) ជាក្រុមហ៊ុនឯកជនមួយមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលបានទិញសិទ្ធិចុះបញ្ជីនាវាបរទេសលើកទង់ជាតិកម្ពុជា។
លោកបានទទួលស្គាល់ថា នាវាបរទេសដែលលើកទង់ជាតិកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នៅក្នុងមហាសមុទ្រ ប៉ុន្តែលោកបានមានប្រសាសន៍ថា ពេលនេះរដ្ឋាភិបាលគ្មានសិទ្ធិគ្រប់គ្រងលើនាវាបរទេសដែលលើកទង់ជាតិកម្ពុជាទេ។ លោកក៏បានបញ្ជាក់ដែរថា នៅទូទាំងពិភពលោក មានតែនាវាប្រាំមួយគ្រឿងប៉ុណ្ណោះ ដែលត្រូវបានចុះបញ្ជីជានាវាកម្ពុជា។
លោកមានប្រសាសន៍ថា “ពេលខ្លះនាវាលើកទង់ជាតិទាំងនោះនេសាទនៅកន្លែងហាមឃាត់ ប៉ុន្តែនាវាទាំងនោះត្រូវបានឃាត់ទុក។ យើងមិនអាចគ្រប់គ្រងនាវានេសាទទាំងនោះ និងនាវាផ្សេងៗទៀតបានទេ ពីព្រោះពួកគេនេសាទនៅសមុទ្រអន្តរជាតិ ដូច្នេះតើឲ្យយើងគ្រប់គ្រងម៉េចនឹងបានទៅ? យើងគ្មានលទ្ធភាពបង្កើតប្រព័ន្ធតាមដានឆ្ងាយដល់ម្លឹងទេ”។
យោងតាមលោក សេង លំនៅ បានឲ្យដឹងថា រដ្ឋាភិបាលបានលក់សិទ្ធិចុះបញ្ជីនាវាឲ្យទៅក្រុមហ៊ុនឯកជនមួយនៅក្នុងទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា ISROC ។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុន ISROC បានបង់ប្រាក់ប្រមាណ៦លានដុល្លារឲ្យទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បិទិញយកសិទ្ធិលក់ទង់ជាតិកម្ពុជាសម្រាប់នាវា ដែលបានចាប់ផ្ដើមក្នុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ន។
លោកមានប្រសាសន៍ថា “ក្រុមហ៊ុនបានបង់ប្រាក់ជាង៦លានដុល្លារសម្រាប់ប្រតិបត្តិការរយៈពេលតិចជាង១០ឆ្នាំ”។ លោកបានបន្តថា ISROC បានផ្ទេរប្រាក់នេះពីប្រទេសកូរ៉េខាងត្បូងមកឲ្យរដ្ឋាភិបាលតាមរយៈធនាគារជាតិនៃកម្ពុជា។ កាលពីម្សិលមិញ ខណៈពេលដែលគេមិនទាន់ដឹងថា តើប្រាក់៦លានដុល្លារនេះបង់ផ្ដាច់តែម្ដងរីបងរម្លស់នោះ ថវិកាជាតិឆ្នាំ២០១៣ មិនបានចុះបញ្ជីលើប្រាក់ចំណូលទទួលបានពីការចុះបញ្ជីនោះទេ។
ពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោកស្រី ឈួន មុលីរ័ត្ន តំណាងក្រុមហ៊ុន ISROC បានមានប្រសាសន៍ថា លោកស្រីមិនដឹងពីចំនួនប្រាក់ ដែលក្រុមហ៊ុនរបស់លោកស្រីបង់ឲ្យរដ្ឋាភិបាលនោះទេ ប៉ុន្តែថា លោក សេង លំនៅ ទទួលបានរបាយការណ៍ប្រចាំខែស្ដីពីការចុះបញ្ជីនាវា។ លោកស្រីបានមានប្រសាសន៍ថា “ជាធម្មតាការិយាល័យនៅទីស្នាក់ការកណ្ដាល [ក្នុងទីក្រុងប៊ូសាន] គ្រាន់តែធ្វើរបាយការណ៍ប្រចាំខែមករដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ឧទាហរណ៍ដូចជានៅក្នុងខែនេះជាដើម។ យើងបានចុះបញ្ជីនាវាលើកទង់ជាតិកម្ពុជាប្រមាណ១០ ឬ១៥គ្រឿង។ ប្រសិនបើអស់លោកបំពេញតាមលក្ខខណ្ឌចុះបញ្ជី [នាវា] ពេលនោះវាមិនអីទេ យើងនឹងមិនប្រាប់រដ្ឋាភិបាល [កម្ពុជា] ឡើយ”។
រហូតមកទល់ឆ្នាំ២០០២ក្រុមហ៊ុនឯកជនមួយទៀតឈ្មោះថា Cambodian Shipping Corp (CSC) ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី គឺជាអ្នកទទួលខុសត្រូវចុះបញ្ជីនាវាលើកទង់ជាតិកម្ពុជា ប៉ុន្តែបានបាត់បង់អាជ្ញាប័ណ្ណវិញ បន្ទាប់ពីនាវាលើកទង់ជាតិរបស់ប្រទេសកម្ពុជាមានពាក់ព័ន្ធនឹងហេតុការណ៍ធំៗមួយចំនួនរួមមានទាំងការរត់ពន្ធថ្នាំញៀនកូកាអីុន និងបច្ចេកវិទ្យាមីសីុលពីប្រទេសកូរ៉េខាងជើងផងដែរ។
យោងតាមឯកសារតុលាការឆ្នាំ២០១០ ឲ្យដឹងថា លោក ខែក រ៉ាវី ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅពេលទទួលបានប្រាក់ចំនួន១៦.០០០ដុល្លារក្នុងមួយខែពី CSC ដែលបងប្អូនប្រុសរបស់លោកម្នាក់គឺជាប្រធាន ដល់ចំនួនសរុបប្រមាណ១,៥លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ យោងតាម Environmental Justice Foundation ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថា នាវាចំនួន២០០គ្រឿងត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០០៩។ កម្ពុជាគឺជាប្រទេសផ្ដល់ទង់ជាតិធំបំផុតទី៣របស់ពិភពលោក។ម្ចាស់នាវាគេចវេះការបង់ពន្ធឬអនុវត្តតាមច្បាប់និងនិយ័តកម្មអន្តរជាតិ៕ សុខុម