34 C
Phnom Penh

មន្ត្រី​រដ្ឋា​​​ភិបាលស្នើ​ឲ្យ​តុលាការ​យោ​​​ធា​​​​​​​ត្រួត​ពិនិត្យ​អត្ថ​បទចុះ​​​ផ្សាយ​ក្នុង​កាសែត​មនសិកា​រខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា លោក​បាន​បញ្ជូន​សំណើ​មួយ​ទៅ​តុលាការ​យោធា​សុំ​ឲ្យ​ស៊ើប​អង្កេត​អត្ថ​បទ​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​មនសិកា​រខ្មែរ​ ​ជា​កាសែត​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គណ​បក្ស​ប្រឆាំង​។

លោក ផៃ ស៊ីផាន ដែល​ជា​រដ្ឋ​លេខា​ធិការ​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសា​សន៍​​ថា លោក​បានស្នើ​សុំ​ឲ្យ​តុលាការ​យោធា​ និង​ក្រសួង​ការ​ពារ​ជាតិ​ស៊ើប​អង្កេត​អត្ថ​ន័យ​របស់​​អត្ថ​បទ​មួយ​និយាយ​អំពីសម្តី​ដែល​លោក កឹម សុខា អនុ​ប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ពេល​ធ្វើ​ដំណើរទៅ​ប្រទេស​អូស្ត្រាលី។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​សំណើ​នោះ​ទៅ​តុលាការ​យោធា​ បន្ទាប់​ពី​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​កាសែត​នេះ​ ពាក់​ព័ន្ធ​នឹង​អត្ថ​បទ​ដែល​បាន​ចោទ​កង​កម្លាំង​ប្រដាប់​អាវុធ​ថា បាន​ឡោម​ព័ទ្ធ​រាជ​ធានី​ភ្នំពេញ​នៅ​យប់​នៃ​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​កាល​ពីខែកក្កដា ដើម្បី​បន្លំ​លទ្ធ​ផលឆ្នោត​។

អត្ថ​បទ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​​មន​សិការ​​ខ្មែរ​កាល​ពីថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​នេះ​មាន​ចំណង​ជើង​ថា “កឹម សុខា៖ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​បន្លំ​លទ្ធ​ផល​បោះ​ឆ្នោត​ និង​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​មក​ឡោម​ព័ទ្ធ​ភ្នំពេញ​ប្លន់​យក​ជ័យ​ជម្នះ​ប្រជា​រាស្ត្រ​ខ្មែរ”។

លោក ផៃ ស៊ីផាន បាន​សរសេរ​​លិខិត​មួយ​ផ្ញើ​ទៅ​និពន្ធ​នាយក​កាសែត​នេះ​កាល​ពីថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​ថា “យើង​ចង់​ឲ្យ​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ​ពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​ចំណង​ជើង​អត្ថ​បទ​នេះ​ តើ​សម្តី​ទាំង​នោះ​​ជា​សម្តីរបស់​នរណា និង​អំពី​គោល​បំណង​នៃ​អត្ថ​បទ​នេះ​​ ដែល​និយាយ​​អំពី​កង​កម្លាំង​ប្រដាប់​អាវុធ​ឡោមព័ទ្ធ​ភ្នំពេញ​ប្លន់​យក​ជ័យ​ជម្នះ​ពី​ប្រជា​ពល​រដ្ឋ​ខ្មែរ​”។

លោក​បាន​មាន​ប្រសាសន៍​ថា កាល​កំណត់​​​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា បាន​កន្លង​ផុត​ទៅ​ដោយ​មិន​មាន​ការ​ឆ្លើយ​តប​ជា​លាយ​លក្ខណ៍​អក្សរ​​ពីកាសែត​នេះ ថា តើ​ទស្សននៅ​ក្នុង​អត្ថ​បទ​នេះ​ជា​ទស្សន​​របស់​លោក កឹម សុខា ឬ​ទស្សន​របស់​លោក ដាំ សិទ្ធិ និពន្ធ​នាយក​កាសែត​នេះ និង​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ​។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ទុក​ពេល​ឲ្យ​ពួក​គេ​បី​សប្តាហ៍​ដើម្បី​ ពន្យល់​ប្រាប់ ប៉ុន្តែ​យើ​ងមិន​បាន​ទទួល​ការ​ឆ្លើយ​តប​ជា​លាយ​លក្ខ​ណ៍អក្សរ​​​អំពី​ចំណង​ជើងនេះ​ ឬ​ថា តើ​សម្តី​ទាំង​នោះ​ជា​សម្តី​របស់​នរណា​​នោះ​ទេ​។ យើង​មាន​សិទ្ធិ​ក្នុង​ការ​បញ្ជូន​រឿង​នេះ​ទៅ​មេធាវី​របស់​យើង​​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​យោធា ពី​​​ព្រោះ​​យើ​មាន​សិទ្ធិ​ដឹង​ថា តើ​នរណា​ជា​អ្នក​និយាយ​ពាក្យ​នេះ​”។

លោក​ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​កំពុ​ងអនុវត្ត​សិទ្ធិចង់​ដឹង​​របស់​រដ្ឋា​ភិបាល​ ដោយ​ការ​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​តុលាការ​យោធា​។
លោក​បាន​មាន​ប្រសាសន៍​ថា “ពាក្យ​បណ្តឹង​ដែល​ប្តឹង​ទៅ​តុលាការ​យោធា​នោះ​​មិន​មែនជា​រឿង​បរិហា​រកេរ្តិ៍ ឬ​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​នោះ​ទេ។ យើង​គ្រាន់​តែ​ចង់​ឲ្យ​និពន្ធ​នាយក​កាសែត​នេះ​ពន្យល់​ប្រាប់​យើង​តែប៉ុណ្ណោះ”។

លោក ដាំ សិទ្ធិ ដែល​បាន​ប្រឈម​នឹង​បណ្តឹង​បរិហារកេរ្តិ៍ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជាច្រើន​​ករណី​ពីរដ្ឋា​ភិបាល​នៅពេល​លោក​ធ្វើ​ជា​និពន្ធ​នាយក​កាសែត​មន​សិការ​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា អត្ថ​បទ​នេះ​គឺ​ជា​ការ​សង្ខេប​បទ​សម្ភាស​ជាមួយ​លោក​ កឹម សុខា ដែល​បាន​ផ្សព្វ​ផ្សាយ​តាម​យូធូប​។
លោក ដាំ សិទ្ធិ​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “ខ្ញុំ​បាន​បញ្ជូន​រូប​ភាព​វីដេអូ​នោះ​ឲ្យ​លោក ផៃ ស៊ីផាន​ រួចហើយ ​ដូច្នេះ​ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​នៅ​តែ​ស្នើ​សុំ​ការ​ឆ្លើយ​តប​ជា​លាយ​លក្ខ​ណ៍អក្សរ​ទៀត​”។

លោក ដាំ សិទ្ធិ​ បាន​មាន​ប្រសាសន៍​ថា “នេះ​​គឺ​ជា​​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​ចំពោះ​អ្នក​កាសែត​នៅ​កាសែត​មនសិការ​ខ្មែរ”។ លោក​​បាន​បន្ថែម​ថា លោក​ជឿ​ថា លោក ផៃ ស៊ីផាន មាន​គោល​បំណង​មិនល្អ​ ដោយ​ការ​ធ្វើ​ឲ្យ​យោ​ធា​ជាប់​ពាក់​ព័ន្ធ​នឹង​​សារ​ព័ត៌មាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “អត្ថ​បទ​នេះ​មិន​រាយ​ការណ៍​អំ​ពី​ការ​សម្ងាត់​របស់​យោ​ធា ឬ​អ្វី​ដែល​អាច​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ​នោះ​ទេ​”។

នៅ​ក្នុង​បទ​សម្ភាស​រយៈ​ពេល​២០​នាទី​ ដែល​ត្រូវ​បាន​ថត​​ជា​វីដេអូដោយ​​​​ទូរទស្សន៍​សហគម​ន៍​ខ្មែរ​អូស្ត្រាលី​នេះ​ បង្ហាញ​អំពីការ​ធ្វើ​ទស្សនកិច្ច​របស់​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិទៅកាន់​ទីក្រុង​ម៉ែលប៊ន​ កាល​ពីខែ​មុន​នោះ លោក កឹម សុខា អះ​អាង​ថា អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​បាន​ប្រាប់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​យប់​នៃ​ថ្ងៃ​បោះ​ឆ្នោត​នោះ​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​៧៦អាសនៈ​។

លោក កឹម សុខា​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាស​នោះ​ថា “ យើង​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រីរបស់​យើង​ចេញ​ទៅពិនិត្យ​មើល ហើយ​បន្ទាប់​មក​យើង​បាន​មើល​ឃើញ​ថា ពួក​គេ​បាន​បញ្ជូន​ទាហាន​​ដាក់​គ្រប់​ទីកន្លែង​​នៅ​តាម​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំពេញ​”។ លោក​បាន​មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី [ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ] និង​ខ្ញុំ​បាន​គិត​ថា​ ពួក​គេ​នឹង​ចាប់​ខ្លួន​យើង​ ដោយ​សារ​តែ​យើង​បាន​ឈ្នះ​ ដូច្នេះ​​យើង​បាន​ចាក​ចេញ​ទៅ​ស្នាក់​នៅក្នុង​ស្ថាន​ទូត​​របស់​ប្រទេស​មហា​អំណាច​មួយ។

លោក កឹម សុខា បាន​បន្ថែម​ថា “នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​”។ លោក​បាន​ចោទ​រដ្ឋា​ភិបាល​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ថា បាន​ប្លន់​យក​ជ័យ​ជម្នះ​របស់​គណ​បក្ស​ប្រឆំាង​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “មនុស្ស​គ្រប់​គ្នា​ដឹង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ ហើយ​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ចាញ់។ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដឹង​យ៉ាង​ច្បាស់​ថា ខ្លួន​បាន​ចាញ់​ ពីព្រោះ​ពួក​គេ​បាន​ប្លន់​យក​​ឆ្នោត​របស់​យើង​។ គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ជាង​ពួក​គេទេ​”។

លោក សុក​ សំអឿន មេធាវី​ដ៏​ឆ្នើម​មួយ​រូប​ និង​ជា​​នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុ​ជា​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​គិត​ថា យុត្តា​ធិការ​របស់​តុលាការ​យោធា​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បញ្ហា​របស់​សារព័ត៌​មាន​អាច​នាំ​ឲ្យ​មាន​បញ្ហា។ លោក​បាន​មាន​ប្រសាសន៍​ថា “តាម​ច្បាប់​តុលាការ​យោធាអាច​ស៊ើប​អង្កេត​ករណី​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​យោធា ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ រឿង​បរិហា​រកេរ្តិ៍ និង​​ព័ត៌​មាន​បែប​នេះ​ គឺ​ជា​បទ​ល្មើស​យោធា​នោះ​ទេ”។

បច្ចុ​ប្បន្ន​នេះ លោក កឹម សុខា កំពុង​ស្ថិត​នៅ​អាមេរិក​ ​ជួប​ជាមួយ​ខ្មែរ​អាមេរិ​កាំង​ ដើម្បី​​​​រៃ​អង្គាស​មូល​និធិ​សម្រាប់​​ការ​តវ៉ា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​នៅ​ក្រុង​សៀម​​​រាប ​​​និង​នៅ​រាជ​ធានី​ភ្នំពេញ​នា​ខែ​ក្រោយ​នេះ។

កញ្ញា កឹម មនោវិទ្យា កូន​ស្រី​របស់​លោក កឹម សុខា ដែល​ជា​សមាជិក​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​គណ​បក្ស​សង្គ្រោះជាតិ​ដែរ​នោះ បាន​និយយា​ថា បញ្ហា​ដែល​លោក ផៃ ស៊ីផាន​បានលើក​ឡើង​នេះ​មិន​ពាក់ព័ន្ធ​នឹង​លោក​ កឹម សុខា​ ទេ​។ កញ្ញា មនោវិទ្យា បាន​និយាយ​ថា “​វា​ជា​រឿង​រវាង​កាសែត​ និង​លោក​ ផៃ ស៊ីផាន។ អ្វី​ដែល​គាត់​និយាយ​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​នៅ​តាម​ទំព័រ​ហ្វេស​ប៊ុករបស់​គាត់​ និង​នៅ​តាម​យូធូប​រួច​​ហើយ​ ហើយ​មនុស្ស​គ្រប់​គ្នា​អាច​​បើក​​មើល​បាន​”។

លោក កឹម សុខា ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ឆ្នាំ​២០០៥ ហើយ​ត្រូវ​ឃំុ​ខ្លួន​អស់​រយៈ​ពេល​មួយ​ខែ​ពី​បទ​បរិហា​រកេរ្តិ៍ បន្ទាប់​ពី​បាន​លើក​បដា​​អំឡុង​ពេល​ជួប​ជុំ​គ្នា​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​ ​ដែល​នៅ​ក្នុង​បដា​នោះ​មាន​​ទាំង​សារ​សរសេរ​ដៃ​ពី​អ្នក​ភូមិ​ម្នាក់​ដើម្បី​រិះ​គន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ មាន​ពាក្យ​បណ្តឹង​ជា​ច្រើន​ទៀត​បាន​​ប្តឹង​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មុន​ការ​បោះ​ឆ្នោត​កាល​ពី​​ខែ​កក្កដា៕ គឹម​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស