33 C
Phnom Penh

ប្រជាជនពាក់ព័ន្ធ​ក្នុង​​វិវាទ​ដីធ្លី​ជួប​មន្ត្រីខណ្ឌ​ទួលគោក ដើម្បី​ស្វែង​រក​វិធានការ​បញ្ឈប់ការ​បំភិត​បំភ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពល​រដ្ឋបីគ្រួសារ​ដែល​ពាក់​ព័ន្ធ​ក្នុង​វិវា​ទ​ដីធ្លី​​ ជាមួយក្រុមហ៊ុន​ឯកជន​មួយ​ បាន​ជួប​ពិភាក្សា​ជាមួយ​អភិបាល​រង​ខណ្ឌ​ទួល​គោក​​ ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពីម្សិលមិញ ក្នុងគោលបំណងបញ្ឈប់​​អ្វី​ដែល​ប្រជាពល​រដ្ឋ​​ទាំង​នេះ​បានលើក​ឡើង​ថា ជា​យុទ្ធនាការ​បំ​ភិត​បំភ័យ​ពីសំណាក់​អ្នក​ជំនួញ​ម្នាក់​នាពេល​បច្ចុប្បន្ន គឺលោក ឃុន ស៊ា ដើម្បី​បង្ខំ​ឲ្យ​ពួក​គាត់ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគាត់។

ជំនួប​រយៈពេល​ពីរ​ម៉ោង​បាន​បញ្ចប់​នៅ​វេលាម៉ោង​៤​រសៀល​ ក៏​ប៉ុន្តែ លោក​ ធឹម​ សំអាន​ អភិបាល​រង​ខណ្ឌ​បាន​​ឲ្យ​ដឹង​ថា បញ្ហា​នេះ​នៅតែ​មិនទាន់ត្រូវ​បានដោះស្រាយ​​ ហើយ​ថា ទាំង​​ប្រជាពល​រដ្ឋ​ ទាំងលោក ឃុន សៀ​ នឹង​ត្រូវ​ធ្វើ​សម្បទាន​ចំពោះ​គ្នា​​។ លោក​បាន​មានប្រសាសន៍​ថា “យើង​កំពុង​តែ​ព្យាយាម​សម្រប​សម្រួល​ និង​សហ​ការ​ជាមួយ​ប្រជាពលរដ្ឋទាំង​នេះ និង​ក្រុម​ហ៊ុន ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​ ប៉ុន្តែ ពួក​គេ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ដូច​ពីមុន។ ប្រសិន​បើ​ពួក​គេ​បន្ទន់​ជំហរ​របស់​ខ្លួន​ បញ្ហា​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​”។

ជំនួប​នេះ​កើត​ឡើង​បន្ទាប់​ពី​​ប្រជាពល​រដ្ឋ​​ទាំង​នេះ​ដាក់​ពាក្យ​បណ្តឹងទៅ​សាលា​ខណ្ឌ​ និង​សាលាដំបូង​រាជធានីភ្នំពេញ​កាល​ពី​ខែ​មុន​ ដោយ​ចោទ​និយោជិត​​ក្រុម​ហ៊ុន​ ឃុន ស៊ា អាហរ័ណ នីហរ័ណ ថាបានប៉ុនប៉ង់ធ្វើ​មនុស្ស​ឃាត បន្ទាប់​ពី​ថង់​ពស់​វែក​មួយ​ត្រូវ​បាន​បោះ​ចូល​តាម​បង្អួច​ផ្ទះ​មួយ​​ ក្នុង​ចំណោម​ផ្ទះ​របស់​​ប្រជាពលរដ្ឋ​ទាំង​នេះ​ ក្នុងសង្កាត់​បឹង​កក់​១​។​

ពស​់​វែក​ទាំង​នេះ​ គឺជាសកម្ម​ភាព​ចុង​​ក្រោយ​​នៃការ​វាយ​ប្រហារ​ច្រើន​លើក​​ទៅ​លើ​ក្រុម​គ្រួសារទាំងនេះ។ ​ពួកគេ​និយាយ​ថា សកម្មភាព​ទាំង​នេះគឺក្រុមហ៊ុន​ ឃុន ស៊ា ជាអ្នក​ប្រព្រឹត្ត ហើយ​ក្រុមហ៊ុន​នេះបាន​ផ្តល់​ប្រាក់​១៥.០០០ដុល្លារ​ឲ្យ​​គ្រួ​សារ​នីមួយៗដើម្បីឲ្យ​គ្រួសារ​ទាំងនេះចាក​ចេញ​ពី​លំ​នៅដ្ឋានដែលក្រុម​ហ៊ុន​នេះបាន​ទិញ​ ក្នុង​កិច្ច​ព្រម​ព្រៀង​ដោះដូរ​ជាមួយ​រដ្ឋាភិបាល​កាល​ពីខែ​មុន​ ក៏​ប៉ុន្តែ គ្រួសារ​ទាំង​នេះលើកឡើង​ថា កិច្ច​ព្រម​ព្រៀង​នេះ​ផ្តល់​ប្រាក់​តិច​ពេក​។

លោក​ ឃុន ស៊ា បាន​លើក​ឡើង​តាម​ទូរ​ស័ព្ទ​កាល​ពីម្សិលមិញ​ថា ការបដិសេធ​របស់​គ្រួសារ​ទាំង​នេះក្នុង​ការ​​រើ​ចេញ​ គឺជាការ​ទប់​ស្កាត់​ក្រុមហ៊ុន​លោក​មិន​ឲ្យ​អភិវឌ្ឍន៍​ដី​ ដើម្បី​កសាង​អគារ​ផ្ទះ​ល្វែង​ដែល​ប៉ះពាល់​ដល់​អា​ជីវកម្ម​របស់​លោក​​​។ លោក​បាន​មានប្រសាសន៍​ថា “យើង​បាន​ប្រឹង​ប្រែង​អស់​ពីសមត្ថភាព​ដើម្បីចរចា​ជាមួយ​ពួក​គាត់ ពីព្រោះពួកគាត់ក្រីក្រ ក៏​ប៉ុន្តែ ពួក​គាត់បដិ​សេធ​មិន​ទទួល​ការ​ផ្តល់ឲ្យ​​របស់​យើង​នូវ​ប្រាក់​ចំនួន១៥.០០០ដុល្លារ​ ហើយ​ពួក​គាត់​កំពុង​តែ​ទាម​ទារ​​ប្រាក់​៣០.​០០​០​ដុល្លារ​ ក្នុង​មួយគ្រួសារ​ ដែលនេះ​ជាទឹក​ប្រាក់ច្រើន​ពេក”។

លោកលើកឡើង​​បន្ថែម​ទៀតថា ទាំង​លោក​ និង​បុគ្គ​លិក​របស់​លោក​មិន​បាន​បោះ​សត្វ​ពស់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ប្រជា​ជន​ទាំង​នោះ​ទេ​។ លោក​បាន​បន្ត​ថា “យើង​មិន​បាន​ចោល​សត្វ​ពស់​ដូច​ដែល​ពួក​គាត់ចោទ​នោះ​ទេ​ ក៏​ប៉ុន្តែ ខ្ញុំ​សួរ​ថា តើ​ពួក​គាត់ឆាប់​ដឹងយ៉ាង​ឆាប់​លឿន​ ដោយរបៀប​ណា​ថា មាន​សត្វពស់​នៅ​ក្នុង​​ផ្ទះ​ពួក​គាត់ ហើយ​ថា ​ម៉េច​​បាន​ជា​ពួក​គាត់ចាប់​ពស់​បាន​ងាយ​ស្រួលអីម្លេះ​​?”។

បន្ទាប់​ពីជំនួបបាន​បញ្ចប់​​នេះ​ កញ្ញា​ លីវ ស៊ីមីង​ អាយុ​២១​ឆ្នាំ​ ដែលមាន​ឪពុក​​អាយុ​៧​០​​​ឈ្មោះ​ លី សៀង​ហេង​ ជាជន​រងគ្រោះ​ដោយ ​សារ​ការវាយ​ប្រហារដោយអំពើ​ហិង្សា​​ច្រើន​លើក​​បាន​ឲ្យដឹង​ថា ទាំង​គ្រួសារ​របស់​នាង​ និង​អ្នក​ជិត​ខាង​របស់​នាង​នឹងមិន​ទទួល​យក​ការ​ផ្តល់​ឲ្យ​រ​បស់​លោក​ ឃុន ស៊ា ​ទេ។
កញ្ញា​បាន​លើកឡើង​​ថា “ វា​មិន​​ប្រហែល​​ នឹង​​តម្លៃ​ទីផ្សារ​ទេ​ ដូច្នេះ​យើង​មិន​អាច​ទិញ​ផ្ទះ​ថ្មី​មួ​យ​ខ្នង​នៅ​ក្នុង​តំបន់​នេះ ដោយ​ចំណាយ​ ​ប្រាក់​ដ៏​តិច​តួច​នេះបាន​ទេ​​ ហើយ​យើង​ក៏មិន​ចង់​រើ​ចេញ​ឡើយ​”៕​ប៊ុន​នី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស