33 C
Phnom Penh

រោង​ចក្រ​ អេស​អិល យល់ព្រមអនុញ្ញាត​ឲ្យ​តំណា​ង​សហ​ជីព​ចំនួន​១៩​នាក់​ត្រឡប់ចូល​ធ្វើ​ការ​វិ​ញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​គ្រប់​គ្រង​នៅឯរោង​ចក្រ​កាត់​ដេរ​ អេស​អិល​ កាល​ពីម្សិលមិញ បាន​ព្រម​ព្រៀង​អនុញ្ញាត​ឲ្យ​​តំណា​ង​សហជីព​១៩​រូប​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យមក​ធ្វើ​ការ​វិញ​ ​បន្ទាប់​ពីការ​ប្រឈម​ដ៏​ជូរចត់​មួយ​រវាង​កម្មករ​និង​និយោជិតបាន​កើត​ឡើង​។

កាល​ពីថ្ងៃ​ទី ១៩​ ខែ​វិច្ឆិកា រោង​ចក្រ​នេះ​ត្រូវ​បាន​ទុក​ពេល​១៥​ថ្ងៃ​ដោយ​​រដ្ឋាភិបាល​​ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករដែលជាសមាជិក​សម័្ពន្ធ​សហជីព​ប្រជាធិ​ប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ចូលធ្វើការវិញ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​វិធាន​ការ​ផ្លូវ​ច្បាប់​។ ក៏​ប៉ុន្តែ បន្ទាប់​ពីមានការ​ច្រាន​ចោល​មួយ​ចំនួន និយោជក​រោង​ចក្រ​បាន​ប្តូរ​គំនិត​របស់​ខ្លួន បន្ទាប់​ពីការ​ជួប​ប្រជុំ​ជាច្រើន​លើក​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​​ ហើយកិច្ចប្រជុំ​ចុង​ក្រោយ​នេះធ្វើ​ឡើងកាល​ពី​​ថ្ងៃ​ពុធ។

ក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា “និយោជកនៅ​រោង​ចក្រ​នេះ​បាន​យល់​ព្រម​ទទួល​មនុស្ស​១៩​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​មានអនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន”។ លោក​ កោះ ជុង​ហូ​ អគ្គនាយក​​​រោង​ចក្រ​កាត់​ដេរ​ អេស​អិល​ បាន​បញ្ជាក់​ថា តំណាង​១៩​នាក់​ នឹង​ត្រូវទទួលឲ្យ​ធ្វើ​ការ​វិញ​។

“ក្រសួងការងារ​បាន​ស្នើ​មកពួក​យើង​ ហើយ​​យើង​យល់​ព្រម​អនុញ្ញាតឲ្យ​ពួក​គេ​មក​ធ្វើ​ការ​វិញ​”។ ការ​តវ៉ា​មួយ​ដឹក​នាំ​ដោយ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ អេសអិល​ កាល​ពីថ្ងៃ​ទី ១២​ ខែ​វិច្ឆិកា បណ្តាល​ឲ្យ​មាន​ការ​បាញ់​ប្រហារ​ដោយ​​សមត្ថកិច្ច​​​នគរបាល​​ ដែល​ធ្វើ​ឲ្យ​ស្ត្រី ឈ្មោះ អេង សុខុម  ស្លាប់​ អំឡុង​​​ពេល​​​មាន​ការ​​​​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្មករ។

កាល​ពីម្សិលមិញ​ តំណាង​រាស្ត្រ​មក​ពី​រដ្ឋ​សមាជិ​ក​អាស៊ានមួយ​ចំនួន​បាន​អំពាវនាវ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ធ្វើ​ឡើង​ដោយ​​សហ​គមន៍​អន្តរ​ជាតិ​ទៅលើការ​បាញ់​ប្រហារ​ដោយ​នគរបាល​ កាល​ពីថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ព្រម​ទាំង​ការ​ស្លាប់​​របស់លោក ម៉ៅ សុខ​ចាន់ អាយុ​២៩​ឆ្នាំ ដែល​ឈរ​មើល​ហេតុ​ការណ៍​ ត្រូវ​បាន​បាញ់​ក្នុង​គ្រា​ដូចគ្នា​ក្នុង​ខែ​វិច្ឆិកា បន្ទាប់​ពីគណបក្ស​ប្រឆាំង​ដើរ​ក្បួន​។

នៅក្នុង​សេចក្តី​ប្រកាស​មួយ​ លោក ក្រៃ​ សាក់ជួន​ហាវ៉ាន់​ អ្នក​នយោបាយ​ថៃ និង​ជា​អនុ​ប្រធាន​នៃ​ក្រុម​​តំណាង​រាស្ត្រ​អាស៊ាន​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា វា​ជាពេល​ដែល​សហគមន៍​អន្តរជាតិ​ប្រកាន់​យក​ជំហ​រមួយ​ ទៅលើការ​ប្រើ​ប្រាស់​គ្រាប់​រំសេវ​​ ដោយ​កង​កម្លាំង​រដ្ឋ​នៅ​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា “អង្គការ​សហ​ប្រជាជាតិ​ និង​អន្តរ​ជាតិ​ ត្រូវ​ប្រកាន់​ជំហរ​មួយ​ ចំពោះ​ករណី​មិន​មាន​យុត្តិធម៌​​ទាំងនេះ​។ វាកន្លង​ផុត​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ​ ដែល​កងកម្លាំង​នគរបាល​បាន​បាញ់ លោក ម៉ៅ​ សុខចាន់ និង​បង្ក​របួស​ដល់​អ្នក​ផ្សេងទៀត​ នៅពេល​ដែល​ពួក​គេ​បើ​ការ​វាយ​​​ប្រហារ​ទៅលើ​បាតុករ​មួ​យ​ក្រុម​ ហើយ​​ថា រដ្ឋ​មិនបានធ្វើ​ចំណាត់ការ​សម្រាប់អនុវត្ត​យ៉ាង​ច្បាស់​លាស់​​តាម​រយៈការ​ស៊ើប​អង្កេត​មួយ​ទេ”។

លោក​ ជួនហាវ៉ាន់ បាន​លើក​ឡើង​ទៀត​ថា “តាមរយៈការ​ស៊ើប​អង្កេតឯករាជ្យ​មួយ​ និង​ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា​​មាន​ការ​ទទួល​ខុស​ត្រូវ​ ចំពោះបរាជ័យ​របស់ខ្លួន​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​ការ​ស្លាប់​ទំាង​នេះ និងស្រប​តាមសិទ្ធិ​​មនុស្ស​អន្តរជាតិ​ និង​ស្តង់​ដារ​ច្បាប់​នោះ យើង​មិន​ត្រឹម​តែ​​រក​ឃើញយុត្តិ​ធម៌​ឲ្យ​​ដល់​​​គ្រួសារ​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ ថែមទាំងបញ្ជូន​សារ​ច្បាស់​មួយ​ថា និទណ្ឌ​ភាព​សម្រាប់​មន្ត្រី​រដ្ឋ​នឹង​មិន​អាច​លើកលែង​ឡើយ​”​៕​ប៊ុន​នី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស