31 C
Phnom Penh

អ្នកភូមិ​​អះអាងថា អ្នក​ដែលកាប់ឈើ​ខុស​ច្បាប់គឺធ្វើ​​ឲ្យ​​ក្រុម​ហ៊ុន​ ទ្រី ភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​នៅ​ខេត្ត​មណ្ឌល​គិរី​បាន​ដាក់​ពាក្យ​បណ្តឹងទៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​លើក​ឡើង​ថា ពួក​គាត់​បាន​​​ប្រទះ​ឃើញ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​កាប់​ឈើ​ក្នុង​សហគមន៍ព្រៃឈើ​របស់​ខ្លួន​ក្នុង​​មូល​​​ដ្ឋាន​​​​ហើយ​​អ្នក​កាប់​ឈើ​នោះ​អះ​អាង​ថា ធ្វើ​ការ​​​​ឲ្យ​​​​លោក ទ្រី​​ ភាព​។

លោក ទ្រី ភាព ដែល​មាន​ក្រុមហ៊ុន​ចម្ការ​កៅ​ស៊ូ ដី​សម្បទាន​រុក​រក​រ៉ែ​ និង​តំបន់​សេដ្ឋ​​​កិច្ច​ពិសេស​នៅ​ទូ​ទាំង​ប្រទេស​នោះ ទទួល​បាន​សិទ្ធិទិញ​ឈើ​កាប់​រួច​ទំាងអស់​នៅក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ក្នុងខេត្ត​រត​នគិរី​នៅ​ឆ្នាំ​នេះ ព្រម​ទាំង​ឈើ​ដែល​រឹប​​​អូស​បាន​ជិ​ត​៥.០០០ម៉ែត្រ​គូប​ទៀត​នៅ​ទូទាំង​ប្រទេស។
សកម្ម​ជន​បរិស្ថាន​បាន​សម្តែង​ការ​ព្រួយ​បារម្ភថា ការ​ផ្ត​ល់​សិទ្ធិ​ផ្តាច់​មុខដល់​ក្រុម​ហ៊ុន​នេះ​ក្នុង​ការ​ទិញ​ឈើ​នោះ​ជំរុញ​ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ដោយ​ការ​​លាក់​បាំង​​អ្នក​កាប់​ឈើទាំងនោះ និង​ធ្វើ​ឲ្យ​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេ​ស​​​កម្ពុជា​កាន់តែ​លឿន​ទៅទៀត​។

លោក សុខ រដ្ឋា អ្ន​កសម្រប​សម្រួល​របស់​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​មណ្ឌល​គិរី​​បាន​មាន​ប្រសាសន៍ថា លោក​និង​អ្នក​ភូមិ​មូលដ្ឋាន​ប្រហែល​២០នាក់​បាន​រក​ឃើញ​ប្រភេទ​ឈើ​ប្រណីត​អាររួច​ថ្មី​ៗ​ចំនួន​​៨៩ដុំ​ដែល​គេ​គរ​ទុក​នៅ​ក្បែរ​សហ​គមន៍ព្រៃឈើអណ្តូង​ក្រឡឹង​នៅក្នុង​ស្រុក​អូររាំង កាលពី​ថ្ងៃ​សុក្រ​ និង​ថ្ងៃ​​​សៅរ៍ បន្ទាប់ពី​អ្នក​ភូមិ​បាន​ដាក់​ពាក្យ​បណ្តឹង​​​មក​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​របស់​លោក។ លោក​បាន​មាន​ប្រសាសន៍ថា “ឈើ​មួយ​ដុំ​ៗ​មាន​ប្រវែង​ពី​បី​ទៅ​បួន​ម៉ែត្រនិង​មាន​មុខ​​​កាត់​៣០សង់ទីម៉ែត្រ។យើង​មិន​ដឹង​ថា នរណា​ជា​ម្ចាស់​ឈើ​នេះទេ ប៉ុន្តែ​យើង​ឃើញ​​គេ​បោះ​​​ត្រា​ជា​អក្សរ ’N’ នៅ​លើ​ឈើ​នោះ”។

លោក​ រដ្ឋា បាន​ថ្លែង​​​ថា ពួក​គាត់​​​​ក៏បាន​រក​ឃើញ​ដី​មួយ​ក្បាល​ទំហំ​ជិត​​២០​​​ហិក​​​តា​​​​ក្នុង​ព្រៃ​ដែល​អ្នក​ភូមិ​និយា​យថា​​ត្រូ​វ​បាន​រាន​​​​ក្នុង​រយៈពេល​ពីរ​ឬ​បី​ខែ​​​កន្លង​មក​​នេះ​​​ផង​​​ដែរ។​​​ លោក ជិច រយឿប អ្នក​ភូមិ​ម្នាក់នៅ​ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​បាន​ចូលរួម​ការ​ល្បាត​រយៈពេល​ពីរ​ថ្ងៃ​នេះ​បាន​និយាយ​ថា គា​ត់​បាន​ឃើញ​​​​មនុស្ស​ពីរ​ក្រុម​ដែលមួយក្រុម​ៗមាន​គ្នា​ប្រហែល​ប្រាំពីរ​នាក់​ កាប់​ឈើ​នៅ​ក្នុង​​​​តំបន់​តែមួយ​ដោយ​ប្រើ​រណារ​យន្ត​​ប្រហែល​មួយ​សប្តាហ៍​មក​ហើយ​។

គាត់​បាន​និយាយ​ថា “ខ្ញុំ​មិន​ដឹង​ថា​តើ​លោក​​​​ ទ្រី ភាព​ ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ទិញ​ឈើ​នេះ​ឬ​យ៉ាង​ណាទេ ប៉ុន្តែ​អ្នក​កាប់​ឈើ​ទាំង​នោះ​បាន​​​​ប្រាប់​ខ្ញុំ​ថា​ ពួកគេ​បាន​កាប់​ឈើនេះ​ឲ្យ​ក្រុម​​​ហ៊ុន​របស់លោក”។

លោកស្រី ក្វាន ទ្រឿន មេឃុំ​សែន​មនោ​រម្យ​​បាន​មាន​ប្រសាសន៍ថា លោក​ស្រី​ដឹង​ពី​ការ​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​សហ​គមន៍​ព្រៃឈើ​នេះ ប៉ុន្តែ​លោកស្រី​គ្មាន​អំណាច​ក្នុងការ​ទប់ស្កាត់​ឡើយ។ លោកស្រី​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​បាន​ទៅ​ទី​នោះ​កាលពី​យប់មិញ ហើយ​ខ្ញុំបាន​ឃើញ​​​​​​​នគរ​បាល​និង​កង​រាជ​អាវុធ​ហត​្ថ​ឈរ​យាម​នៅ​ទី​នោះ ដោយ​មាន​រថយន្ត​តូយ៉ូតា​កាមរី​ជាច្រើន​គ្រឿង​ត្រៀម​ចាំ​ដឹក​ឈើ​ទំាង​​​នោះ​។ ខ្ញុំ​បាន​រាយការ​ណ៍​ទៅ​អភិបាល​ស្រុក​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នេះ ប៉ុន្តែ​លោក​មិន​បាន​ចាត់​វិធាន​ការ​ទេ”។

លោក ស៊ុញ សុន អភិបាល​ស្រុក​បាន​មាន​​​ប្រសាសន៍ថា ពួកគេ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ដែល​ធ្វើ​ឲ្យ​យើង​​មាន​ការ​លំបាក​ទប់​ស្កាត់ណាស់។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​​ថា “យើង​​បាន​ព្យាយាមទប់ស្កាត់​​ការ​កាប់​ឈើ​​​​ខុស​ច្បាប់​នេះ ប៉ុន្តែ​ វាលំបាក​ណាស់​ ពីព្រោះ​ពួកគេ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់”។
លោក កែប​ កត​់​ ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតន​​គិរី​ បាន​មាន​ប្រសា​សន៍ថា លោក​​នឹង​បញ្ជូន​មន្ត្រី​​ទៅ​កាន់​តំបន់​នោះ​នៅ​ថ្ងៃ​នេះ​​​​​ដើម្បី​​ធ្វើការ​ស៊ើប​អង្កេត។
លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​អង្គការ​អាដ​ហុកអំពី​ការ​កាប់ឈើ​ខុស​ច្បាប់ ហើយ​ខ្ញុំ​បាន​ចាត់​តាំង​មន្ត្រី​ប្រាំ​នាក់​ចុះ​ទៅ​ទី​នោះ​ [នៅ​ថ្ងៃ​នេះ ដើម្បី​រក​ឲ្យ​ឃើញ​​​​ថា តើ​ការ​កាប់​ឈើ​ខុស​ច្បាប់នេះ​ពិត​ជាកើត​ឡើង​​នៅ​ក្នុង​ព្រៃ​នោះ​មែនឬ​យ៉ាងណា]”។

លោក ឯក សុវណ្ណ អ្នក​គ្រប់​គ្រង​ប្រតិប​ត្តិ​ការ​ពាណិជ្ជកម្ម​របស់ក្រុម​ហ៊ុន​ ទ្រី ភាព នៅ​​​ក្នុង​​​​ខេត្ត​មណ្ឌលគិរីបាន​បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក​មិន​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​កាប់​ឈើ​ខុសច្បាប់​ដែលបន្ត​កើត​​ឡើង​នៅក្នុង​សហ​​​គមន៍ព្រៃឈើអណ្តូង​ក្រឡឹង​ទេ ហើយ​លោក​​​បានបន្ទោស​សកម្ម​ភាព​នេះ​ទៅ​លើជន​ឱកាស​​​​និយម​ដែល​ប្រើ​ប្រាស់​ឈ្មោះ​លោក  ទ្រី​ ភាព​ ​ដើម្បី​ជា​ការ​លាក់​បាំង​។

លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​ឈឺ​​​ក្បាល​​​ណាស់ ពីព្រោះ​ប្រជា​ពល​រដ្ឋ​​បាន​ប្រើ​ប្រាស់​ឈ្មោះ​របស់​ក្រុមហ៊ុន​ខ្ញុំ​ដើម្បី​ទិញឈើ​នោះ ប៉ុន្តែខ្ញុំ​បាន​ជម្រាប​អាជ្ញា​ធរ​ខេត្ត​ឲ្យ​ចាត់​វិធាន​​​ការ​​​​តាម​ច្បាប់​ប្រឆាំ​ងជន​​ណាដែល​ប្រើ​ឈ្មោះ​​ក្រុមហ៊ុន​របស់​ខ្ញុំ”។ លោក សុវណ្ណ បាន​មាន​ប្រសាសន៍ថា ក្រុម​​​ហ៊ុន​នេះ​​ទិញតែ​ឈើ​កាប់​រួច​ខុស​ច្បាប់​ដែល​រដ្ឋបាល​ព្រៃឈើរឹប​អូសបាន​ហើយ​តែ​ប៉ុណ្ណោះ។

រដ្ឋបាល​ព្រៃឈើ​បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍មុន​ថា លោក  ទ្រី ភាព បាន​បង់​​​ប្រាក់​​​​ឲ្យ​រដ្ឋាភិបាល​ចំនួន​៣,៤​លាន​ដុល្លារ​កាលពី​ខែ​មិថុនា សម្រាប់​សិទ្ធិ​ផ្តាច់​មុខ​​ក្នុង​ការ​ទិញ​​​​ឈើ​​​​ដែល​រឹប​អូស​បាន​ជិត​៥.០០០ម៉ែ​ត្រគូប​នៅ​​​​គ្រប់​​​ខេត្ត​ទាំងអស់។ អ្នក​ភូមិ​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបា​ល​​ក្នុង​ខេត្ត​រតនគិរី​​នៅ​​ជាប់​គ្នា​នោះ​ក៏បាន​រាយ​ការណ៍ពី​ការ​កើន​ឡើ​ងគួរ​ឲ្យ​កត់​សម្គាល់​ពាក់​​​ព័ន្ធ​ការ​កាប់​ឈើខុស​ច្បាប់​នៅក្នុង​តំបន់​ព្រៃ​ការ​ពារ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​​​ផង​​​ដែរ​ ដោយ​​​​អ្នក​កាប់​ឈើ​អះ​អាង​ថា ធ្វើការ​​​​ឲ្យ​លោក ទ្រី ភាព។

នៅក្នុងខេត្ត​មណ្ឌល​គិរី តំណាង​លោក ទ្រី ភាព នៅ​ទី​នោះ​បាន​បដិសេធ​​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះទេ ហើយ​បាន​បន្ទោស​អ្នក​ភូមិ​ដែលយក​ឈ្មោះ​ពាណិ​ជ្ជករ​រូបនេះ​ទៅ​​ប្រើ​មិន​​ត្រឹម​ត្រូវ​។ អ្នក​ភូមិ​នៅក្នុង​ខេត្ត​ព្រះ​វិហារ​បាន​និយាយ​​​​ថា ឈ្មួញកណ្តាល​រក​ស៊ីឈើ​និង​អ្នក​កាប់​ឈើ​​ខុស​ច្បាប់​ដែល​ពួកគាត់បាន​ជួប​នៅ​​​ពេលដើរ​​​​ល្បាត​​​​​ក្នុង​សហគមន៍ព្រៃឡង់​ថ្មី​ៗនេះ​ក៏បាន​អះ​អាង​ថា ធ្វើការ​ឲ្យ​លោក ទ្រី​ ភាព​ ដែរ៕​សារុន
(រាយ​ការណ៍បន្ថែម​ដោយ ម៉ិច ដារ៉ា)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស