អ្នកភូមិប្រហែល៣០០នាក់បានធ្វើការតវ៉ាសម្រាប់ថ្ងៃទី២នៅឯសាលាឃំុក្នុងមូលដ្ឋានស្ថិតក្នុងខេត្តព្រះវិហារកាលពីម្សិលមិញ ប្រឆាំងនឹងក្រុមហ៊ុនរុករករ៉ែមួយដែលពួកគាត់ចោទប្រកាន់ថា បានគំរាមចាប់យកដីធ្លីរបស់ពួកគាត់ ប្រសិនបើពួកគាត់មិនព្រមទទួលយកសំណើផ្តល់ប្រាក់សំណងដើម្បីទៅតាំងទីលំនៅថ្មីទេនោះ។
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានផ្តល់អាជ្ញាប័ណ្ណរុករកថ្មម៉ាបដល់ក្រុមហ៊ុន TPBTV Development នៅក្នុងឃុំរំដោះ ស្រុករវៀង កាលពីថ្ងៃទី២០ ខែវិច្ឆិកា នេះបើយោងតាមច្បាប់ចម្លងនៃអាជ្ញាប័ណ្ណនោះ។ ជម្លោះនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុននេះបានព្យាយាមចាប់យកដីបន្ថែមទៀតនៅក្រៅព្រំប្រទល់តំបន់ដែលក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណនោះ។
លោក គួន សុគន្ធ អ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាទាំងនោះបាននិយាយថា អ្នកភូមិដែលរងផលប៉ះពាល់ចំនួន២៧៨គ្រួសារបានបដិសេធមិនទទួលយកសំណើរបស់ក្រុមហ៊ុននេះ ដែលសុំផ្តល់ប្រាក់ចំនួន១.០០០ដុល្លារក្នុងដីទំហំមួយហិកតាដើម្បីឲ្យពួកគាត់ចាកចេញពីដីរបស់ខ្លួន ហើយថា តំណាងក្រុមហ៊ុនបានចាប់ផ្តើមធ្វើការគំរាមចាប់យកដីរបស់ពួកគាត់តែម្តង។
លោក សុគន្ធ ដែលបានធ្វើស្រែចម្ការនៅលើដីរបស់លោកចាប់តាំងពីឆ្នាំ២០០៥មកនោះ បាននិយាយថា “យើងបានធ្វើការតវ៉ានៅថ្ងៃនេះ គឺដើម្បីទាមទារឲ្យក្រុមហ៊ុនចាកចេញពីតំបន់នេះ ពីព្រោះគម្រោងរុករកថ្មម៉ាបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើស្រែចម្ការរបស់យើង”។ លោកបាននិយាយទៀតថា “យើងជំទាស់ដាច់អហង្ការនឹងក្រុមហ៊ុនរុករកថ្មម៉ាបនេះ ពីព្រោះការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនគឺពឹងផ្អែកលើការធ្វើស្រែចម្ការរបស់ខ្លួននេះឯង”។
លោក សំ ភារៈ ជាមេឃុំនេះបានមានប្រសាសន៍អំពីការតវ៉ាកាលពីម្សិលមិញនៅមុខសាលាឃំុរបស់លោកថា ជាថ្ងៃទី២ហើយ ចាប់តាំងពីថ្ងៃអាទិត្យមក។
លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា ក្រុមហ៊ុននេះនឹងធ្វើឲ្យប៉ះពាល់ដល់គ្រួ សារទាំងនោះដែលមានដីសម្រាប់ធ្វើស្ រែចម្ការ ប្រសិនបើថ្នាក់លើមិនរកដំណោះស្រាយជូនពួកគាត់ទេនោះ”។
អ្នកស្រី កឹម សុភិន នាយិកាក្រុមហ៊ុន TPBTV បានអះអាងថា អ្នកស្រីទទួលបានអាជ្ញាប័ណ្ណរុករកថ្មម៉ាបនេះ កាលពីពេលថ្មីៗនេះ ប៉ុន្តែ អ្នកស្រីបានមានប្រសាសន៍ថា វិវាទដីធ្លីនេះមិនពាក់ព័ន្ធនឹងអ្នកស្រីទេ។ មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម អ្នកស្រីបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា តើត្រូវស្វែងរកដំណោះស្រាយជូនអ្នកភូមិទាំងនេះដូចម្តេចទេ ពីព្រោះក្រសួងបានផ្តល់ដីនេះដល់ក្រុមហ៊ុនរបស់ខ្ញុំ” ហើយអ្នកស្រីបានបង្វែរសំណួរទៅ លោក ស៊ិន ញ៉ ជាប្រធានគ្រប់គ្រង។
លោក ស៊ិន ញ៉ បានអះអាងថា ក្រុមហ៊ុនបានផ្តល់ប្រាក់ចំនួន១.០០០ដុល្លារក្នុងដីទំហំមួយហិកតា ដើម្បីទទួលបានដីនេះដែលស្ថិតនៅក្រៅតំបន់ដែលទទួលបានអាជ្ញាប័ណ្ណទំហំ៩.០០០ហិកតានោះ ប៉ុន្តែលោកបានបដិសេធថា អ្នកភូមិដែលជាម្ចាស់ដីមិនត្រូវបានបង្ខិតបង្ខំឲ្យទទួលប្រាក់ទាំងនេះទេ។
លោកបានមានប្រសាសន៍ថា “យើងមិនប្រើពាក្យថា ‘ទិញ’ ទេ ប៉ុន្តែ យើងមានគម្រោងផ្តល់ប្រាក់សំណងចំនួន១.០០០ដុល្លារ។ ប៉ុន្តែយើងអាចផ្តល់ប្រាក់ក្នុងចំនួន១.៥០០ដុល្លារបានបន្ទាប់ពីការចរចាជាមួយអ្នកភូមិនោះ”។
លោក គង់ មករា ដែលជាប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលនៅខេត្តនេះបានមានប្រសាសន៍ថា លោកនឹងស្នើទៅរដ្ឋាភិបាលឲ្យធ្វើអន្តរាគមន៍ដើម្បីដោះស្រាយជម្លោះនេះ៕ សារុន