រយៈពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីអ្នកស្រីត្រូវបានដោះលែងពីពន្ធនាគាររង់ចាំការបើកសវនាការកាត់ក្តី តាមការចោទប្រកាន់ពីបទព្រហ្មទណ្ឌដ៏ចម្រូងចម្រាសកាលពីឆ្នាំមុននោះ អ្នកស្រី យ៉ោម បុប្ផា សកម្មជនសិទ្ធិលំនៅដ្ឋានកាលពីម្សិលមិញបានដឹកនាំការដើរក្បួនមួយដែលមានអ្នកចូលរួមប្រហែល៥០០នាក់ ដើម្បីដាក់ញត្តិអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី។

អ្នកស្រី យ៉ោម បុប្ផា បានដើរក្បួនចម្ងាយ៥គីឡូម៉ែត្រនៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកស្រី ទេព វន្នី សកម្មជនតំបន់បឹងកក់ និងជនរងគ្រោះពីការចាប់យកដីធ្លីដ៏ហិង្សាជាច្រើននាក់ទៀត។ ការដើរក្បួននេះគឺក្នុងបំណងដើម្បីរិះគន់យុទ្ធនាការរយៈពេលពីរសប្តាហ៍ប្រឆាំងអំពើហិង្សាលើស្ត្រី ដែលធ្វើឡើងកាលពីថ្ងៃច័ន្ទ ដោយក្រសួងកិច្ចការនារី និងអង្គការសហប្រជាជាតិចំពោះការនិយាយតែមាត់នេះ។
នៅពេលបញ្ឈប់ការដើរក្បួននៅមុខក្រសួងកិច្ចការនារី អ្នកស្រី ទេព វន្នី បាននិយាយថា “យើងស្នើឲ្យលោកស្រី អ៊ឹង កន្ថាផាវី [រដ្ឋមន្ត្រីក្រសួងកិច្ចការនារី] បញ្ឈប់អំពើហិង្សាដែលបង្កឡើងដោយកម្លាំងប្រដាប់អាវុធ និងដោយមានបញ្ជាពីរដ្ឋាភិបាល”។ អ្នកដើរក្បួនភាគច្រើនដែលជាស្ត្រីនោះបានដើរក្បួនពីវត្តភ្នំឆ្ពោះទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលស្ថិតនៅក្បែរស្ពានព្រះមុនីវង្ស ដោយឈប់នៅក្រសួងកិច្ចការនារី និងនៅការិយាល័យរបស់អង្គការសហប្រជាជាតិដែលស្ថិតតាមបណ្តាយផ្លូវលេខ៥១។ ពួកគេមានកំហឹងនឹងក្រសួងនេះ និងអង្គការសហសប្រជាជាតិនៅក្នុងប្រទេសកម្ពុជាចំពោះការធ្វើយុទ្ធនាការអប់រំដែលមានឈ្មោះថា “៦០ថ្ងៃនៃសកម្មភាពប្រឆាំងអំពើហិង្សាលើស្ត្រី”។
អ្នកស្រី ទេព វន្នី និយាយថា “ការិយាល័យអង្គការសហប្រជាជាតិតំណាងស្ត្រីមានការិយាល័យនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេមិនដែលយកចិត្តទុកដាក់ចំពោះការប្រើអំពើហិង្សារបស់កងកម្លាំងប្រដាប់អាវុធអំឡុងការបណ្តេញចេញពីដីធ្លីដ៏ហិង្សា និងអំពើហិង្សាទៅលើកម្មកររោងចក្រកាត់ដេរឡើយ” ដោយអ្នកស្រីអំពាវនាវឲ្យការិយាល័យអង្គការសហប្រជាជាតិតំណាងស្ត្រីបំពេញតួនាទីឲ្យបានសកម្មជាងនេះ ប្រឆាំងការប្រើអំពើហិង្សារបស់រដ្ឋាភិបាលក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់សកម្មជនទាំងនោះបានលើកឡើងពីការប្រើអំពើហិង្សារបស់នគរបាលមកលើស្ត្រី អំឡុងការចាប់យកដីធ្លី ដោយបានបាញ់កម្មការិនីរោងចក្រកាត់ដេរបីនាក់ឲ្យរងរបួសពីសំណាក់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត កាលពីឆ្នាំមុន និងការប្រើអំពើហិង្សានៅពេលយប់មកលើសកម្មជនជាស្ត្រី និងអ្នកកាសែតនៅ ពេល ការតវ៉ាប្រឆាំងនឹងការចាប់យកដីនៅវត្តភ្នំ កាលពីថ្ងៃទី២២ ខែកញ្ញា ជាឧទាហរណ៍ពីការមិនយកចិត្តទុករបស់រដ្ឋាភិបាលចំពោះសុវត្ថិភាពស្ត្រីឡើយ។
លោក វ៉ន ពៅ ប្រធានសហជីពប្រជាធិបតេយ្យឯករាជ្យនៃសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានមានប្រសាសន៍ថា “នៅការតវ៉ារបស់កម្មកររោងចក្រកាត់ដេរអេសអិល កម្លាំងសន្តិសុខបានបាញ់ត្រូវស្ត្រីម្នាក់ស្លាប់” ដោយលោកសួរអ្នកតវ៉ាថា តើក្រសួងនេះបានធ្វើអ្វីនៅពេលនោះ។ លោកបានសួរថា “តើរបាយការណ៍នៅឯណា? ស្ត្រីម្នាក់បានស្លាប់ ហើយក្រសួងកិច្ចការនារីមិនបានធ្វើអ្វីសោះ”។
គេមិនអាចទាក់ទងមន្ត្រីក្រសួងកិច្ចការនារីដើម្បីសុំការអត្ថាធិប្បាយបានទេ។ លោកស្រី ចេនណា ហូលីដេ អ្នកនាំពាក្យអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា លោកស្រីស្វាគមន៍រាល់ការរិះគន់របស់ស្ត្រីក្នុងប្រទេសកម្ពុជា ប៉ុន្តែ លោកស្រីបានកត់សម្គាល់ថា អង្គការសហប្រជាជាតិបានបោះពុម្ភផ្សាយអត្ថបទផ្តល់មតិនៅតាមបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក កាលពីសប្តាហ៍មុន ដោយរិះគន់ពីការប្រើអំពើហិង្សារបស់រដ្ឋាភិបាលមកលើស្ត្រី។
លោកស្រី ហូលីដេ បានមានប្រសាសន៍ថា “[អំពើហិង្សាបែបនេះ] គឺជាអ្វីដែលយើងមិនត្រឹមតែបានដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្វីដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់យើងអំពីប្រទេសកម្ពុជាទៀតផង… ហើយពិតជាផ្នែកដែលយើងបន្តពិភាក្សាជាមួយរដ្ឋាភិបាលរបស់យើង និងដៃគូអង្គការមិនមែនរដ្ឋាភិបាលនានា”៕ សារុន