យោងតាមទិន្នន័យស្ថិតិដែលកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ទម្ងន់សរុបនៃទំនិញដឹកជញ្ជូនកាត់កំពង់ផែនេះ បានកើនឡើង១៣ភាគរយក្នុងរយៈពេល១០ខែដំបូងដើមឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំនិញប្រហែល២,៤៨លានតោន បានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ តាំងពីដើមឆ្នាំរហូតដល់ខែតុលាឆ្នាំនេះ និងជាទម្ងន់សរុបធ្ងន់ជាងរយៈពេល១០ខែដំបូងដើមឆ្នាំ២០១២ដែលមាន២,១៥លានតោន។ លោក អ៊ុក សូមេធី ប្រធានការិយាល័យស្ថិតិកំពង់ផែស្វយ័តនេះ លើកឡើងថា កំណើននេះភាគច្រើនដោយសារបរិមាណនាំចេញអង្ករ និងបរិមាណនាំចូលគ្រឿងសំណង់កើនឡើង។
យោងតាមលោក លូ គឹមឈុន នាយក កំពង់ ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា កាលពីដើមឆ្នាំនេះកំពង់ផែនេះបានអនុវត្តគម្រោងសិក្សាស្រាវជ្រាវមួយ ស្តីពីលទ្ធភាពឆ្លើយតបទៅនឹងកំណើនទំនិញថ្មីៗ។ ទោះជាយ៉ាងណា លោកបានឲ្យដឹងបន្តថា ផែនការអភិវឌ្ឍន៍កំពង់ផែ មិនទាន់ដំណើរការនៅឡើយ ដោយសារតែ “ យើងកំពុងរង់ចាំការគាំទ្រផ្នែកហិរញ្ញវត្ថុ” ក៏ប៉ុន្តែ លោកបានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយលម្អិតជាងនេះទេ៕ សុធា