លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក យ៉ាង ជេឈី (Yang Jiechi)
អតីតរដ្ឋមន្ត្រីការបរទេសចិន ត្រូវបានជ្រើសរើសឲ្យធ្វើជាសហប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលដែលទើបបង្កើតថ្មីរវាងប្រទេសចិននិងកម្ពុជា ក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមួយចំនួនដូចជាកាអនុវត្តច្បាប់ និងវិស័យ
ការពារជាតិជាដើម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ ដែលចេញកាលពីថ្ងៃអង្គារ នៅពេលលោកហ៊ុន សែន បានអញ្ជើញទៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំមួយចំនួន ជាមួយមេដឹកនាំជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តចិននោះ ប្រទេសចិន និងប្រទេសកម្ពុជាក៏បានលើកឡើងដែរថា ប្រទេសទាំងពីរនឹងជួយគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់សន្តិសុខជាតិរបស់ខ្លួន ព្រមទាំងការសហការនៅក្នុងការលើកកម្ពស់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ។
ថ្លែងទៅកាន់អ្នកកាសែត បន្ទាប់ពីគណៈប្រតិភូកម្ពុជា ត្រឡប់មកដល់រាជធានីភ្នំពេញវិញកាលពីម្សិលមិញ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់ព័ត៌មានលម្អិតមួយចំនួនស្តីពីគណៈកម្មាធិការថ្មីនេះ ដែលជាការពង្រឹងទំនាក់ទំនងថ្មីបំផុតរវាងប្រទេសទាំងពីរ។
លោកបានថ្លែងនៅក្នុងសន្និសីទមួយនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា “ គណៈ
កម្មាធិការអន្តររដ្ឋាភិបាលនេះ នឹងដឹកនាំដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស រីឯភាគីចិន គឺដឹកនាំដោយ លោកយ៉ាង ជេឈី អតីតរដ្ឋមន្ត្រីការបរទេសចិន”។
លោកបានបន្តថា “ យើងក៏នឹងមានការចូលរួមពីក្រសួងផ្សេងៗទៀតផងដែរ ដើម្បី អនុវត្តផែនការសកម្មភាពដែលទើបតែអនុម័តថ្មីេនះ”។
លោក ចម ប្រសិទ្ធ បន្តថា “ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសចិនបានឈានដល់កម្រិតខ្ពស់បំផុត។ គ្មានទំនាក់ទំនងណាលើពិភពលោក ល្អជាងទំនាក់ទំនងនេះទេ។យើងបានឈានដល់កម្រិតកំពូលគឺ គណបក្សនយោបាយនិងគណបក្សនយោបាយ រដ្ឋាភិបាលនិងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ និងលើគ្រប់ផ្នែកទាំងអស់”។
យោងតាមលោក ចម ប្រសិទ្ធ បានឲ្យដឹងថា រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណង
ចំនួន៤៧លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ផ្តល់កម្ចីសម្បទានការប្រាក់ទាបចំនួន៥០០លានដុល្លារ និងកម្ចី៤៧លានដុល្លារទៀត ដើម្បីបំពេញការខ្វះខាតនៅក្នុងថវិកាជាតិ។
លោកលើកឡើងថា“ នេះជាលទ្ធផលជាផ្លែផ្ការបស់សម្តេច តេជោ [ហ៊ុន សែន] ដែលកម្ពុជា
ទទួលបាន [កម្ចីនិងជំនួយទាំងនេះ]។ នេះជាចំនួនទឹកប្រាក់យ៉ាងច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងឲ្យរីកចម្រើនកាន់តែលឿន”។
ចំនួនវិនិយោគទុនរបស់ចិនក្នុងប្រទេសកម្ពុជា បានធ្វើឲ្យចិនក្លាយជាវិយោគិនបរទេស
ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ថា “នៅក្នុងរយៈពេល១០ឆ្នាំមកនេះ ប្រទេសចិនគឺជាម្ចាស់ជំនួយធំបំផុតរបស់ប្រទេសកម្ពុជា ដោយបានជួយស្ថាបនាផ្លូវ ប្រវែង២.០០០គីឡូម៉ែត្រ និងបានសាងសង់ស្ពានវែងៗចំនួនប្រាំពីរខ្សែនៅទូទាំងប្រទេស”៕ស៊ុយឈាង