យោងតាមសេចក្តីរាយការណ៍ព័ត៌មានមួយបានឲ្យដឹងថា ព្រះរាជអាជ្ញានៅប្រទេសវៀតណាមបានចោទប្រកាន់ជនជាតិវៀតណាមប្រាំពីរនាក់ពីបទជួញដូរមាសមានតម្លៃ១៤,៧លានដុល្លារដោយខុសច្បាប់ ដែលត្រូវបានរត់ពន្ធចេញពីប្រទេសកម្ពុជាកាលពីបីឆ្នាំមុន។
ជនជាតិវៀតណាមទាំងប្រាំពីរនាក់នេះត្រូវបានចោទប្រកាន់ពីបទនាំមាស៣៣៦គីឡូក្រាម ដែលមានតម្លៃប្រហែលប្រាំមួយលានដុល្លារនៅពេលនោះចូលទៅក្នុងប្រទេសវៀតណាមនៅក្នុងឆ្នាំ២០១០ដោយមានគោលបំណងលក់មាសទាំងនេះនៅពេលដែលពួកគេទៅដល់ទីក្រុងហូជីមិញ។
ងតាមគេហទំព័រសារព័ត៌មានវៀតណាម Tuoiter News បានឲ្យដឹងថា ក្រុមរត់ពន្ធនេះត្រូវបានឆ្មក់ចាប់កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១០។ ពេលនោះនគរបាលនៅប្រទេសវៀតណាមបានឃាត់រថយន្តមួយគ្រឿងបើកបរដោយបុរសពីរនាក់ដែលដឹកមាស៩២គីឡូក្រាម។ បុរសទាំងនេះ គ្មានសំណុំឯកសារទាក់ទងទៅនឹងប្រភពមាសនេះទេ។
បុរសទាំងនេះត្រូវបានចោទប្រកាន់ពីបទរត់ពន្ធមាស៣៣៦គីឡូក្រាម ក្នុងសកម្មភាពរត់ពន្ធដាច់ដោយឡែកផ្សេងៗទៀត ក្នុងចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១០ ប៉ុន្តែ ការចោទប្រកាន់នេះត្រូវបានផ្លាស់ប្តូរពីការរត់ពន្ធទៅជាការជួញដូរខុសច្បាប់វិញ កាលពីខែកញ្ញា ឆ្នាំនេះ។
លោក នួន ចាន់រិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានមានប្រសាសន៍ថា លោកមិនដឹងអំពីករណីជាក់លាក់នេះទេ ក៏ប៉ុន្តែ មាសដែលមានតម្លៃជាង១០.០០០ដុល្លារត្រូវបានត្រៀមនាំចេញ គឺ “នឹងត្រូវបានប្រកាស ដោយធនាគារជាតិនៃកម្ពុជា”៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ ឃួន ណារីម)