33 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយចាប់ខ្លួន​អនុប្រធាន​សាខាពន្ធ​ដារ​ខេត្ត​ព្រះ​សីហនុពី​បទ​ពុក​រលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​និង​​​មន្ត្រី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​បាន​​​ឲ្យ​​​ដឹង​​​​កាល​ពីថ្ងៃសុក្រ​ថា​​​ អង្គភាព​​​នេះ​​​បាន​​​ចាប់​​​ខ្លួន​​​មន្ត្រី​​​គយ​​​ជាន់ខ្ពស់​​​ម្នាក់​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ ​​​និង​​​មន្ត្រី​​​​​​អគ្គិសនី​​​កម្ពុជា​​​ពីរ​​​នាក់​​​ទៀត​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ពាក់ព័ន្ធ​​​នឹង​​​ករណី​​​ពុករលួយ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ។​​​

លោក​​​ ឃុត​​​ សុភាង​​​ ព្រះរាជ​​​អាជ្ញា​​​​​​សាលា​​​​​​​​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ បាន​​​ឲ្យ​​​ដឹង​​​ថា​​​ បុគ្គលិក​​​​​​ពីរ​​​​​​នាក់​​របស់​​​អគ្គិសនី​​​កម្ពុជា​​​សាខា​ខេត្តនេះ ​​​​​គឺឈ្មោះ​​​ សួត​​​ សារឹម​​​ ​​​បុគ្គលិក​​​ការិ​យា​ល័យ​អាជីវ​កម្ម​​​​ និងឈ្មោះ​​​ នី សុពណ៌​ ​​ជំនួយ​​​​​ការ​​​បេឡា​​​ ​ត្រូវបាន​​​ចោទ​​​ប្រកាន់​​​ជា​​​ផ្លូវការ​​​កាល​​​​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។​​​

លោក​​​ សុភាង​​​ បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ជនសង្ស័យ​​​​​​​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ក្លែង​​​បន្លំ​​​ឯកសារដើម្បី​ប្រយោជន៍​​​​ កេង​យក​ប្រយោជន៍ និង​​​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​​​​ប្រាក់​​​ជាង​​​​​​​​​ ៤០០​​​​​លាន​​​រៀល​​​ ស្មើនឹង​​​១០​​​ម៉ឺន​​​ដុល្លារ​​​ពី​​​អគ្គិសនី​​​កម្ពុជា​​​។​​​

លោក សុភាង​​​ ​​មាន​​​ប្រសាសន៍​​​ថា​​​ “អ្នក​​​ទាំងពីរ​​​ ដែល​​​ត្រូវ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​រលួយ​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ក្រុង​​​សែន​​​មនោរម្យ​​​​​​​​​”​កាលពី​​​ថ្ងៃ​​​ពុធ​​កន្លង​​​ទៅ​​​​នេះ​​​​​ ត្រូវបាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ព្រហ្មទណ្ឌ​​​ចំនួន​​​បី​​​ករណី​​​តាម​​​មាត្រា​​​ ៥៩៩​​​ និង​​​ ៦២៧​​​ នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​។​ ​​ពួកគេ​​​​​ទាំងពីរ​​​​​​ត្រូវបាន​​​ឃុំ​​​ខ្លួន​​​រង់ចាំ​​​ការ​​​កាត់​ក្តីនៅ​​​ពន្ធនាគារ​​​ខេត្ត​​​តាំង​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​បន្ទាប់​​​ពី​​​ពួកគេ​​​បាន​​​សារភាពរួច​​​”។​​​ ព្រះរាជ​​​អាជ្ញា​​​រូបនេះ​​​​​​បន្ត​​​ថា​​​ ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​បាន​​​ក្លែង​​​បន្លំ​​​ឯកសារ​​​ដើម្បី​​​កេង​យក​​ប្រយោជន៍​ ប៉ុន្តែ​​​លោក​​​មិន​​​បាន​​​បរិយាយ​​​លម្អិត​​​ទេ​​​។​​​

មន្ត្រី​​​អគ្គិសនី​​​ជាន់ខ្ពស់​​​មួយ​​​រូប​​​នៅ​​​រាជធានី​​​ដែល​​​បាន​​​ស្នើ​​​មិន​​​ឲ្យ​​​បញ្ចេញ​​​ឈ្មោះ​​​ដោយ​សារ​​​​ខ្លួន​​​ពុំ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ជាមួយ​​​​អ្នក​​​កាសែត​​​នោះ​​​ បាន​​​​​​ឲ្យ​​​ដឹង​​​ថា​​​ សវនកម្ម​​​ផ្ទៃ​ក្នុង​​​បញ្ជាក់​​​ថា​​​ មាន​​​អំពើ​​​ពុករលួយ​​​ជា​​​ប្រព័ន្ធ​​​នៅ​​​អគ្គិសនី​​​កម្ពុជា​​​ សាខា​​​ខេត្ត​​​មណ្ឌល​​​គិរី​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “ជាទូទៅ​​​ យើង​​​ធ្វើ​​​សវនកម្ម​​​​​​លើ​​​ប្រាក់​​​ចំណូល​​​បាន​​​មក​​​ពី​​​ការ​​​ផ្គត់​​​ផ្គង់​​​អគ្គិសនី​​​​​​ឲ្យ​​​អតិថិជន​​​នានា​​​ចំនួន​​​ពីរ​​​លើក​​​ក្នុង​​​មួយ​​​ឆ្នាំ​​​។​​​ អ្នក​​​ដែល​​​ត្រូវបាន​​​ចាប់​ខ្លួន​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ បាន​​​យក​​​ប្រាក់​​​ពី​​​អតិថិជន​​​​​​ដែល​​​បាន​​​ទៅ​​​បង់​​​ថ្លៃ​​​អគ្គិសនី​​​”។​​​ លោក​​​បានអះអាង​​​ថា​​​ អ្នក​​​ទាំងពីរ​​​បាន​​​យក​​​ប្រាក់​​​ពី​​​អតិថិជន​​​ ប៉ុន្តែ​​​មិន​​​បាន​​​ធ្វើ​​​កំណត់​​​ត្រា​​​ទេ​​​។​​​

ដោយឡែក​​​ អ្នកស្រី​​​ ជា​​​ ចាន់​​​ថ​​​ ប្រធាន​​​រដ្ឋ​បាល​​​​​​​​​នៅ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​រលួយ បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ​​​​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​​​​ នៅ​​​ថ្ងៃពុធ​​​ដដែល​​​​​នោះ​​​ អង្គភាព​​​នេះ​​​​​​បាន​​​ចាប់ខ្លួន​​​លោក​​​ភី រិទ្ធ​​​ ​​​អនុ​ប្រធាន​សាខា​​​ពន្ធ​ដារ​ខេត្ត​​​ព្រះ​សីហនុ​​​ ដោយ​​​បាន​​​ចោទ​​​ប្រកាន់​​​រូប​​​គាត់​​​ពី​​​បទ​​​យក​​​ពន្ធ​​​លើសការ​​​កំណត់​​​របស់​​​រដ្ឋ​​​។​​​

ជន​​​សង្ស័យ​​​រូបនេះ​​​ត្រូវបាន​​​នាំខ្លួន​​​មក​កាន់​​​​រាជធានី​​​ភ្នំពេញ​​​ ដើម្បី​​​ធ្វើការ​​​សាកសួរ​​​​​​នៅ​​​ក្នុង​​​​​ថ្ងៃ​​​ដដែល​​​នោះ​​​។​​​ អ្នកស្រី​​​​​​មាន​​​ប្រសាសន៍​​​ថា​​​ “យើង​​​បាន​​​ចាប់​​​ខ្លួន​​​នាយក​​​រង​​​នាយក​​​ដ្ឋាន​​គយ​​​សាខា​​​ខេត្ត​​​ [ព្រះសីហនុ​] មែន​​​។ ពេល​​​នេះ​​​ យើង​​បាន​​​​​​បញ្ជូន​​​គាត់​​​ពី​​​ភ្នំពេញ​​​ ទៅ​ប្រឈម​​​នឹង​​​បទ​​​ចោទ​​​​​​ប្រកាន់​​​​​នៅ​​​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​សីហនុ​​​​​វិញ​​​ហើយ”​។​

អ្នកស្រី​​​ ចាន់​​​ថ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​បន្ថែម​​​ទេ​​​ ដោយ​​​បាន​​​លើកឡើង​​​ថា​​​អ្នកស្រី​​​ពុំ​​​មាន​​​ព័ត៌មាន​​​លម្អិត​​​ពាក់ព័ន្ធ​​​នឹង​​​បទ​​​ចោទប្រកាន់​​​រឿង​​​ពុករលួយលើ​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ឡើយ​​​។​

លោក​​​ ឆាយ​​​ សាវុធ​​​ អនុប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​ បាន​​​បញ្ជាក់​​​ថា​​​ ពិតជា​​​មាន​​​ការ​​​ចាប់ខ្លួន​​ពីរ​​​ករណី​​​ដាច់​​​ដោយឡែក​​​ពី​​​គ្នា​​​មែន​​​ ប៉ុន្តែ​​​ លោក​​​​​​បដិសេធ​​​​​​មិន​​​បរិយាយ​​​លម្អិត​​​ទេ​​​ នៅ​​​ពេល​​​ត្រូវបាន​​​សួរ​​​ថា​​​ តើ​​​ករណី​​​​​​របស់​​​មន្ត្រី​គយ​​​​​ជាន់ខ្ពស់​​​​​​​​រូប​​​នោះ​​​ពាក់ព័ន្ធ​​​នឹង​​​ទឹក​​​ប្រាក់​​​ចំនួន​​​ប៉ុន្មាន​​​។

លោក​​​ ឱម​​​ យិនទៀង​​​ ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​ បាន​​​ឲ្យ​​​ដឹង​​​តាមរយៈ​​​សារ​​​ជា​​​អក្សរ​​​មួយ​​​ថា​​​ លោក​​​នឹង​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​​​អំពី​​​ករណី​​​ទាំង​​​នេះ​​​ជា​​​ផ្លូវការ​​​នៅ​​​ថ្ងៃ​​​អង្គារ​​​។​​​

លោក​​​ ឱម​​​ យិនទៀង​​​ ត្រូវបាន​​​គេហទំព័រ​​​ព័ត៌មាន​​​មួយ​​​ដក​​​ស្រង់​​​សម្តី​​​ថា​​​ មន្ត្រី​​​គយ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នេះ​​​ ត្រូវបាន​​​អង្គភាព​​​ប្រឆាំង​​​​​អំពើ​​​ពុករលួយសាកសួរ​​​ជាច្រើន​​​លើក​​​ហើយ​​​មុនពេល​​​ឈាន​​​ដល់​​​ការ​​​ចាប់ខ្លួន​​​​​ពិត​​​ប្រាកដ​​​នេះ​​​ ហើយ​​​ត្រូវបាន​​​បញ្ជូន​​​ទៅ​​​តុលាការ​​​កាល​ពី​​​ថ្ងៃ​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ “ យក​​​ពន្ធ​​​លើស​​​ការ​​​កំណត់​​​​ផ្លូវការ​​​របស់​​​រដ្ឋាភិបាល​​”​។

លោក​​​ ប៊ូ​​​ ប៊ុន ហាង​ ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​​​ដំបូង​​​​​​ខេត្ត​​​ព្រះសីហនុ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​អំពី​​​ករណី​​​នេះ​​​ឡើយ​​​៕​​​ សេរីវុធ​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស