35 C
Phnom Penh

សាលាក្រុងជូន​ដំណឹង​ដល់មន្ត្រីឲ្យ​ចុះ​ឈ្មោះទទួល​ប័ណ្ណ​​​កម្ម​សិទ្ធិ​ដីការិយាល័យ​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយរូបនៅ​សាលារាជធានីភ្នំពេញ​បាន​​ឲ្យដឹង​កាល​ពីម្សិលមិញ​ថា ​​ សាលារាជ​​​ធានីភ្នំពេញ​​បាន​អំពាវ​នាវ​ដល់​ស្ថាប័ន​រដ្ឋ​នានា​​ដែល​មាន​ការិ​យាល័យ​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ឲ្យ​មក​ចុះ​ឈ្មោះ ឬ​ចុះ​ឈ្មោះ​ឡើងវិញដើម្បី​ទទួល​​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ ដើម្បី​បញ្ឈប់​ការ​ដោះ​ដូរ​ដី​នៅក្នុង​រាជ​ធានី​ភ្នំពេញ។

លោក​​ ឡុង​ ឌីម៉ង់ ​អ្នក​នាំពាក្យ​សា​លា​រាជ​​​ធានីភ្នំពេញ​​​បាន​មាន​ប្រសាសន៍​ថា “យើង​តម្រូវឲ្យ​ក្រសួង​ និង​ស្ថាប័ន​ទាំង​នោះ​មក​ចុះ​ឈ្មោះ​ដើម្បី​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ពី​មន្ទីរ​នគរូបនីយកម្ម​ និង​សំណង់​រាជធានី។ធ្វើ​​​បែបនេះ គ្មាន​នរណា​ម្នាក់​អាចលក់​ ឬ​ដោះ​ដូរ​អចលន​ទ្រព្យ​រដ្ឋ​បាន​ឡើយ​​”។ លោក ឌីម៉ង់ បាន​បន្ថែម​ថា “នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ។​ យើង​ក៏​នឹង​ជូន​ដំណឹង​ដល់​សង្កាត់​ផ្សេងៗ​ទៀត​នៅក្នុង​ខណ្ឌ​ចំនួ​នប្រាំបួនផងដែរ​”។

លិខិត​មួយ​ច្បាប់​ចុះ​ហត្ថលេខា​ដោយ​ លោក​ ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំ​ពេញ​ កាល​ពីថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា មានសេចក្តី​​​បញ្ជាក់ ថា​ អចលនទ្រព្យ រដ្ឋាភិបាល​ចំនួន​១៩​កន្លែង​​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ គ្មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដីទេរាប់​ទាំង​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ ស្នង​ការ​នគរ​បាល​ រដ្ឋបាល​ជល​ផល​ និង​​​បណ្តា​​​​ក្រសួ​ង ចំនួន​ប្រាំពីរ​ទៀត​។ នៅក្នុងបញ្ជី​អចល​​​នទ្រព្យ​​​នេះ ​ក៏មាន​វត្ត​អារាម​​​ចំនួន​បី​ សាលា​រៀ​ន​បី និង​ផ្សា​រ​​​​កាប់​គោ​​ផង​ដែរ​។

សាលារាជធានីភ្នំពេញ បាន​​​ចេញ​​​សេចក្តី​​​ជូន​​​ដំណឹងនេះចំថ្ងៃ​ដែល​​លោក​ ឡុង ឌីម៉ង់ បាន​ប្រកាស​ថា មន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​រាជ​ធានី​ នឹង​ត្រូវ​បានប្តូរទីតាំង​​​​ពី​ក្បែរ​ពហុកីឡា​ដ្ឋាន​​អូឡាំពិក​ ទៅ​កាន់​ការិយាល័យ​ថ្មី​សាង​សង់​ដោយ​​ក្រុមហ៊ុន​ ឃុន ស៊ា អភិវឌ្ឍន៍​ នៅ​​ជ្រោយ​ចង្វារ​ ខណ្ឌ​ប្ញស្សី​កែវ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​រិះ​គន់​កា​រដោះ​ដូរ​ដី​ម្តង​ហើយ​ម្តង​ទៀត​។ នៅ​​​ក្នុង​​​រឿងនេះ ​បណ្តាក្រុម​ហ៊ុន​ឯកជន​ទទួល​បាន​អចលនទ្រព្យ​រដ្ឋ​នៅ​កណ្តាល​ទីក្រុង​ដ៏​​​ពេញ​​​និយម ជា​​​ថ្នូរ​នឹង​​ការសាង​សង់​​ការិ​​​យា​​​ល័យ​រដ្ឋាភិបាល​ថ្មី​​នៅ​លើ​តំបន់​ដីមានតម្លៃ​ថោក​ជាង​ទីតាំងចាស់​។ កាល​ពីម្សិលមិញ លោក បេងហុង សុ​​​ជា​​​តិ​ ​​​ខេមរ៉ូ​  អ្នក​នាំ​ពាក្យ​​​​ក្រសួង​រៀបចំ​​​ដែន​​​​ដី​ នគ​​​រូប​​​​នីយ​កម្ម​ និង​សំណង់​ បាន​បដិ​សេធ​​​​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​មូល​ហេតុ​​ដែល​បណ្តាលឲ្យ​​​អច​​​លន​​​ទ្រព្យ​ជាច្រើន​របស់រដ្ឋា​​​ភិបាល​ មិន​ទាន់​មាន​​ប័ណ្ណ​កម្មសិទ្ធិ​ដី​នៅឡើយ​។

លោក បេងហុង សុ​​​ជា​​​តិ​ ​​​ខេមរ៉ូ​  ​​​បាន​​​លើក​ឡើងទៀតថា លោក​មិន​ដឹង​អំពី​បទ​​​​បញ្ជា​ថ្មីៗ​របស់​សាលា​រាជធានីទេ។ លោក​ ខេមរ៉ូ បានមានប្រសាសន៍ថា “ខ្ញុំ​មិន​ដឹង​អំពី​រឿង​នេះ​ទេ​” ហើយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​​សាលារាជធានី​វិញ​។

លោក ម៉ែន ប៊ុន​រិទ្ធិ​ ប្រធាននាយក​ដ្ឋាន​រដ្ឋ​បាល​របស់​ក្រសួង​រៀប​ចំដែន​ដី​ នគរូប​នី​​​យ​កម្ម​ និង​សំណង់​ បាន​​គូស​បញ្ជាក់​ថា សូម្បី​តែ​ក្រសួ​ងរបស់​លោក​​ ដែល​ជាស្ថាប័ន​ទទួល​ខុស​ត្រូ​វ​ក្នុងការ​ចេញ​កម្ម​សិទ្ធិ​អចលនទ្រព្យ​ផ្លូវ​ការ​​ក៏​មិន​ទាន់មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី នៅ​ឡើយ​ដែរ​។ លោក ម៉ែន ប៊ុន​រិទ្ធិ បាន​មានប្រសាសន៍ ថា “ក្រសួង​បាន​ចុះ​ឈ្មោះ​ពីរ​ទសវត្សរ៍​មក​ហើយ​ ក៏​ប៉ុន្តែ គ្មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ទេ​…។ យើង​នឹង​ចុះ​ឈ្មោះ​ឡើងវិញ ប្រសិន​បើ​ច្បាប់​តម្រូវ​​ឲ្យធ្វើ​ដូច្នេះ​”៕​ ប៊ុន​នី

(រាយការណ៍​បន្ថែម​ដោយ Ben Woods)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស