ក្រុមមន្ត្រីនៅសាលាឧទ្ធរណ៍បានឲ្យដឹងកាលពីម្សិលមិញថា ពួកគេនឹងសម្រេចធ្វើបត្យាប័នរបស់មហាសេដ្ឋីរុស្ស៊ី សេរហ្គេ ប៉ូលុនស្គី (Sergei Polonsky) ដូចដែលបានគ្រោងទុក ដោយបដិសេធចំពោះការអះអាងដោយមេធាវីរបស់អតីតមហាសេដ្ឋីរូបនេះកាលពីសប្តាហ៍មុនថា រឿងក្តីនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន។
លោក ប៉ូលុនស្គី ដែលត្រូវបានតុលាការមួយនៅក្នុងទីក្រុងមូស្គូ ចោទប្រកាន់កាលពីក្នុងខែកក្កដាពីបទលួចបន្លំយកប្រាក់ប្រមាណ១៧៦លានដុល្លារពីវិនិយោគិន ក្នុងការអភិវឌ្ឍលំនៅដ្ឋានដែលមិនទាន់ចប់រួចរាល់មួយ ត្រូវបានចាប់ខ្លួននៅកោះរុង នៅក្នុងសមុទ្រខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែវិច្ឆិកា តាមសំណើរបស់អាជ្ញាធររុស្ស៊ី។
បើទោះជាក្រុមមន្ត្រីជាន់ខ្ពស់នៅកម្ពុជានៅពេលនោះបានសន្យាធ្វើបត្យាប័នលោក ប៉ូលុនស្គី ទៅកាន់ទីក្រុងមូស្គូ កាន់តែឆាប់កាន់តែល្អក៏ដោយ ក៏សាលាដំបូងខេត្តព្រះសីហនុបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបន្តបើកសវនាការជំនុំជម្រះនាពេលឆាប់ៗនេះក្នុងសំណុំរឿងក្តីពីបទបង្ករបួសស្នាមរយៈពេលមួយឆ្នាំមកហើយ ដោយអ្នកជំនួញរូបនេះ។
កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោក ប៉ូលុនស្គី គឺលោក អាឡិច សាន់ឌ័រ ការ៉ាបាណូវ (Alexander Karabanov) បានប្រាប់បណ្តាញព័ត៌មានរុស្ស៊ីថា មន្ត្រីតុលាការកម្ពុជានឹងផ្អាកការធ្វើបត្យាប័នកូនក្តីរបស់លោករហូតដល់បន្ទាប់ពីរឿងក្តី ទាក់ទងការបង្ករបួសស្នាមដោយលោក ប៉ូលុនស្គី ដោះស្រាយចប់រួចរាល់សិន។
កាសែត RIA Novosti បានដកស្រង់សម្តីរបស់មេធាវីរូបនេះថា “លោក ប៉ូលុនស្គី នឹងត្រូវផ្ទេរទៅកាន់ពន្ធនាគារមួយទៀត ហើយការបើកសវនាការជំនុំជម្រះជុំវិញការធ្វើបត្យាប័ននឹងត្រូវផ្អាក រហូតដល់ការជំនុំជម្រះក្តីមួយតាមការចោទប្រកាន់របស់កម្ពុជា ត្រូវបានបញ្ចប់សិន”។ ក៏ប៉ុន្តែ លោក តាន់ សេណារ៉ុង ចៅក្រមនៅសាលាឧទ្ធរណ៍ដែលទទួលខុសត្រូវចំពោះការសម្រេចធ្វើបត្យាប័នជនបរទេសនោះ បានលើកឡើងកាលពីម្សិលមិញថា មិនមែនជាការពិតទេចំពោះការអះអាងរបស់លោក ការ៉ាបាណូវ នោះ។ លោកចៅក្រម សេណារ៉ុង បានឲ្យដឹងថា “សាលាឧទ្ធរណ៍មិនបានសម្រេចផ្អាកការបើកសវនាការជំនុំជម្រះនោះទេ”។
លោកបានបន្ថែមថា “អង្គបុរេជំនុំជម្រះរបស់សាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះរឿងក្តីនេះ ហើយបន្ទាប់នោះចៅក្រមនឹងពិនិត្យសំណើ[ធ្វើបត្យាប័ន]”។ លោកបានបដិសេធមិននិយាយថា ពេលណានឹងធ្វើសេចក្តីសម្រេចនោះទេ។
កាលពីខែមករា សាលាដំបូងខេត្តព្រះសីហនុបានចោទប្រកាន់លោក ប៉ូលុនស្គី និងជនជាតិរុស្ស៊ីពីរនាក់ទៀតពីបទបង្ករបួសស្នាម បន្ទាប់ពីកើតមានជម្លោះជាមួយបុរសជនជាតិខ្មែរធ្វើការនៅលើទូកកាលពីក្នុងខែធ្នូ។ មហាសេដ្ឋីរូបនេះ ជាប់ក្នុងពន្ធនាគារខេត្តរយៈពេលបីខែ ហើយត្រូវបានដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីថ្ងៃទី៣ ខែមេសា បើទោះជាគ្មានការលើកលែងការចោទប្រកាន់រូបគាត់ក៏ដោយ។ ក្រុមមន្ត្រីសាលាដំបូងខេត្តព្រះសីហនុមិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕ប៊ុននី