ក្មេងជំទង់ពីរនាក់ដែលត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថ មន្ត្រីរាជការនៅក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាល អំឡុងការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ អេសអិល កាលពីខែមុននោះ ត្រូវបានបដិសេធមិនដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នឡើយកាលពីម្សិលមិញ។
ជនសង្ស័យទាំងពីរនាក់នេះ ឈ្មោះ មាស ណុន អាយុ១៤ឆ្នាំ និង វ៉ាន់នី វ៉ាណន អាយុ១៧ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់កាលពីខែមុន បន្ទាប់ពីការប៉ះទង្គិចគ្នា ដែលអំឡុងពេល នោះនគរបាលបានបាញ់ត្រូវអ្នកឈរមើលម្នាក់ស្លាប់ និងធ្វើឲ្យមនុស្សមួយចំនួនទៀតរងរបួស។
លោកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូ បានលើកឡើងតាមសារជាអក្សរកាលពីម្សិលមិញថា “យើងមានការភ្ញាក់ផ្អើល ដែលសាលាដំបូងរាជធានីភ្នំពេញបដិសេធមិនដោះលែងក្មេងប្រុសទាំងពីរនេះឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បើទោះណាជាមានការធានាពីក្រុមគ្រួសាររបស់ពួកគេថា ពួកគេនឹងឡើងតុលាការ ប្រសិនបើត្រូវការ”។
លោកស្រី ពីឡូក បានសួរថា “ហេតុអ្វីបានជាសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនក្មេងប្រុសទាំងពីរនាក់នេះដោយគ្មានភ័ស្តុតាងនៅពេលដែលស្ត្រីម្នាក់ត្រូវបានបាញ់ស្លាប់ និងមនុស្សជាច្រើនទៀតរងរបួសដោយសារគ្រាប់កាំភ្លើងរបស់នគរបាល ហើយមិនមានការដាក់ទោសមន្ត្រីនគរបាលណាម្នាក់សោះនោះ?”។
លោកស្រី ពីឡូក បានមានប្រសាសន៍ថា ជិន លីដា មេធាវីតំណាងក្មេងជំទង់ទាំងពីរនាក់នេះ រួមជាមួយនឹងមេធាវីមកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ត្រូវក្រឡាបញ្ជីតុលាការជូនដំណឹងកាលពីថ្ងៃសុក្រថា ចៅក្រមស៊ើបសួរបានបដិសេធមិនដោះលែងក្មេងប្រុសទាំងពីរនាក់នេះឲ្យនៅក្រៅឃុំបណ្តោះអាសន្នឡើយ។
មិនទាន់មានការកំណត់កាលបរិច្ឆេទបើកសវនាការនៅឡើយទេ។ រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បានចាប់ខ្លួមមន្ត្រីណាម្នាក់ពាក់ព័ន្ធនឹងការបាញ់ជនស៊ីវិលអំឡុងការប៉ះទង្គិចគ្នានោះឡើយ៕ សារុន
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)