31 C
Phnom Penh

ព្រះសង្ឃ​ជាច្រើន​អង្គនិង​ជន​ស៊ីវិល​ជាច្រើន​នាក់​ចាប់​ផ្តើម​’ដើរក្បួន​ដើម្បី​សន្តិភាព’ ​ចូល​​​រាជ​ធានី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ​យ៉ាង​ហោច​ណាស់ ព្រះ​សង្ឃ​១០០​អង្គ​ និង​ជន​ស៊ីវិល​រាប់​រយ​នាក់​ទៀត​ បាន​ចាប់​ផ្តើម​ដើរ​ក្បួន​រយៈ​ពេល​១០​ថ្ងៃ​នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​​​​មួយ​​​ចំនួន​ឆ្ពោះ​មក​រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​បំណង​ជួប​ជុំ​គ្នា​នៅ​​រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​១០ខែ​ធ្នូ ដើម្បី​ប្រារព្ធ​​​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ និង​ដើម្បី​ដាក់​ញត្តិ​​​​​​​​បង្ហាញ​​​អំ​​​ពី​ទុក្ខ​លំបាក​របស់​ខ្លួន។

ការ​ដើរ​ក្បួន​នេះ​ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ ពី​​ការ​គាំ​ទ្រ​មួយ​ទៀត​ពី​សំណាក់​ព្រះ​សង្ឃ​ ដែល​សកម្ម​ខាង​នយោ​បាយ​មាន​ចំនួន​​កាន់​តែ​ច្រើន​ឡើងៗ​ចំពោះ​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស​កាល​ពីខែ​កក្កដា ហើយ​គេ​​​សង្ឃឹម​ថា នឹង​មាន​​មនុស្ស​ចូលរួម​កាន់​តែ​ច្រើន​​ឡើង​ ខណៈ​ដែល​អ្នក​ដើរ​ក្បួន​បានម​ក​ដល់​រាជ​ធានី​ភ្នំពេញ។

ព្រះតេជ​គុណ ប៊ុន ប៊ុនទិញ ដែល​បាន​ជួយ​ រៀប​ចំ​នូវ​អ្វី​ដែល​ព្រះអង្គ​ហៅ​ថា “ការ​ដើរ​ក្បួន​ដើម្បី​សន្តិ​ភាព​នោះ”  ​​​ជាប្រធាន​​​​​បណ្តាញ​ ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិ​ធម៌​សង្គម ដែល​មាន​សមាជិក​ប្រហែល​៣.០០០​អង្គ​​​ ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បាន​​ប្រឆាំង ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​លុប​បំបាត់​​​មិន​​​​​ឲ្យ​​​​​​ព្រះ​​​សង្ឃ​​​​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​។

ព្រះតេជគុណ ប៊ុន ប៊ុនទិញ ដែល​មាន​​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​ការ​បណ្តេញ​​​ចេញ​ពី​ដី​ធ្លី​ពី​សំណាក់​រដ្ឋា​ភិបាល និង​​ការ​គាប​សង្កត់​​​​ផ្នែក​​​​នយោ​បាយ​មក​លើ​ព្រះ​សង្ឃ​​​​នោះ​​​បាន​​​​មាន​​​សង្ឃ​ដីកា​ថា “យើង​មិន​បាន​ទទួល​យុត្តិ​ធម៌​ពី​ការ​បោះ​ឆ្នោត​ឡើយ។ឥឡូវនេះ​យើង​ចង់​បាន​យុត្តិ​ធម៌”។ ព្រះ​តេជ​គុណបាន​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា “អាត្មាគិត​ថា ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ប្រសើរ​ឡើងនោះ​យើង​មិន​អាច​​​​កែ​​​លម្អ​​​តាម​គោល​ដៅ​តែ​មួយ គឺ​​​ពី​នយោ​បាយ​​ តែ​មួយ​បានទេ”។ ព្រះ​តេជ​គុណ​បាន​មាន​សង្ឃដីកា​ថា “ប៉ុន្តែ​ តាម​រយៈធម៌​ព្រះ​ពុទ្ធ… វានឹង​ផ្លាស់​ប្តូរ​ពី​ស្ថាន​ភាព​អាក្រក់​ទៅ​ជា​ស្ថាន​ភាព​ល្អ​”។

គិត​មក​ដល់​ព្រឹក​ម្សិល​មិញ​នេះ ព្រះ​តេជ​គុណ ប៊ុន ប៊ុន​ទិញ បាន​ដឹក​នាំ​ព្រះ​សង្ឃ​ចំនួន​២០​អង្គ និង​ជន​ស៊ីវិល​ប្រហែល​៦០​នាក់ ដើរ​ក្បួន​ឆ្លងកាត់​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥។ ព្រះ​តេជ​គុណ​បាន​មាន​សង្ឃ​ដីកា​ថា មនុស្ស​ មួយ​ក្រុម​ដែល​មាន​ចំនួន​​ប្រហែល​គ្នា​​​​នោះ​​​ ក៏​កំពុង​ដើរ​ក្បួន​ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ លេខ​៣ ​លេខ​៤ និង​លេខ​៦ ផង​ដែរ។

ព្រះ​តេជ​គុណ ប៊ុន ប៊ុនទិញ បាន​មាន​សង្ឃ​ដីកា​ថា ព្រះ​អង្គ​និង​ជន​ស៊ីវិល​ជាច្រើន​នៅ តែ​​ដើរ​ក្បួន បើ​ទោះ​ណា​ជា​សេចក្តី​សម្រេច​របស់​ក្រសួង​មហា​ផ្ទៃ​ច្រាន​ចោល​សំណើ​​​របស់​ខ្លួន​មិន​ឲ្យ​​​​ហែ​​​ក្បួន​​​ ហើយ​ថា នគរ​បាល​បាន​គាប​សង្កត់​ព្រះ​សង្ឃ​នៅ​វត្ត​មួយក្នុង​ក្រុង​ពោធិ៍​សាត់​មិន​ឲ្យ​ផ្តល់កន្លែង​ស្នាក់​​​​នៅ​​​ដល់​អ្នក​ដើរក្បួន​កាល​ពីយប់​​​​​​​ម្សិល​​​មិញ​ក៏​ដោយ​​ក៏​​​គេ​​​មិន​​​បាន​​​រារាំង​​​ព្រះ​សង្ឃ និង​ជន​ស៊ីវិល​ទាំងនោះ​មិន​​ឲ្យ​ដើរ​ក្បួន​ឡើយ។ គេ​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ និង​អ្នក​នាំពាក្យ​នគរ​បាល​ជាតិ​ដើម្បី​សុំ​អត្ថា​ធិប្បាយ​បាន​ឡើយ​។

ព្រះ​តេជគុណ ងឹម សៅសំខាន់ មក​ពី​វត្ត​ផ្លោច​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​បាន​មាន​សង្ឃ​ដីកា​ថា ព្រះ​អង្គ​បាន​ដឹក​នាំ​ព្រះ​សង្ឃ​២០​អង្គ​ និង​ជន​ស៊ីវិល​ប្រហែល១០០​នាក់​ដើរ​ក្បួន​កាត់​តាម​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤។ ព្រះ​អង្គ​បាន​មាន​សង្ឃ​ដីកា​ថា “ការ​ដើរ​ក្បួន​នេះ​គឺ​ក្នុង​បំណង​ផ្សព្វ​ផ្សាយ​ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សិទ្ធិ​មនុស្ស ពី​ព្រោះ​យើង​ចង់​ឲ្យ​អាជ្ញាធរ និង​ប្រជា​ពល​​រដ្ឋ​យល់​អំពី​តម្លៃ​សិទ្ធិ​មនុស្ស​ សេរី​ភាព​ និង​សិទ្ធិ​ក្នុង​ការ​​ បញ្ចេញ​មតិ​របស់​ខ្លួន​”។

ទោះ​ជា​យ៉ាងណា ព្រះ​តេជ​គុណ ឃឹម សន ព្រះមេគណរាជ​ធានី និង​ជា​ព្រះ​ចៅ​អធិការ​មួយ​អង្គ​គង់​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​មាន​សង្ឃ​ដីកា​ថា ព្រះ​អង្គ​ជំទាស់​នឹង​ការ​ដើរ​ក្បួន​នេះ។ ព្រះតេជ​គុណ​​មាន​សង្ឃ​ដីកា​ថា “យើង​​ គាំ​ទ្រ​ការ​ដើរ​ក្បួន​តាម​វិធី​ត្រឹមត្រូវ​ ប៉ុន្តែ យើង​មិន​គាំទ្រ​ការ​ដើរ​ក្បួន​ក្នុង​គោល​បំណង​មិន​ល្អ​ឡើយ ពីព្រោះ​វាបង្ក​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​​ចំណោម​ប្រជា​ពល​​រដ្ឋ​ ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​យល់​ច្រឡំ”។

លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ដែល​បាន​ចូល​រួម​ជាមួយ​អ្នក​ដើរ​ក្បួន​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤នោះ បាន​មាន​​ប្រសាសន៍​ថា ញត្តិ​នេះ​នឹង​រៀប​រាប់ពី​ទុក្ខ​លំបាក​ដែល​ពួក​គេ​បាន​ឮ​ពី​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​តាម​ផ្លូវ​។ លោក​បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ទាំង​៥ ដែល​ពួក​គាត់​​​បាន​ដើរ​ក្បួន​ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ​ គឺ​ជា​និមិត្ត​រូប ​“ពី​ព្រោះ​ស្ថាន​ភាព​ [នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស]កើត​មាន​ពាស​ពេញ​ប្រទេស”។

លោក​បាន​បញ្ជាក់​​​ថា ឯក​សារ​ចុង​ក្រោយ​ នឹង​ត្រូវ​ដាក់​ជូន​នោះមិន​ត្រឹម​តែ​ទៅ​រដ្ឋ​សភា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ ថែម​ទាំង​ដាក់​ជូន​ទៅ​សមា​ជិក​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះជាតិ​ទៀត​ផង។ គណ​បក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​រដ្ឋ​សភា​ ជា​ការ​តវ៉ា​ទៅ​នឹង​ការ​បោះ​ឆ្នោត​កាល​​ពី​ខែ​កក្កដា ដែល​គណ​បក្ស​នេះ​បាន​ចោទ​ប្រកាន់​គណ​បក្ស​​ ប្រជា​ជន​កម្ពុជា ថា​បាន​លួច​សន្លឹក​ឆ្នោត​។ គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​ធ្វើ​មហា​បាតុកម្ម​ក្នុង​ខេត្ត​សៀម​រាបចំទិវា​សិទ្ធិ​មនុស្ស​៕ សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស