ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៣៥នៃការបង្កើតរណសិរ្សសាមគ្គីកសាងមាតុភូមិកម្ពុជា កាលពីម្សិលមិញរណសិរ្សនេះបានសម្ពោធស្តូបដែលត្រូវបានក៏សាងឡើង ដោយ ចំណាយប្រាក់អស់បីលានដុល្លារនៅ ក្នុងស្រុកស្នួល ខេត្តក្រចេះ ក្រោមអធិបតីភាពរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្សនេះ។
មនុស្សប្រមាណ២០.០០០នាក់បានចូលរួមពិធីផ្លូវការនេះនៅក្នុងឃុំ២ធ្នូ នៅក្នុងពិធីសម្ពោធស្តូបធ្វើពីថ្មម៉ាបដែលមានកម្ពស់៤១ ម៉ែត្រស្ថិតនៅលើទីលានបែងចែងជាថ្នាក់មួយ និងកំពូលស្តូបធ្វើដោយលង្ហិនមានមនុស្សវ័យក្មេងពីរនាក់កាន់ទង់ជាតិខ្មែរមួយ នេះបើយោងតាមលោក ម៉ែន វណ្ណា អភិបាល រងស្រុកស្នួល។ លោក វណ្ណា ថ្លែងកាលពី ម្សិល មិញថា “ ស្តូបនេះគឺជាស្តូបរំឭកមួយដើម្បី ឲ្យអ្នកជំនាន់ក្រោយគោរពរណសិរ្សនេះ”។
លោកបានថ្លែងថា “នៅថ្ងៃទី២ ខែធ្នូ [ឆ្នាំ១៩៧៨] បុព្វបុរសរបស់យើងបានសង្គ្រោះប្រទេស និងប្រជាជនពីវាលពិឃាតរបស់ខ្មែរក្រហម”។ រណសិរ្សសាមគ្គីកសាងមាតុភូមិកម្ពុជា ដែលពេលនោះហៅថា រណសិរ្សសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឃុំ២ធ្នូ នៅជិតព្រំដែនវៀតណាម កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។រយៈពេលជាងមួយខែក្រោយមក នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកម្លាំងវៀតណាមបានតែងតាំងសមាជិករណសិរ្សនេះ រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ដែលជាមេដឹកនាំកម្ពុជាក្រោយរបបខ្មែរក្រហម។
លោក បឹង វិន មេឃុំ២ធ្នូ បានឲ្យដឹងថា “ថ្ងៃនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៣៥នៃការសង្គ្រោះប្រទេសរបស់យើងដោយរណសិរ្សនេះ…។ គ្មាននរណាម្នាក់អាចបំភ្លេចបានឡើយ”។ អំឡុងសន្និបាតប្រចាំឆ្នាំរបស់រណសិរ្សសាមគ្គីកសាងមាតុភូមិកម្ពុជានៅក្នុងរាជធានីភ្នំពេញកាលពីខែឧសភា លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាអគ្គលេខាធិការរណសិរ្សនេះបានឲ្យដឹងថា ស្ថាប័ននេះមានសមាជិកចំនួន៧៤៦.១៤៦នាក់នៅទូទាំងប្រទេស។
កាលពីថ្ងៃអាទិត្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រារព្ធខួបអនុស្សាវរីយ៍នេះដោយមានព្រឹត្តិការណ៍ ប្រគុំតន្ត្រីនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។
ក្នុងសុន្ទរកថាមួយនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ លោក ហ៊ុន ម៉ានី បានអំពាវនាវដល់ យុវជនយុវនារីនៅក្នុងប្រទេសឲ្យធ្វើជាគំរូរបស់សមាជិករណសិរ្សសាមគ្គីកសាងមាតុភូមិកម្ពុជា ដើម្បី “ការពារសន្តិភាព និងស្ថិរភាពរបស់ប្រទេសយើង”៕ ប៊ុននី