កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការកាត់ក្តីជនជាតិបារាំងម្នាក់ឈ្មោះ ម៉ាសែល ម៉ូរីន អាយុ៥៨ឆ្នាំ ជាជនរួមភេទជាមួយកុមារដែលបានទាមទារឲ្យតុលាការបើកសវនាការកាត់ក្តីឡើងវិញ បន្ទាប់ពីត្រូវបានផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែកាលពីខែកុម្ភៈពីបទឲ្យលុយក្មេងប្រុសបីនាក់ដើម្បីរួមភេទ កាលពីឆ្នាំ២០០៧។
លោក ជា សុខឃាង ចៅក្រមប្រធានក្រុម ប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា កាលពីខែមករា សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ ម៉ូរីន កំបាំងមុខពីបទឲ្យលុយក្មេងប្រុសទាំងនេះដែលមានអាយុចន្លោះពី១៤ឆ្នាំដល់១៥ឆ្នាំក្នុងម្នាក់១០ដុល្លារ ដើម្បីរួមភេទជាមួយខ្លួននៅផ្ទះសំណាក់មួយក្នុងខណ្ឌទួលគោកកាលពីឆ្នាំ២០០៧។
លោកចៅក្រម សុខឃាង បានមានប្រសាសន៍ថា “តុលាការបានរកឃើញថា គាត់មានពិរុទ្ធភាពកាលពីខែកុម្ភៈ ហើយបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ប៉ុន្តែ បុរសរូបនេះបានច្រានចោលសាលក្រមនោះ”។ លោកបានបន្ថែមថា ម៉ូរីន មិនបានចូលរួមសវនាការកាត់ក្តីទេ ពីព្រោះនៅពេលនោះ គាត់បានបញ្ចប់ការអនុវត្តទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំនៅក្នុងខេត្តសៀមរាប ពីបទបំពានផ្លូវភេទក្មេងប្រុសប្រាំនាក់នៅទីនោះកាលពីឆ្នាំមុន។
លោកស្រី សំ សូនី មេធាវីតំណាងជនរងគ្រោះបានប្រាប់តុលាការកាលពីម្សិលមិញថា ដោយសារ ម៉ូរីន បានឲ្យលុយក្មេងប្រុសទាំងនេះដើម្បីរួមភេទនោះ គាត់គួរត្រូវបានចោទប្រកាន់ពីបទទិញពេស្យាចារកុមារវិញ។ លោកស្រី សំ សូនី បានមានប្រសាសន៍ថា “ខ្ញុំស្នើឲ្យតុលាការប្តូរបទចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទទៅជាការទិញពេស្យាចារកុមារវិញ ហើយនិរទេសបុរសរូបនេះចេញពីប្រទេសកម្ពុជា [បន្ទាប់ពីបុរសរូបនេះបញ្ចប់ការអនុវត្តទោសជាប់ពន្ធនាគាររួច]”។
លោក ឌុន វិបុល មេធាវីតំណាងជនជាតិបារាំងរូបនេះបានលើកឡើងថា មិនមានភ័ស្តុ តាងគ្រប់គ្រាន់ដើម្បីគាំទ្រការចោទប្រកាន់ពីបទទិញពេស្យាចារកុមារទេ។ ការចោទ ប្រកាន់ពីបទទិញពេស្យាចារកុមារមានទោសធ្ងន់ជាង គឺត្រូវមានទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១២ ខែធ្នូ៕