នៅក្នុងពិធីប្រគល់ម៉ាស៊ីន គោយន្តដែលបានប្រារព្ធនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បានធ្វើឲ្យអភិបាលខេត្តបន្ទាយមានជ័យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានរំពឹងថានឹងទទួលបានម៉ាស៊ីន គោយន្តចំនួន២០០គ្រឿងពីគណៈប្រតិភូចិនមកពីខេត្តយូណាន ក៏ប៉ុន្តែក្នុងពិធីនោះគឺទទួលបានម៉ាស៊ីនបូមទឹកតូចៗចំនួនប្រាំបីគ្រឿងទៅវិញ។
ផ្អែកលើទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធរវាងអតីត អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន និងលោក លី ជីហ៊ីង (Ly Jiheng) អភិបាលខេត្តយូណាន កាលពីដើមឆ្នាំនេះ ខេត្តទាំងពីរបានចែករំលែកទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយសន្យាផ្តល់មូលនិធិមួយលានដុល្លារសម្រាប់កសាងវិទ្យាស្ថានបច្ចេកទេសកសិកម្មនៅខេត្តបន្ទាយមានជ័យ។
កាលពីខែសីហា នៅពេលលោក អ៊ុង អឿន បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋ គុនមីង (Kunming) នៃខេត្តយូណាន បានរៀបរាប់អំពីបញ្ហាខូចខាតប្រចាំឆ្នាំក្នុងខេត្តបន្ទាយមានជ័យដែលទទួលរងគ្រោះដោយទឹកជំនន់ ហើយលោក លី បានសន្យាផ្តល់អំណោយជាម៉ាស៊ីនគោយន្តចំនួន២០០គ្រឿង ដែលជាម៉ាស៊ីនដំណើរការដោយប្រេងម៉ាស៊ូត ដើម្បីប្រើប្រាស់សម្រាប់បង្កបង្កើនផលដល់ប្រជាកសិករក្រីក្រ។
ក៏ប៉ុន្តែ ក្នុងពិធីប្រគល់និងទទួលអំណោយ នៅសណ្ឋាគារភ្នំពេញកាលពីម្សិលមិញនោះ នៅចំពោះមុខផ្ទាំងឈ្មោះពិធី “ពិធីប្រគល់-ទទួលអំណោយម៉ាស៊ីនគោយន្តចំនួន២០០គ្រឿង របស់ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ជូនខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា” លោក អ៊ុង អឿង ត្រូវបានបន្សល់ទុកនូវភាពភ្ញាក់ផ្អើល ពេលដែលទទួលបានម៉ាស៊ីនបូមទឹកតូចៗចំនួនប្រាំបីគ្រឿងជំនួសទៅវិញ។
លោក អ៊ុង អឿន បានមានប្រសាសន៍ថា “បន្ទាប់ពីឯកឧត្តម លី ជីហ៊ឹង អភិបាលខេត្តយូណាន [កាលពីខែសីហា] បានថ្លែងសុន្ទរកថា [ដោយប្រកាសការផ្តល់អំណោយទាំងនេះ]ថា ខ្ញុំបានសន្យាថានឹងមានម៉ាស៊ីនគោយន្តនិងម៉ាស៊ីនបូមទឹក ដល់ប្រជាជនខេត្តបន្ទាយមានជ័យ។ នៅពេលនោះដែរ លោក បាន សន្យាផ្តល់អំណោយម៉ាស៊ីនគោយន្តចំនួន២០០គ្រឿង”។
គួរបញ្ជាក់ថា លោក អ៊ុង អឿន គឺជាប្រធានគណបក្សប្រជាជន ខេត្ត បន្ទាយមានជ័យ។ លោក យូ ឌីង ចេង (Yu Ding Cheng) ប្រធាន គណៈប្រតិភូ នៃគណៈកម្មាធិការខេត្ត យូណាន និងជាអនុប្រធានសភានយោបាយប្រជាជនចិន បានប្រគល់ម៉ាស៊ីនបូមទឹកប្រាំបីគ្រឿង ក៏ប៉ុន្តែមិនបានកំណត់ពេលវេលាច្បាស់លាស់ ថាតើពេលណានឹងប្រគល់ម៉ាស៊ីនគោយន្តទាំង២០០គ្រឿងនោះទេ។
លោក បានមានប្រសាសន៍ថា “នៅថ្ងៃនេះ យើងបានជួបគ្នាម្តងទៀត ប៉ុន្តែមិនមែនក្នុងនាមជាភ្ញៀវទេ គឺក្នុងនាមជាមិត្តភក្តិ និងគ្រួសារ”។ លោកបានមានប្រសាសន៍បន្តថា “ហើយទោះបីជាមានការសន្យាថានឹងផ្តល់ម៉ាស៊ីនគោយន្ត ២០០គ្រឿងក៏ដោយ យើងសង្ឃឹមថា អំណោយតិចតួចនេះនឹងផ្តល់គុណប្រយោជន៍ និងជួយកសិករខេត្តបន្ទាយមានជ័យ ក្នុងការបង្កបង្កើនផល”។
ទោះបីជាមានការខកចិត្តយ៉ាងខ្លាំងក៏ដោយ ក៏លោក ហួត សុទ្ធី អនុប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានលើកឡើងថា លោក រំពឹងថា សមភាគីចិននឹងរក្សាការសន្យារបស់ខ្លួន។ លោកបានមានប្រសាសន៍ថា “ពួកគេបានចាប់ផ្តើមផ្ទេរម៉ាស៊ីនគោយន្ត ក៏ប៉ុន្តែរហូតមកទល់ពេលនេះ យើងទទួលបានម៉ាស៊ីនបូមទឹកតូចៗប្រាំបីគ្រឿង។ ម៉ាស៊ីនគោយន្តនឹងមកដល់នៅពេលក្រោយ”៕សុធា