មន្ត្រីជាន់ខ្ពស់ម្នាក់នៅទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយកាលពីម្សិលមិញថា លោកបានបញ្ជូនសំណើមួយទៅតុលាការយោធាសុំឲ្យស៊ើបអង្កេតអត្ថបទមួយចុះផ្សាយនៅក្នុងកាសែតមនសិការខ្មែរ ជាកាសែតដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំង។
លោក ផៃ ស៊ីផាន ដែលជារដ្ឋលេខាធិការមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកបានស្នើសុំឲ្យតុលាការយោធា និងក្រសួងការពារជាតិស៊ើបអង្កេតអត្ថន័យរបស់អត្ថបទមួយនិយាយអំពីសម្តីដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងពេលធ្វើដំណើរទៅប្រទេសអូស្ត្រាលី។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា លោកបានបញ្ជូនសំណើនោះទៅតុលាការយោធា បន្ទាប់ពីមិនបានទទួលការឆ្លើយតបពីកាសែតនេះ ពាក់ព័ន្ធនឹងអត្ថបទដែលបានចោទកងកម្លាំងប្រដាប់អាវុធថា បានឡោមព័ទ្ធរាជធានីភ្នំពេញនៅយប់នៃថ្ងៃបោះឆ្នោតជាតិកាលពីខែកក្កដា ដើម្បីបន្លំលទ្ធផលឆ្នោត។
អត្ថបទចុះផ្សាយនៅក្នុងកាសែតមនសិការខ្មែរកាលពីថ្ងៃទី១៣ ខែវិច្ឆិកានេះមានចំណងជើងថា “កឹម សុខា៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបន្លំលទ្ធផលបោះឆ្នោត និងបញ្ជូនកម្លាំងប្រដាប់អាវុធមកឡោមព័ទ្ធភ្នំពេញប្លន់យកជ័យជម្នះប្រជារាស្ត្រខ្មែរ”។
លោក ផៃ ស៊ីផាន បានសរសេរលិខិតមួយផ្ញើទៅនិពន្ធនាយកកាសែតនេះកាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា “យើងចង់ឲ្យនិពន្ធនាយកកាសែតមនសិការខ្មែរពន្យល់ឲ្យបានច្បាស់អំពីចំណងជើងអត្ថបទនេះ តើសម្តីទាំងនោះជាសម្តីរបស់នរណា និងអំពីគោលបំណងនៃអត្ថបទនេះ ដែលនិយាយអំពីកងកម្លាំងប្រដាប់អាវុធឡោមព័ទ្ធភ្នំពេញប្លន់យកជ័យជម្នះពីប្រជាពលរដ្ឋខ្មែរ”។
លោកបានមានប្រសាសន៍ថា កាលកំណត់ថ្ងៃទី៣០ ខែវិច្ឆិកា បានកន្លងផុតទៅដោយមិនមានការឆ្លើយតបជាលាយលក្ខណ៍អក្សរពីកាសែតនេះ ថា តើទស្សននៅក្នុងអត្ថបទនេះជាទស្សនរបស់លោក កឹម សុខា ឬទស្សនរបស់លោក ដាំ សិទ្ធិ និពន្ធនាយកកាសែតនេះ និងជាតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “យើងបានទុកពេលឲ្យពួកគេបីសប្តាហ៍ដើម្បី ពន្យល់ប្រាប់ ប៉ុន្តែយើងមិនបានទទួលការឆ្លើយតបជាលាយលក្ខណ៍អក្សរអំពីចំណងជើងនេះ ឬថា តើសម្តីទាំងនោះជាសម្តីរបស់នរណានោះទេ។ យើងមានសិទ្ធិក្នុងការបញ្ជូនរឿងនេះទៅមេធាវីរបស់យើង ដើម្បីដាក់ពាក្យប្តឹងទៅតុលាការយោធា ពីព្រោះយើមានសិទ្ធិដឹងថា តើនរណាជាអ្នកនិយាយពាក្យនេះ”។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ទៀតថា លោកកំពុងអនុវត្តសិទ្ធិចង់ដឹងរបស់រដ្ឋាភិបាល ដោយការបញ្ជូនរឿងក្តីនេះទៅតុលាការយោធា។ លោកបានមានប្រសាសន៍ថា “ពាក្យបណ្តឹងដែលប្តឹងទៅតុលាការយោធានោះមិនមែនជារឿងបរិហារកេរ្តិ៍ ឬផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ។ យើងគ្រាន់តែចង់ឲ្យនិពន្ធនាយកកាសែតនេះពន្យល់ប្រាប់យើងតែប៉ុណ្ណោះ”។
លោក ដាំ សិទ្ធិ ដែលបានប្រឈមនឹងបណ្តឹងបរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនករណីពីរដ្ឋាភិបាលនៅពេលលោកធ្វើជានិពន្ធនាយកកាសែតមនសិការខ្មែរបានមានប្រសាសន៍ថា អត្ថបទនេះគឺជាការសង្ខេបបទសម្ភាសជាមួយលោក កឹម សុខា ដែលបានផ្សព្វផ្សាយតាមយូធូប។ លោក ដាំ សិទ្ធិ បានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំបានបញ្ជូនរូបភាពវីដេអូនោះឲ្យលោក ផៃ ស៊ីផាន រួចហើយ ដូច្នេះខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់នៅតែស្នើសុំការឆ្លើយតបជាលាយលក្ខណ៍អក្សរទៀត”។
លោក ដាំ សិទ្ធិ បានមានប្រសាសន៍ថា “នេះគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះអ្នកកាសែតនៅកាសែតមនសិការខ្មែរ”។ លោកបានបន្ថែមថា លោកជឿថា លោក ផៃ ស៊ីផាន មានគោលបំណងមិនល្អ ដោយការធ្វើឲ្យយោធាជាប់ពាក់ព័ន្ធនឹងសារព័ត៌មាន។ លោកបានមានប្រសាសន៍ថា “អត្ថបទនេះមិនរាយការណ៍អំពីការសម្ងាត់របស់យោធា ឬអ្វីដែលអាចគំរាមកំហែងដល់សន្តិសុខជាតិនោះទេ”។
នៅក្នុងបទសម្ភាសរយៈពេល២០នាទី ដែលត្រូវបានថតជាវីដេអូដោយទូរទស្សន៍សហគមន៍ខ្មែរអូស្ត្រាលីនេះ បង្ហាញអំពីការធ្វើទស្សនកិច្ចរបស់អនុប្រធានគណបក្សសង្គ្រោះជាតិទៅកាន់ទីក្រុងម៉ែលប៊ន កាលពីខែមុននោះ លោក កឹម សុខា អះអាងថា អង្គការក្រៅរដ្ឋាភិបាលមួយបានប្រាប់គណបក្សសង្គ្រោះជាតិនៅយប់នៃថ្ងៃបោះឆ្នោតនោះថា គណបក្សសង្គ្រោះជាតិឈ្នះបាន៧៦អាសនៈ។
លោក កឹម សុខា បានមានប្រសាសន៍នៅក្នុងបទសម្ភាសនោះថា “ យើងបានស្នើសុំឲ្យមន្ត្រីរបស់យើងចេញទៅពិនិត្យមើល ហើយបន្ទាប់មកយើងបានមើលឃើញថា ពួកគេបានបញ្ជូនទាហានដាក់គ្រប់ទីកន្លែងនៅតាមផ្លូវក្នុងរាជធានីភ្នំពេញ”។ លោកបានមានប្រសាសន៍ថា លោក សម រង្ស៊ី [ប្រធានគណបក្សសង្គ្រោះជាតិ] និងខ្ញុំបានគិតថា ពួកគេនឹងចាប់ខ្លួនយើង ដោយសារតែយើងបានឈ្នះ ដូច្នេះយើងបានចាកចេញទៅស្នាក់នៅក្នុងស្ថានទូតរបស់ប្រទេសមហាអំណាចមួយ។
លោក កឹម សុខា បានបន្ថែមថា “នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ”។ លោកបានចោទរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានប្លន់យកជ័យជម្នះរបស់គណបក្សប្រឆំាង។ លោកបានមានប្រសាសន៍ថា “មនុស្សគ្រប់គ្នាដឹងថា គណបក្សសង្គ្រោះជាតិបានឈ្នះ ហើយគណបក្សប្រជាជនកម្ពុជាបានចាញ់។ គណបក្សប្រជាជនកម្ពុជាដឹងយ៉ាងច្បាស់ថា ខ្លួនបានចាញ់ ពីព្រោះពួកគេបានប្លន់យកឆ្នោតរបស់យើង។ គ្មាននរណាម្នាក់ដឹងច្បាស់ជាងពួកគេទេ”។
លោក សុក សំអឿន មេធាវីដ៏ឆ្នើមមួយរូប និងជានាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានមានប្រសាសន៍ថា ខ្ញុំគិតថា យុត្តាធិការរបស់តុលាការយោធានៅក្នុងការស៊ើបអង្កេតបញ្ហារបស់សារព័ត៌មានអាចនាំឲ្យមានបញ្ហា។ លោកបានមានប្រសាសន៍ថា “តាមច្បាប់តុលាការយោធាអាចស៊ើបអង្កេតករណីពាក់ព័ន្ធនឹងបទល្មើសយោធា ប៉ុន្តែខ្ញុំមិនគិតថា រឿងបរិហារកេរ្តិ៍ និងព័ត៌មានបែបនេះ គឺជាបទល្មើសយោធានោះទេ”។
បច្ចុប្បន្ននេះ លោក កឹម សុខា កំពុងស្ថិតនៅអាមេរិក ជួបជាមួយខ្មែរអាមេរិកាំង ដើម្បីរៃអង្គាសមូលនិធិសម្រាប់ការតវ៉ារបស់គណបក្សសង្គ្រោះជាតិនៅក្រុងសៀមរាប និងនៅរាជធានីភ្នំពេញនាខែក្រោយនេះ។
កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិដែរនោះ បាននិយយាថា បញ្ហាដែលលោក ផៃ ស៊ីផានបានលើកឡើងនេះមិនពាក់ព័ន្ធនឹងលោក កឹម សុខា ទេ។ កញ្ញា មនោវិទ្យា បាននិយាយថា “វាជារឿងរវាងកាសែត និងលោក ផៃ ស៊ីផាន។ អ្វីដែលគាត់និយាយជាសាធារណៈនៅក្នុងប្រទេសអូស្ត្រាលីមាននៅតាមទំព័រហ្វេសប៊ុករបស់គាត់ និងនៅតាមយូធូបរួចហើយ ហើយមនុស្សគ្រប់គ្នាអាចបើកមើលបាន”។
លោក កឹម សុខា ធ្លាប់ត្រូវបានចាប់ខ្លួន កាលពីឆ្នាំ២០០៥ ហើយត្រូវឃំុខ្លួនអស់រយៈពេលមួយខែពីបទបរិហារកេរ្តិ៍ បន្ទាប់ពីបានលើកបដាអំឡុងពេលជួបជុំគ្នាក្នុងទិវាសិទ្ធិមនុស្ស ដែលនៅក្នុងបដានោះមានទាំងសារសរសេរដៃពីអ្នកភូមិម្នាក់ដើម្បីរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មានពាក្យបណ្តឹងជាច្រើនទៀតបានប្តឹងមេដឹកនាំគណបក្សប្រឆាំងរូបនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតកាលពីខែកក្កដា៕ គឹមហឿន