មន្ត្រីរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា កាលពីម្សិលមិញគណបក្សសង្គ្រោះជាតិបានចេញសេចក្ដីជូនដំណឹងដល់អាជ្ញាធរខេត្តឲ្យដឹងពីផែនការធ្វើពិធីជួបជុំមួយរបស់ខ្លួនក្នុងទីក្រុងសៀមរាប ដើម្បីរំឭកទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃអង្គារក្រោយ។
លោកស្រី កែ សុវណ្ណារ័ត្ន ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តសៀមរាបបានលើកឡើងថា សេចក្ដីជូនដំណឹងនេះត្រូវបានយកទៅកាន់អាជ្ញាធរខេត្តដោយផ្ទាល់នៅពេលរសៀល។ លោកស្រី សុវណ្ណារ័ត្ន បានមានប្រសាសន៍ថា “យើងបានប្រគល់សេចក្ដីជូនដំណឹងនេះដល់អាជ្ញាធរខេត្តនៅម៉ោង២រសៀល ប៉ុន្តែនៅមិនទាន់ទទួលបានដំណឹងត្រឡប់មកវិញពីអាជ្ញាធរទាំងនោះនៅឡើយទេ”។ លោកស្រីបានបន្ថែមថា លោកស្រីមានទំនុកចិត្តថា អាជ្ញាធរនឹងអនុញ្ញាតឲ្យមានការប្រារព្ធព្រឹត្តិការណ៍នេះ។ លោកស្រីបានមានប្រសាសន៍បន្តថា “យើងជឿជាក់ថា អាជ្ញាធរនឹងអនុញ្ញាតឲ្យយើងធ្វើពិធីជួបជុំនេះ ពីព្រោះថ្ងៃទី១០ ខែធ្នូ គឺជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយច្បាប់ក៏អនុញ្ញាតឲ្យយើងធ្វើ [ពិធីជួបជុំ] នេះដែរ”។
សេចក្ដីជូនដំណឹងច្បាប់ចម្លងមួយច្បាប់បានលើកឡើងថា ព្រឹត្តិការណ៍នេះនឹងត្រូវដឹកនាំដោយមេដឹកនាំគណបក្សសង្គ្រោះជាតិ ហើយនឹងត្រូវធ្វើឡើងនៅខាងក្រៅក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់។ សេចក្ដីជូនដំណឹងនេះបានលើកឡើងថា “គណបក្សសង្គ្រោះជាតិនឹងប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ ដោយមានវត្តមានរបស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា អនុប្រធានគណបក្ស”។
សេចក្ដីជូនដំណឹងនេះបានបន្តដោយសំដៅទៅលើសួនច្បារសាធារណៈដ៏ធំមួយនៅជាយក្រុងសៀមរាប។ “ពិធីនេះនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅវេលាម៉ោង១រសៀល នៅកាច់ជ្រុងភាគនិរតីនៃទីតាំងអង្គរឃ្យុងយូ”។
សេចក្ដីជូនដំណឹងនេះបានស្នើឲ្យមានសហការពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនៅក្នុងការផ្ដល់សន្ដិសុខ និងរក្សាសណ្ដាប់ធ្នាប់អំឡុងពេលប្រារព្ធពិធិ។ លោក ប៊ុនសុង បានលើកឡើងកាលពីម្សិលមិញថា អាជ្ញាធរខេត្តនៅមិនទាន់ពិភាក្សាគ្នាអំពីផែនការរបស់គណបក្សសង្គ្រោះជាតិនៅឡើយទេ ដែលត្រូវបានប្រកាសជាលើកដំបូងកាលពីថ្ងៃទី២៤ ខែវិច្ឆិកានោះ។
លោកបានមានប្រសាសន៍ថា “យើងនៅមិនទាន់ទទួលបានសេចក្ដីជូនដំណឹងនេះនៅឡើយទេ ប៉ុន្តែនៅពេលណាយើងទទួលបានវា យើងនឹងពិភាក្សាជាមួយពួកគេអំពីរឿងនេះបន្ថែម”។ អំឡុងពេលប្រកាសជាលើកទី១ លោក សម រង្ស៊ី បានលើកឡើងថា មេដឹកនាំនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនឹងដង្ហែក្បួនពីកន្លែងជួបជុំទៅកាន់អង្គរវត្ត។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា គណបក្សរបស់លោកនៅមិនទាន់ពិភាក្សាជាផ្លូវការពីបញ្ហាលម្អិតនៃជួបជុំនេះនៅឡើយទេ។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “យើងនៅមិនទាន់សម្រេចនៅឡើយទេ។ យើងនឹងរង់ចាំដល់ពេលលោក សម រង្ស៊ី និងលោក កឹម សុខា ត្រឡប់មកវិញសិន ហើយបន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្ត”។ លោកបានបន្ថែមថា លោករំពឹងថា ប្រជាពលរដ្ឋប្រហែល៥.០០០ទៅ៦.០០០នាក់នឹងមកចូលរួមនៅក្នុងពិធីជួបជុំនេះ។
លោក សម រង្ស៊ី សព្វថ្ងៃកំពុងនៅក្នុងតំបន់អឺរ៉ុប រីឯលោក កឹម សុខា វិញកំពុងស្ថិតនៅសហរដ្ឋអាមេរិក ដើម្បិរៃអង្គាសប្រាក់សម្រាប់គណបក្សសង្គ្រោះជាតិ៕ ស៊ុយឈាង