34 C
Phnom Penh

បុរសម្នាក់​ជាប់​ពន្ធ​នាគារ​ពី​បទ​សម្លាប់​សកម្ម​ជន​សហជីព ​បង្ហាញ​ខ្លួន​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ម្នាក់​ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​​​​កំបាំង​មុខ​ និង​ត្រូវ​បាន​ចាប់​ខ្លួន​កាល​​ពី​ដើម​ឆ្នាំ​នេះ ពី​បទ​សម្លាប់​ប្រធាន​​សហ​ជីព​រោង​ចក្រ​កាត​​​់​ដេរ​មួយ​កាល​ពី​ឆ្នាំ​២០០៧​នោះ បាន​​​បង្ហាញខ្លួន​នៅ​តុលាការ​លើក​ដំបូងកាល​ពី​ម្សិល​​​​មិញ ដើម្បី​​​​បញ្ជាក់​​​​ពី​​ភាព​គ្មាន​ទោស​របស់​ខ្លួន​។

លោក ចាន់ សុផុន អាយុ​៣៥​ឆ្នាំ ព្រម​​​ទាំង​​​​​លោក ​​​ឡុង វណ្ណៈ អាយុ​៣៥​ឆ្នាំ​ដែរ​ ​​​បាន​​​រត់​គេច​ខ្លួន​​ពេល​ដែល​លោក​​ត្រូវ​បាន​តុលា​​ការ​​​​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​១៨​ឆ្នាំ កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ ពី​បទ​សម្លាប់​លោក ហ៊ី វុទ្ធី ប្រធាន​សហ​ជីព​សេរី​កម្មករ​ នៅ​រោង​ចក្រ​សាន់តិច​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ត្រូវ​បាន​បាញ់​​​​សម្លាប់​​​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០០៧។

នគរ​បាល​បាន​ចាប់​ខ្លួន លោក សុផុន បន្ទាប់​​​​ពី​លោក​ត្រូវ​បាន​កំណត់​​អត្ត​សញ្ញា​​ណ​ខណៈ​​​​ដែល​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានី​ភ្នំពេញ​ដើម្បី​​​​មកសួរ​សុខ​ទុក្ខ​ម្តាយ​របស់​លោក​កាល​ពី​ខែ​កុម្ភៈ។ លោក វណ្ណៈ កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។ ​លោក សុផុន​ បាន​បង្ហាញខ្លួន​នៅ​​សាលា​​​​​​​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​​មិញ​​​បន្ទាប់​ពីលោក​បាន​ប្តឹង​ទៅ​តុលាការ​នេះ​​​ជំទាស់​​​នឹង​​​សាល​ក្រម​​​ផ្តន្ទា​ទោស​លោក។​​​នេះ​​​គឺជា​​​​លើក​​​​ទី​​​១​​​​​​ហើយ​ដែល​លោក​អាច​​​មក​​​បញ្ជាក់​​​​​​ដោយ​​​​ផ្ទាល់​​​ពី​​​ភាព​គ្មាន​ទោស​របស់​ខ្លួន។

លោក សួស សំអាត ចៅ​ក្រម​ប្រធាន​ក្រុម​​​​ប្រឹក្សា​ជំនំុ​ជម្រះ​បាន​ប្រាប់​លោក សុផុន​ ថា “យើង​ចង់​ឲ្យ​លោក​បញ្ជាក់​អំពី​រឿង​នេះ​ ពី​ព្រោះ​សាក្សី​បាន​ប្រាប់​តុលា​ការ​ថា លោក​បាន​​​​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​មនុស្ស​ឃាត​នេះ”។

លោក សុផុន បាន​និយាយ​ថា លោក​បាន​ស្គាល់​ លោក ហ៊ីវុទ្ធី ជា​សកម្ម​ជន​​​​សហជីព​​​​ដ៏​ឆ្នើម​នៅ​រោង​ចក្រ​កាត់​ដេរ​សាន់​តិច​ ជា​​​កន្លែង​​​​​​ដែល​លោក​ សុផុន ធ្វើ​​​ការ​ ប៉ុន្តែ បាន​បដិ​​​សេធ​​​​ថា លោក​មិន​ពាក់​ព័ន្ធ​នឹង​អំពើ​មនុស្ស​ឃាត​នេះ​ទេ។ លោក សុផុន​ បាន​ប្រាប់​តុលាការ​ថា “ខ្ញុំ​​មិន​បាន​សម្លាប់​លោក ហ៊ី វុទ្ធី​ ទេ ហើយ​ខ្ញុំ​មិន​ដឹង​ថានរណា​បាន​សម្លាប់​គាត់​ឡើយ”។ លោក​បាន​បន្ថែម​ថា “ខ្ញុំ​ទើប​តែ​ដឹង​ថា គាត់​ត្រូវ​គេ​សម្លាប់​នៅ​ពេល​ដែល​នគរ​បាល​ចាប់​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ”។

លោកចៅក្រម​ សំអាត បាន​អាន​​​​ចម្លើយ​​​​របស់​សាក្សី​ដែល​​​និយាយ​​​ថា លោក សុផន និង​​​​លោក ហ៊ី វុទ្ធី មាន​ជម្លោះ​ពាក្យ​សម្តី​មុន​ពេល​មាន​ការ​សម្លាប់​នេះ​បន្តិច​ ព្រម​ទាំង​​​​​​ចម្លើយ​​​ពី​​​​សាក្សី​​​​ម្នាក់​​​ដែល​បាន​អះ​អាង​ថា បាន​ឃើញ​លោក​ សុផុន មាន​កាំភ្លើង​ខ្លីម៉ាក K-59 មួយ​ដើម​ ហើយ​​​​អាវុធ​នោះ​​​ត្រូវ​ប្រើ​ដើម្បី​បាញ់​​​សម្លាប់​លោក ហ៊ី វុទ្ធី នៅព្រឹក​នៃ​​​​ថ្ងៃ​​​ធ្វើ​ឃាត​នោះឯង។ លោកចៅ​ក្រម សំអាត បាន​មាន​ប្រសា​សន៍​ថា លោក​នឹង​កោះ​ហៅ​សាក្សី​ និង​នគរ​បាល​ដែល​ពាក់​ព័ន្ធ​នៅក្នុងការ​ស៊ើប​អង្កេត​បឋម​ និង​ការបើកសវនាការ​​កាត់​ក្តី​ដើម្បី​សាក​សួរ​បន្ថែម​ពាក់​ព័ន្ធ​ករណី​នេះ​។

​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងបាន​​​បាញ់​​​​សម្លាប់​លោក ហ៊ី វុទ្ធី ​នៅ​វេលា​ព្រឹក​ព្រលឹម ខណៈ​ដែល​លោក ហ៊ី វុទ្ធី កំពុង​​​​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​របស់លោកវិញ​បន្ទាប់​ពី​ចេញ​ពី​ធ្វើ​ការ​វេន​យប់។ ​​​ឃាតកម្ម​​​នេះ​​​បាន​កើត​ឡើង​​​ក្នុង​​រយៈ​ពេល​បួន​ឆ្នាំ​ បន្ទាប់ពី​ការ​សម្លាប់​​​​លោក ជា វិជ្ជា ប្រធាន​សហ​ជីព​សេរី​កម្មករ​កាលពីខែ​មករា ឆ្នាំ​២០០៤ និង​លោក រស់ សុវណ្ណារ៉េត សកម្ម​ជន​សហ​ជីព​សេរី​កម្មករ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រោយ​មក។

ការ​សម្លាប់​នេះ​ត្រូវ​គេ​ជឿ​ថា ដោយ​សារ​​​​ហេតុ​ផល​នយោ​បាយ។ ប៊ន សំណាង និង សុខ​ សំអឿន ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈ​ពេល​២០​ឆ្នាំ កាលពី​ឆ្នាំ​២០០៥ ពីបទ​សម្លាប់​លោក ជា វិជ្ជា នោះ​ ត្រូវ​តុលាការ​កំពូល​សម្រេច​ដោះ​លែង​កាលពី​ខែ​កញ្ញា​។

លោក ថាច់ សាវ៉េត បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សម្លាប់​លោក រស់ សុវណ្ណារ៉េត នោះ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃំុ​បណ្តោះ​អាសន្ន​ កាល​ពី​ខែ​មីនា ឆ្នាំ​២០១១ ដោយ​រង់​ចាំ​ការ​ស៊ើប​អង្កេត​រឿង​ក្តី​នេះ​ឡើង​វិញ​។

លោក ជា មុនី ដែល​ជំនួស​តំណែង​បង​ប្រុស ​របស់​លោកជា​ប្រធាន​សហ​ជីព​សេរី​កម្មករ​នោះ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោក​មិន​ជឿ​ថា លោក សុផុន បាន​សម្លាប់​ លោក ហ៊ី​ វុទ្ធី ទេ ហើយ​លោក​មិន​ជឿ​​​ថា រដ្ឋា​ភិបាល​បាន​​​​ប្រឹង​ប្រែង​ស្វែង​រក​ជន​​​ ដៃ​​​ដល់​​​ឡើយ។លោក ជា មុនី​ មាន​ប្រសាសន៍ ​ថា “ខ្ញុំ​មិនជឿ​តុលាការ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ជឿ​ថា លោក សុផុន​ ជា​ឃាតករ​ពិត​ដែរ។ ខ្ញុំ​ដឹង​ថារដ្ឋា​ភិបាល​មិន​បាន​ចាប់​ខ្លួន​ឃាតករ​ពិត​ ដូច​ករណី​បង​ប្រុស​របស់​ខ្ញុំ​អ៊ីចឹង​”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស