មន្ត្រីជាន់ខ្ពស់នៅតុលាការយោធា និងក្រសួងការពារជាតិបានលើកឡើងកាលពីម្សិលមិញថា ពួកគេមិនបានទទួលសំណើពីលោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីឲ្យស៊ើបអង្កេតអត្ថបទដែលចុះផ្សាយនៅក្នុងកាសែតប្រឆាំងទេ។
កាលពីថ្ងៃច័ន្ទ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្តឹងទៅតុលាការយោធាឲ្យស៊ើបអង្កេតអត្ថបទមួយនៅក្នុងកាសែតមនសិការខ្មែរដែលបានចុះផ្សាយអំពីបទសម្ភាសរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិអំឡុងពេលលោកធ្វើដំណើរទៅជួបជាមួយពលរដ្ឋខ្មែររស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលីកាលពីខែមុន។
លោក កឹម សុខា បានលើកឡើងនៅក្នុងបទសម្ភាសថា យោធាបានធ្វើអន្តរាគមន៍នៅយប់នៃថ្ងៃបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដើម្បី “ប្លន់” ជ័យជម្នះ “របស់គណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតនេះ”។ លោកឧត្តមសេនីយ៍ទោ ប៉ោក ប៉ន អនុប្រធានតុលាការយោធាបានមានប្រសាសន៍ថា លោកមិនបានទទួលពាក្យបណ្តឹងពីលោក ផៃ ស៊ីផាន ទេ។ ដោយបដិសេធមិនឆ្លើយសំណួរបន្ថែម លោកឧត្តមសេនីយ៍ទោ ប៉ោក ប៉ន បានមានប្រសាសន៍ថា “ខ្ញុំមិនបានទទួលពាក្យបណ្តឹងណាមួយពាក់ព័ន្ធករណីនេះទេ”។
លោកឧត្តមសេនីយ៍ឯក សំ វណ្ណថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ទោ ប៉ាង ធារ៉ូ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនៅក្រសួងនេះក៏បានមានប្រសាសន៍ផងដែរថា លោកទាំងពីរមិនបានទទួលពាក្យបណ្តឹងទេ។ លោកឧត្តមសេនីយ៍ទោ ម៉ម សុផាត ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងនេះបានមានប្រសាសន៍ថា លោកទើបតែបានឮពាក្យបណ្តឹងរបស់លោក ផៃ ស៊ីផាន តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនបានឃើញឬទទួលបានឯកសារណាមួយឡើយ”។
លោក ផៃ ស៊ីផាន បានបដិសេធមិនចេញឈ្មោះអ្នកដែលលោកបានបញ្ជូនពាក្យបណ្តឹងរបស់លោកទៅឲ្យចំៗនោះទេ ហើយបានមានប្រសាសន៍ថា វាគ្មានអ្វីចម្លែកទេដែលគ្មាននរណាម្នាក់នៅក្រសួងការពារជាតិដឹងពីរឿងនេះនោះ។ លោកបានមានប្រសាសន៍ថា “ពួកគេមិនធ្វើការនៅក្នុងការិយាល័យរបស់ខ្ញុំទេ ពួកគេមិនមែនជាបុគ្គលិកខ្ញុំទេ ដូច្នេះពួកគេមិនដឹងទេ”។ លោកបន្ថែមថា ព័ត៌មាននេះជាព័ត៌មានសម្ងាត់។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ខ្ញុំជាមន្ត្រីក្នុងជួររដ្ឋាភិបាល ហើយព័ត៌មាននេះជារបស់រដ្ឋាភិបាល។ សូមអត់ធ្មត់ តុលាការនឹងបកស្រាយបញ្ហានេះ”។ ពេលសួរថា ហេតុអ្វីបានជាលោក ក្នុងនាមជាមន្ត្រីម្នាក់នៅទីស្តីការគណៈរដ្ឋមន្ត្រីបានចាប់អារម្មណ៍ដោយផ្ទាល់ក្នុងការបញ្ជាក់ពីអត្ថន័យនៃអត្ថបទកាសែតនោះ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា លោកក៏មានតួនាទីជាប្រធានប្រតិបត្តិការ “អង្គភាពអន្តរក្រសួងទទួលបន្ទុកព័ត៌មានពីសមរភូមិដែរ”។
លោកបានមានប្រសាសន៍ថា “អង្គភាពនេះស្ថិតក្រោមក្រសួងមហាផ្ទៃ ហើយបង្កើត ឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយមានការិយាល័យក្នុងទីស្តីការគណៈរដ្ឋមន្ត្រី”។ លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំជាអនុប្រធានអចិន្ត្រៃយ៍នៃអង្គភាពនេះ ហើយការងាររបស់អង្គភាពនេះច្បាស់លាស់ណាស់ គឺត្រូវមើលព័ត៌មានទាំងអស់ពាក់ព័ន្ធយោធា និងការពារកងកម្លាំងសន្តិសុខជាតិ”។
លោក ផៃ ស៊ីផាន បានលើកឡើងពីការប្រមូលព័ត៌មានយោធា “ក្នុងករណីមានជម្លោះ ប្រដាប់អាវុធជាមួយប្រទេសថៃ” ជាផ្នែកមួយនៃអំណាចដែលលោកនាយករដ្ឋមន្ត្រីបានប្រគល់ឲ្យអង្គភាពរបស់លោក។ លោកបានមានប្រសាសន៍ថា “អង្គភាពនេះត្រូវធ្វើការជាមួយកម្លាំងយោធា ហើយមានមន្ត្រីយោធាម្នាក់ ពីរនាក់ ឬបីនាក់អង្គុយនៅក្នុងការិយាល័យរបស់ខ្ញុំ។ទំនាក់ទំនងផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងកម្លាំងប្រដាប់អាវុធ និងអង្គភាពរបស់ខ្ញុំ និងអ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងសន្តិសុខជាតិ”៕ សារុន