28 C
Phnom Penh

រោង​ចក្រ​ អេសអិល និង​កម្មករ​ព្រម​ព្រៀង​គ្នា​លើលក្ខខណ្ឌ​បញ្ចប់​ការ​តវ៉ា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំសហ​ជីព​មួយរូបបាន​ឲ្យ​ដឹង​ថា វិវាទ​មួយដែល​ស៊ីពេលអស់​ជាច្រើន​ខែ ​រវាង​​កម្មករ​ និង​អ្នក​គ្រប់​គ្រង​នៅ​រោង​ចក្រ​កាត់​ដេរ​ អេស​អិល និង​ក្លាយ​ជា​អំពើ​ហិង្សា​កាល​ពីខែ​មុន ទំនង​ជា​ដល់​ទី​បញ្ចប់​កាល​ពីម្សិល​មិញ បន្ទាប់​ពី​រដ្ឋបាល​របស់​រោង​​ចក្រ​នេះ​បាន​ព្រម​ព្រៀង​ទទួល​យកការ​ទាម​ទារ​របស់​កម្ម​ករ​។

សមាជិក​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ បាន​ធ្វើ​ការ​ទាម​ទារ​​មួយ​ចំនួន​ដល់​រោង​ចក្រ​នេះ​រាប់​ទាំង​ការ​កោះ​ហៅ​​តំណាង​​សហ​ជីព​១៩​រូប​ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការ​​ងារ​នា​កន្លង​មក​ និ​ងការទាម​ទារ​ឲ្យដក​លោក​ មាស សុថា ម្ចាស់ភាគហ៊ុន​នៅ​ក្នុង​រោង​ចក្រ​នេះ​ចេញ​ផងដែរ​។

លោក​ អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​បាន​លើក​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈពេល​បី​ម៉ោង​ បាន​បញ្ចប់នៅក្នុងក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ថា “ នេះ​ជា​សេចក្តី​សម្រេច​ដ៏ល្អ​មួយ​របស់និយោជក…។ ខាង​ភាគី​កម្មករ​​វិញ​ យើង​នឹង​ព្យាយាម​​ពង្រឹង​ទំនាក់​ទំនង​ល្អ​របស់​យើង​ជា​មួយ​និយោជក  និ​ងកម្មករ​ផ្សេង​ទៀត​នៅ​ក្នុង​រោង​ចក្រ​នេះ​។

លោក​ អាត់​ ធន់​ បានមានប្រសាសន៍​បន្ថែ​ម ​ទៀតថា “ចាប់​តាំង​ពីកម្មករ​បាន​ប្រឹង​ប្រែង​អស់ពីសមត្ថភាព​ដើម្បី​តវ៉ា​ស្វែង​រក​ដំណោះ​ស្រាយ​មួ​យ​ ​ដំណើរការ​ងារ​របស់​ពួក​គេ ក៏​ទទួលរង​នូវ​ផល​ប៉ះ​ពាល់ ហើយ​វិវាទ​នេះ​គឺជាបញ្ហា​ដ៏​ធំមួយ​។ ដូច្នេះ​វា​ធ្វើ​ឲ្យ​រដ្ឋាភិ​បាល​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​ពួក​គេ​ និងមាន​​អន្តរាគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អតិថិជន​ផ្សេ​ង​ទៀត​ ជាហេតុជំរុញ​​ឲ្យ​រោង​ចក្រ​នេះស្វែង​រក​ដំណោះ​ស្រាយ និង​ឈាន​ដល់​​កិច្ច​ព្រម​ព្រៀង​មួយ​”។

កាល​ពីខែមុន ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​ប្រាប់​ថៅកែរោង​ចក្រ​កោះហៅ​កម្មករ​ដែល​ត្រូវ​បានបញ្ឈប់​ពីការ​ងារ​ ដោយសារតែ​ពួកគេ​មាន​ការ​ពាក់ព័ន្ធ​ក្នុង​កុប​កម្ម​មួយ​ ដែល​បណ្តាល​ឲ្យ​គ្រឿង​ម៉ាស៊ីន​រង​ការ​បំផ្លាញ​ ឲ្យ​ត្រឡប់​ចូល​ធ្វើការ​វិញ បើ​ពុំ​នោះ​ទេ រោង​ចក្រ​នេះ​​នឹង​ត្រូវ​ប្រឈម​នឹង​វិធានការ​ព្រមាន​។

លោក អាត់​ ធន់​ បានឲ្យដឹង​​ថា កម្មករ​ទាំង​អស់​នឹង​វិល​ត្រឡប់​មក​រោង​ចក្រ​វិញ​ ដើម្បី​ធ្វើ​ការ​តាម​វេន​ធម្មតា​របស់​ខ្លួន​​ ដោយ​ចាប់​ផ្តើម​នៅថ្ងៃ​នេះ។ក្នុងចំណោម​ ចំណុចទាម​ទារ​​​ដែល​​​​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ ព្រម​ទទួល​យក​ គឺកិច្ច​ព្រម​ព្រៀង​មួយ​ដែល​ថា លោក មាស សុថា ដែល​កម្មករ​បាន​អះ​អាង​ថា បាននាំកង​រាជ​អាវុធហត្ថ​មក​ល្បាត​រោង​ចក្រ​នេះ​ និង​ចាកចេញ​ពី​​រដ្ឋ​បាល​រោង​ចក្រ​ អេសអិល។

រោង​ចក្រ​នេះក៏​បាន​យល់​ព្រមផង​ដែរ​ឲ្យកម្មករ​បន្ត​ការងារ​បីវេន​ មិនមែន​ពីរ​វេន​ដែល​ត្រូវ​បានស្នើ​ឡើង​នោះឡើយ​។ កម្មករក៏​បាន​ និង​កំពុង​ទាម​ទារ​ផង​ដែរ​ឲ្យ​រោង​ចក្រ​បើកប្រាក់​ខែ​ពេញ​លេញ​ សម្រាប់​ចំនួន​​ថ្ងៃ​ដែលពួក​គេ​ចូល​រួម​ធ្វើបាតុកម្ម​ និង​កុប​កម្ម​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​​ គួរ​បញ្ជាក់​ថា ក្នុង​ពេល​កន្លង​មក ​រោង​ចក្រ​នេះ​បាន​បដិ​សេធ​មិន​បើក​ប្រាក់​នេះ​ឲ្យ​កម្មករ​ទេ​។

លោក​ អាត់​ ធន់ បាន​លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវបាន​សម្រប​សម្រួល​កាល​ពីម្សិលមិញ ពោលគឺ​អតិថិជនទិញ​សម្លៀក​បំពាក់​នឹង​ត្រូវ​ចំណោយ​ប្រាក់​ឲ្យ​កម្ម​ករ​ចំនួន​ពាក់​កណ្តាល​នៃប្រាក់​ខែ​ពួកគេ​សម្រាប់​ថ្ងៃចូលរួម​ធ្វើ​កូដកម្ម​ ដែលមាន​ចំនួន​សរុប​ជាង​មួយលាន​ដុល្លារ។

លោក ចូ​សិប ធីលឿង​លី (Joseph Kee Leung Lee) នាយក​រោង​ចក្រ​នេះ​បាន​លើក​ឡើង​ថា លោក​ពិត​ជាមានព័ត៌មានលម្អិត​ ទាក់​ទង​នឹងកិច្ច​ប្រជុំ​នេះ ​និង​បាន​បង្វែ​សំណួរ​ទៅម្ចាស់​រោង​ចក្រ ឈ្មោះ វង់​ ហ៊ូន មីង (Wong Hon Ming)​ ដែល​មិន​អាច​ទាក់​ទង​ធ្វើ​សេចក្តីអត្ថាធិប្បាយ​បានទេ​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស