31 C
Phnom Penh

គណបក្ស​ប្រឆំាងអំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រឿង​លក់​សិទ្ធិ​ចុះ​បញ្ជី​នាវារបស់​​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​សុក្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញ​លេញ​មួយ​លើការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​លើការ​ចុះបញ្ជី​នាវា​របស់​ជាតិ​ ដែល​មន្ត្រី​​មួយ​​​រូប​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​លាត​ត្រ​ដាង​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា បាន​លក់​ឲ្យ​ទៅ​ក្រុម​ហ៊ុនមួយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​តម្លៃ​៦​លាន​ដុល្លារ​។

ការ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​នេះ​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​កាលពីថ្ងៃអង្គារ​ថា ខ្លួន​នឹង​ដាក់​បម្រាម​​​លើការ​នាំចូល​​គ្រឿង​សមុទ្រ​ទាំង​អស់​ពី​ប្រទេស​​​កម្ពុជា​ ដោយសារ​តែ​រដ្ឋាភិបាល​មិន​បាន​ឃ្លាំមើល​សកម្មភាព​របស់​នាវា​ណាមួយ​ក្នុង​ចំណោម​នាវា​ប្រហែល​១៥០​គ្រឿង​ដែល​​​ចុះ​បញ្ជី​​ប្រើ​ទង់ជាតិកម្ពុជា​។

គណៈកម្មការ​អឺរ៉ុប​បាន​លើក​ឡើង​ថា នាវា​បរទេស​​លើក​ទង់​ជាតិ​​កម្ពុជា​ ដែល​អាច​គេច​វេះ​ពី​ការ​បង់​ពន្ធ​ និង​មិនចំាបាច់គោរព​តាម​ច្បាប់​​អន្តរជាតិ ដោយ​សារ​គ្មាន​ការ​ឃ្លាំ​មើល​សកម្មភាព​ពីសំណាក់​អាជ្ញាធរ​កម្ពុជា​នោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ខុស​ច្បាប់​នៅ​សមុទ្រ​អន្តរជាតិ​។ គណៈកម្មការ​អឺរ៉ុប​បាន​សរសេរ​ថា “នា​វា​ទាំង​នេះ​បង្ហាញពី​ការ​គ្មាន​ប្រព័ន្ធ​តាម​ដាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ជា​ហេតុ​​ធ្វើ​ឲ្យ​​ប្រទេស​កម្ពុជា​មិន​អាច​ធានា​​ឲ្យ​បាន​ទាំង​ស្រុង​​​​​នូវ​​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ឋានៈ​ជា​ប្រទេស​ផ្ដល់ទង់​ជាតិ​”។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​មកពីគណបក្ស​សង្គ្រោះជាតិ​ ​មាន​ប្រសាសន៍​ថា លោក​ “ខក​ចិត្ត​យ៉ាង​ខ្លាំង​” ដែល​ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លក់​ឲ្យ​ក្រុម​ហ៊ុនមួយ​របស់​កូរ៉េ​ខាង​ត្បូង​ ដែល​បានចុះបញ្ជី​នាវា​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ខុស​ច្បាប់​នៅ​មហាសមុទ្រ​។ លោក​មាន​ប្រសាសន៍​ថា “គួរ​តែ​មាន​​​ការ​ស៊ើប​អង្កេតឲ្យ​បាន​​​ត្រឹម​ត្រូវ​ វា​កំពុង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​កេរ្តិ៍​ឈ្មោះ​ប្រទេស​ ហើយ​ពួកគេ​ត្រូវ​តែ​​បញ្ឈប់ការ​អនុវត្ត​បែ​ប​នេះ​ វា​មិន​ល្អ​ឡើយ​សម្រាប់​កម្ពុជា​។ ពួកគេ​បាន​លក់​ទង់​ជាតិ​កម្ពុជា​​ដើម្បី​គោល​បំណង​អាក្រក់​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្រុមហ៊ុននេះ​មិនគួរ​ធ្វើ​ប្រតិបត្តិការ​តទៅ​ទៀត​ទេ គឺ​មាន​តែ​នាវា​កម្ពុជា​ប៉ុណ្ណោះ​ដែល​គួរ​លើក​ទង់​ជាតិកម្ពុជា​។ ហើយប្រតិបត្តិការ​របស់​​នាវា​បរទេស​ មិន​ត្រឹម​តែ​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ខុស​ច្បាប់​ប៉ុណ្ណោះទេ យើង​​​ដឹង​រឿង​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​។នាវា​ទាំង​នោះ​​កំពុង​តែ​ចាក់​សំរាម​ចោល​ក្នុង​មហា​សមុទ្រ​ រត់​ពន្ធ​គ្រឿង​ញៀន និង​អាវុធ​”។

ចាប់​តាំង​ពី​ក្រុម​ហ៊ុ​ន​ឯក​ជន​មួយ​ឈ្មោះ​ថា International Ship Registry of Cambodia (ISROC) ដែល​មាន​មូ​ល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាង​ត្បូង​ បាន​ទិញ​សិទ្ធិ​ចុះ​បញ្ជី​នាវា​បរទេស​លើកទង់​ជាតិកម្ពុជា​មក​។ លោក​ សុន ឆ័យ បានមាន​ប្រសាសន៍​ថា លោក​បាន​ធ្វើការ​ស៊ើប​អង្កេត​ខ្លះ​​ៗ​ដើម្បី​ស្វែង​រក​​ការ​ពិត​បន្ថែម​ទៀត​ជុំវិញ​តថ្លៃ​លក់​សិទ្ធិ​ចុះ​បញ្ជី​នាវា​​ចំនួន​៦​លាន​ដុល្លារ​ ដែល​ក្រុម​ហ៊ុន​ ISROC បាន​ឲ្យ​រដ្ឋាភិបាល​។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ទៀត​​​ថា “នៅពេល​ខ្ញុំ​សួរ​ ពួកគេ​និយាយ​ថា លុយ​នោះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​ចំណាយ​​​មួយ​ចំនួន​ ប៉ុន្តែ​វា​មិន​ដែល​មាន​នៅ​ក្នុង​ខ្ទង់​ថវិកាទេ​”។

លោក សេង លំនៅ អតី​តរដ្ឋលេខា​នៃ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​ដែល​បច្ចុប្បន្ន​កំពុង​ទទួល​បន្ទុក​គណៈកម្មាធិការ​មួយ​របស់​​រដ្ឋាភិបាល​ ដែល​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ ISROC មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ​កាល​ពីថ្ងៃសុក្រ។

មាន​ប្រតិកម្ម​តប​នឹង​បម្រាម​​របស់​គណៈ​កម្មការ​អឺរ៉ុប​កាលពីថ្ងៃព្រហស្បតិ៍​ លោក​ សេង លំនៅ ​មាន​ប្រសាសន៍ថា​​ មិនអាច​ឲ្យ​កម្ពុជា​​ឃ្លាំ​មើល​សកម្មភាពនាវា​លើក​ទង់​ជាតិកម្ពុជា​ដែល​ចុះ​បញ្ជី​ដោយ​ក្រុម​ហ៊ុន​ ISROC ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ដែល​មាន​មូល​ដ្ឋាន​ក្នុង​ទីក្រុង​ប៊ូសាន​នេះ​បាន​បង់​ប្រាក់​ជូន​រដ្ឋាភិបាល​ចំនួន​៦​លាន​ដុល្លារ​ ដើម្បី​ទទួល​បាន​សិទ្ធិ​ចុះបញ្ជី​នាវា​ជាកិច្ច​ព្រម​ព្រៀង​មួយ​ដែ​ល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ២០០៣ និង​បន្ត​រហូត​មកទល់​ឆ្នាំនេះ​។ លោក​មិន​បាន​មាន​ប្រសាសន៍​ថា តើ​​ទឹក​ប្រាក់​៦​លាន​ដុល្លារ​នេះ​ត្រូវ​បាន​បង់​ផ្ដាច់​តែ​ម្ដង​ ឬ​ក៏​បង់​រម្លស់​នោះទេ។

​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ ដែល​​នាវា​លើក​ទង់​ជាតិកម្ពុជា​ល្បី​ខាង​ល្មើស​ច្បាប់​នៅ​សមុទ្រ​អន្តរជាតិ​ និង​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​នេសាទ​ខុស​ច្បាប់​ ឆ្លង​ដែន​សមុទ្រ​ដោយ​ខុស​​​​ច្បាប់​ និង​រត់​ពន្ធ​គ្រឿង​ញៀន និង​អាវុធ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ បានមាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា លោក​មិន​បាន​ដឹង​ថា តើ​ថវិកា​ចំនួន​៦​លាន​ដុល្លារ​បាន​ពីកិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន ISROC ត្រូវ​បាន​ចំណាយ​ទៅលើ​អ្វី​ខ្លះនោះទេ។ លោក​ក៏​មិន​ដឹង​ដែរ​ថា តើ​កម្ពុជា​​​មានការ​គ្រប់​គ្រង​​លើ​នាវា​លើក​ទង់​ជាតិ​របស់​​ខ្លួន​ ឬយ៉ាង​ណានោះទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “សម្រាប់​ខ្ញុំ​ ស្ដាប់ទៅ​នាវា​ទាំង​នោះ​ហាក់​ដូច​ជា​នាវា​ចោរ​សមុទ្រ​អ៊ីចឹង​ ហើយ​គួរ​តែ​ចាប់​នាវា​ទាំង​នោះ​ឲ្យ​ទទួល​ខុស​ត្រូវ​”។

តែទោះជាយ៉ាង​ណា លោក ផៃ ស៊ីផាន បាន​​​​មាន​ប្រសា​សន៍​ថា ​មិនគួរ​ឲ្យ​រាជរ​ដ្ឋា​​ភិបាល​កម្ពុជា​ ទទួល​ខុស​ត្រូវ​ចំពោះ​ប្រតិបត្តិ​ការ​ខុស​​ច្បាប់​ណាមួយ​របស់​នាវា​ដែល​លើក​ទង់​ជាតិកម្ពុជា​នោះឡើយ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “វា​គ្រាន់​តែ​ជា​ទង់​ជាតិ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ពេល​មាន​បញ្ហា​ ម្ចាស់​នាវា​និង​កាពីទែន​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់​មិន​មែន​រដ្ឋាភិបាល​ទេ៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស