យោងតាមឯកសារថ្មីមួយដែលត្រូវបានបញ្ចេញដោយលោក អ៊ែតវើដ ស្នូឌិន (Edw-ard Snowden) អ្នកទម្លាយការណ៍សម្ងាត់របស់
ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (National Security Agency) ហៅកាត់ថា NSA បានឲ្យដឹងថា រាជធានីភ្នំពេញដើរតួជាចំណុចប្រចាំតំបន់មួយសម្រាប់ការលួចទិន្នន័យដែលបានមកតាមរយៈមេរោគដែលត្រូវបានគេបញ្ជ្រៀតចូលទៅក្នុងបណ្តាញកុំព្យូទ័រជាង៥០.០០០បណ្តាញពីសំណាក់ទីភ្នាក់ងារចារកម្មនេះ។
ឯកសារចុះកាលបរិច្ឆទឆ្នាំ២០១២ និងដែលមានចារពីលើថា “សម្ងាត់បំផុត” នេះត្រូវបានទម្លាយចេញកាលពីថ្ងៃសៅរ៍ និងត្រូវបានធ្វើសេចក្តីរាយការណ៍លើកដំបូងដោយកាសែត NRC Handelsblad ដែលមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់។ ឯកសារនេះបានបង្ហាញពីបណ្តាញចារកម្ម SIGINT (Signal Intelligence) របស់ចំណុចប្រមូលទិន្នន័យពិសេស Special Collection Service) ហៅកាត់ថា SCS ជាង៨០នៅជុំវិញពិភពលោក។ គួរបញ្ជាក់ថា បណ្តាញSIGINT នេះគឺសំដៅលើការលួចទិន្នន័យពីមនុស្ស ឬឧបករណ៍អេឡិចត្រូនិកជាគោលដៅនានា។
ចំណុចប្រមូលទិន្នន័យពិសេស SCS នេះទទួលបានទិន្នន័យតាមរយៈការប្រើមេរោគកុំព្យូទ័រ CNE (Computer Network Exploitation) ប្រហែល៥០.០០០។ មេរោគនេះគឺត្រូវបានបញ្ជូនដោយចេតនាឲ្យជ្រៀតចូលទៅក្នុងកុំព្យូទ័រ។ អមជាមួយនឹងការវាយប្រហារដោយមេរោគកុំព្យូទ័រទាំង៥០.០០០នេះ ចំណុច ប្រមូលទិន្នន័យពិសេស SCS នេះក៏ប្រមូលទិន្នន័យតាមរយៈបណ្តាញខ្សែកាបអុបទិកធំៗចំនួន២០ និងតាមរយៈចំណុចប្រចាំតំបន់សម្រាប់លួចទិន្នន័យតាមប្រព័ន្ធផ្កាយរណបបរទេស ហៅកាត់ថា FORNSAT ជាង៥០ផងដែរ។
រាជធានីភ្នំពេញមានឈ្មោះក្នុងឯកសាររបស់ទីភ្នាក់ងារចារកម្ម NSA ថា ជាកន្លែងដែលស្ថិតក្នុងចំណោមចំណុច SCS ចំនួន៨៤ ដែលឈ្មោះមួយចំនួនត្រូវបានបិទបាំង និងត្រូវបានសម្គាល់នៅលើផែនទីពិភពលោកដោយចំណុចក្រហមមួយសម្រាប់បញ្ជាក់អំពីសារៈសំខាន់ថា ជាទីតាំងប្រមូលទិន្នន័យមួយខណៈរាជធានីបាងកក និងរដ្ឋធានីរ៉ង់ហ្គូន ក៏មានឈ្មោះនៅក្នុងឯកសារនេះដែរ។ ទីក្រុងទាំងបីនេះមើលទៅទំនងជាផ្នែកមួយនៃកម្មវិធីរួមគ្នារបស់ទីភ្នាក់ងារចារកម្ម CIA និង NSAក្នុងការលួចស្តាប់ការសន្ទនា ដូចដែលបានធ្វើសេចក្តីរាយការណ៍នៅមុនពេលមានការបែកធ្លាយឯកសារថ្មីនេះ។
ឯកសាររបស់ NSA ដែលសម្រាប់ផ្តល់ឲ្យ “ភ្នែកទាំងប្រាំ” (Five Eyes) ពោលគឺសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា អង់គ្លេស និងនូវ៉ែលសេឡង់នេះ ក៏បានបង្ហាញពីចំណុចទាំង៥០.០០០នៅទូទាំងពិភពលោក សម្រាប់ការវាយប្រហារដោយមេរោគCNEដែលរៀបចំដោយ NSA និងដែលប្រើពណ៌លឿងជាសញ្ញាសម្គាល់នៅលើផែនទីផងដែរ។
យោងតាមគេហទំព័ររបស់ទីភ្នាក់ងារ NSA នេះ CNE គឺសំដៅលើការផ្តល់លទ្ធភាពឲ្យមានការប្រមូលទិន្នន័យចារកម្មតាមរយៈបណ្តាញកុំព្យូទ័រដែលលួចទិន្នន័យបានមកពីគោលដៅ ឬប្រព័ន្ធព័ត៌មានរបស់សត្រូវ តាមរយៈមេរោគកុំព្យូទ័រ។ កាសែត NRC Handelsblad នេះបានឲ្យដឹងថា នាយកដ្ឋាន NSA ពិសេសមួយដែលគេហៅថា TAO (Tailored Access Operations) គឺជាអ្នកវាយប្រហារតាមបណ្តាញ CNE នេះ។
ទីភ្នាក់ងារ NSA មិនបានរាប់បញ្ចូលរាជធានីភ្នំពេញថា ជាចំណុចនៃការវាយប្រហារតាមបណ្តាញ CNE ទេ ពោលគឺគ្រាន់តែជាចំណុចប្រមូលទិន្នន័យមួយប៉ុណ្ណោះ។ ឯកសារនេះក៏មិនមានការបញ្ជាក់ថា តើចំណុចប្រមូលទិន្នន័យរបស់ NSA ក្នុងរាជធានីភ្នំពេញមានទីតាំងស្ថិតនៅកន្លែងណាឲ្យពិតប្រាកដ ឬថា តើទិន្នន័យអ្វីដែលត្រូវអាមេរិកលួច ប្រសិនបើមានដែរ។
លោក ស៊ីន ម៉ឹកតូស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិក មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។ យោងតាមកាសែត NRC Handelsblad ឯកសារសម្ងាត់បំផុតនេះ គឺគ្រាន់តែជាផ្នែកតូចមួយនៃឯកសារ NSA ឆ្នាំ២០១២ យ៉ាងច្រើន ដែលបង្ហាញពីវិធីរបស់ទីភ្នាក់ងារNSAក្នុងការលួចទិន្នន័យជុំវិញពិភពលោកប៉ុណ្ណោះ។
ឯកសារនេះក៏បង្ហាញផងដែរថា កន្លែងលួចទិន្នន័យតាមរយៈផ្កាយរណបដែលនៅជិតប្រទេសកម្ពុជាបំផុតគឺស្ថិតនៅប្រទេសថៃ ហើយចំណុចលួចទិន្នន័យតាមបណ្តាញខ្សែកាបអុបទិកជិតបំផុតគឺទំនងជាស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ យោងតាមផែនទីសម្រាប់ប្រើក្នុងប្រតិបត្តិការរបស់ NSA ចំណុចប្រមូលទិន្នន័យពិសេសក្នុងរាជធានីភ្នំពេញ គឺភ្ជាប់ទៅកន្លែងប្រមូលទិន្នន័យតាមរយៈផ្កាយរណបនៅក្នុងប្រទេសហ្វីលីពីន។
ឯកសារបែកធ្លាយនេះគឺជាឯកសារទី២ ហើយក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះដែលបង្ហាញថា កម្ពុជា អាចជាគោលដៅ មួយសម្រាប់ការធ្វើចារកម្ម។ ឯកសារសម្ងាត់បំផុតចុះកាលបរិច្ឆេទឆ្នាំ២០០៩របស់អូស្ត្រាលី ដែលលោកស្នូឌិនផ្តល់ឲ្យកាសែត ឌឹ ហ្គាឌៀន (The Guardian)កាលពីដើមសប្តាហ៍នេះ បានបង្ហាញឈ្មោះក្រុមហ៊ុនទូរស័ព្ទម៉ូប៊ីថែល (Mobitel) ថា ជាបណ្តាញមួយដែលអាចលួចស្តាប់ការហៅទូរស័ព្ទដៃ។
គួររំឭកថា ឯកសារដែលលាតត្រដាងពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការធ្វើចារកម្មលើប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូស៊ីឡូ បាំបាង យុដូយ៉ូណូ (Susilo Bambang Yudhoyono) ភរិយារបស់លោក និងមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀត បានធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ៕