31 C
Phnom Penh

អង្គការ​​​សិទ្ធិមនុស្ស​​​នានា​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ស្ថាប័ន​​​ជាតិ​​​ឯករាជ្យ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​លេចធ្លោចំនួន​​​ពីរ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា​​​ប្រទេស​​​កម្ពុជា​​​ចាំបាច់​​​ត្រូវ​​​បង្កើត​​​ស្ថាប័ន​​​ជាតិ​​​ឯករាជ្យទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​មួយ​​​​​​ដែល​​​មាន​​​អំណាច​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​និង​​​ដាក់ទោស​​ទណ្ឌជនណា​​​ដែល​​​មាន​​​ពិរុទ្ធភាព​​​ពី​​​បទរំលោភ​​​បំពាន​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​មួយ​​​ក្រុម​​​បាន​​​ជួប​​​ប្រជុំ​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ដើម្បី​​​ពិភាក្សាគ្នាអំពីការ​​​បង្កើត​​​ស្ថាប័ន​​​ជាតិ​​​ឯករាជ្យ​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​បាន​​​គាំទ្រ​​​ក្រោម​​​គោល​ការណ៍​​​ទីក្រុង​បារីសនៅ​​​​ដើ​ម​​​ទសវត្សរ៍ឆ្នាំ​​​១៩៩០​​​ និង​​​ដែល​​​ក្នុង​​​នោះ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ហ៊ុន​​​សែន​​​បាន​​​ប្តេជ្ញា​​​បង្កើត​​​នៅ​​​ឆ្នាំ​​​២០០៦ នេះ​​​បើ​​​តាម​​​ប្រសាសន៍​​​របស់​​​លោក ​​​ណៃ​​​ វា៉ន់ដា អនុ​​​ប្រធាន​​​ផ្នែក​​​ឃ្លាំ​​​មើល​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក។ លោក​​​​មាន​ប្រសាសន៍​​​​​​​ថា​​​ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​រយៈ​​​ពេល​​​៧​​​ឆ្នាំ​​​ចាប់​​​តាំង​​​​ពី​​​លោក​​​​​ហ៊ុន​​ សែន​​​ បាន​​​ធ្វើ​​​សេចក្តី​​​ថ្លែង​​​ការ​​ណ៍​របស់​​​លោក​​​មក​​​ មិន​​​ទាន់​​​មាន​​​ការ​​​វិវឌ្ឍ​​​ណា​មួយ​​​ឆ្ពោះ​​​ទៅ​​​រកការ​​​បង្កើត​​​ស្ថាប័ន​​​បែប​​​នេះ​​​នៅ​​​ឡើយ​​​​​​ទេ​​​។

លោក​​​ អំ សំអាត ប្រធាន​​​ផ្នែក​​​បចេ្ចក​​​ទេស​​​ស៊ើបអង្កេត​​​នៅ​​​អង្គការ​​​​​​​លីកាដូ​​​​មាន​​​ប្រសាសន៍​​​​ថា​​​ “យើង​​​ចង់បាន ​​​[ស្ថាប័ន​​​​ជាតិ​​​ឯករាជ្យ​ទទួល​​​បន្ទុក​​​សិទ្ធិមនុស្ស] មួយ​​​ដែល​​​មាន​​​អំណាច​​​អន្តរាគមន៍​​​និង​​​ស៊ើប​​​អង្កេត​​​ករណី​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស ហើយ​​​រដ្ឋាភិបាល​​​ត្រូវ​​​តែ​​គោរពនិង​​​​​​អនុវត្តតាម​​​អនុសាសន៍​​​នា​​​នា​​​”។
ក្រោម​​​គោលការណ៍​​​ក្រុង​​​ប៉ារីស​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ស្តី​​​ពីការ​​​បង្កើត​​​ស្ថាប័ន​​​ជាតិ​​​ឯករាជ្យ​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ ស្ថាប័ន​​​បែប​​​នេះ​​​ត្រូវ​​​តែ​​​ឯករាជ្យ​​​ពី​​​រដ្ឋាភិបាល​និង​​​បណ្តា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ ប៉ុន្តែ​​​ត្រូវ​​​ធ្វើ​​​ជា​​​អ្នក​​​ទំនាក់​​​ទំនង​​​រវាង​​​ភាគី​​​ទាំង​​​ពីរ​​​។

យោង​​​តាម​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ស្ថាប័ន​​​បែប​​​នេះ​​​ប្រហែល​​​ជា​​​ទទួល​​​បាន​​​ឆន្ទានុសិទ្ធិ​​​អាច​​​ស៊ើបអង្កេត​​​ដោយ​​​សេរី​​​រាល់​​​បញ្ហា​​​ដែល​​​ខ្លួន​​​ចាប់​​​អារម្មណ៍​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការការ​​​ពារ​​​និង​​​ការ​​​លើក​​​កម្ពស់​​​សិទ្ធិមនុស្ស។

លោក​​​ អំ សំអាត​​​ ​មាន​​​ប្រសាសន៍​​​ថា ​​​គណៈ​កម្មាធិការ​​​សិទ្ធិ​​​មនុស្ស​​​បច្ចុប្បន្ន​​​របស់​​​រដ្ឋា​ភិ​បាល​​​ដែល​​​មាន​​​សមាសភាព​​​​​​ភាគ​​​ច្រើន​​​ជា​​​សមា​ជិក​​​ជាន់​​​ខ្ពស់​​​មក​​​ពី​​​គណ​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​​កាន់​​​អំណាច​​​ជា​​​យូរ​​​មក​​​ហើយ​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​ មិន​​​អាច​​​ឬ​​​គ្មាន​​​ឆន្ទៈ​​​ស៊ើប​​​អង្កេត​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្សឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ឡើយ ដោយ​​​សារតែ​​​វា​​​លម្អៀង​​ទៅ​​​រក​​​​​រដ្ឋា​ភិបាល។លោក​​​​បន្តទៀត​​​ថា​​​ “ប្រទេស​​​កម្ពុជា​​​មាន​​​គណៈកម្មា​ធិ​ការ​​សិទ្ធិ​​​មនុស្ស​​​​មួយ​​​ ប៉ុន្តែ​​​មាននិន្នាការ​​​គាំទ្រ​​​រដ្ឋា​ភិបាល”។

លោក​​​ ឱម​​​ យ៉ិនទៀង​​​ ដែល​​​ជា​​​ទីប្រឹក្សា​​​ជំនិត​​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​ គឺ​​​ជាប្រធាន​​​គណៈ​កម្មាធិការ​​​នេះ​​​។ នៅ​​​ពេល​​​ស្នើសុំ​​​ឲ្យ​​​ឆ្លើយ​​​បំភ្លឺ​​​ជុំវិញ​​​ការ​​​រិះគន់​​​ពី​​​សំណាក់បណ្តា​​​អង្គការក្រៅ​​​រដ្ឋា​ភិ​បាលថា​​​ គណៈកម្មាធិការ​​​របស់​​​រដ្ឋាភិបាល​​​មួយ​​​នេះ​​​ព្រងើយ​​​កន្តើយ​​​ចំពោះ​​​ការ​​​រំលោភ​​​បំពាន​​​​សិទ្ធិ​​​មនុស្សនោះ​​​ លោក​​​ ម៉ក់​​ សម្បត្តិ ​អនុ​​​ប្រធាន​គណៈកម្មា​​​ធិការ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ អ្នក​​​រិះគន់​គណៈកម្មាធិការ​​​របស់​​​លោកមាន​​ “សេរី​​​ភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ”។

លោក​​​ ម៉ក់​​​ សម្បត្តិ ដែល​​​បដិសេដ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​នៅពេល​​​គេ​​​សួរ​​​ថា​​​តើករណី​​​រំលោភ​​​​បំពាន​​​សិទ្ធិ​​​មនុស្សប៉ុន្មានដែល​​​គណៈ​កម្មា​ធិ​ការ​​​របស់​លោក​​​បាន​​​ស៊ើប​​​អង្កេត​​​នៅ​​​ឆ្នាំ​​​នេះ​​​នោះ​បាន​​​មាន​​​ប្រសាសន៍ថា​​​ “ពួកគេ​​​អាច​​​ធ្វើ​​​អ្វី​​​ក៏​​​បាន​​​តាម​​​ដែល​​​ពួក​​​គេ​​​ចង់”។ យោង​​​តាម​​​ការិយាល័យ​​​ឧត្តម​​​ស្នងការ​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ស្ថាប័ន​​​ជាតិ​​​ឯករាជ្យទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​អាច​​​មាន​​​ប្រសិទ្ធភាព​​​ទៅបាន​​​លុះ​​​ត្រាតែពួក​​​គេ​​​ឯករាជ្យ​​​ម្ចាស់ការ​​​ពី​​​ការ​​​គ្រប់​​​គ្រង​​​​របស់​​​រដ្ឋា​ភិបាល​​​ និង​​​មាន​​​សមាជិក​​​ចម្រុះ​ដែល​​​តំណាង​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​គ្រប់​​​ស្រទាប់​​​វណ្ណៈទាំងអស់​​​នៅ​​​ក្នុង​​​សង្គម​​​។

ការ​​​អំពាវ​​​នាវ​​​ជា​​​ថ្មី​​​ឲ្យ​​​មាន​​​ស្ថាប័ន​​​ស៊ើប​​​អង្កេត​​​សិទ្ធិ​​​មនុស្ស​​​ឯករាជ្យ​​​នេះ ធ្វើ​​​ឡើង​​​ក្រោយ​​​ពី​​​មាន​​​អំពើ​​​ហិង្សា​​​ចេះ​​​តែ​​​កើន​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ រួម​​​ទាំង​​​ការ​​​បាញ់​​​ស្លាប់​​​អ្នក​​​ឈ​រ​​​មើល​​​ហេតុ​​​ការណ៍​​​ពីសំណាក់​​​នគរបាល​​​និង​​​កង​​​រាជ​​​អាវុធហត្ថ​​​ផងដែរ​​​អំឡុង​​​ការ​​​ប្រឈម​​​​​​​តតាំង​​​ដាក់​​​គ្នា​​​ជាមួយ​​​កូដករ ​​​សកម្មជន​​​សិទ្ធិ​​​ដី​​​ធ្លី​​​ និង​​​អ្នកគាំទ្រ​​​គណបក្ស​​​ប្រឆាំង។

រហូត​​​មកទល់​​​​​​ពេល​​​នេះ​​​មិន​​​ទាន់​​​មាន​​​ការ​​​ស៊ើប​​​អង្កេតគួរ​​​ឲ្យ​​​ជឿទុក​​​ចិត្ត​បាន​​​ណាមួយ​​​លើ​​​ករណី​​​អំពើ​​​ហិង្សា​​​នៅឡើយ​​​ទេ ថ្វីបើ​​​នគរបាល​​​និង​​​មន្ត្រី​​​មក​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​បាន​​​អះអាង​​​ថា​​​ពេល​​​នេះ​​​កំពុង​​​មាន​​​​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ក៏ដោយ៕សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស