28 C
Phnom Penh

​​​កម្ពុជា​​​​​​ស្ថិតនៅ​​​លំដាប់ថ្នាក់​​​​​ពុក​​​​រលួយ​​​ជាងគេនៅក្នុងបញ្ជី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សន្ទស្សន៍​​​ស្វែង​​​យល់​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​ឆ្នាំ​​​២០១៣​​​របស់​​​អង្គការ​​​តម្លា​​​ភាព​​​អន្តរ​​​ជាតិ​​​ដែ​​​ល​​​ត្រូវ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​បង្ហាញ​​​ថា ប្រទេស​​​កម្ពុជា​​​គឺ​​​ជា​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ដែលមាន​​​អំពើ​​​​​​ពុក​​​រលួយ​​​ច្រើន​​​បំផុត​​​នៅ​​​លើ​​​ពិភព​​​លោក​​​ និង​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ប្រទេស​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​ច្រើន​​​បំផុត​​​​​​​​​ក្នុង​​​វិស័យ​​​សាធារណៈ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន។

ប្រទេស​​​កម្ពុជា​​​ ក៏​​​ដូច​​​ជា​​​ប្រទេស​​​អេរីត្រេ និង​​​ប្រទេស​​​វ៉េណេស៊ុយអេឡា ទទួល​​​បាន​​​​​​ចំណាត់​​​​​​ថ្នាក់​​​ទី១៦០ ក្នុង​​​ចំណោម​​​ប្រទេស និង​​​​​​ទឹក​​​ដី​​​ចំនួន​​​​​​១៧៧​​​ដែល​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​វិស័​​យ​​​សាធារណៈ​​​ ដោយ​​​​​​ទទួល​​​បាន​​​ពិន្ទុ​​​តែ​​​​​​២០​​​ប៉ុណ្ណោះ​​​។​​​ ពិន្ទុ​​​១០០​​​បង្ហាញ​​​ពី​​​ប្រទេស​​​​​​ស្អាត​​​ស្អំ​​​បំផុត​​​ផ្នែក​​​អំពើ​​​ពុក​​​រលួយ​​​។

ការ​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​​​​ប្រទេស​​​កម្ពុជា​​​ ជា​​​ប្រទេស​​​​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​ច្រើន​​​បំផុត​​​ទី​​​១៧​​​នៅ​​​លើ​​​ពិភព​​​លោក​​​នេះ​​​​​​​​​បាន​​​ទម្លាក់​​​ចំណាត់​​​ថ្នាក់​​​​​​ចំនួន​​​បីលេខ​​​ ពី​​​​​​ទី​​​១៥៧ ក្នុង​​​ឆ្នាំ​​​​​​២០១២ដែល​​​នៅ​​​ពេ​​លនោះ​​​ទទួលបាន​​​២២​​​ពិន្ទុ​​​ គឺ​​​ប្រសើរ​​​ជាង​​​​បន្តិច​​​ពី​​​​​ពិន្ទុ​​​របស់​​​ខ្លួន​​​ចំនួន​​​១៩​​​ក្នុង​​​ឆ្នាំ​​​២០១១​។ អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​នៅ​​​ឯ​​​ពិធី​​​ផ្សព្វ​​​ផ្សាយ​​​​​​របាយ​​​ការណ៍​​​នេះ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា “ចំណាត់​​​ថ្នាក់​​​នៅ​​​ឆ្នាំ​​​២០១៣​​​នេះ បញ្ជាក់​​​ថា វិស័យ​​​សាធារណៈ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​តែ​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​ច្រើន​​​”។

បើ​​​និយាយ​​​ពី​​​នៅ​​​ក្នុង​​​តំបន់​​​វិញ ប្រទេស​​​កម្ពុជា​​​បាន​​​ធ្លាក់​​​ចុះ​​ពីរ​​​លេខ​​​ ក្នុង​​​ចំណោម​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន​​​ គឺ​​​ស្ថិត​​​ក្នុង​​​​​​ចំណាត់​​​ថ្នាក់​​​​​​ទាប​​​​​​ជាង​​​គេ​​​បំផុត រីឯ​​​ប្រទេស​​​ភូមា​​​វិញ​​​ ទទួល​​​បាន​​​ពិន្ទុ​​​កើន​​​ឡើង​​​ពី​​​១៥​​​ពិន្ទុ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ដល់​​​២១​​​ពិន្ទុ​​​នៅឆ្នាំ​​​នេះ។ ប្រទេស​​​ឡាវ​​​ក៏​​​ទទួលបាន​​​ពិន្ទុ​​​ខ្ពស់​​​ជា​​ង​​​មុន​​​បន្តិច​​​ដែរ គឺ​​​ពី​​​២១ ដល់​​​២៦។ ប្រទេស​​​វៀត​​​ណាម​​​ស្ថិត​​​នៅ​​​ក្នុ​​ង​​​ចំណាត់​​​ថា្នក់​​​ទី​​​១១៦ មាន​​​ពិន្ទុ​​​ចំនួន​​​៣១​​​ រីឯ​​​ប្រទេស​​​សិង្ហបុរីទទួល​​​បាន​​​ចំណាត់​​​ថ្នាក់​​​ល្អ​​​ជាង​​​គេ​​​ទី៥ ​​​មាន​​​ពិន្ទុ​​​៨៦​​​។
លោក រ័ត្ន​​​ សុភ័ណ ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​នាយក​​​នៃ​​​អង្គការ​​​តម្លា​​​ភាព​​​កម្ពុជា​​​បាន​​​ចាត់​​​ទុក​​​បញ្ហា​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​កម្ពុជា​​​ ជា​​​បទ​​​ល្មើស​​​ធ្ងន់​​​ធ្ងរ​​​ ដែ​​ល​​​ត្រូវ​​​ដោះ​​​ស្រាយ​​​​​​ដោយ​​​ការ​​​ចាត់​​​វិធានកា​​រ មិន​​​មែន​​​គ្រាន់​​​តែ​​​និយាយ​​​នោះ​​​ទេ។

លោក សុភ័ណ បាន​​​មាន​​​ប្រសាសន៍​​​ថា “លទ្ធ​​​ផល​​​នៅ​​​ឆ្នាំ​​​នេះ​​​បង្ហា​​ញ​​​ថា អំពើ​​​ពុក​​​រលួយ​​​គឺ​​​ជា​​​បញ្ហា​​​ចម្បងមួយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ជា​​​អវិជ្ជ​​​មាន​​​ដល់​​​​​​ការ​​​រស់​​​នៅ​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​ប្រជា​​​​​​ពលរដ្ឋ​​​ខ្មែរ និង​​​មាន​​​ផល​​​វិបាក​​​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​កំណើន​​​សេដ្ឋ​​​កិច្ច​​​កម្ពុជា”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បីជា​​​មាន​​​សង្ឃឹម​​​​​​ពេល​​​បាន​​​ឮពី​​​ការ​​​ប្តេជ្ញា​​​ខ្ពស់​​​របស់​​​រដ្ឋា​​​ភិបាល​​​កម្ពុជា ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ក៏​​​ដោយ​​​ ក៏​​​អំពើ​​​ពុក​​​រលួយ​​​នឹង​​​​​​​​​នៅ​​​តែ​​​មាន​​​ ហើយ​​​​​​មាន​​​កាន់​​​តែ​​​ច្រើន​​​ទៀត​​​ផង​​​ លុះ​​​ត្រា​​​មាន​​​ការ​​​ចាត់​​​វិធានការ​​​ដូច​​​ដែល​​​​​​រដ្ឋាភិបាល​​​​​​បាន​​​​​​ប្តេជ្ញា​​​​​។ ការ​​​ទទួល​​​ស្គាល់​​​ និង​​​ការ​​​ប្តេជ្ញា​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ គឺត្រូវ​​​តែ​​​ចាត់​​​វិធានការ​​​ឲ្យ​​​បាន​​​ច្រើន​​​ ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​នឹង​​​បទ​​​ល្មើស​​​ដ៏​​​ធ្ងន់​​​ធ្ងរ​​​នេះ”។

អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បានទទួល​​​ស្គាល់​​​ថា “រដ្ឋា​​​ភិបាល​​​​​​បាន​​​បង្ហាញ​​​ពី​​​ការ​​​ប្តេជ្ញា​​​ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​តម្រូវ​​​ការ​​​កាន់​​​តែ​​​ច្រើន​​​ឡើង​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ខ្មែរ​​​ ហើយ​​​យើង​​​នៅ​​​តែ​​​មាន​​​សុទិដ្ឋិនិយមថា ប្រទេស​​​កម្ពុជា​​​នឹង​​​មាន​​​តម្លា​​​ភាព​​​ និង​​​មាន​​​ការ​​​ទទួលខុសត្រូវ​​​កាន់​​​តែ​​​ច្រើន​​​នៅ​​​ពេល​​​អនាគត”។ អង្គការ​​​នេះ​​​បាន​​​បង្ហាញពី​​​ការ​​​ប្រឹង​​​ប្រែង​​​ជា​​​ច្រើនរបស់​​​រដ្ឋា​​​ភិបាល ដើម្បី​​​ទប់​​​ស្កាត់​​​អំពើ​​​ពុក​​​រលួយ​​​ រួម​​​ទាំង​​​កិច្ច​​​ការ​​​របស់​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ និង​​​ការ​​​ដាក់​​​​​​បង្ហាញ​​​តម្លៃ​​​សេវា​​​សាធារណៈ​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​តាម​​​ក្រសួង​​​នានា​​​​​​ផង​​​ដែរ​​​។ ចំណាត់​​​ថ្នាក់​​​របស់​​​កម្ពុជា​​​ នៅ​​​ក្នុងសន្ទស្សន៍​​​ស្វែង​​​យល់​​ពី​​​អំពើ​​​ពុក​​​រលួយនេះ គឺ​​​ផ្អែក​​​តាម​​​ប្រភព​​​ទិន្ន​​​ន័យ​​​ស្ថិត​​​ិ​​​ចំនួន​​​ប្រាំពីរ​​​ រួម​​​ទាំង​​​របាយ​​​ការណ៍​​​របស់​វេទិកា​​​សេដ្ឋ​​​កិច្ច​​​ពិភព​​​លោក ធនា​​​គារ​​​ពិភព​​​លោក និង​​​អង្គភាព​​​ស៊ើប​​​អង្កេត​​​​​​​​​សេដ្ឋ​​​កិច្ច​​​។

ប្រទេស ដាណឺម៉ាក គឺ​​​ជា​​​ប្រទេស​​​ស្អាត​​​ស្អំ​​​ជាង​​​គេ​​​បំផុត​​​នៅ​​​​​​ឆ្នាំ​​​នេះ​​​ ដែល​​​​​​ទទួល​​​បាន​​​ពិន្ទុ​​​៩១ បន្ទាប់​​​មក​​​មាន​​​ប្រទេសនូវែលសេឡង់​​​ប្រទេស​​​ហ្វាំង​​​ឡង់ និង​​​ប្រទេស​​​ស៊ុយ​​​អែត​​​។ ប្រទេស​​​សូម៉ាលី កូរ៉េ​​​ខា​​ងជើង និង​​​អាហ្វ​​​ហ្គានីស្ថាន មាន​​​​​​ចំណាត់​​​ថ្នាក់​​​ចុង​​​ក្រោយ​​​គេ​​​ និង​​​មាន​​​​​​ពិន្ទុ​​​ចំនួន​​​៨ រីឯ​​​ប្រទេស​​​កម្ពុជា​​​ស្ថិត​​​នៅ​​​ពីក្រោយ​​​​​​ជាប់​​​ប្រទេស​​​ភូមា ព្រុយណេ និង​​​​​​ស៊ីមបាវ៉េ ដែល​​​ទទួល​​​បាន​​​ចំណាត់​​​ថ្នាក់​​​ទី​​​១៥៧​​​ ជាមួយ​​​ពិន្ទុ​​​២១។

សមាជិក​​​ក្រុម​​​ប្រឹក្សា​​​នាយក​​​នៃ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា វិធី​​​មួយ​​​ក្នុង​​​ចំណោម​​​វិធី​​​ដែល​​​កម្ពុជា​​​អាច​​​ធ្វើ​​​ឲ្យ​​​កេរ្តិ៍​​​ឈ្មោះ​​​​​​អាក្រក់​​​របស់​​​ខ្លួន​​​ប្រសើរ​​​ឡើង​​​វិញ​​​នោះ គឺ​​​ត្រូវ​​​​​​អនុម័ត​​​ច្បាប់​​​ស្តី​​​ពី​​​សេរី​​​ភាព​​​ទទួល​​​ព័ត៌មាន​​​ ដែល​​​​​​គេ​​​រង់​​​ចាំ និង​​​ចង់​​​បាន​​ជា​​​យូរ​​​មក​​​ហើយ។ សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​រដ្ឋ​​​សភា​​​ច្រាន​​​​​​ចោល​​​ កាល​​​ពី​​​ខែ​​​មករា។

អង្គកា​​​​រ​​​តម្លា​​​ភាព​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថា “វិធានការ​​​នេះ​​​នឹង​​​ផ្តល់​​​សិទ្ធិ​​​និង​​​យន្ត​​​ការ​​​ដល់​​​​​​សាធារណ​​ជន​​​ ឲ្យ​​​ចូល​​​រួម​​​​​​កាន់​​​តែ​​​សកម្ម​​​នៅ​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ហើយ​​​អាច​​​ជួយ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​ទទួល​​​បាន​​​លទ្ធ​​​ផល​​​កាន់​​​តែ​​​ល្អ​​​ប្រសើរ”។ នៅពេល​​​ជាមួយ​​​គ្នា​​​​​​នេះ​​​ដែរ ​​​ក្រុម​​​ប្រឹក្សា​​​នាយក​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​​​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​អំពី​​​ច្បាប់​​​ស្តី​​​ពី​​​អីុនធើណិត ដែល​​​អង្គការ​​​សិទ្ធិ​​​ម​​​នុស្ស​​​នានា​​​និយាយ​​​ថា អាច​​​រារាំង​​​​​​សេរី​​​ភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ ជា​​​ពិសេស​​​ស្តី​​​អំពី​​​បណ្តាញ​​​​​​ទំនាក់​​​ទំនង​​​សង្គម​​​ ហើយ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ ​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​ផ្តោត​​​លើ​​​ការ​​​ការ​​​ពារ​​​ផ្លូវ​​​ច្បាប់​​​សម្រាប់​​​អ្នក​​​ផ្តល់​​​ព័ត៌​​​មាន​​​ដែល​​​លាត​​​ត្រដាង​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​។

លោក ឆាយ​​​ សាវុធ អនុប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​រដ្ឋា​​​ភិបាល​​​​​​បាន​​​បដិសេធ​​​ចំពោះ​​​ការ​​​ដែល​​​​​​ថា មិន​​​មាន​​​ការ​​​ប្រឹង​​​ប្រែង​​​ទប់​​​ស្កាត់​​​បញ្ហា​​​នេះ​​​។
លោក សាវុធ  មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​សិទ្ធិ​​​​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​និយាយ​​​ថា កម្ពុជា​​​មាន​​​​​​អំពើ​​​​​​ពុក​​​រលួយ​​​ច្រើន​​​​​​ ប៉ុន្តែ កម្ពុជា​​​កំពុង​​​តែ​​​អភិវឌ្ឍ​​​ ដូចជា ការ​​​កសាង​​​សាលា​​​រៀន និង​​​ស្ពាន”។

លោក​​​​​​បន្ថែម​​​​​​មុន​​​ពេល​​​បដិសេធ​​​មិន​​​ធ្វើ​​​​​​អត្ថា​​​ធិប្បាយបន្ត​​​​​​​​​​​​ថា “ប្រសិន​​​បើ​​​យើង​​​មាន​​​​​​​​​អំពើ​​​ពុក​​​រលួយមែន តើ​​​ការ​​​ងារ​​​ទាំង​​​អស់​​​នេះ​​​នឹង​​​​​​កើត​​​ឡើង​​​ដោយ​​​​​​របៀប​​​​​​ណា? យើង​​​អាច​​​មើល​​​​​​ឃើ​​ញ​​​ដោយ​​​ផ្ទាល់​​​ភ្នែក​​​យើង​​​ទាំង​​​អស់​​​គ្នា​​​”។ កាល​​​ពី​​​ខែ​​​មុន​​​ មន្ត្រី​​​សុខា​​​ភិបាល​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​មូល​​​និធិ​​​ពិភព​​​លោក​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ជំងឺ​​​អេដស៍​​​ ជំងឺ​​​របេង​​​និង​​​គ្រុនចាញ់​​​ បង្ហាញ​​​ថា បាន​​​ទទួល​​​ប្រាក់​​​សគុណ​​​រាប់​​​សែន​​​ដុល្លារ​​​ ជា​​​គំរូ​​​ថ្មី​​​មួយ​​​ដែល​​​បង្ហាញ​​​ថា​​​ មាន​​​អំពើ​​​ពុក​​​រលួយ​​​ច្រើន​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន ​​​អង្គភា​​ព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ក៏​​​បាន​​​ចាប់​​​ខ្លួន​​​មន្ត្រី​​​អគ្គិសនី និង​​​​​​មន្ត្រី​​​​​​ពន្ធដារបី​​​នាក់​​​ផង​​​ដែរ​​​នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​​​​ឡែក​​​ពី​​​គ្នា​​​ចំនួន​​​ពីរ​​​ ពីបទ​​​ក្លែង​​​បន្លំ​​​ឯកសារ​​​ និង​​​ទទួល​​​សំណូក៕ គឹមហឿន

(រាយ​​​ការណ៍​​​បន្ថែម​​​ដោយ ឃួន ណារីម)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស